09
មេសា

វិភាគ​៖ ហេតុអ្វី​អ្នកបញ្ជា​ទិញ​បារម្ភ​ពី​កម្ពុជា​បាត់​ប្រព័ន្ធ​អនុគ្រោះ ​EBA​ និង​ GSP​

ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ផ្នែក​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ បាន​ដាក់​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​សប្តាហ៍​មុន​ ដោយ​បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​អំពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​អឺរ៉ុប និង​ GSP របស់​អាមេរិក​ ខណៈ​ជម្លោះ​នយោបាយ​នៅ​បន្ត​អូស​បន្លាយ​នៅ​ឡើ​យនោះ​។

លិខិត​នោះ​ បាន​លើកឡើង​ថា​ ការព្រមាន​ព្យួរ​ EBA ​របស់​សហភាព​អឺរ៉ុប​ និង​ GSP​ របស់​អាមេរិក ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​​កាត់​ដេរ​កម្ពុជា​ រួម​ទាំង​ពលរដ្ឋខ្មែរ​រាប់​លាន​នាក់​ដែល​ទទួលផល​ពី​វិស័យ​នេះ​។

ក្រុម​អ្នកបញ្ជា​ទិញ​បញ្ជាក់​ថា ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ទាំងនេះ​ វា​ក៏​នឹង​ធ្វើឲ្យ​ខាតបង់​ដល់​​ប្រយោជន៍​ដ៏​សម្បើម​របស់​ប្រជាជន​ និង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

សហភាព​អឺរ៉ុប​ កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។

ដូចគ្នា​នេះ​ដែរ​ សមាជិកសភា​​អាមេរិក​កំពុង​ជំរុញ​ច្បាប់​ឱ្យ​រដ្ឋាភិបាល​ប្រធានាធិបតី​អាមេរិក​ លោក ដូ​ណាល់​ ត្រាំ​ ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ​GSP​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​ ដោយសារ​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស ​មិន​បើកផ្លូវ​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​បាន​ដំណើរការ​ឡើងវិញ​ និង​ដោះលែង​លោក​ កឹម​ សុខា​ ជាដើម​។

ប៉ុន្តែ ​ក្នុង​វេទិកា​សាធារណៈ​មួយ​កាលពី​ខែមុន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​អះអាង​ថា​ លោក​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក​ ប្រាក់​ សុ​ខុន​ ថា ​កង្វល់​របស់​អ្នកដទៃ​ មិនមែន​ជា​បន្ទាត់​នយោបាយ​របស់​កម្ពុជា​ទេ​។

ជាង​នេះ​ទៅទៀត​ នៅក្នុង​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជន​​កាលពី​ចុងខែ​មុន​ មេដឹកនាំ​កម្ពុជា​រូប​នេះ​ បាន​ប្រកាស​ថា​ តាម​វិធា​នកា​រធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យមក​ម្រិ​តខ្ពស់​នៅ​ឆ្នាំ២០៣០ ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​ក៏ដោយ​។

ការវាយតម្លៃ​ផ្សេងគ្នា​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ បង្កើត​ជា​សំនួរ​ថា៖

​ហេតុអ្វី​បាន​អ្នកបញ្ជា​ទិញ​បារម្ភ​ពី​កម្ពុជា​បាត់​EBA ​និង​ GSP​?

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុ​សុ្ស​ លោក​ មឿន​ តុលា​ បង្ហាញ​ការយល់ឃើញ​ថា​ ​ប្រតិកម្ម​​របស់​ក្រុម​អ្នកបញ្ជា​ទិញ​ពេលនេះ​ ជា​ភស្តុតាង​រឹងមាំ​​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា ​កម្ពុជា​នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​ធំៗ​ពីរ​ បើ​រដ្ឋាភិបាល​បណ្តែតបណ្តោយ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ទាំងពីរ​នេះ​មែន​។

