វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលមិនផ្តល់​ថ្ងៃឈប់​សម្រាកឲ្យទៅបោះឆ្នោតដូចពេលមុនៗ?

លោក មឿន តុលា លើកឡើងថា បើក្រសួងប្រៀបធៀបការចុះឈ្មោះ ទៅនឹងការបោះឆ្នោត លោ​កថា ជារឿងខុសឆ្គងមួយ​ទៀត ដែលលោកថាធ្វើឲ្យសារធាណជនមិនអាចទទួលយបាន។ លោកថា ការចុះឈ្មោះ គ.ជ.ប ផ្តល់ពេលវេលាដល់ទៅ៣ខែ ដែលលោកថាពេលវេលានោះ ​ក​ម្មករ និយោ​ជិត មានពេលច្រើនសម្រាប់ធ្វើដំណើរ ទៅចុះឈ្មោះ នៅស្រុកកំណើតដែលពួកគេរស់នៅ។
31
ឧសភា

វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលមិនផ្តល់​ថ្ងៃឈប់​សម្រាកឲ្យទៅបោះឆ្នោតដូចពេលមុនៗ?

ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យទី៤ មិថុនា ចុង​​សប្តាហ៍​នេះ។

ចំណែកកម្មករ និយោជិត និងបុគ្គលិកដែលបម្រើការនៅសហគ្រាស គ្រឹះស្ថាន សណ្ឋាគារ និងភោ​ជនីយ​ដ្ឋាន បើគ្មានអ្វីប្រែប្រួលទេ ពួកគេ​មានពេ​លតែមួ​យ​ថ្ងៃប៉ុ​ណ្ណោះ ស​ម្រា​​​ប់​ធ្វើដំ​ណើរទៅស្រុកកំណើត ដើម្បី​​បោះ​​ឆ្នោ​តជ្រើសរើសមេឃុំ ឬចៅសង្កា​ត់ ដែ​លពួក​គេពេ​ញចិត្ត។

បញ្ហានេះ ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោល សំណើរ របស់​ក្រុ​ម អ្នកធ្វើការលើកកម្ពស់សិ​​ទ្ធិ​ការងារ និងការជំរុញពីស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ កាលពីថ្ងៃ​ទី៩ឧ​​​​សភា សហភាព​ការងា​រក​ម្ពុជា បា​នដាក់លិខិតមួយច្បាប់ ទៅ គ.ជ.ប។

លិខិតនោះក្រុមសហជីព ស្នើឲ្យ គ.ជ.ប ជួយជំរុញទៅក្រសួងការងារ ណែនាំទៅ​ថៅ​​​​កែរោងចក្រ ម្ចាស់​សហ​គ្រាស គ្រឹះស្ថាន រូមទាំងម្ខាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ ដែ​ល​​ស្ថិ​ត​​​ក្នុង​ដែន​​អនុវត្ត​ច្បាប់​កា​រងារ ឲ្យកម្មករ និយោជិត បានឈប់​សម្រាកពីរថ្ងៃ​បន្ថែ​មទៀត​ ដោយថាដើម្បី​ឲ្យពួ​​កគេមានពេ​ល​​វេ​លា​​​​​​គ្រ​​ប់​គ្រាន់ ​ធ្វើ​​ដំណើ​រ​ទៅ​​បោះឆ្នោត។

ជាការឆ្លើយតប ក្រសួងការងារបានច្រានចោលកិច្ចអន្តរាគមន៍ របស់ គ.ជ.ប ដោយក្រសួងសំ​អាងហេតុផ​លជា​ច្រើន។

លិខិត​​ចុះ​ថ្ងៃ​​ទី​២៣ខែឧសភា ក្រសួងការងារប្រាប់ គ.ជ.ប ថា គ្មានពេល​ដើម្បីពិ​ភាក្សាករណីនេះជាមួយ គជប ​ទេ ហើយថា អំឡុងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក្រសួងក៏មិនបានចេញសេចក្តីជូនដំណឹង​ឲ្យ​កម្ម​ករ​ទៅ​​ចុះ​​ឈ្មោះនៅឯស្រុកកំណើតដែរ។

