សេចក្តីថ្លែងការណ៍រូម ស្តីពីសំណុំរឿងបណ្ដឹងលើបុគ្គលិកអង្គការសមធម៌កម្ពុជា
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ – អង្គការសមធម៌កម្ពុជា (EC) សម្ព័ន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មានការសោកស្ដាយយ៉ាងខ្លាំងដោយសារការចេញសាលក្រមចំពោះលោក អៀង វុទ្ធី លោក ឈាង ភា និងលោក ផែន គឹមសុង។ តាំងពីដំបូងមក យើងខ្ញុំតែងតែមានជំហរថា ករណីនេះពុំមានមូលដ្ឋានច្បាស់លាស់តាមផ្លូវច្បាប់ឡើយ។ វាបានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុងអំឡុងពេលនៃសវនាការជំនុំជម្រះក្តី ពេលដែលព្រះរាជអាជ្ញាបានប្រាប់ទៅកាន់ចៅក្រមជំនុំជម្រះក្នុងពេលថ្លែងបិទសវនាការរបស់គាត់ថា ពុំមានភ័ស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកពីបទបរិហារកេរ្តិ៍នោះទេ។
ពេលកន្លងមកជនជាប់ចោទទាំងបីនាក់ត្រូវបានកោះហៅឲ្យចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ សវនាការនេះត្រូវបានពន្យារពេលបន្ទាប់ពីមេធាវីការពារជនជាប់ចោទបានលើកឡើងថា ចៅក្រមជំនុំជម្រះក៏ធ្លាប់បានដើរតួនាទីជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះដែរ ដែលនេះជាការរំលោភទៅលើមាត្រា ៥៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ជាលទ្ធផល ចៅក្រមជំនុំជម្រះបានពន្យារពេលសវនាការ និងជម្រាបមកចុងចោទទាំងបីថានឹងមានការកំណត់កាលបរិច្ឆេទនៃការបើកសវនាការជាថ្មី។ បន្ទាប់មកជនជាប់ចោទទាំងបីបានទទួលដីកាកោះហៅសម្រាប់សវនាការថ្មី នៅថ្ងៃទី៨ ខែសីហា ដែលចៅក្រមម្នាក់ផ្សេងទៀតត្រូវបានតែងតាំងសម្រាប់សំណុំរឿងនេះ។
សេចក្តីសង្ខេបអំពីការពិតនៃសំណុំរឿងនេះមានដូចខាងក្រោម៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ លោក ចាន់ វិចិត្រ ដែលជាបុគ្គលិកនៅក្នុងកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍នៃអង្គការសមធម៌កម្ពុជា ត្រូវបានចេញលិខិតព្រមានផ្ទៃក្នុងជាលក្ខណៈឯកជន ដោយគណៈគ្រប់គ្រងរបស់អង្គការសមធ៌មកម្ពុជា ដោយសារតែលទ្ធផលនៃការវាយតម្លៃបុគ្គលិករបស់គាត់។ លិខិតនោះត្រូវបានអនុម័តដោយសមាជិកបីរូបនៃគណៈគ្រប់គ្រងរបស់អង្គការសមធម៌កម្ពុជា ដែលមានវត្តមាននៅក្នុងអង្គប្រជុំអំពីការវាយតម្លៃបុគ្គលិកជាលក្ខណៈឯកជនរបស់លោក ចាន់ វិចិត្រ រួមមាន លោក អៀង វុទ្ធី ដែលជានាយកប្រតិបត្តិ លោក ផែន គឹមសុង ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍ និងលោក ឈាង ភា ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស។ លោក ចាន់ វិចិត្រ បន្ទាប់មកបានធ្វើការផ្សព្វផ្សាយលិខិតនោះដោយខ្លួនឯង។ បន្ទាប់ពីការព្រមានជាលាយលក្ខណ៍អក្សរ និងព្រឹត្តិការណ៍នានាដែលកើតឡើងជាបន្តបន្ទាប់ ហើយកិច្ចសន្យារបស់លោក ចាន់ វិចិត្រ ជាមន្ត្រីទំនាក់ទំនងសហគមន៍ត្រូវបានបញ្ចប់។ ហេតុដូច្នេះហើយទើប លោក ចាន់ វិចិត្រ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញប្តឹងលោក អៀង វុទ្ធី លោក ផែន គឹមសុង និងលោក ឈាង ភា ពីបទបរិហារកេរ្តិ៍។
