លោក ហ៊ុន សែន ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​ ហើយ​ថា​ការ​ឡើង​ប្រាក់ខែ​មិនមែន​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ

លោក តុលា ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចង់​ឃើញ​ឲ្យ​មាន​ការ​ជំរុញ​ខាង​នយោបាយ​នៅ​ក្នុង​ផ្នែក​នេះ​​ទេ ហើយ​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់ ហ្វ្រី​ជិះ​ឡាន​ក្រុង​សាធារណៈ​វា​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ជួសជុល​បញ្ហា​ទេ​ពីព្រោះ​ជីវិត​មនុស្ស​វា​វែង​ជាង​នេះ​» ​។
21
សីហា

លោក ហ៊ុន សែន ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​ ហើយ​ថា​ការ​ឡើង​ប្រាក់ខែ​មិនមែន​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ

ភ្នំពេញ: លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​កំពុង​នៅ​ក្នុង​តំណែង​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​​ដល់​កម្មករ​រោងចក្រ​ដែល​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​នឹង​ចាប់ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ២០១៧ ​ចាប់ពី​ដើម​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា​។

យោង​តាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ប្រធាន​ផ្នែក មេក្រុម ជំនួយការ កម្មករ ស្រី ប្រុស មកពី​ ៩៣ ​រោងចក្រ​ផ្សេង​គ្នា​ចំនួន ៤២៧០ ​នាក់​បាន​ជួប​លោក និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ជាច្រើន​រូប​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ​។

ការ​ជួបជុំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​កំណត់​​យក​រៀងរាល់​ថ្ងៃ​អាទិត្យ​ដើម្បី​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ កម្មករ កម្មការិនី ហើយ​នៅ​រៀងរាល់​ថ្ងៃ​ពុធ និង​ចុះ​សួរ​សុខទុក្ខ កម្មករ កម្មការិនី​តាម​បណ្តា​រោងចក្រ សហគ្រាស​នានា​។

គោលបំណង​នៃ​ការ​ជួបជុំ​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​កម្មករ និយោជិត​ជាមួយ​និយោជក និង​សំណូមពរ​នានា​ដើម្បី​សម្រួល​ឲ្យ​កម្មករ​និយោជិត​កាន់តែ​មាន​លក្ខខណ្ឌ ការងារ​ល្អ និង​មាន​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ដើម្បី​សម្រួល​ដល់​ក្មួយៗ​កម្មករ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​គឺ​ក្មួយៗ​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​ទីតាំង​ជិត​កន្លែង​ធ្វើការ​របស់​ក្មួយៗ​ផ្ទាល់​តែ​ម្តង​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ដែល​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ប៉ះពាល់​ដល់​ការងារ​។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ 1/9/2017 នេះ​។ សូម​ក្មួយៗ​កម្មករ​កម្មការិនី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​កម្មករ ស្ថានភាព​ការងារ​ និង​ជីវភាព​រស់នៅ​របស់​កម្មករ​ក្នុង​នោះ​មាន​ដូចជា​ការ​ដំឡើង​ប្រាក់ខែ​ដែល​បាន​ធ្វើ​ជា​បន្តបន្ទាប់​។ ការ​ដំឡើង​ប្រាក់ខែ​នេះ​មិនមែន​ដំឡើង​តាម​ការ​ទាមទារ​របស់​បក្សប្រឆាំង​ទេ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​គិតគូរ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ពី​រាជរដ្ឋាភិបាល​។ ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​កៀរគរ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​គឺ​បក្ស​ប្រឆាំង​ហាម​មិន​ឲ្យ​ប្រទេស​ដទៃ​ទិញ​ផលិតផល​ពី​កម្ពុជា​ទៀត ឬ​មក​វិនិយោគ​នៅ​កម្ពុជា​ឡើយ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់នៅ និង​ការងារ​កម្មករ​»​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​គណបក្ស​ប្រឆាំង​បាន​ផ្លាស់ប្ដូរ​របៀប​ធ្វើ​ការងារ​ហើយ​ដោយ​មិន​ឆ្លើយតប​ចំពោះ​ការ​ធ្វើ​​អត្ថាធិប្បាយ​របស់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ទេ​។

លោក សុវណ្ណ ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ឆ្លើយតប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ យើង​បាន​ប្ដូរ​របៀប​ធ្វើ​ច្រើន ​គេ​ចង់​និយាយ​យ៉ាង​ណា​ថ្លែង​យ៉ាងណា គឺជា​ផលិតផល​របស់​គេ តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​​ការ​វិនិច្ឆ័យ​របស់​បងប្អូន​កម្មករ​និង​ប្រជាពលរដ្ឋ (​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨)»​។

ទន្ទឹម​គ្នា​នេះ​ដែរ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅ​កាន់​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​របស់​គណបក្ស​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​នេះ​ហើយ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​លោក​ដោយ​បាន​ចាត់​ទុក​ភាព​ស្និទ្ធស្នាល​ត្រូវ​រ៉ូវ​គ្នា និង​ឱបរឹត​គ្នា​របស់​អ្នក​នយោបាយ​កន្លង​មក​នេះ​ហើយ​វាយប្រហារ​គ្នា​ស្ទើរ​តែ​ស៊ីសាច់​ហុតឈាម​ពេល​ខ្វែង​គំនិត​ជា​លទ្ធផល វា​នឹង​បំផ្លាញ​ខ្លួនឯង​បំផ្លាញ​សង្គម​ខ្មែរ និង​រហូត​ដល់​បំផ្លាញ​ប្រទេស​ជាតិ​ទៀត​ផង​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​ត្រូវ​កាប់សម្លាប់​គ្នា និង​ក៏​មិន​ចាំបាច់​ឱបរឹត​គ្នា​ដែរ សុំ​ត្រឹម​តែ​ចាប់​ដៃ​គ្នា​ដើម្បី​កសាង​កម្ពុជា​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​សេចក្ដីសុខ​ចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ហើយ​»​។

