31
ឧសភា

​ក្រុមសហជីពជំរុញឱ្យរដ្ឋាភិបាលបង្ហាញឆន្ទៈដោះស្រាយបញ្ហាក្នុងវិស័យការងារ

ថ្នាក់ដឹកនាំសហជីពមកពីវិស័យមួយចំនួនបានជំរុញជាថ្មីទៀត ឱ្យរដ្ឋាភិបាលបង្ហាញឆន្ទៈនយោបាយពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រឈម ឬសេចក្តីត្រូវការចាំបាច់ជូនពលរដ្ឋ ពិសេស​ក្រុមពលរដ្ឋងាយរងគ្រោះ​ដែលកំពុងប្រកបមុខរបរ និងបម្រើការងារនាពេលបច្ចុប្បន្ន។​ ​

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាននាព្រឹកនេះ ថ្នាក់ដឹកនាំសហជីព និងសម្ព័ន្ធសហគមន៍ មកពីវិស័យមួយចំនួន ដូចជា វិស័យសេវាកម្មកម្សន្ត វិស័យទេសចរណ៍ វិស័យសំណង់ និងព្រៃឈើ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យចំណីអាហារ ជាដើម បានលើកឡើងពីបញ្ហាប្រឈមផ្សេងៗគ្នារបស់​ពលរដ្ឋ​​ដែលបម្រើការងារក្នុងវិស័យទាំងនោះ។

ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេព្យផល្លីន ​បានជំរុញទៅកាន់រដ្ឋាភិបាលថា ត្រូវមានឆន្ទៈនយោបាយពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋក្នុងវិស័យការងារមួយចំនួន ពិសេសពលរដ្ឋងាយរងគ្រោះ ដោយធានាថា ពលរដ្ឋទាំងនោះ មិនបានផាត់ចេញពីកិច្ចគាំពារសង្គមឡើយ។

អ្នកស្រីមានប្រសាសន៍ថា៖ «មានន័យថា តម្រូវការនោះ ប្រសិនបើរាជរដ្ឋាភិបាល លោកដោះទៅនឹងបានជួយទៅដល់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលនិយាយអំពីការការពារទៅដល់ជនដែលងាយរងគ្រោះ ឬជាជនដែលគ្មានសំឡេង។ ហើយក៏ឆ្លើយតបទៅនឹងបេសកកម្មរបស់រាជរដ្ឋាភិបាលដែលដាក់ទៅក្នុង SDG គឺធ្វើយ៉ាងណា ជួយមិនឱ្យនរណាម្នាក់ត្រូវបានបំភ្លេចចោល។ មានន័យថា ធ្វើម៉េចឱ្យពួកគាត់ហ្នឹងទទួលបានការអភិវឌ្ឍ ហើយ​ពួកគាត់ហ្នឹងនឹងមិនត្រូវបានទុកចោលក្នុងស្ថានភាពរងគ្រោះ ឬភាពក្រីក្រណាមួយ»។

ប្រធានសហព័ន្ធសហជីពសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន បានឱ្យដឹងថា កម្មករក្នុងវិស័យនេះ គឺនៅជួបបញ្ហាប្រឈមច្រើន ដូចជា បញ្ហាមិនទាន់មានការកំណត់ប្រាក់ឈ្នួលជាក់លាក់ បញ្ហាគ្រោះថ្នាក់ការងារដោយមានការចិត្តទុកដាក់តិចតួចពីនយោជក ឬរដ្ឋាភិបាល ជាដើម។

លោកមានប្រសាសន៍ថា៖ «យកចំណុចអាទិភាពពីរហ្នឹងដែលដាក់បញ្ចូលទៅក្នុងសំណើក្នុងញ្ញត្តិទៅក្រសួងពាក់ព័ន្ធ គឺសុំឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យសំណង់ ហើយនឹងពង្រីកវិសាលភាពក្នុងការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស»។