មួ​យ​វិញទៀតក្រសួងថា ច្បាប់បោះឆ្នោតថ្មី បានអនុញ្ញាតិឲ្យប្រជា​ពលរដ្ឋដែលមា​នលំ​នៅ​​ដ្ឋាន ឬទីសំ​ណា​ក់​ក្នុ​ង​ឃុំ សង្កាត់ ណាអាចចុះឈ្មោះបោះឆ្នោតបាននៅទីនោះបានដែរ។

ករ​ណី​នេះ​ក្រសួងការងារ បានការពារការថា បើក្រសួងចេញសេចក្តីណែ​នាំ ទៅម្ចាស់​រោង​ចក្រ​ និងស​​ហ​គ្រាស ទៀត ក្រសួងថា ទី១ ខុសច្បាប់បោះឆ្នោត និងទី២ អា​ច​នឹ​ងមា​ន​កា​រ​ចោទប្រ​កាន់​​ណា​​មួ​យដោយយ​​ថាហេតុ។

ក៏ប៉ុន្តែបើគេក្រឡេកមើលពីអតីតកាលវិញ ការបោះឆ្នោតច្រើនអាណត្តិមកនេះ ក្រសួងការងារ បានប្រកាសឲ្យកម្មករ និយោជិត ឈប់ សម្រា​​​​ក៣​ថ្ងៃ បូកនឹងថ្ងៃបោះឆ្នោត សម្រាប់អ្នកដែលរស់នៅបណ្តាខេត្តឆ្ងាយៗបានទៅ​បោះឆ្នោត។

មិនតែប៉ុណ្ណោះ ក្រសួងក៏បានស្នើទៅថៅកែរោងចក្រ សហគ្រាស ឲ្យបង្កលក្ខណងា​យស្រួលដល់ការធ្វើដំ​ណើរ របស់កម្មករ និយោជិត ទៀ​ត​​ផង ដូចជាការស្នើ​ឲ្យ​បើ​​កប្រាក់ឈ្នួលមុនថ្ងៃកំណត់ ឬឲ្យកម្មករ​ខ្ចី​ប្រាក់​​មួយ​​ចំ​នួនជាដើម​។

ប​ញ្ហានេះ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនចោទសួរថា ហេតុអ្វីបានជាការបោះឆ្នោតពេលនេះ ក្រសួងការងារមិន​ផ្តល់​ថ្ងៃឈប់សម្រាកឲ្យកម្មករ និយោជិត?

អ្នកតាមដានសង្គមមួយចំនួន បានបង្ហាញទស្សនៈ ប្រហាក់ប្រហែលគ្នាថា ការផ្លាស់ប្តូរជំហរ របស់​ក្រសួ​ងពេលនេះ ពួកគេ​​យល់​ថា​ អាចជាយុទ្ធសាស្ត្រ ជួយទប់ស្កាត់សំឡេងធ្លាក់ចុះ របស់បក្ស​កាន់​អំណាច នៅ​ថ្ងៃ​បោះឆ្នោត ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា អ្វីដែ​ល​ក្រ​សួ​ងកា​រងារ បកស្រាយប្រាប់ គ.ជ.ប លោកយល់ថា គ្រាន់តែជាលេសមួយ ដើម្បីបិទ​បាំងកា​រពិត​ប៉ុណ្ណោះ​។

សម្រា​ប់លោក មឿ​ន តុលា ការប្តូរជំហរ របស់ក្រសួងការងារនេះ លោកថា អាចជារឿងនយោ​​បាយច្រើ​នជា​ង។

លោក មឿន តុលា ពន្យល់ថា បើគេមើលរដ្ឋធម្មនុញ្ញ ដែលចែង​ពីសិទ្ធិពល​រដ្ឋ និងសិទ្ធិ​នយោបា​យ លោកថា ក្រសួងការងារ ដែលជាសេនាធិការ របស់រដ្ឋាភិបាល មិនបានបំពេញតួនាទី តាមរដ្ឋ​ធម្មនុញ្ញទេ។

លោក មឿន តុលា លើកឡើងថា បើក្រសួងប្រៀបធៀបការចុះឈ្មោះ ទៅនឹងការបោះឆ្នោត លោ​កថា ជារឿងខុសឆ្គងមួយ​ទៀត ដែលលោកថាធ្វើឲ្យសារធាណជនមិនអាចទទួលយបាន។ លោកថា ការចុះឈ្មោះ គ.ជ.ប ផ្តល់ពេលវេលាដល់ទៅ៣ខែ ដែលលោកថាពេលវេលានោះ ​ក​ម្មករ និយោ​ជិត មានពេលច្រើនសម្រាប់ធ្វើដំណើរ ទៅចុះឈ្មោះ នៅស្រុកកំណើតដែលពួកគេរស់នៅ។

