អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យដោះ​លែង​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​

យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួនតាម​អំពើចិត្ត និង​ការឃុំខ្លួនពួកគាត់​ជា​បណ្តោះអាសន្ន ដែល​​ទំនង​ជាការ​ប៉ុនប៉ង​​ដើម្បី​បំបិទ និង​ដាក់ទណ្ឌ​កម្ម​​​ទៅលើការ​ងារ​ស្រប​ច្បាប់របស់ពួកគាត់ក្នុង​នាម​ជា​អ្នកការ​ពារ​សិទ្ធិ​មនុស្សផ្នែក​បរិស្ថាន។​
14
វិច្ឆិកា

អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យដោះ​លែង​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​

ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ – យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិលជាតិ និងអន្តរជាតិ ​ដែលមាន​រាយនាម​ខាង​ក្រោម​ ស្នើអាជ្ញាធរ​ឱ្យ​​ដោះ​លែង​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម​ គុនឌី ជាសកម្ម​ជន​បរិស្ថាន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អង្គការ​មាតាធម្មជាតិ​ដែលទើបតែ​ត្រូវបាន​លុបឈ្មោះ​ចេញពីបញ្ជី​នាពេល​ថ្មីៗនេះ ដែលពួកគាត់​​ត្រូវបានឃុំខ្លួនពុំសម​ហេតុ​ផល​​​អស់រយៈពេល​ជាង​ពីរខែមក​ហើយទាក់ទិន​នឹង​បទចោទគ្មាន​មូល​ដ្ឋាន​ច្បាស់លាស់​។ យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួនតាម​អំពើចិត្ត និង​ការឃុំខ្លួនពួកគាត់​ជា​បណ្តោះអាសន្ន ដែល​​ទំនង​ជាការ​ប៉ុនប៉ង​​ដើម្បី​បំបិទ និង​ដាក់ទណ្ឌ​កម្ម​​​ទៅលើការ​ងារ​ស្រប​ច្បាប់របស់ពួកគាត់ក្នុង​នាម​ជា​អ្នកការ​ពារ​សិទ្ធិ​មនុស្សផ្នែក​បរិស្ថាន។​

លោក​ ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី​​ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ខណៈកំពុង​ថត​ ​កប៉ាល់ធំៗចំនួន​ពីរគ្រឿង​ដែល​បាន​បោះយុថ្កា​នៅ​​ឆ្នេរសមុទ្រ​នៅ​​ស្រុកព្រែក​ខ្សាច់ ​ខេត្ត​កោះកុង​ ដែល​ពួកគាត់សង្ស័យថាកំពុង​ដឹកខ្សាច់នាំចេញខុស​ច្បាប់​។ មាន​សេចក្តី​រាយការណ៍ថា​​ការ​ចាប់ខ្លួន​ពួកគាត់​​ធ្វើឡើងដោយ​​​ផ្អែកលើ​បណ្តឹង​ចោទ​ថា​បាន​រំលោភលើសិទ្ធិ​ខាង​រូប​ភាពនៃ​បុគ្គល និង​ញុះញង់​របស់លោក ​លី យ៉ុង​ផាត់ ជា​អ្នក​ជំនួញម្នាក់ដ៏មាន​ឥទ្ធិពលបំផុត​​ និង​មាន​ទំនាក់ទំនងស្និទ្ធ​ជាមួយអ្នក​​មាន​អំណាចនៅ​កម្ពុជា​។ លោក ​លី យ៉ុង​ផាត់ ជាម្ចាស់ក្រុមហ៊ុន​អ៊ិលវ៉ាយភី គ្រុប និង​ជា​សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​ប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​កាន់អំណាច។ អ្នក​ទាំង​ពីរ​ត្រូវបាន​ព្រះ​រាជអាជ្ញា​​អម​សាលាដំបូង​ខេត្ត​កោះ​កុង​សាកសួរ​ដោយ​ពុំមាន​វត្ត​មាន​មេធាវី និង​បន្ទាប់មកត្រូវ​បាន​ឃុំខ្លួននៅពន្ធនាគារ​ព្រែក​ស្វាយ​ ខេត្តកោះកុង​។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៧ ពួកគាត់ត្រូវ​បាន​ចោទប្រកាន់ពីបទ “ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និង​បទ “ប៉ះពាល់ដល់សិទ្ធិ​ខាង​រូបភាព​នៃបុគ្គល​​” (មាត្រា ៣០២ នៃ​ក្រមព្រហ្ម​ទណ្ឌ)។

