សេច​ក្តី​ថ្លែង​ការណ៍​រូម ​​ស្តី​​ពី​​សំណុំ​រឿង​បណ្ដឹង​​លើ​បុគ្គលិក​អង្គការ​សម​ធម៌​កម្ពុជា​

អង្គការ​សម​ធម៌​កម្ពុជា​ (EC)​ សម្ព័ន្ធ​ភាព​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO) ​ និង​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)​ មាន​ការ​​សោក​ស្ដាយ​​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ចេញ​សាល​ក្រម​ចំពោះ​លោក ​អៀង ​វុទ្ធី​ លោក ​ឈាង ​ភា ​និង​លោក​ ផែន​ គឹម​សុង។ តាំង​ពី​ដំបូង​មក​ យើង​ខ្ញុំ​តែង​តែ​មាន​ជំហរ​ថា ​ករណី​នេះ​ពុំ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​តាម​ផ្លូវ​ច្បាប់​ឡើយ​។
05
កញ្ញា

សេច​ក្តី​ថ្លែង​ការណ៍​រូម ​​ស្តី​​ពី​​សំណុំ​រឿង​បណ្ដឹង​​លើ​បុគ្គលិក​អង្គការ​សម​ធម៌​កម្ពុជា​

ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៦ – អង្គការ​សម​ធម៌​កម្ពុជា​ (EC)​ សម្ព័ន្ធ​ភាព​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO) ​ និង​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)​ មាន​ការ​​សោក​ស្ដាយ​​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ចេញ​សាល​ក្រម​ចំពោះ​លោក ​អៀង ​វុទ្ធី​ លោក ​ឈាង ​ភា ​និង​លោក​ ផែន​ គឹម​សុង។ តាំង​ពី​ដំបូង​មក​ យើង​ខ្ញុំ​តែង​តែ​មាន​ជំហរ​ថា ​ករណី​នេះ​ពុំ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​តាម​ផ្លូវ​ច្បាប់​ឡើយ​។ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​អំឡុង​ពេល​នៃ​សវនា​ការ​ជំ​នុំជម្រះ​ក្តី​ ពេល​ដែល​ព្រះ​រាជ​អាជ្ញា​បាន​ប្រាប់​ទៅ​កាន់​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្នុង​ពេល​ថ្លែង​បិទ​សវនាការ​របស់​គាត់​ថា​ ពុំ​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ពី​បទ​បរិហារ​កេរ្តិ៍​នោះ​ទេ។​

ពេល​កន្លង​មក​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលា​ការ ​នៅ​ថ្ងៃ​ទី១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៦​។ ​សវនា​ការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​បន្ទាប់​ពី​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ​បាន​លើក​ឡើង​ថា​ ចៅ​ក្រម​ជំ​នុំ​ជម្រះ​ក៏​ធ្លាប់​បាន​ដើរ​តួនាទី​ជា​ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​នេះ​ដែរ ​ដែល​នេះ​ជា​ការ​រំលោភ​ទៅ​លើ​មាត្រា​ ៥៤​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​របស់​ប្រទេស​កម្ពុជា​។ ជា​លទ្ធផល​ ចៅ​ក្រម​ជំ​នុំ​ជម្រះ​បាន​ពន្យារ​ពេល​សវនាការ​ និង​ជម្រាប​មក​ចុង​ចោទ​ទាំង​បី​ថា​នឹង​មាន​ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​បើក​សវនា​ការ​ជា​ថ្មី។ ​បន្ទាប់​មក​ជន​ជាប់​ចោទ​ទាំង​បី​បាន​ទទួល​ដីកា​កោះ​ហៅ​សម្រាប់​សវនា​ការ​ថ្មី​ នៅ​ថ្ងៃ​ទី៨ ​ខែ​សីហា ​ដែល​ចៅ​ក្រម​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តែង​តាំង​សម្រាប់​​សំណុំ​រឿង​នេះ។​

