11
Mar

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ខ្លះ​មិន​ហ៊ាន​ទៅ​លេង​ស្រុក ព្រោះ​ខ្លាច​ថៅកែ​ផ្អាក​ពី​ការងារ ១៤ថ្ងៃ ពិនិត្យ​ជំងឺ​កូវិដ១៩

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខកខាន​មិន​បាន​​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កំណើត ដូច​ឆ្នាំ​មុនៗ ឡើយ។ ​បញ្ហា​អាច​មិន​បាន​ទៅ​លេង​ស្រុក​​នេះ​ ដោយសារ​តែ​ពួកគេ​មិន​ចង់​ប្រឈម​​ឱ្យ​ថៅកែ​ថៃ​​​ផ្អាក​ការងារ​ប្រមាណ​ ២សប្ដាហ៍​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​រក​ជំងឺ​កូវិដ១៩​ នៅ​ពេល​ត្រឡប់​មកវិញ។

ពលករ​ខ្មែរ​ធ្វើ​ការ​ងារ​​នៅ​ក្រុមហ៊ុន​កាប់​សាច់​ជ្រូក​​មួយ​កន្លែង​នៅ​ខេត្ត​ជាប់​ទី​ក្រុង​បាងកក​ លោក មាស បូរ៉ា ហៅ​ តា ឥណ្ឌា​ ថ្លែង​​នៅ​​ថ្ងៃ​​ទី​១១​ មីនា​​ថា​ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ឆ្នាំ​នេះ​លោក​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​នោះ​ទេ ​ដោយសារ​​ថៅកែ​ថៃ​​មិន​អនុញ្ញាត​​ច្បាប់​ឱ្យ​ទៅ​ផ្ទះ​ ព្រោះ​ខ្លាច​ត្រឡប់​មក​វិញ​​មាន​​​ជំងឺ​កូវិត១៩ ហើយ​ឆ្លង​ដល់​ពលករ​ដទៃ​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ៖ «ទី១ គេ​ថា យើង​ដាក់​ច្បាប់​ភ្លាមៗ ហេតុ​ផល​ទី​២​ ប្រទេស​គេ​កំពុង​តែ​ជ្រួលច្របល់​​អីចឹង​គេ​មិន​អាច​ឱ្យ​នាំ​មនុស្ស​ចូល​ប្រទេស​គេ​បាន​ទេ​ ហើយ​ខ្ញុំ​ថា​គ្រាន់​តែ​ទៅ​យក​កូន​ខ្ញុំ​ក៏​គេ​មិន​ឱ្យ​ខ្ញុំ​ទៅ​ផ្ទះ​ដែរ​។ បើ​និយាយ​ទៅ​គេ​ចង់​និយាយ​ថា​ ប្រទេស​​គេ​មិន​មែន​សម្រាប់​ដាក់​មនុស្ស​​ពេល​មាន​បញ្ហា​អី​នាំ​ចូល​មក​នៅ​អីចឹង​ទេ»

លោក​បន្ត​ថា ពលករ​ខ្មែរ​ប្រមាណ ៥០ភាគ​រយ​ក្នុង​ចំណោល​ពលករ ១ពាន់​នាក់ (១.០០០) ដែល​ធ្វើ​ការ​ជា​មួយ​លោក​​ក៏​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​ដែរ​ ពីព្រោះ​​ខ្លាច​ថៅកែ​មិន​​ឱ្យ​ចូល​ធ្វើ​ការ​វិញ ស្រប​ពេល​ដែល​រោងចក្រ​ជា​ច្រើន​កន្លែង​​​ក៏​បាន​ជូន​ដំណឹង​ដល់​ពលករ​​ទាំង​ឡាយ​ដែល​ត្រឡប់​ទៅ​ផ្ទះ​នឹង​ត្រូវ​ដាក់​នៅ​កន្លែង​ត្រួតពិនិត្យ​ដាច់​ដោយ​ឡែក​​ចន្លោះ​ពី​ ១៤​ ទៅ​ ២១​ថ្ងៃ​ ដើម្បី​​ពិនិត្យ​​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ១៩។

ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់​ទៀត​ លោក សារ ផៃ ឱ្យ​ដឹង​ថា​ ​ថៅកែ​រោងចក្រ​ និង​ក្រុម​ហ៊ុន​​សាងសង់​ជា​ច្រើន​កន្លែង​ នៅ​តំបន់​ដែល​លោក​ធ្វើ​ការ​ បាន​ជូន​ដំណឹង​ដល់​ពលករ​ឱ្យ​​​ផ្អាក​ធ្វើ​ការងារ​ចំនួន ​១៤​ថ្ងៃ​ ​ដើម្បី​តាមដាន​ជំងឺ​ផ្លូវ​ដង្ហើម​ ប្រសិន​បើ​ពួកគេ​ទៅ​លែង​ស្រុក​ខ្មែរ​នោះ៖ «បាទគេ​អត់​ឱ្យ​យើង​ចុះ​ទៅ​លេង​ស្រុក​ទេ​ ទី​១​​ គេ​ការពារ​រោគ​កូវិដ១៩ ហ្នឹង​ផង ហើយ​​ណា​មួយ​ពេល​ចូល​ឆ្នាំ​បើ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​ច្រើន​ធ្វើ​ក្រុម​ហ៊ុន​គេ​​ខ្វះ​មនុស្ស​ធ្វើ​ការ​។ ខាង​ខ្ញុំ​គេ​បាន​ប្រាប់​មុន មិន​មែន​ថា​​យើង​ទៅ​ផ្ទះ​ហើយ​មក​វិញ​គេ​អត់​ទទួល​ទេ​ គ្រាន់​តែ​ថា​ ​បើ​យើង​ឡើង​មក​វិញ​ គេ​ហ្នឹង​ឱ្យ​យើង​សម្រាក​ពី​១៤​ថ្ងៃ​ ទៅ​ ២២​ថ្ងៃ​។បើ​តាម​ខ្ញុំ​សួរ​គេ​មក​ទី​មួយ​ អ្នក​មិន​ទៅ​ផ្ទះ​អ្នក​ខ្លះ​ខ្លាច​​បញ្ហា​ពេល​ទៅ​មក​វិញ​គេ​ឱ្យ​សម្រាក​ពី​ការ​ងារ​ហ្នឹង​ អ្នក​ខ្លះ​ថា​គាត់​មិន​សូវ​មាន​លុយ​កាក់​អីចឹង»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទី​ក្រុង​បាងកក​ទទួល​បន្ទុក​ពលករ លោក ចិន សំណាង និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១១ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ប្រធាន​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ​ពលករ​ខ្មែរ​​​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​​ប្រឈម​នឹង​អត់​ការងារ​ធ្វើ ប្រសិន​បើ​ពួកគេ​ត្រឡប់​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ពេល​ខាង​មុខ​ ដោយសារ​តែ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​បណ្ដាល​មក​ពី​​ជំងឺ​​កូវិដ​១៩។ លោក​បញ្ជាក់​ទៀត​ថា ​រហូត​មក​ទល់​ពេល​នេះ​ មាន​រោងចក្រ​និង​ក្រុមហ៊ុន​​ខ្លះ​​បាន​ប៉ះពាល់​អា​ជីវកម្ម​របស់​ខ្លួន​ និង​កាត់​បន្ថយ​បុគ្គលិក​​បណ្ដើរៗ​ហើយ៖ «យើង​ពិបាក​និយាយ​ថា​វា​យ៉ាង​ម៉េច​ណាស់​ ព្រោះ​វា​ជា​វិធានការ​មួយ​ដែល​ខាង​ក្រុងហ៊ុន​នីមួយៗ​គេ​មាន​ការ​ព្រួយ​បារម្ភ​អីចឹង​ ដោយសារ​ខ្ញុំ​ទើប​មក​ពី​ថៃ​ដែរ​ ស្ដាប់​ទៅ​ថា​ខាង​​ថៅកែ​មួយៗ ហ្នឹង​ដូច​ជា​បារម្ភ​រឿង​​មិន​ទុក​ចិត្ត​ស្រុក​ខ្មែរ​យើង​ហ្នឹង​វា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​អីចឹង ដោយសារ​តែ​មាន​ព័ត៌មាន​ថៃ​មួយ​ចំនួន ធ្លាប់​និយាយ​អំពី​ការ​ធ្វេសប្រហែស​ មិន​សូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការពារ​ជំងឺ​អីចឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា ​​​​​ដើម្បី​​​កុំ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពលករ​នៅ​ពេល​ខាង​មុខ​ ​គឺ​រដ្ឋាភិបាល​គួរតែ​ត្រៀម​ការងារ​ផ្នែក​សំណង​​នៅ​ក្នុង​ស្រុក និង​ពង្រីក​ការ​ដាំដុះ​ឱ្យ​បាន​ច្រើន​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។

របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​​ធ្វើការ​ប្រទេស​ថៃ​មាន​ជាង ១លាន ១សែន​នាក់ (១.១០០.០០០)។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ ​ឱ្យ​ដឹង​ថា មាន​​ពលករ​ខ្មែរ​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ប្រមាណ ២លាន​នាក់ (២.០០០.០០០) កំពុង​ធ្វើ​នៅ​ប្រទេស​ថៃ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...