ប៉ុន្តែ​លោ​​កថា សម្រាប់ថ្ងៃបោះឆ្នោតវិញ គ.ជ.ប កំណត់ពេលតែមួយថ្ងៃប៉ុណ្ណោះ ករណីនេះ​លោកថា​ក្រសួ​ងការងារគួតែ​ពិចារណាឡើងវិញ ដើម្បីឲ្យកម្មករ និយោជិត មានពេលគ្រប់គ្រាន់ សម្រាប់ប្រើសិទ្ធិ ទៅ​បោះឆ្នោ​ត។

លោក មឿន តុលា វិភាគទៀតថា ការបាត់បង់២២អាសនៈ របស់គណបក្សកាន់​អំណា​ច កាលពីឆ្នាំ២​០១​៣ ព្រឹត្តិការណ៍បាញ់សម្លាប់កម្មករ នៅលើផ្លូវវ៉េងស្រេង ការបង្ក្រាបអ្នកតវ៉ាទាមទារលក្ខខណ្ឌការងារ និងការ​ដែល​រដ្ឋាភិបាល ធ្វើច្បាប់​ស​ហ​​ជី​ព​ដ៏ចម្រូងចម្រាសទៅវិញទេ ដែលលោកគិតថា ជារនាំងរា​រាំងដ​ល់ការ​ស​​ម្រេ​​ច​​​ចិត្ត របស់ក្រសួងនៅពេលនេះ។

លោកថា៖ «ប្រហែលជាគណបក្សកាន់អំណាចហ្នឹងខ្លាចស្រមោលខ្លួនឯង។ មានន័យថាអ្វី​ដែលជាកំហុ​សឆ្គង អ្វីជាអំពើអាក្រក់កន្លងមកហ្នឹង ខ្លាចកម្មករ ឬប្រជាពលរដ្ឋហ្នឹង មិនបោះគាំទ្រខ្លួនឯង ដល់អញ្ចឹង​ទៅ​វាទៅ​​ជា​រឿងស្ទាក់ស្ទើរដល់ការអនុវត្តកិច្ចការហ្នឹង»។

បើតាមលោក មឿន តុលា បើទោះបីជាក្រសួងការងារ មិនផ្តល់ថ្ងៃឈប់សម្រាកក៏ដោយ លោកជំ​រុញ​ឲ្យសហ​ជីពទាំងអស់ គួប្រើសិទ្ធិចរចាជាមួយក្រុមហ៊ុន ឲ្យកម្មករបានឈប់​២ថ្ងៃបន្ថែមទៀត សម្រាប់​ទៅ​បោះ​ឆ្នោត តាមរយៈធ្វើការសងថ្ងៃណាមួយឬកាត់ចេញពីបំណាច់ឆ្នាំដែល​លោ​កថា​មាន១៨​ថ្ងៃក្នុង​១ឆ្នាំ​នោះ​​។

លោកថា៖ «វាជារឿងមួយសំខាន់ សម្រាប់អាយុជីវិតយើង។ យើងសុខចិត្តចំណាយលុយ ឬបាត់បង់បួ​ន​ដប់​ដុល្លារ ជាជាងកុំឲ្យបាត់បង់អនាគតដ៏ភ្លឺស្វាយសម្រាប់កូនចៅយើងជំនាន់ក្រោយ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី លើកឡើងថា អ្នកវិនិយោ​គទាំ​ងអស់​នៅ​កម្ពុជា ពួកគេចាំបាច់ត្រូវ​គោរ​ពច្បា​ប់​កម្ពុជា ​បើរដ្ឋាភិបា​​លអះអាងថា ខ្លាចមាន​ការចោទប្រកាន់ ពេ​​ល​​​ខ្លួនចេញសេក្តីណែនាំ ឲ្យ​ពលរដ្ឋ របស់ខ្លួន បានឈប់សម្រាក សម្រាប់ទៅ​បោះឆ្នោតនោះ លោកថា នេះ​​​ប​ង្ហាញថា អ្ន​​កវិនិ​យោ​​គនៅ​កម្ពុជា មានឥទ្ធិពលលើរដ្ឋាភិបាល។

