09
មេសា

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ឱ្យ​ណែនាំ​មន្ត្រី​ កុំ​យក​លុយ​ពី​ពលករ​ដែល​មក​លេង​ស្រុក​នៅ​ពេល​ចូល​ឆ្នាំ

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​កម្មករ​ចំណាកស្រុក​ស្នើ​ដល់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ឱ្យ​ណែនាំ​ដល់​មន្ត្រី​នៅ​តាម​ព្រំដែន​ កុំ​ឱ្យ​យក​លុយ​ពី​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​លេង​ស្រុក​កំណើត ​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ក្នុង​នោះ​ក៏​មាន​ពលករ​ខ្មែរ​ដែរ បាន​ឈប់​សម្រាក​ ដើម្បី​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ លោក​បន្ត​ថា រដ្ឋាភិបាល​ថៃ​បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន​ មិន​ឱ្យ​ទារ​លុយ​ពី​ពលករ​ នៅ​ពេល​ពួក​គេ​ឆ្លង​ដែន​ទៅលេង​ស្រុក​កំណើត​វិញ​នោះ​ឡើយ ក៏ប៉ុន្តែ​បញ្ហា​បែរ​ជា​កើត​​មាន​នៅ​ខាង​ភាគី​ខ្មែរ​ទៅ​វិញ។

មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​ដឹង​ថា ព័ត៌មាន​ដែល​អង្គការ​លោក​ទទួល​បាន​នៅ​ពេល​នេះ គឺ​មាន​ពលករ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា ខាង​មន្ត្រី​ខ្មែរ​នៅ​តែ​មាន​ការ​ទារ​លុយ​ពី​ពួក​គេ។ លោក​ថា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ប្រាប់​​ទៅ​មន្ត្រី​ព្រំដែន​ខ្មែរ មិន​ត្រូវ​យក​​លុយកាក់​​ពី​ពលករ​ចំណាក​ស្រុក​ឡើយ ព្រោះ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួកគេ ខណៈ​ពលករ​មួយ​ចំនួន​ បាន​ចាប់​ផ្ដើម​វិល​មក​​ស្រុកកំណើត​វិញ​ជា​បណ្ដើរៗ ហើយ៖ «ខ្ញុំ​គិត​ថា បញ្ហា​ពលករ​ចំណាកស្រុក​នេះ គឺជា​បញ្ហា​មួយ​ដែល​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ប្រហែលជា​ភ្លេច អ៊ីចឹង​ទៅ​ការ​ដែល​ដឹង​ព័ត៌មាន​ពី​ពលករ​មក​ហើយ គួរ​តែ​យើង​ប្រាប់​បញ្ហា​នេះ​​ទៅ​ដល់​អ្នកដឹកនាំ​ប្រទេស​ដែរ ព្រោះ​ពលករ​ចំណាកស្រុក​(ខ្មែរ)ដែល​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​មាន​រហូត​ដល់​លាន​នាក់។ ហើយ​ឆ្នាំនេះ គឺជា​ឆ្នាំ​មួយ​ដែល​យើង​ឃើញ​ថា អាជ្ញាធរ​ថៃ​បាន​សម្រួល​ច្រើន ហេតុ​ដូច្នេះ​ហើយ​បើ​យើង​មិន​ជួយ​ជ្រោមជ្រែង​ពួកគាត់​ទេ ហាក់​ដូច​ជា​យើង​បំភ្លេច​គាត់​ចោល​អ៊ីចឹង»

ការ​អំពាវនាវ​របស់​អ្នក​ការ​ពារ​សិទ្ធិ​កម្មករ​ចំណាកស្រុក​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​កុំ​ឱ្យ​មាន​ការ​ដំឡើង​ថ្លៃឈ្នួល​រថយន្ត និង​កន្លែង​ស្នាក់​នៅ​ នៅ​អំឡុង​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី៧ មេសា ដោយ​សំណូម​ពរ​ដល់​ម្ចាស់​រថយន្ត​ឈ្នួល​កុំ​ដំឡើង​ថ្លៃ​ជិះ​រថយន្ត និង​ស្នើ​​ឱ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ កុំ​ឱ្យ​ដំឡើង​ថ្លៃ​ស្នាក់​នៅ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ សន្សំ​សំចៃ​ថវិកា​បាន​ខ្លះ​សម្រាប់​ការ​ចាយ​វាយ និង​ធ្វើ​បុណ្យ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ទី១៦ មេសា​ខាង​មុខ​នេះ។ បន្ថែម​ពី​លើ​នេះ របប​របស់​លោក​ក៏​បាន​បញ្ចេញ​ឡាន​ក្រុង​ចំនួន ១២០គ្រឿង ដើម្បី​ផ្ដល់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ទី១៨ មេសា​ផង​ដែរ។

ក្រសួង​ការងារ​អះអាង​ថា ពលករ​ចំណាកស្រុក​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១លាន ១សែន​នាក់ ក៏ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​វិញ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ថៃ អាច​មាន​រហូតដល់​ ២ លាន​នាក់ បើ​រួម​បញ្ចូល​ទាំង​អ្នក ដែល​ទៅ​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​មិន​ស្រប​ច្បាប់។

ការងារ​ដែល​ពលករ​ខ្មែរ​ធ្វើ ភាគ​ច្រើន​ជា​ប្រភេទ​ការងារ​បែប​កខ្វក់ លំបាក និង​គ្រោះថ្នាក់ (3D Job—Dirty, Dangerous, Demeaning) ហើយ​ប្រាក់​ឈ្នួល​ជា​មធ្យម​ដែល​ពួក​គាត់​ទទួល​បាន​ គឺ​ប្រមាណ ៣០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

សកម្មជន​សិទ្ធិ​ការងារ​អះអាង​ថា ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​នៅ​ប្រទេស​ថៃ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស គឺ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ។ ករណី​ទាំងនោះ​មាន​ជា​អាទិ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ធ្វើ​ការ​ក្នុង​បរិយាកាស​មិន​ល្អ និង​មាន​គ្រោះថ្នាក់ ការ​ហូត​ឯកសារ​ពី​សំណាក់​និយោជក ឬ​ថៅកែ និង​ការ​ទូទាត់​ប្រាក់​ឈ្នួល​មិន​សម​ស្រប​ទៅ​នឹង​ចំនួន​ ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន​ជា​ដើម៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...