27
កុម្ភៈ

កម្មករ​រោងចក្រ​អូលីវ អឹភែរិល​​ជាង​២០០​នាក់​បាន​ដួល​សន្លប់​​បី​ថ្ងៃ​ជាប់ៗ​គ្នា

អាជ្ញាធរ​បាន​ស្តី​បន្ទោស​លើ​ក្លិន​ប្រេង​ចាស់ៗ​ដែល​បាន​បង្ហៀរ​ចោល​នៅ​ក្បែរ​រោង​ចក្រ​នោះ ប៉ុន្តែ​កម្មករ​មួយ​ចំនួន​ដែល​ VOA បាន​សម្ភាសន៍​ហាក់​មិន​យល់​ស្រប​នឹង​ការ​សន្និដ្ឋាន​នេះ​ទេ។

យ៉ាង​ហោច​ណាស់​មាន​កម្មករកម្មការិនី​នៃ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​សរុប​ជាង២០០នាក់​ បាន​ដួល​សន្លប់​ និង​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ចាប់​តាំង​ពី​ថ្ងៃសៅរ៍។​ នេះ​បើ​តាម​ក្រុម​សហជីព​និង​អាជ្ញាធរ។

មន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​ដាក់​ការ​ស្តី​បន្ទោស​ទៅ​លើ​ក្លិន​ប្រេង​ចាស់ៗ​ដែល​គេ​បង្ហូរ​ចោល​ក្បែរ​រោងចក្រ​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ដែល​ធ្វើ​ឱ្យ​កម្មករ​បន្ត​ដួល​សន្លប់។

​លោក​ សែម ជឿន​ អ្នក​ចងក្រង​ឯកសារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ ដែលបាន​ចុះ​ទៅ​ជួប​ជាមួយ​នឹង​កម្មករ​កម្មការិនី​ដែល​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ផ្ទាល់​បាន​ប្រាប់​ VOA ​ថា ​កម្មករ​របស់​រោងចក្រ​កាត់ដេរ​ អូលីវ អឹភែរិល​(ខេមបូឌា)​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ បានដួល​សន្លប់​ចាប់​តាំងពី​ថ្ងៃ​សៅរ៍។​ លោក​ថា​ មាន​កម្មករ​សរុប​ជាង​២០០​នាក់ បាន​ត្រូវ​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

​លោក​បាន​និយាយ​ថា៖​

«សន្លប់​ និយាយ​ទៅ។​ គាត់​មាន​អាការៈ​ខ្លះ​សន្លប់​ ​ខ្លះ​ពួកគាត់​កំពុង​ធ្វើ​ការ​អ៊ីចឹង​ទៅ​ មាន​របៀបថប់​ដង្ហើម​ហើយ​ រក​ក្អួត​ចង្អោរ​អ៊ីចឹង​ អ៊ីចឹង​ក៏​ថៅកែ​គេ​ឲ្យ​គាត់​ចេញ»។

លោក​ សែម ជឿន​ ​បាន​បន្ត​ថា៖

«គេ​ឲ្យ​អ្នក​ដែល​សន្លប់​ហ្នឹង​ គេ​ឲ្យ​សម្រាក ​ជាក់ស្តែង​ណា។​ ប៉ុន្តែ​អ្នក​ដែល​មាន​សុខភាព​ធម្មតា​ហ្នឹង​គេ​ឲ្យ​គាត់​នៅ​ធ្វើ​ការ។​ ប៉ុន្តែ​អ្នក​ដែល​សុខភាព​ធម្មតា​ហ្នឹង​គឺ​ត្រូវ​តែ​សន្លប់​ទៀត​ឲ្យ​តែ​ចូល»។

អ្នក​នាង​ រស់ សោភ័ណ​ ​កម្មករ​ផ្នែក​ដេរ​នៃ​រោងចក្រ​កាត់ដេរ​អូលីវ​ ​បាន​រៀបរាប់​ប្រាប់​ VOA ​ថា ​ខ្លួន​មាន​អាការៈ​ថប់ៗ​ដង្ហើម​តាំង​ពី​ចូល​ទៅ​ដល់​រោងចក្រ​ភ្លាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រោយ​ពេល​មិត្ត​រួម​ការងារជាច្រើន​បាន​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ចន្ទ​ ដោយ​សារ​តែ​ក្លិន​ប្រេង​ និង​ហ្គាស។ ​យ៉ាង​ណា​ក៏ដោយ​នាង​ថា ​នៅ​ថ្ងៃ​អង្គារ​នេះ​មិន​មាន​ក្លិន​អ្វី​នោះ​ទេ​ ​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​អាការៈ​សន្លប់​នោះ។