លោក វិចិត្រ បានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ដោយផ្អែកលើមូលហេតុចំនួនបី៖ ១) ការចេញលិខិតព្រមានដោយគ្មានការព្រមានដោយផ្ទាល់មាត់ជាមុន ២) ផ្តល់ហេតុផលមិនសមស្របនៅក្នុងលិខិតព្រមាន និង ៣) ការចែកចាយលិខិតព្រមានទៅការិយាល័យនាយកប្រតិបត្តិ ការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយ ពុំមានអំពើណាមួយនៅក្នុងចំណោមអំពើទាំងបីខាងលើនេះ ចាត់ចូលជាអំពើបរិហារកេរ្តិ៍ដូចដែលមានចែងក្នុងមាត្រា ៣០៥ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌទេ។ មាត្រា៣០៥ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកំណត់និយមន័យពាក្យបរិហារកេរ្តិ៍ថាជា៖
គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍។ បទបរិហារកេរ្តិ៍ដែលធ្វើឡើងតាមរយៈមធ្យោបាយមួយក្នុងចំណោមមធ្យោបាយខាងក្រោម គឺអាចត្រូវដាក់ទោសបាន (…)៖
១. តាមសំដីទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅសាលប្រជុំសាធារណៈ។
២. តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឱ្យសាធារណជនមើល។
៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
ការចោទប្រកាន់របស់លោក វិចិត្រ មកលើគណៈគ្រប់គ្រងនៃអង្គការសមធម៌កម្ពុជា គឺគ្មានមូលដ្ឋានច្បាស់លាស់ទេ ដោយសារតែទម្រង់ការដែលត្រូវបានអនុវត្តនៅអង្គការសមធម៌កម្ពុជាគឺស្របទៅតាមគោលនយោបាយធនធានមនុស្ស និងជានិតិវិធីផ្ទៃក្នុងធម្មតា និងមានលក្ខណៈឯកជន។ មិនមានចំណុចណាមួយដែលអង្គការសមធម៌កម្ពុជាផ្សព្វផ្សាយទំនាក់ទំនងទាំងនេះជាសាធារណៈនោះទេ។
តំណាងអង្គការសមធម៌កម្ពុជា លោក ប៊ុន មករា ប្រធានកម្មវិធីពង្រឹងអំណាចសហគមន៍ និងផ្សព្វផ្សាយផ្នែកច្បាប់មានប្រសាសន៍ថា៖ “អង្គការសមធម៌កម្ពុជាគាំទ្រសកម្មភាពរបស់បុក្គលិកទាំងបីដែលត្រូវជាប់ចោទនៅក្នុងរឿងក្តីនេះ”។ លោកបានបន្តថា៖ “ពួកគាត់ទាំងបីបានចេញលិខិតមួយច្បាប់ទៅឱ្យលោក វិចិត្រ ក្រោមការរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹង ដោយស្របតាមគោលនយោបាយធនធានមនុស្ស និងស្ថិតនៅក្នុងដែនកំណត់នៃច្បាប់។ មូលហេតុតែមួយគត់ដែលធ្វើឱ្យការចេញលិខិតនេះលេចធ្លាយដឹងជាសាធារណៈ គឺដោយសារតែលោក វិចិត្រ បានសម្រេចចិត្តចែកចាយលិខិតនេះដោយខ្លួនឯង។ ដោយផ្អែកតាមភាពជាក់ស្តែងនៃសំណុំរឿងនេះ និងការបរាជ័យរបស់លោក ចាន់ វិចិត្រ ក្នុងការផ្តល់ភ័ស្តុតាងគាំទ្រដល់ការដាក់បន្ទុករឿងបរិហារកេរ្តិ៍ យើងខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងចំពោះសាលក្រមនេះ”។