លោក​ មឿន​ តុលា​ វិភាគ​ថា​ បញ្ហា​ទីមួយ ប្រតិកម្ម​នេះ​ បង្ហាញថា​ ពួកគេ​មិន​អាច​បន្ត​រកស៊ី​ជាមួយ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទៀត​ទេ​ បើ​អត់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ ព្រោះ​ទុន​ចំណាយ​របស់​ពួកគេ​ត្រូវ​បាន​ចំណាយ​ច្រើនជាង​មុន​ និង​បញ្ហា​ប្រឈម​ទី២​ ផលិតផល​របស់​កម្ពុជា​អាច​នឹង​ត្រូវ​ប្រទេស​លោកសេរី​ ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ បើ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដាក់​ប្រទេស​នេះ​ ជា​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ​។

លោក​ មឿន តុលា ប្រាប់ថា​៖ «សំណួរ​ដែល​យើង​ងាយ​ស្តាប់​ ហើយ​ពលរដ្ឋ​ងាយ​យល់​ហ្នឹង ​គឺ​យើង​ផលិត ​យើង​ដេរ ​ដើម្បី​លក់​ឲ្យ​គេអ្នក​ទិញ​ ហើយ​គេអ្នក​ទិញ​ អត់​ទិញ​ទេ​ អាហ្នឹង​យើង​មាន​វិបត្តិ​ធំ​ហើយ​»

ប្រាប់​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​មិន​បង់ពន្ធ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​របស់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ មាន​ទំហំ​ជាង១០០០លាន​ដុល្លារ​ ក្នុង១ឆ្នាំ​ៗ។

លិខិត​របស់​អ្នកបញ្ជា​ទិញ​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នា​ថ្ងៃទី៤ ខែមេសា​នេះ​ បាន​ឲ្យដឹង​ដែរ​ថា​ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ​និង​អាមេរិក​ តា​មរ​យៈព្រ​ព័ន្ធ​អនុគ្រោះ​ពន្ធទាំងពីរ​នេះ​ មាន​ទឹកប្រាក់​ជាង ៨ពាន់​លាន​ដុល្លារ​ (៨.៥ពាន់​លាន​ដុល្លារ​) ស្មើ​ ៣៨​ភាគរយ​នៃ​ផលទុនជាតិ​សរុប​របស់​ជាតិ​ ឬប្រាក់ចំណូល​ប្រចាំឆ្នាំ​ដែល​ពលរដ្ឋ​រកបាន​​ក្នុង​ឆ្នាំ២០១៨​។

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោ​ក គឹម​ សុខ​ មានប្រសាសន៍​ថា​ អ្នកបញ្ជា​ទិញ​បាន​ប្រាប់​ពីក្តី​កង្វល់​របស់​ពួក​គេ​ត្រង់​ៗទៅ​រដ្ឋាភិបាល​ ហើយ​លោកថា នេះ​​ជា​សញ្ញា​ប្រកាស​អាសន្ន​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ដែល​លោក​ថា ​ជា​កត្តា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្ថារ​ស្ថាន​ការ​ណ៍ឡើងវិញ​ជាបន្ទាន់​ផង​ដែរ​។

ប៉ុន្តែ ​អ្នកវិភាគ​រូប​នេះ​ វិភាគ​ថា​ កង្វល់​នេះ​ទំនងជា​គ្មាន​ឥទ្ធិពល​ដល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ដែល​ដឹក​នំា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទេ​។

លោក​ គឹម សុខ ប្រាប់ថា​៖ «យ៉ាងណា​ ការ​បាត់​ EBA​ របស់​សហភាព​អឺរ៉ុប​ និង​ GSP​ របស់​សហរដ្ឋអាមេរិក​ អ្នក​វេទនា​ គឺ​ប្រជាពលរដ្ឋ​ មិនមែន​​ក្រុម​លោក​ ហ៊ុន​ សែន​ ទេ​ តែបើ​បាត់​អំណាច​វិញ ​ទើប​ក្រុម​លោក​ ហ៊ុន​ សែន​ ជួប​បញ្ហា​។ ដូច្នេះ​ រវាង EBA​ និង​អំណាច ​ច្បាស់​ណាស់​លោក​ ហ៊ុន​ សែន​ ជ្រើសរើស​យក​អំណាច​មុន ​គាត់​មិន​ខ្វល់​ថា​ ការ​បាត់ EBA​ និង​ GSP ​ផង ​នឹង​ធ្វើឲ្យ​ពលរដ្ឋ​លំបាក​ប៉ុណ្ណា​ទេ​។»

