អ្នក​នេសាទ​ខ្មែរ​ប្តឹង​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​អាមេរិក-ថៃ​ករណី​ជួញ​ដូរ​មនុស្ស

​លោក ​មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស​ (Central) ​បាន​ថ្លែង​ថា វា​ជា​ជំហាន​មួយ​វិជ្ជមាន ជា​ដំណាក់​កាល​ទី​មួយ​ដែល​តុលាការ​អាមេរិក​បាន​បញ្ជាក់​ហើយ​ថា តុលាការ​មាន​យុត្តាធិការ​ទៅ​លើ​រឿងក្ដី​ហ្នឹង។ សម្រាប់​ជន​រង​គ្រោះ​វិញ គឺ​ជា​ពន្លឺ​នៃ​យុត្តិធម៌​របស់​គាត់ បើ​ទោះ​ជា​មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវការ​នូវ​សំណង​ដែល​គាត់​ទាមទារ​ថា តើ​ក្រុមហ៊ុន​ព្រម​ឲ្យ​តាម​ការ​ទាមទារ​របស់​ជន​រង​គ្រោះ​យ៉ាង​ម៉េច​ក៏​ដោយ។ លោក​បាន​ថ្លែង​ថា៖ «វា​ជា​ជំហាន​ដំណាក់​កាល​ដំបូង ដែល​ឈាន​ទៅ​រក​យុត្តិធម៌​មួយ​សម្រាប់​ជន​រង​គ្រោះ​ដែល​គាត់​រង់ចាំ​តាំង​ពី​ឆ្នាំ​២០១២ ​មក»។​
22
វិច្ឆិកា

អ្នក​នេសាទ​ខ្មែរ​ប្តឹង​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​អាមេរិក-ថៃ​ករណី​ជួញ​ដូរ​មនុស្ស

ភ្នំពេញ៖(ខ្មែរថាមស៍)តុលាការ​សហព័ន្ធ​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ថាពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​កម្ពុជា​ដែល​ប្តឹង​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​អាមេរិកាំង ​និង​ថៃ គឺ​ជា​ករណី​ជួញដូរ​មនុស្ស និង​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ខ្លួន ដោយ​ច្រាន​ចោល​បណ្តឹង​ជំទាស់​របស់​ភាគី​ក្រុមហ៊ុន​ដែល​បាន​ប្តឹង​ថា​ ជា​ករណី​ទំនាស់​ការងារ។​

​យោង​តាម​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក ​បាន​ដកស្រង់​សម្ដី​របស់​លោក​ចៅក្រម John F. Walter នៃ​តុលាការ​តំបន់​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដោយ​បញ្ជា​ឲ្យ​ដំណើរការ​រឿង​ក្តី​នេះ​ត​ទៅ​ទៀត​ដោយ​ផ្អែក​លើ​ច្បាប់​ការ​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ការពារ​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ។

លោក​បាន​សម្រេច​ថា៖ «ដោយ​ផ្អែក​លើ​ហេតុផល​ដែល​បាន​លើក​ឡើង​តុលាការ​សម្រេច​បដិសេធ​ចោល​ការ​ប្តឹង​ជំទាស់​ខ្លះ​របស់​ចុង​ចម្លើយ និង​ផ្តល់​ជូន​តាម​ការ​ជំទាស់​ខ្លះ។ បដិសេធ​ចោល​ការ​ប្តឹង​ជំទាស់​របស់​ចុង​ចម្លើយ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ដើម​បណ្តឹង​ដោយ​ផ្អែក​លើ​ច្បាប់​ស្ដីពី​ការ​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ការពារ​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ និង​យល់ព្រម​តាម​ការ​ជំទាស់​របស់​ចុង​ចម្លើយ ដែល​ជំទាស់​នឹង​ការ​ទាមទារ​របស់​ដើម​បណ្តឹង​លើ​ច្បាប់​លក្ខន្តិកៈ​កំហុស​រដ្ឋប្បវេណី​នៅ​បរទេស ដោយ​មិន​ឲ្យ​មាន​ការ​តវ៉ា​អ្វី​ទៀត»។​

​ក្រុម​មេធាវី​អាមេរិកាំង​ នៃ​ក្រុមហ៊ុន Cohen Milstein Sellers & Toll PLLC ដែល​តំណាង​ឲ្យ​ជន​រង​គ្រោះ​ខ្មែរ​ ចំនួន​ ៧​នាក់ ដែល​មាន​បុរស​ ៥​នាក់ និង​ស្ត្រី​ ២​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​អាមេរិកាំង ​គឺ​ក្រុមហ៊ុន Rubicon Resources និង​ក្រុមហ៊ុន Wale& Co. Universe, Ltd. និង​ក្រុមហ៊ុន​ថៃ Phatthana Seafood Co., Ltd និង​ក្រុមហ៊ុន S.S. Frozen Food Co., Ltd កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា​កន្លង​ទៅ។ នៅ​ក្នុង​ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ក្នុង​ស្រុក​មក​បញ្ចុះបញ្ចូល​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ​ Phatthana Seafood Co. Ltd. ចន្លោះ​ពី​ឆ្នាំ​២០១០​ ដល់​២០១២ ហើយ​បាន​ប្រឈម​មុខ​នឹង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើស​កម្លាំង អំពើ​ទាសភាព និង​ការ​ធ្វើការ​ដើម្បី​សង​បំណុល​ថៅកែ។​