ការចោទប្រកាន់ និងភ័ស្តុតាងដែលមានគឺស្ថិតនៅឆ្ងាយខ្លាំងណាស់ពីក្របខណ្ឌច្បាប់នៃបទរិហារកេរ្តិ៍ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាង ណាលី ពីឡូក នាយករងនៃ សម្ព័ន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) បានមានប្រសាសន៍ថា៖ “អំពើរបស់ជនជាប់ចោទទាំងបីមិនបានបង្ហាញអង្គហេតុណាមួយដែលចូលជាបទបរិហារកេរ្តិ៍នោះទេ។ សូម្បីតែ ព្រះរាជអាជ្ញាក៏បានលើកឡើងនៅក្នុងអង្គសវនាការដែរថា ករណីនេះមិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់នោះទេ។ យោងតាមអង្គហេតុទាំងនេះ យើងសង្ឃឹមថាសំណុំរឿងនេះនឹងចាត់ទុកជាមោឃៈដោយយោងតាមគោលការណ៍ច្បាប់។ ទោះជាយ៉ាងនេះក្តី លទ្ធផលគឺមិនដូចអ្វីដែលយើងរំពឹងទុកនោះទេ”។
ថ្វីបើអង្គការសមធម៌ខកចិត្តដោយសារលទ្ធផលនៅថ្ងៃនេះ ក៏យើងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការគាំទ្រដែលយើងបានទទួលក្នុងរយៈពេលកន្លងមក។ លោក ឡេង សារ៉ន ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍នៃអង្គការសមធម៌កម្ពុជាមានប្រសាសន៍ថា៖ “យើងខ្ញុំសូមយកឳកាសនេះដើម្បីថ្លែងអំណរគុណដល់បណ្តាអង្គការ និងស្ថាប័នជាតិ និងអន្តរជាតិ ដែលបានបង្ហាញការគាំទ្រក្នុងរយៈពេលពីរបីខែកន្លងមកនេះ”។
លោក សួន ប៊ុនធឿន មេធាវីរបស់ជនជាប់ចោទទាំងបីមានប្រសាសន៍ថា៖ “អំពើដែលអង្គការសមធម៌កម្ពុជាបានធ្វើ គឺប្រាកដជាស្ថិតនៅក្រៅបញ្ញត្តិផ្លូវច្បាប់នៃបទបរិហារកេរ្តិ៍ ហេតុដូច្នេះហើយយើងខ្ញុំមានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងសាលក្រមថ្ងៃនេះ”។ អង្គការសមធម៌កម្ពុជានឹងពិភាក្សាគ្នាលើសាលក្រមនេះជាមួយក្រុមមេធាវីរបស់យើង រួចហើយនឹងដំណើរការដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ទៀត។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក ប៊ុន មករា ប្រធានគ្រប់គ្រងកម្មវិធីពង្រឹងអំណាចសហគមន៍ និងផ្សព្វផ្សាយផ្នែកច្បាប់នៃអង្គការសមធម៌កម្ពុជា (EC) ទូរស័ព្ទលេខ៖ ០១២ ៩៥៨ ២៥៥
▪ អ្នកស្រី ណាលី ពីឡូក នាយករងនៃ សម្ព័ន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) ទូរស័ព្ទលេខ៖ ០១២ ៨០៣៦៥០
▪ លោក មឿន តុលា នាយករងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ទូរស័ព្ទលេខ៖ ០៩៣ ៥៥ ៦៦ ៤៣
This post is also available in: អង់គ្លេស