អ្នកវិភាគ​នៅ​ក្រៅប្រទេស​រូប​នេះ ​វិភាគ​ទៀត​ថា​ ការសម្រេច​ចិត្ត​ណាមួយ​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ពី​ប្លុក​លោកសេរី​ លោក​ថា​ ជា​ការ​លេងល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់​សម្រាប់​សង្គមជាតិ​។

លោក​ គឹម សុខ បន្ត​ថា​៖ «បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ​ ហើយ​អាមេរិក​សម្រេច​ដក​ប្រព័ន្ធ GSP ​ពី​កម្ពុជា​។ ខ្ញុំ​យល់ថា​ ស្ថានភាព​ដ៏​លំបាក​របស់​កម្ពុជា​ក្លាយជា​ប្រទេស​ទទួលរង​អាណានិគម​បែប​ថ្មី​ក្រោមអំណាច​ត្រួតត្រា​របស់​ចិន​ ហើយ​ពលរដ្ឋខ្មែរ​អាច​ធ្លាក់ទៅក្នុង​ស្ថានភាព​វ័ណ្ឌក​ក្នុង​កម្ចី​របស់​ចិន​»

វិធានការ​របស់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដែល​កំពុងតែ​ដាក់​សម្ពាធ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​នេះ​ មិនមែន​មានតែ​អ្នកបញ្ជា​ទិញ​ទេ​ ដែល​បាន​បង្ហាញ​ក្តី​បារម្ភ​​​កន្លងមក​ថ្មីៗ។

​ចុងឆ្នាំ២០១៨​កន្លង​មក តំណាង​អ្នក​វិនិយោគ​មួយចំនួន​ រួម​ទាំង​សមាគម​រោងចក្រ​កាត់ដេរ​ផង​ដែរ បាន​ផ្ញើ​លិខិត​ទៅ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​នេះ​ ដោយ​ពួកគេ​ថា​ វិធានការ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ជាង ៧០ម៉ឺន​នាក់​ដោយ​ផ្ទាល់​ និង​ប៉ះពាល់​ជា​ប្រយោល​ដល់​ពលរដ្ឋខ្មែរ​ប្រមា​ណជា ២លាន​នាក់​ផ្សេងទៀត​។

អ្នកវិភាគ​វ័យក្មេង​ កញ្ញា ​លី​ ស្រី​ស្រស់​ វិភាគ​ថា​ ចរន្ត​នយោបាយ​ពេលនេះ​ បក្ស​កាន់អំណាច​អាច​ពិបាក​វិល​ថយក្រោយ​ទៅ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​ បើ​បក្ស​កាន់អំណាច​ដឹងមុន​ថា ​ទីលាន​ប្រកួត​សារឡើងវិញ​នោះ​ជា​គ្រោះថ្នាក់​អំណាច​។

ប៉ុន្តែ ​អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ពន្យល់​ថា​ គ្មានអ្វី​ពិបាក​ក្នុង​ការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​និង​កត្តា​អំណោយផល​ផ្សេងទៀត​ពី​ប្រទេស​លោកសេរី​ទេ ​បើ​មេដឹកនាំ​គិត​ពី​ប្រយោជន៍ជាតិ​ ហើយ​ស្វែងរក​ដំណោះស្រាយ​ដោយ​ឈរ​លើ​ស្មារ​តី​បង្រួបបង្រួម​ជាតិ​នោះ​៕

 

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...