ក្រុម​មេធាវី​អាមេរិកាំង​ ដែល​តំណាង​ឲ្យ​ជន​រង​គ្រោះ​ទាំង​នេះ​ចោទ​ថា ក្រុមហ៊ុន​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ស្ដីពី​ការ​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ការពារ​ជន​រង​គ្រោះ ដោយសារ​ការ​ជួញដូរ​ និង​ច្បាប់​លក្ខន្តិកៈ​កំហុស​រដ្ឋប្បវេណី​នៅ​បរទេស។​

​លោក កែវ រដ្ឋា ដែល​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ថៃ ឈ្មោះ Phatthana Seafood ​បាន​ថ្លែង​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​តុលាការ​បន្ត​ចំណាត់​ការ​លើ​បណ្តឹង​របស់​ពួក​លោក ពីព្រោះ​អ្វី​ដែល​លោក​ចង់​បាន​នៅ​ក្នុង​បណ្តឹង​នោះ​ គឺ​ចង់​ឲ្យ​បញ្ឈប់​ការ​ជួញដូរ​មនុស្ស​ទៀត ហើយ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅ​តាម​គោលការណ៍​ច្បាប់។ លោក​បាន​ថ្លែង​ថា៖ «បណ្តឹង​នេះ​ គឺ​ចង់​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ពី​ទុក្ខ​វេទនា​របស់​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ធ្វើ​គ្រឿង​សមុទ្រ»។​

​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា បណ្តឹង​របស់​ពួក​លោក​ប្រសិន​បើ​ប្តឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​វិញ​ គឺ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ បើ​ទោះ​បី​ជា​ប្រទេស​នេះ​មាន​ច្បាប់​ក៏​ដោយ ​ប៉ុន្តែ​ច្បាប់​មាន​តែ​នៅ​ក្នុង​ក្រដាស ដោយសារ​តែ​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម។

​លោក ​មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស​ (Central) ​បាន​ថ្លែង​ថា វា​ជា​ជំហាន​មួយ​វិជ្ជមាន ជា​ដំណាក់​កាល​ទី​មួយ​ដែល​តុលាការ​អាមេរិក​បាន​បញ្ជាក់​ហើយ​ថា តុលាការ​មាន​យុត្តាធិការ​ទៅ​លើ​រឿងក្ដី​ហ្នឹង។ សម្រាប់​ជន​រង​គ្រោះ​វិញ គឺ​ជា​ពន្លឺ​នៃ​យុត្តិធម៌​របស់​គាត់ បើ​ទោះ​ជា​មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវការ​នូវ​សំណង​ដែល​គាត់​ទាមទារ​ថា តើ​ក្រុមហ៊ុន​ព្រម​ឲ្យ​តាម​ការ​ទាមទារ​របស់​ជន​រង​គ្រោះ​យ៉ាង​ម៉េច​ក៏​ដោយ។ លោក​បាន​ថ្លែង​ថា៖ «វា​ជា​ជំហាន​ដំណាក់​កាល​ដំបូង ដែល​ឈាន​ទៅ​រក​យុត្តិធម៌​មួយ​សម្រាប់​ជន​រង​គ្រោះ​ដែល​គាត់​រង់ចាំ​តាំង​ពី​ឆ្នាំ​២០១២ ​មក»។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​បច្ចេកទេស កម្ពុជា-​ថៃ ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​លើ​ អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ការងារ​របស់​ពលករ កាល​ពី​ខែ​កុម្ភៈ អនុរដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការងារ​ថៃ លោក Winai Luewirojn បាន​បង្ហាញ​ និង​អាន​នូវ​របាយការណ៍​អំពី​តួលេខ​នៃ​ពលករ​ខ្មែរ​ សរុប​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ដល់​ជាង ៩៣​ម៉ឺន​នាក់ ក្នុង​នោះ ពលករ​ស្រប​ច្បាប់ ក្រោម​អនុស្សរណៈ​យោគយល់​គ្នា គឺ​មាន​តែ​ជាង ៨​ម៉ឺន ៧​ពាន់​នាក់​ប៉ុណ្ណោះ។ របាយការណ៍​នោះ បាន​បង្ហាញ​ថា ពលករ​មិន​ស្រប​ច្បាប់​មាន​ជាង ៨៤​ម៉ឺន​នាក់ (៨៤៦១១៩​នាក់) ក្នុង​នោះ ជាង ១០​ម៉ឺន​នាក់ (១០៧១៧២ នាក់) ទទួល​បាន​នូវ​ការ​កំណត់​សញ្ជាតិ និង​ជាង ៧៣​ម៉ឺន (៧៣៨ ៩៤៨​នាក់) បាន​ចុះ​បញ្ជី​នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ កាល​ពី​ក្នុង​ឆ្នាំ​២០១៤ កន្លង​មក៕

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...