កាលពីថ្ងៃទី២៧ ខែឧសភា ​ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅ​ប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា មានប្រជាជន ឬសហគមន៍មួយចំនួននៅមិនទាន់ទទួលបាន​សិទ្ធិអំណាចសមរម្យឡើយ។

លោកថា ពួកគេទាំងនោះមិនទាន់ទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវនោះទេ ដែល​នឹងធ្វើឱ្យពួកគេទាំងនោះក្លាយជាជនងាយរងគ្រោះ។ យ៉ាងណា លោកថា ដើម្បីដោះស្រាយបញ្ហានេះឈានទៅរកសង្គមមួយដែលមានសមធម៌ក្នុងការអភិវឌ្ឍ គឺត្រូវផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋ ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន។

លោកមានប្រសាសន៍ថា៖ «ដើម្បីសម្រេចបាននូវគោលដៅនេះ គឺការធ្វើបរិយាបន្នកម្ម។ ការធ្វើបរិយាបន្នកម្មអាចសម្រេចទៅបានតាមរយៈការផ្តល់សិទ្ធិអំណាច ដល់ប្រជាជនដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន ដែលជាការអនុវត្តអាចឱ្យពួកគាត់បង្ហាញពីតម្រូវការរបស់ខ្លួនសម្រាប់ការផ្លាស់ប្តូរទៅរកសង្គមមួយដែលកាន់តែសមធម៌»។

កាលពីថ្ងៃម្សិលមិញ ថ្នាក់ដឹកនាំសហជីពមួយចំនួន បានយកញ្ញត្តិបង្ហាញពីសេចក្តីត្រូវការចាំបាច់ចំនួន ១១ចំណុច សម្រាប់កសិករ កម្មករ-និយោជិត ពលករ ព្រមទាំងពលរដ្ឋក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ដាក់ទៅស្ថាប័នពាក់ព័ន្ធចំនួន ៩កន្លែង ដោយចាប់ផ្តើមពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនគេ និងដាក់ជូនវិស័យឯកជនមួយចំនួនផង។

ក្នុងសន្និសីទកាសែតនោះ មន្ត្រីសហជីពបញ្ជាក់ថា ស្ថាប័នរដ្ឋចំនួន ២ ក្នុងចំណោម ៩ រួមមានក្រសួងយុត្តិធម៌ និងទីស្តីការគណៈរដ្ឋមន្ត្រី មិនព្រមទទួលញ្ញត្តិដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋនោះឡើយ។

យ៉ាងណា ថ្នាក់ដឹកនាំសហជីព អះអាងថា ប្រសិនបើសេចក្តីត្រូវការរបស់ពលរដ្ឋ កម្មករ ពលករ កសិករ ដែលបានដាក់បញ្ចូលក្នុងញ្ញតិ្ត ហើយបានដាក់ជូនទៅរដ្ឋាភិបាលមិនមានការដោះស្រាយទេ ក្រុមសហជីពនឹងមានយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យរដ្ឋាភិបាលងាកមកយកចិត្តទុកដាក់បញ្ហាប្រឈមរបស់ក្រុមជនងាយរងគ្រោះ។

កាលពី​ចុង​ឆ្នាំ២០១៨ អង្គការ​អភិវឌ្ឍអង្គការ​សហ​ប្រជាជាតិ​ UNDP បាន​បង្ហាញក្នុង​របាយការណ៍​របស់ខ្លួន​ថា​ ពលរដ្ឋ​កម្ពុជា ៣៥% រស់នៅក្រោម​បន្ទាត់​ភាពក្រីក្រ។ របាយការណ៍នេះ​ព្រមានថា ពលរដ្ឋកម្ពុជា ២១% គឺជា​អ្នក​ដែល​ងាយ​រងគ្រោះ ​និង​ធ្លាក់ទៅក្នុង​ភាពក្រី​ក្រ ​ប្រសិន​បើ​ពួកគេ​ទទួល​រងនូវ​ផលប៉ះពាល់​ពីការ​ធ្លាក់ខ្លួន​ឈឺ ឬ​បាត់បង់ការងារ៕

 

ប្រភព៖ VOD

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...