សេច​ក្តី​សង្ខេប​អំពី​ការ​ពិត​នៃ​សំណុំ​រឿង​នេះ​មាន​ដូច​ខាង​ក្រោម​៖ នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ លោក​ ចាន់ ​វិចិត្រ​ ដែល​ជា​បុគ្គលិក​នៅ​ក្នុង​កម្ម​វិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​នៃ​អង្គការ​សម​ធម៌​កម្ពុជា​ ត្រូវ​បាន​ចេញ​លិខិត​ព្រមាន​ផ្ទៃ​ក្នុង​ជា​លក្ខណៈ​ឯក​ជន ​ដោយ​គណៈ​គ្រប់​គ្រង​របស់​អង្គការ​សមធ៌ម​កម្ពុជា​ ដោយ​សារ​តែ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​បុគ្គលិក​របស់​គាត់។​ លិខិត​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​បី​រូប​នៃ​គណៈ​គ្រប់​គ្រង​របស់​អង្គការ​សម​ធម៌​កម្ពុជា ​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​អង្គ​ប្រជុំ​អំពី​ការ​វាយ​តម្លៃ​បុគ្គលិក​ជា​លក្ខណៈ​ឯកជន​របស់​លោក​ ចាន់ ​វិចិត្រ​ រួម​មាន ​លោក​ អៀង​ វុទ្ធី ​ដែល​ជា​នា​យក​ប្រតិ​បត្តិ ​លោក​ ផែន ​គឹម​សុង ប្រធាន​កម្ម​វិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​ និង​លោក ​ឈាង ​ភា ​ប្រធាន​ការិយា​ល័យ​រដ្ឋបាល​ និង​ធន​ធាន​មនុស្ស។ ​​លោក​ ចាន់​ វិចិត្រ​ បន្ទាប់​មក​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លិខិត​នោះ​ដោយ​ខ្លួន​ឯង។ ​បន្ទាប់​ពី​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ និង​ព្រឹត្តិការណ៍​នានា​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ហើយ​កិច្ច​សន្យា​របស់​លោក​ ​ចាន់​ ​វិចិត្រ​​ ជា​​មន្ត្រី​​ទំនាក់​ទំនង​​សហគមន៍​​ត្រូវ​បាន​​បញ្ចប់​។ ​ហេតុ​​ដូច្នេះ​​ហើយ​​ទើប​ ​​លោក​ ចាន់​ ​​វិចិត្រ​ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញប្តឹងលោក អៀង វុទ្ធី លោក ​ផែន ​គឹមសុង​ និង​លោក ​ឈាង​ ភា ​ពីបទ​បរិហារ​កេរ្តិ៍។​

លោក ​វិចិត្រ ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ដោយ​ផ្អែក​លើ​មូល​ហេតុ​ចំនួន​បី៖ ​១) ការ​ចេញ​លិខិត​ព្រ​មាន​ដោយ​គ្មាន​ការ​ព្រ​មាន​ដោយ​ផ្ទាល់​មាត់​ជា​មុន ​២)​ ផ្តល់​ហេតុ​ផល​មិន​សម​ស្រប​នៅ​ក្នុង​លិខិត​ព្រមាន​ និង ​៣) ​ការ​ចែក​ចាយ​លិខិត​ព្រមាន​ទៅ​ការិយាល័យ​នាយក​ប្រតិបត្តិ ​ការិយា​ល័យ​រដ្ឋ​បាល​ និង​ធន​ធាន​មនុស្ស ​និង​កម្ម​វិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពុំ​មាន​អំពើ​ណា​មួយ​នៅ​ក្នុង​ចំណោម​អំពើ​ទាំង​បី​ខាង​លើ​នេះ ​ចាត់​ចូល​ជា​អំពើ​បរិហារ​កេរ្តិ៍​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៣០៥ ​កថា​ខណ្ឌ​ទី២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ទេ។​ មាត្រា​៣០៥​ កថា​ខណ្ឌ​ទី២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​កំណត់​និយម​ន័យ​ពាក្យ​បរិហារ​កេរ្តិ៍​ថា​ជា៖​