លោក មាស នី វិភាគថា កត្តារារាំងអាចមកពីការសាងកំហុសច្រើន ទាក់ទិននឹង​ព្រឹត្តិ​កា​រណ៍​ប៉ះទង្គិច នៅលើផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤កន្លងទៅ។

លោកថា៖ «ពលរដ្ឋនិងសាធារណជនគេនិយាយគ្រប់តែគ្នាហ្នឹង គេថាវាអត់មានអីក្រៅ​ពីការភ្ជាប់ទៅនឹ​ងការមិនឲ្យពេលគ្រប់គ្រាន់[ទៅបោះឆ្នោត] ទៅនឹងព្រឹត្តិការណ៍នៅនឹងវិបត្តិនៅផ្លុវវ៉េងស្រេងទេ អាហ្នឹងដែ​ល​សា​​​​ធា​​​រណជនគេនិយាយគ្រប់គ្នា។ ប៉ុន្តែបំណងយ៉ាង​ម៉េចរប​ស់រដ្ឋាភិបា​លយើងមិនដឹ​ងទេ។ ប៉ុន្តែ​​ឥ​ឡូវ​ហ្នឹ​ងសាធារណជន គេនិយាយថា ដោយសារតែរដ្ឋាភិ​បាលបារម្ភទៅលើសំឡេង របស់ក​ម្មករមិន​បានគាំ​​ទ្រ​សន្លឹ​កឆ្នោត របស់ខ្លួន»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការសម្រេ​ចចិត្តរប​ស់ក្រសួ​ងការងារ​នៅ​​ពេល​​​នេះ លោកវិភាគថា អាចជាផលប្រ​យោជន៍​នយោបាយច្រើនជាង។

ការវិភាគបែបនេះ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ដោយសារកន្លងទៅលោកសង្កេតឃើញថា ក្រុមក​ម្មករ​​ក្នុងវិស័យកាត់ដេរ បាននាំមុខគេ ក្នុងចំណោមស្ថាប័នផ្សេងទៀត ​ចេញតវ៉ា ទាមទារល​ក្ខខ​​ណ្ឌកា​រងារ រ​ហូ​តមានការប៉ះទង្គិច ឬមានការចាប់ខ្លួនជាដើម។

ករណីនេះលោក ឯម សុវណ្ណារ៉ា វិភាគថា ទំនងជាក្រសួងជាសេនាធិការ របស់រដ្ឋាភិបាលមួយនោះ គិតថា​កម្ម​ករភាគច្រើននឹងមិនបោះឆ្នោតឲ្យគណបក្សដែលកំពុងគ្រប់គ្រងអំណាចទេ។

លោកថា៖ «តាមការយល់និន្នាការដែលយើងគិតឃើញ ជាទូទៅគាត់[កម្មករ និយោជិត]គ្មាននិន្នា​ការ​គាំ​ទ្របក្ស​កាន់​អំណាចទេ។ អញ្ចឹងបើ​កម្មករ និយោជិតភាគច្រើនទៅបោះឆ្នោត គឺសំឡេងគណបក្សប្រឆាំង​ឬគណបក្សក្រៅ​រដ្ឋា​ភិបា​លកើនឡើង។ អញ្ចឹងរដ្ឋាភិបាលមិនចំណេញទេ។ អញ្ចឹងហើយជាយន្តការមួយ ដែលយើងមិនដឹងថា ជាកា​ររៀបចំ​ឬស្អីពីក្រោយទេ ប៉ុន្តែបើបាត់សំឡេង ឬការចួលរួមបោះឆ្នោតពីកម្មករ និយោជិត គណប​ក្សក្រៅ​រដ្ឋាភិបាល បាត់ការគាំទ្រច្រើនជាង»

ទោះជាយ៉ាងណា ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង រួមទាំងសហជីពផង សុទ្ធតែបានអំពាវនាវឲ្យ​កម្មករ នយោជិត ទៅបោះឆ្នោត ដើម្បីចូលរួមសម្រេចជោគវាសនា​ជាតិទៅថ្ងៃអនាគត ខណៈកម្មករក្នុងវិស័យកាត់​ដេរ​មាន​ប្រមាណជាង៧០ម៉ឺននាក់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...