អ្នកទាំងពីរ​​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​នៅ​​ពន្ធនាគារ​ខេត្ត​កោះ​កុ​ង ដែលកំពុងប្រឈម​នឹង​ការ​លំបាក​ដោយសារ​តែមាន​​អ្នកជាប់ឃុំជាច្រើនកកកុញ ​ស្ថានភាពអនាម័យ​មិន​ល្អ និង​កង្វះខាតការផ្តត់​ផ្គង់​គ្រឿងបរិភោគ និង​សេវា​មូលដ្ឋាន​ ដូច​ជា​ ទឹក​ អាហារ​ និង​ការ​ថែទាំសុខភាព។ លោក​ ហ៊ុន វណ្ណៈ និងលោក​ ឌឹម គុនឌី បានឱ្យដឹងថា ពួកគាត់ត្រូវបាន​ឃុំខ្លួន​ក្នុង​បន្ទប់ឃុំឃាំងដ៏តូចចង្អៀត​​ទំហំតែ ៤ ម៉ែត្រការ៉េ​ ជាមួយជន​ជាប់ឃុំ​រួម​បន្ទប់ចំនួន​២០​នាក់​ផ្សេង​ទៀត​។ រហូត​មក​ដល់ពេលនេះ​ ពុំទាន់មានការ​កំណត់កាល​បរិច្ឆេទ​សម្រាប់ការ​ជំនុំជម្រះក្តីនៅឡើយទេ​​ ហើយ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគាត់ ដែល​បាន​ដាក់នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានតុលាការ​​បដិសេធនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០១៧។

មាត្រា ២០៣ នៃក្រម​នីតិវិធីព្រហ្ម​ទណ្ឌកម្ពុជា​ ចែងថា ការ​អនុវត្ត​​ការ​ឃុំខ្លួន​បណ្តោះអាសន្នអាចធ្វើទៅ​បាន​តែ​ក្នុង​ករណីពិសេស​​ប៉ុណ្ណោះ ដែល​​​លក្ខខណ្ឌ​​ឆ្លើយតបទៅនឹង​​ច្បាប់សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ [ជាពិសេស​ មាត្រា ៩ (៣) នៃកតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​]។​ ចៅក្រម​ស៊ើប​សួរ​នៃសាលាដំបូង​ខេត្ត​កោះ​កុង​បាន​ផ្តល់សម្អាង​ហេតុ​ចំពោះ​ការ​​ឃុំខ្លួន​បណ្តោះ​អាសន្ន​នោះដោយ​ផ្អែកទៅ​​លើ​មូលដ្ឋាន​ថា ការ​ស៊ើប​អង្កេត​ ‘មិន​ទាន់ចប់សព្វគ្រប់’។ ការផ្តល់សម្អាង​ហេតុ​​​នេះ​មិនទាន់​​ស្រប​ជាមួយហេតុផលណាមួយក្នុង​ចំណោមមូល​ហេតុ​ទាំង​ ៦ ដែល​អាច​ធ្វើការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ២០៥ នៃក្រម​នីតិវិធីព្រហ្ម​ទណ្ឌ​ឡើយ​។1​ ដូច្នេះ​ ករណីនេះ​បង្ហាញ​ថា ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នោះ​ធ្វើឡើង​ដោយ​ពុំមាន​ការ​ពិចារណាឱ្យ​បាន​ដិត​ដល់ ហើយ​អាច​ជាការ​រំលោភបំពាន​​ច្បាប់​ជាតិ ​និងច្បាប់​អន្ត​រជាតិ​។

ក្រៅ​តែ​ពីផ្តល់ទឡ្ហីករណ៍ដោយ​ផ្អែក​តាម​​អង្គហេតុ និងអង្គ​ច្បាប់ ការចោទ​ប្រកាន់​​នេះទំនង​​​ជាការ​​ប៉ុន​ប៉ង​របស់​អាជ្ញា​ធរ​កម្ពុជា​ និង​អ្នកដែល​មាន​ផល​​​ប្រយោជន៍ផ្នែក​ពាណិជ្ជកម្ម​ ​ដើម្បី​បំបិទសំឡេង​​សកម្ម​ជន​វ័យ​ក្មេងទាំងនេះ​ ក្រុម​បរិស្ថាន​ដទៃទៀត​ និង​ប្រជាពល​រដ្ឋ​កម្ពុជា​ណាដែល​ហ៊ាន​និយាយអំពី​​អំពើពុករលួយ​ ឬការ​បំផ្លាញ​បរិស្ថាន​។