គ្រប់​ការ​អះ​អាង​បំផ្លើស ​ឬ​ការ​ទំ​លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​កិត្តិយស ​ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល​ ឬ​នៃ​ស្ថាប័ន​ គឺ​ជា​ការ​បរិហារ​កេរ្តិ៍។​ បទ​បរិហារ​កេរ្តិ៍​ដែល​ធ្វើ​ឡើង​តាម​រយៈ​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ខាង​ក្រោម ​គឺ​អាច​ត្រូវ​ដាក់​ទោស​បាន​ (…)៖​
១. តាម​សំដី​ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​បញ្ចេញ​នៅ​ទី​សា​ធារ​ណៈ ​ឬ​នៅ​សាល​ប្រជុំ​សា​ធារ​ណៈ។
២. តាម​លិខិត​ ឬ​គំនូរ​ ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណ​ជន ​ឬ​ដាក់​តាំង​ឱ្យ​សាធារណជន​មើល។​
៣. តាម​គ្រប់​មធ្យោបាយ​ទូរគម​នាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន។

ការ​ចោទ​ប្រកាន់​របស់​លោក​ វិចិត្រ ​មក​លើ​គណៈ​គ្រប់​គ្រង​នៃ​អង្គការ​សមធម៌​កម្ពុជា ​គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទេ​ ដោយ​សារ​តែ​ទម្រង់​ការ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​អង្គការ​សមធម៌​កម្ពុជា​គឺ​ស្រប​ទៅ​តាម​គោល​នយោបាយ​ធន​ធាន​មនុស្ស​ និង​ជា​និ​តិ​វិធី​ផ្ទៃ​ក្នុង​ធម្មតា​ និង​មាន​លក្ខណៈ​ឯក​ជន។ ​មិន​មាន​ចំណុច​ណា​មួយ​ដែល​អង្គការ​សម​ធម៌​កម្ពុជា​ផ្សព្វ​ផ្សាយ​ទំនាក់​ទំនង​ទាំង​នេះ​ជា​សាធារណៈ​នោះ​ទេ។​

តំណាង​អង្គការ​សមធម៌​កម្ពុជា ​លោក ​ប៊ុន​ មករា​ ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍ ​និង​ផ្សព្វ​ផ្សាយ​ផ្នែក​ច្បាប់​មាន​ប្រសាសន៍​ថា៖ “​អង្គការ​សមធម៌​កម្ពុជា​គាំទ្រ​សកម្មភាព​របស់​បុក្គលិក​ទាំង​បី​ដែល​ត្រូវ​ជាប់​ចោទ​នៅ​ក្នុង​រឿង​ក្តី​នេះ”។​ លោក​បាន​បន្ត​ថា៖​ “ពួក​គាត់​ទាំង​បី​បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៅ​ឱ្យ​លោក ​វិចិត្រ​ ​ក្រោម​ការ​រក្សា​ការ​សម្ងាត់​យ៉ាង​តឹង​រ៉ឹង​ ដោយ​ស្រប​តាម​គោល​នយោបាយ​ធនធាន​មនុស្ស​ និង​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​ច្បាប់។ មូល​ហេតុ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ការ​ចេញ​លិខិត​នេះ​លេច​ធ្លាយ​ដឹង​ជា​សា​ធារ​ណៈ ​គឺ​ដោយ​សារ​តែ​លោក ​វិចិត្រ​ បាន​សម្រេច​ចិត្ត​ចែក​ចាយ​លិខិត​នេះ​​ដោយខ្លួន​ឯង។ ​ដោយ​ផ្អែក​តាម​ភាព​ជាក់​ស្តែង​នៃ​សំណុំ​រឿង​នេះ ​និង​ការ​បរាជ័យ​របស់​លោក​ ចាន់ ​វិចិត្រ​ ក្នុង​ការ​ផ្តល់​ភ័ស្តុ​តាង​គាំទ្រ​ដល់​ការ​ដាក់​បន្ទុក​រឿង​បរិហារ​កេរ្តិ៍ ​យើង​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ​និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​នេះ”។

