26
កុម្ភៈ

ថៃ​សម្រួល​តម្លៃ​ សម្រាប់​ពលករ​ខ្មែរ​វិល​មក​ចូល​ឆ្នាំ

ភ្នំពេញ: រដ្ឋាភិបាល​ថៃ​បាន​ឯកភាព​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ដែល​ត្រូវ​ឆ្លង​ដែន​មក​ស្រុក​កំណើត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ដោយ​មិន​គិត​ថ្លៃ​ការ​រក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry) ចាប់ពី​ថ្ងៃទី ៥-៣០ ខែ​មេសា​ឆ្នាំ​នេះ ជា​អ្វី​ដែល​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​សម្រេច​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចុះ​ថ្ងៃ​ទី ២២ កុម្ភៈ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ជូន​ដំណឹង​ដល់​សាធា​រណជន​ជាពិសេស​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​ស្រប​ច្បាប់​នៅ​ថៃ​ទាំង​អស់​ថា ​ដើម្បី​ចូលរួម​ពីធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​រដ្ឋាភិបាល​ថៃ​បាន​ឯកភាព​សម្រួល​ដល់​ពលករ​កម្ពុជា​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​ស្រុក​កំណើត​នៅ​កម្ពុជា​ដោយ​អនុគ្រោះ​មិន​គិត​ថ្លៃ​ការ​រក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry) ចាប់ពី​ថ្ងៃ​ទី ៥-៣០ ​ខែ​មេសា ឆ្នាំ ២០១៩។

សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា កន្លងមក​បងប្អូន​ព​លករ​ដែល​កំពុងស្នាក់​នៅ​និង​ធ្វើការ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ​ដែល​មាន​បំណង​ឆ្លង​ដែន​ទៅ​កម្ពុជា​និង​ត្រឡប់​ចូល​មក​ធ្វើការ​នៅ​ថៃ​វិញ​ត្រូវ​ស្នើ​សុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ​និង​មាន​ការ​បង់​ថ្លៃ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា៖ «ការ​អនុ​គ្រោះ​លើក​លែង​ថ្លៃ​រក្សា​សិទ្ធិ​ទិដ្ឋាការ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ៥-៣០ ខែ​មេសា​ឆ្នាំ២០១៩។ បងប្អូន​ពលករ​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ប្រទេស​ ថៃ​ វិញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០១៩»។

លោក មឿ​ន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) បាន​ថ្លែង​ថា ការ​លើក​លែង​ឬ​អនុគ្រោះ​តម្លៃ​នេះ​គឺជា​ការ​យោគ​យល់​ភាគី​ថៃ មិន​មែន​ស្នើ​សុំ​ដោយ​កម្ពុជា​ទេ។

លោក​បន្តថា វា​ជា​រឿង​ល្អ​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ ព្រោះ​បុណ្យ​ចូលឆ្នាំ​ គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ថៃ​ក៏​ដូចជា​កម្ពុជា​ដែរ។​ដូច្នេះ តាម​ប្រពៃណី​គឺ​ខ្មែរ​ឬ​ថៃ​ត្រូវ​ការ​ជួបជុំ​បង​ប្អូន សាច់​ញាតិ ទោះបី​ជា​បែក​ឆ្ងាយ​ប៉ុន្មាន​ឆ្នាំ​ក៏ដោយ។

លោក​បន្តថា ការចំណាយ​ថ្លៃ​ការរក្សា​សិទ្ធិ​ទិដ្ឋាការ​នេះ គឺជា​បន្ទុក ១ ធំ​សម្រាប់​ពលករ​ខ្មែរ ព្រោះ​ចេញ​ឬ​ចូល​ម្ដង​ត្រូវ​ចំណាយ​ពី ១ ០០០ បាត ឬ​លើស​ពី​នេះ។ ប្រសិន​បើ​បាន​បិទ​ត្រង់​ចំណុច​នេះ គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលករ​ច្រើន ប៉ុន្ដែ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ពិចារណា​ឆ្នាំ​ក្រោយៗ​ទៀត។