អ្នក​នាង​បាន​និយាយ​ថា៖​

«ចូល​ទៅ​មាន​លក្ខណៈ​ដូច​ណែនៗ​ទ្រូង​ ​ថប់ៗ​ដង្ហើម ​ឈឺក្បាល​ហ្មង​ចូល​ទៅ​ អត់​មាន​ធំ​ក្លិន​អី​ទេ។​ អត់​ទាន់​ចូល​ដល់​រោងចក្រ​ផង​ហ្នឹង​ ទើប​ទៅ​ដល់​កន្លែង​តុ​បាយ។​ អាការៈ​ម្នាក់ៗ​ចាប់​ផ្តើមអ៊ីចឹង​ហ្មង»។

លោក​ ប៉ុក វណ្ណថាត​ ប្រធាន​ក្រុម​ការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្មករ​ទាំង​នោះ​មិន​បាន​សន្លប់​នោះ​ទេ​ គ្រាន់​តែ​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង​តែ​ប៉ុណ្ណោះ។

លោក​ ប៉ុក វណ្ណថាត​ ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ ​VOA ​ថា៖​

«ព្រឹក​មិញ​ដែល​មាន​បញ្ហា​បន្តិចបន្តួច​ហ្នឹង​យើង​ឲ្យ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ។​ អ្នក​នៅ​សល់​ទាំង​ប៉ុន្មាន​គឺ​បន្ត​ដល់​ម៉ោង​នេះ​ អត់អី​ទេ។​ ព្រឹក​មិញ​ហ្នឹង​ប្រហែល​ជា​៣០​នាក់​ទៅ​៥០នាក់​ទៀត​ វា​ប៉ុណ្ណឹង។​ គ្រាន់​ទន់​ដៃ​ទន់​ជើង​ទេ​វា​មិន​សន្លប់​អី​ទេ។​ ហើយ​យើង​ធ្វើ​អ៊ីចឹង​ដើម្បី​ទប់​សភាព​ការ​ឲ្យ​រោងចក្រ​ហ្នឹង​មាន​ដំណើរការ​ឡើង​វិញ»។

មន្ត្រី​ដដែល​បាន​និយាយ​ថា​តាម​ការ​ត្រួត​ពិនិត្យ​របស់​លោក​ រោងចក្រ​នោះ​មិន​មាន​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ឫស​គល់​ដែល​បណ្តាល​ឲ្យ​កម្មករ​ចាប់​ផ្តើម​ទន់ដៃ​ទន់​ជើង​នេះ​ដោយសារ​ក្លិន​ប្រេង​ដែល​ត្រូវ​បាន​បង្ហៀរ​ចោលរបស់​កន្លែង​ជួសជុល​ត្រាក់ទ័រ​មួយ​នៅ​ក្បែរ​នោះ។

«ការ​សាយភាយ​ប្រេង​របស់​ការ​ច្រាល​ប្រេង​ចោល វា​នៅ​ជិត​ហ្នឹង​ ខ្យល់​ហ្នឹង​វា​បុក​ទៅ​ហ្នឹង​ហ្មង បាទ​រឿង​ពិត​តែ​ប៉ុណ្ណឹង​ទេ»។

យ៉ាងណា​ក៏​ដោយ​ ​លោក​ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ ​បាន​បង្ហាញ​ក្តី​បារម្ភ​ប្រាប់​ ​VOA ​ថា ​ករណី​កម្មករ​រោងចក្រ​ដួល​សន្លប់​នៅ​តែ​មាន​ការ​កើន​ឡើង​ ​ទោះ​បី​ជា​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដាក់​យន្តការ​ការពារ​យ៉ាង​ណា​ក៏ដោយ។

«កន្លង​មក​យើង​ពិនិត្យ​មើល​ឃើញ​ ហើយ​ទោះ​បី​ជា​មាន​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ឫស​គល់​នៃ​ការ​ដួល​សន្លប់​របស់​កម្ម​ករហ្នឹង​ក៏​ដោយ យើង​ឃើញ​ថា​ យន្តការ​ក្នុង​ការ​អនុវត្ត​ដើម្បី​ការពារ ​ទប់ស្កាត់​ទៅហ្នឹង​ការ​ដួល​សន្លប់​វា​អត់​ឃើញ​មាន​ប្រសិទ្ធភាព​អ៊ីចឹង​ណា»។

ករណី​កម្មករ​រោងចក្រ​កាត់ដេរ​ដួល​សន្លប់​នៅ​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ រហូត​មក​ដល់​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​នេះ​ មាន​ករណី​ដែល​កម្មករ​រោងចក្រ​បាន​ដួល​សន្លប់​ចំនួនពីរ​ករណី​មក​ហើយ៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...