សកម្ម​ជន​ទាំងពីរនេះ​​​បាន​លើក​ឡើង​​ថា ពួកគេ​បាន​ថតយករូបភាពកប៉ាល់នៅ​​ទីកន្លែង​បើក​ចំហ ពុំមែននៅ​លើ​ទ្រព្យ​សម្បត្តិ​ឯកជនទេ​​ ដែលអាច​បង្ហាញថា​​ការ​ចោទប្រកាន់ពីបទ “ប៉ះពាល់ដល់សិទ្ធិខាងរូប​ភាព​នៃបុគ្គល​” គឺ​ពុំ​មាន​​មូលដ្ឋានត្រឹមត្រូវ​​​ឡើយ​។ មាត្រា ៣០២ នៃ​ក្រម​ព្រហ្ម​ទណ្ឌតម្រូវ​យ៉ាង​ច្បាស់ថា “អំពើ​ថតរូ​បភាពនៃបុគ្គលនៅក្នុង​ទីកន្លែង​ឯកជន​​” ដើម្បី​គាំទ្រ​ដល់ការ​ចោទប្រកាន់បែបនេះ។ ម្យ៉ាង​ទៀត​ សកម្មជន​ទាំង​ពីរនាក់នោះកំពុងធ្វើ​សកម្មភាព​​ឃ្លាំមើល​ក្នុងគោល​​បំណងទប់​ទល់​​នឹងសកម្ម​ភាព​បូម​ខ្សាច់​ខុស​ច្បាប់នៅ​ក្នុង​តំបន់ ​ដែល​​​ក្រសួង​រ៉ែ និង​ថាម​ពល​បាន​លើកទឹក​ចិត្តយ៉ាងច្បាស់លាស់​ឱ្យ​តួអង្គ​សង្គម​ស៊ីវិលជួយ​​ធ្វើការ​ងារមួយនេះ។ ដូច្នេះ​ ការ​ចោទប្រកាន់ពីបទ ​“ញុះញង់” ដែល​​ជាបទល្មើស​ព្រហ្ម​ទណ្ឌដែលត្រូវបាន​​អនុវត្ត​ជារឿយៗ​ដើម្បី​បង្ក្រាប​ទៅលើ​ភាព​សកម្ម​ស្រប​ច្បាប់នៅ​ក្នុងប្រទេសកម្ពុជា​នោះ ក៏​ទំនង​ជា​គ្មាន​មូលដ្ឋានសមហេតុ​ផល​នោះឡើយ​។ ការ​ចាប់ និង​ការ​ឃុំខ្លួន​នេះបាន​​កើតឡើង​ពីរ​ថ្ងៃបន្ទាប់ពីអង្គការ​មាតា​ធម្ម​ជាតិ​​បាន​ចេញ​ផ្សាយ​ជាសាធារណៈនូវវីដេអូមួយ​ដែល​បង្ហាញ​ពីតួលេខ​ខុសគ្នា​ក្នុង​ទំហំទឹក​ប្រាក់ចំនួន ​៣០ ​លាន​ដុល្លារអាមេរិក​ រវាង​កំណត់ត្រាពាណិជ្ជកម្ម​​របស់​ប្រទេសកម្ពុជា ​និង​តៃវ៉ាន់​ទាក់ទង​នឹង​បរិមាណ​​ខ្សាច់ប្រភេទស៊ីលីកា​ និង​​ថ្មខៀវដែល​នាំចូល​ពីប្រទេសកម្ពុជា។