លោក​បន្តថា ការចំណាយ​លើ​ការដឹកជញ្ជូន សុំ​កុំ​ឲ្យ​មានការ​ឡើង​ថ្លៃ​ទាំង​ភាគី​ថៃ និង​កម្ពុជា ព្រោះ​ការ​ចំណាយ​នេះ​ក៏​នៅ​កម្រិត​ខ្ពស់​ដែរ «ចំពោះ​អាជ្ញាធរ​កម្ពុជា ក៏​ត្រូវតែ​ប្រាកដ​ថា មិន​ត្រូវ​គិត​លុយ​ពី​ពលករ​ដែរ ខណៈ​ពួក​គាត់​ឆ្លង​មក​ពី​ថៃ ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ខ្មែរ​ត្រូវ​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ដើម្បី​ជួយ​សម្រួល​ឲ្យ​ពួកគាត់​បាន​មក​លេង​ស្រុក​ដោយ​រីករាយ​ទាំង​ចេញ​និង​ចូល​ធ្វើការ​វិញ។ ខ្ញុំ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ស្នើ​ទៅ​ថៃ​ចេញ​សារាចរ​នេះ​ឲ្យ​បាន​ទៅ​ដល់​ពលករ​ផ្សេង​ទៀត​ដូចជា ពលករ​នេសាទ​និង​ពលករ​ដទៃ​ទៀត»។

ពលករ​ខ្មែរ​ម្នាក់​មានស្រុកកំណើត​នៅ​ខេត្ត​បន្ទាយ​មានជ័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​បម្រើ​ការងារ​រោងចក្រ ១ នៅ​ខេត្ត​អយុធ្យា ប្រទេស​ ថៃ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​សារ​អេឡិច​ត្រូនិក​ថា លោក​សប្បាយ​រីករាយ​ចំពោះ​ដំណឹង​នេះ ប៉ុន្ដែ​លោក​នៅ​បារម្ភ​ខាង​កម្ពុជា​ដែល​អាច​នៅ​បន្ត​ចំណាយ​ដដែល។

លោក​បន្តថា ការចំណាយ​លើ​ឯកសារ​នៅ​ថៃ មិនសូវ​អស់​លុយ​ប៉ុន្មាន​ទេ ប៉ុន្ដែ​សេវា​នេះ​នៅកម្ពុជា​ពិត​ជា​ចំណាយ​ច្រើន ដោយ​មិន​ក្រោម​ពី ១០០ ទៅ ១ ០០០ បាត​ទេ នៅ​ពេល​ចេញ​ឬ​ចូល​ម្ដងៗ «នៅ​ថៃ​ឯណេះ ខ្ញុំ​មិន​សូវ​ចំណាយ​លុយ​ប៉ុន្មាន​ទេ ខ្លាច​តែ​ខាង​កម្ពុជា​យើង​ទេ គឺ​ត្រូវ​ចំណាយ​ច្រើន​ផ្នែក សូម្បី​តែ​អ្នក​ចង្អុល​ផ្លូវ​ឲ្យ​ទៅ​ស៊ីញ៉េ​កន្លែង​នេះ កន្លែង​នោះ​ហ្នឹង ក៏ត្រូវ​ឲ្យ​លុយ​គាត់​ដែរ»។

លោក​ស្នើសុំ​ឲ្យ​ភាគី​កម្ពុជា​បន្ធូរបន្ថយ​ការយក​តម្លៃ​លើ​ផ្នែក​សេវា​ឯកសារ​ចេញ​ឬ​ចូល​ឲ្យប្រហាក់​ប្រហែល​នឹង​ថៃ ព្រោះ​ការ​ចំណាយ​របស់​ពលករ​ចំណាក​ស្រុក​លើ​ឯកសារ​ទាំង​នេះ​នៅ​តែ​ជា​បន្ទុក​ធំ​ដដែល។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដដែល​ក៏បានបង្ហាញ​ដែរ​ថា តាម​ច្បាប់​អន្តោ​ប្រវេសន៍​របស់​ថៃ​ការ​ស្នើ​សុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry Visa) ប្រភេទ​ចេញ​ចូល​មួយ​លើក (Single) មាន​តម្លៃ ១ ០០០ បាត និង​ប្រភេទ​ចេញ​ចូល​ច្រើន​លើក (Multiple) មាន​តម្លៃ ៤ ៨០០ បាត។

យ៉ាងណាក្ដី ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា មិនទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...