ការ​ចោទ​ប្រកាន់ ​និង​ភ័ស្តុ​តាង​ដែល​មាន​គឺ​ស្ថិត​នៅ​ឆ្ងាយ​ខ្លាំង​ណាស់​ពី​ក្រប​ខណ្ឌ​ច្បាប់​នៃ​បទ​រិហារកេរ្តិ៍​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ អ្នក​នាង​ ណាលី ​ពីឡូក​ នា​យក​រង​នៃ ​សម្ព័ន្ធ​ភាព​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លី​កា​ដូ​ (LICADHO) បាន​មាន​ប្រសាសន៍​ថា៖ ​ “អំពើ​របស់​ជន​ជាប់​ចោទ​ទាំង​បី​មិន​បាន​បង្ហាញ​អង្គ​ហេតុ​ណា​មួយ​ដែល​ចូល​ជា​បទ​បរិហារ​កេរ្តិ៍​នោះ​ទេ។​ សូម្បី​តែ​ ព្រះ​រាជ​អាជ្ញា​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​សវនា​ការ​ដែរ​ថា​ ករណី​នេះ​មិន​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ​យោង​តាម​អង្គ​ហេតុ​ទាំង​នេះ​ យើង​សង្ឃឹម​ថា​សំណុំ​រឿង​នេះ​នឹង​ចាត់​ទុក​ជា​មោឃៈ​ដោយ​យោង​តាម​គោលការណ៍​ច្បាប់​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​លទ្ធ​ផល​គឺ​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​នោះ​ទេ”។ ​

ថ្វី​បើ​អង្គការ​សម​ធម៌​ខក​ចិត្ត​ដោយ​សារ​លទ្ធផល​នៅ​ថ្ងៃ​នេះ​ ក៏​យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ដែល​យើង​បាន​ទទួល​ក្នុង​រយៈពេល​កន្លង​មក។​ លោក​ ឡេង ​សារ៉ន​ ប្រធាន​កម្មវិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​នៃ​អង្គការ​សមធម៌​កម្ពុជា​មាន​ប្រសាសន៍​ថា៖ ​“យើង​ខ្ញុំ​សូម​យក​ឳកាស​នេះ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​បណ្តា​អង្គការ​ និង​ស្ថាប័ន​ជាតិ ​និង​អន្តរជាតិ ​ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ក្នុង​រយៈពេល​ពីរ​បី​ខែ​កន្លង​មក​នេះ”។​

លោក ​សួន ​ប៊ុន​ធឿន​ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​បី​មាន​ប្រសាសន៍​ថា៖​ “អំពើ​ដែល​អង្គការ​សមធម៌​កម្ពុជា​បាន​ធ្វើ ​គឺ​ប្រាកដ​ជា​ស្ថិត​នៅ​ក្រៅ​បញ្ញត្តិ​ផ្លូវ​ច្បាប់​នៃ​បទ​បរិហារ​កេរ្តិ៍ ​ហេតុ​ដូច្នេះ​ហើយ​យើង​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​សាល​ក្រម​ថ្ងៃ​នេះ​”។ អង្គការ​សមធម៌​កម្ពុជា​នឹង​ពិភាក្សា​គ្នា​លើ​សាល​ក្រម​នេះ​ជា​មួយ​ក្រុម​មេធាវី​របស់​យើង ​រួច​ហើយ​នឹង​ដំណើរ​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។ ​

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក ប៊ុន មករា ប្រធានគ្រប់គ្រងកម្មវិធីពង្រឹងអំណាចសហគមន៍ និងផ្សព្វផ្សាយផ្នែកច្បាប់នៃអង្គការសមធម៌កម្ពុជា (EC) ទូរស័ព្ទលេខ៖ ០១២ ៩៥៨ ២៥៥
▪ អ្នកស្រី ណាលី ពីឡូក នាយករងនៃ សម្ព័ន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) ទូរស័ព្ទលេខ៖ ០១២ ៨០៣៦៥០
▪ លោក មឿន តុលា នាយករងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ទូរស័ព្ទលេខ៖ ០៩៣ ៥៥ ៦៦ ៤៣

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...