អង្គការ​មាតាធម្ម​ជាតិ​មានប្រវត្តិ​ធ្វើយុទ្ធនាការប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ប្រក​ប​ដោយ​ជោគជ័យ។ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​ (រដ្ឋាភិបាល) បាន​ចេញ​បម្រាមហាម​ការ​បូម​ខ្សាច់​បណ្តោះ​អាសន្ន​ ​បន្ទាប់ពី​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​បាន​បង្ហាញ​ពី​តួលេខ​ខុសគ្នាយ៉ាង​ខ្ពស់​នៃរបាយការណ៍​ពាណិជ្ជកម្ម​​ខ្សាច់រវាង​ប្រទេសកម្ពុជា​ និ​ងសិង្ហបូរី។ ក្រោយ​មកទៀត ​នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​ដាក់ចេញនូវ​បម្រាមជា​អចិន្តៃ្រយ៍​លើការ​នាំ​ខ្សាច់ចេញ​ពីខេត្តកោះ​កុង​សម្រាប់គោល​បំណង​សាងសង់ និងការ​ចាក់បំពេញដី​នានា។ ប្រសិទ្ធភាពការ​ងាររបស់​សកម្មជន​ទាំង​នេះ​ភ្ជាប់ទៅនឹង​​អង្គការ​មាតា​ធម្ម​ជាតិក្នុង​ការលាត​ត្រដាង​អំពី​​​អំពើ​ពុករលួយ​ដែល​អាច​មាន​ និង​ការ​លើក​កម្ពស់ការ​យល់ដឹង​អំពី​បញ្ហាបរិស្ថាននានា​ទំនង​ជាហេតុផលនាំ​ឱ្យ​មាន​ការ​ចោទប្រកាន់ទាំងនេះ​។

ការ​ចាប់ខ្លួន​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម គុនឌី គឺ​ជា​ចំណាត់ការ​ចុង​ក្រោយ​ក្នុង​ចំណោម​ចំណាត់ការ​ផ្លូវ​ច្បាប់ជាច្រើន​ប្រឆាំងលើ​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ ចាប់តាំងពីខែកញ្ញា ឆ្នាំ​២០១៤។ នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៧ អង្គការ​មាតាធម្ម​ជាតិ​ត្រូវបានរដ្ឋាភិបាល​​លុប​ឈ្មោះ​ជាផ្លូ​វ​ការ​ចេញ​ពីបញ្ជី បន្ទាប់ពីមាន​សំណើមួយ​ពី​អង្គការ​មាតា​ធម្មជាតិ​នៅ​ថ្ងៃទី២៣ ខែសីហា។ សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​អះអាង​ថាសំណើនោះបានដាក់ទៅ​ក្រសួង​មហាផ្ទៃ ដោយ​​ក្រុម​នាយកនៃអង្គការ​នេះដែល​ទំនង​ជា​ពុំ​មែន​ធ្វើឡើង​ដោយ​ឯកឯង​ ដោយ​សារ​តែ​រង​ការ​​យាយីពីសំណាក់អាជ្ញាធរ​អស់​ជាច្រើន​ឆ្នាំ។

យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់អាជ្ញា​ធរ​កម្ពុជា គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​សិទ្ធិមនុស្ស​អន្ត​រជាតិនានា​ តាម​រយៈ​ការ​ដោះ​លែង​លោក ​ហ៊ុន​ វណ្ណៈ និងលោក​ ​ឌឹម គុនឌី និងធានាការ​គោរព​ពេញ​លេញ​ចំពោះ​ការ​សន្មតជាមុន​ថា​គ្មាន​ទោស​ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដទៃទៀត។ យើង​ខ្ញុំក៏​សូមស្នើឱ្យ​ទម្លាក់ចោល​ការ​ចោទប្រកាន់ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ទាំងនេះ និង​ផ្តល់សំណង​សមរម្យ​ទៅដល់​លោក ​ឌឹម​ គុនឌី និង​លោក ​ហ៊ុន​ វណ្ណៈ ដើម្បី​​ជាការ​ទទួល​ស្គាល់ចំពោះការ​ដក​ហូត​សេរីភាព​របស់​ពួកគាត់តាម​អំពើចិត្ត។

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍នេះ​ រួមមាន​ ៖

១. សម្ព័ន្ធ​គណនេយ្យភាពសង្គមកម្ពុជា
២. អង្គការ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិ​មនុស្ស​
៣. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
៤. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
៥. សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​
៦. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
៧. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
៨. អង្គការជនជាតិដើមភាគតិចកម្ពុជា
៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
១០. បណ្ដាញយុវជនកម្ពុជា
១១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
១២. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា
១៣. សហព័ទ្ធអន្តរជាតិដើម្បីមនុស្ស (FIDH) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
១៤. Frontline Defenders
១៥. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
១៦. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន
១៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
១៨. សមាគមឥន្ទ្រទេវី
១៩. គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
២០. អង្គការពន្លកខ្មែរ
២១. ក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា
២២. អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្រុម​ក្របខ័ណ្ឌ​អង្កេត​​ដើម្បីកិច្ចការពារដល់អ្នកការពារ​​សិទ្ធិ​មនុស្ស

ទាញយកឯកសារ ទីនេះ

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...