ការ​យក​ចិត្ត​ទុកដាក់​ និង​គិត​ពី​សេចក្ដីសុខ​ចម្រើន​ដូចគ្នា​នេះ​ដែរ លោក ហ៊ុន សែន បាន​សម្រេច​ឲ្យ​កម្មករ​ទទួល​បាន​សេវា​ជិះ​ឡាន​ក្រុង​សាធារណៈ Free ២ ​ឆ្នាំ ពី​ថ្ងៃ​ទី 20/8/2017-20/8/2019 ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ចំណាយ​មួយ​ចំនួន​របស់​ពួកគេ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើការ​គឺ​ទទួល​បាន​សេវា​នេះ​ភ្លាម​ហើយ​ចាប់ពី​ឆ្នាំ 2019 ទៅ​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ចូលនិវត្តន៍ (​ប្រាក់​រឺ​ត្រែត​) ដូច​គ្នា​នឹង​មន្ត្រីរាជការ​គឺ​មិន​ចាំបាច់​ធ្វើការ​មាន​ក្របខ័ណ្ឌ​ដូច​មន្ត្រីរាជការ​ទេ​។ សូម​យក​ចិត្ត​ទុកដាក់​ធ្វើការ​ឲ្យ​បាន​ល្អ និង​ប្រាក់ខែ​ក៏​ត្រូវ​បាន​ដំឡើង​ជា​បន្តបន្ទាប់ ដែល​នៅ​ឆ្នាំ​ ២០១៨ តិច​បំផុត​គឺ​អាច​ឡើង​ដល់ ១៦៨ ​ដុល្លារ​ក្នុង​មួយ​ខែ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​គឺ​ច្រើន​។

លោក ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើក​ទឹកចិត្ត​មួយ​ចំនួន និង​បាន​ថតរូប Selfie ជាមួយ​កម្មករ កម្មការិនី​មុន​នឹង​ចាកចេញ​ពី​សាលប្រជុំ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្លែង​ថា​សហជីព​ដែល​មាន​វត្តមាន​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​គឺ​ក្នុង​នាម​ជា​ទីប្រឹក្សា​ក្រសួង​ការងារ​មិន​បើក​ទូលាយ​ដល់​សហជីព​ទូទៅ​ទេ​។

លោក អាត់ ធន់ ​ប្រធាន​សហជីព ស៊ីខៅឌូ (C.CAWDU) បាន​ថ្លែង​ថា​ទោះបី​លោក​មិន​ដែល​មាន​ឱកាស​បាន​ចូលរួម​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ក៏ដោយ​តែ​ចាត់​ទុក​ថា​ជា​ឱកាស​ល្អ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោះស្រាយ​បញ្ហា និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​កម្មករ​។

លោក ធន់ ថ្លែង​ថា​៖ «​រឿង​បោះឆ្នោត​ខ្ញុំ​គិត​ថា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ​ទេ​លោក​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​​នយោបាយ​ការ​ចង់​បាន​ការ​គាំទ្រ​ជា​រឿង​ធម្មតា តែ​ការ​សម្រេច​ចិត្ត​វា​ស្ថិត​នៅ​លើ​ចិត្ត​របស់​បុគ្គល​ជា​កម្មករ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា​លោក​មាន​ការ​ព្រួយបារម្ភ​ថា​នេះ​ចលនា​​នយោបាយ​ដើម្បី​ស្វែងរក​ផលចំណេញ​សន្លឹក​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​តែ​វា​នឹង​មិន​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ច្រើន​នោះ​ទេ​។

លោក តុលា ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចង់​ឃើញ​ឲ្យ​មាន​ការ​ជំរុញ​ខាង​នយោបាយ​នៅ​ក្នុង​ផ្នែក​នេះ​​ទេ ហើយ​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់ ហ្វ្រី​ជិះ​ឡាន​ក្រុង​សាធារណៈ​វា​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ជួសជុល​បញ្ហា​ទេ​ពីព្រោះ​ជីវិត​មនុស្ស​វា​វែង​ជាង​នេះ​» ​។

ថ្វីដ្បិត​តែ​សេវា​សុខភាព​ជា​រឿង​មួយ​ល្អ​សម្រាប់​ដំណើរការ​ជាទូទៅ​ហើយ​ប្រព័ន្ធ​នេះ​នៅ​តែ​ទន់ខ្សោយ​នៅ​កម្ពុជា​ដោយ​លោក​ តុលា ថ្លែង​ថា​៖​ «​សូម្បីតែ​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ពេល​ដែល​ឈឺ​។ យើង​ចង់​ឃើញ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​អាច​ប្រៀប​បាន​ដូច​នឹង​ប្រទេស​ជិត​ខាង​យើង​»​។

លោក Choong Wei Piau អ្នក​គ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ Canteran Apparel and Quality Textile បាន​ថ្លែង​ថា​គេ​មិន​ទាន់​ប្រាប់​លោក​ថា​និយោជក​ត្រូវ​ទទួល​រ៉ាប់រង​បង់​ថ្លៃ​សេវា​គាំពារ​ធានា​សុខភាព និង​ប្រាក់​ចូល​និវត្តន៍​សម្រាប់​បុគ្គលិក​របស់​ខ្លួន​នៅ​ឡើយ​ទេ​៕

(​រាយការណ៍​បន្ថែម​ដោយ វង្ស សុខេង​)

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...