27
កុម្ភៈ

កម្មការិនី​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ យីហោ អូលីវ អាប់ភើរ៉ែល នៅ​សង្កាត់​ចោម​ចៅ ៦៥នាក់​ទៀត បន្ត​ដួល​សន្លប់

កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ យីហោ អូលីវ អាប់ភើរ៉ែល (OLIVE​ APPAREL​ (Cambodia)​ Co,Ltd) នៅ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែនជ័យ ចំនួន​ ៦៥​នាក់ បន្ត​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ។

អ្នក​សម្រប​សម្រួល​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​កម្មករ គឺ​ពួកគេ​​ធំ​ក្លិន​ចំហាយ​ហ្គាស៍ (Gas) នៅ​តាម​អគារ និង​ស្ថានភាព​​បរិយាកាស​ក្ដៅ​ខ្លាំង​នៅ​ក្នុង​រោងចក្រ គ្មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ និង​ការ​ថែម​ម៉ោង​ច្រើន​របស់​កម្មករ មួយ​ថ្ងៃ​ពីរ​ម៉ោង​ ពេញ​មួយ​សប្ដាហ៍ ដូច​ករណី​កម្មការិនី ប្រមាណ​ ១៩៥​នាក់ ដែល​បាន​ដួល​សន្លប់​ កាល​ពី​ថ្ងៃ​ទី២៣ និង ២៥ កុម្ភៈ​ដែរ។

លោក ឃុន ថារ៉ូ ​​រក​ឃើញ​ថា ​ថៅកែ​រោងចក្រ​ អូលីវ អាប់ភើរ៉ែល មិន​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ទាំងអស់ ឈប់​សម្រាក​ទេ​ ក្រោយ​មាន​ករណី​ដួល​សន្លប់​បន្ត​បន្ទាប់​គ្នា គឺ​អនុញ្ញាត​ឲ្យ​តែ​កម្មករ​ដួល​សន្លប់​បាន​ឈប់​សម្រាក៖ «យើង​តាម​ដាន​ហ្នឹង​ដែរ។ ក្រុម​ការងារ​កំពុង​ចុះ​ទៅ ហើយ​អ្វី​ដែល​យើង​មើល​ឃើញ​ ត្រង់​ក្រុមហ៊ុន​ អត់មាន​ឲ្យ​ឈប់​សម្រាក​ដល់​កម្មករ​ទាំងអស់។ អ៊ីចឹង​ គាត់ (ក្រុមហ៊ុនឲ្យ​តែ​កម្មករ​ដែល​បាន​ដួល​សន្លប់​កាលពី​ថ្ងៃសៅរ៍ និង​ថ្ងៃច័ន្ទ ឲ្យ​សម្រាក​។ ប៉ុន្តែ​កម្មករ​ផ្សេង​ទៀត នៅ​តែ​ឲ្យ​បន្ត​ការងារ ហើយ​កម្មករ​ដែល​សន្លប់ (ថ្ងៃនេះជា​ក្រុម​កម្មករ​ដែល​មិន​បាន​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍។ អ៊ីចឹង គាត់​(កម្មករ)​នៅ​តែ​បន្ត​ដួល​សន្លប់​ទៀត»

ករណី​កម្មករ​រោងចក្រ​ អូលីវ អាប់ភើរ៉ែល ​បាន​ចាប់​ផ្ដើម​ដួល​សន្លប់​ កាល​ថ្ងៃ​សៅរ៍ ទី​២៣ កុម្ភៈ ចំនួន​១០០​នាក់។ ថៅកែ​រោងចក្រ​ បាន​អនុញ្ញាត​​ឲ្យ​កម្មករ​សម្រាក​ចំនួន ៣ថ្ងៃ​ ទាំង​ថ្ងៃ​អាទិត្យ រី​ឯ​កម្មករ​មិន​បាន​ដួល​សន្លប់​ត្រូវ​ចូល​ធ្វើការ​ជា​ធម្មតា។ លុះ​ដល់​ថ្ងៃ​ច័ន្ទ​ទី២៥ កុម្ភៈ ក្រុម​កម្មករ ​​​មាន​សុខភាព​ល្អ​ធម្មតា បាន​ចូល​ធ្វើការ ​​ប្រហែល​កន្លះ​ម៉ោង ក៏​ចាប់​ផ្ដើម​បន្ត​ដួល​សន្លប់​បន្ត​បន្ទាប់​គ្នា ​ប្រមាណ ៩៥នាក់ ដែល​មាន​អាការៈ​ស្រដៀង​គ្នា​នឹង​អ្នក​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី២៣ កុម្ភៈ​ដែរ។

អ្នក​សម្រប​សម្រួល​អង្គការ សង់ត្រាល់ លោក ឃុន ថារ៉ូ ឲ្យ​ដឹង​ថា កម្មការិនី​​ភាគច្រើន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ឈ្មោះ ហ៊ាង មុន្នីវុធ នៅ​ក្បែរ​រោងចក្រ។ ត្រឹម​ល្ងាច​ថ្ងៃ​ទី២៦ កុម្ភៈ គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​កម្មការិនី​ខ្លះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ចំពោះ​អ្នក​​​មាន​អាការៈ​ធូរស្រាល។ ប៉ុន្តែ​កម្មការិនី​ភាគ​ច្រើន គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ទេ ដោយសារ​មិន​ទាន់​បាត់​វិល​មុខ និង​នៅ​មាន​ស្មារតី​មិន​ទាន់​ប្រសើរ។

សង្គម​ស៊ីវិល លោក ឃុន ថារ៉ូ ថា នៅ​ពេល​មាន​ករណី​ដួល​សន្លប់​កម្មករ​ជា​បន្តបន្ទាប់​បែប​នេះ ច្បាប់​ស្ដីពី​ការងារ តម្រូវ​ឲ្យ​ភាគី​ថៅកែ ឬ​និយោជក​អនុញ្ញាត​ឲ្យ​កម្មករ​ទាំង​អស់​ឈប់​សម្រាក ហើយ​ត្រូវ​រៀបចំ​កែប្រែ​ប្រព័ន្ធ​ស្តង់ដារ​ក្នុង​រោងចក្រ និង​មាន​ការ​ពិនិត្យ​គុណភាព ពី​អ្នក​ជំនាញ​ជា​មុន។

អាស៊ី​សេរី មិន​អាច​​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី២៦ កុម្ភៈ ដោយសារ​មិន​លើក​ទូរស័ព្ទ៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...