26
មិថុនា

លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​បន្ត​រក​មូល​ហេតុ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​អះអាង​ថា​ សោកនាដកម្ម​នៃ​ការ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​ជា​មេរៀន​សម្រាប់​រដ្ឋាភិបាល​ ឱ្យ​ប្រើ​វិធានការ​ទប់ស្កាត់​ ​សំណង់អាណាធិបតេយ្យ​លើទឹក​ដី​កម្ពុជា​។

ក្នុង​សន្និ​សិ​ទសារ​ព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៤ ខែមិថុនា​ ​ក្រោយ​កម្លាំង​ចម្រុះ​ បិទបញ្ចប់​ការសង្គ្រោះ​កម្មករ​ចេញពី​គំនរ​សំណង​បាក់រលំ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ជា​លើក​ទី១ហើយ​ ដែល​កម្ពុជា​ជួប​សោកនាដកម្ម​ រលំ​អគារ​កម្ពស់៧ជាន់​ ​ស្លាប់កម្មករ២៨នាក់​ និង២៦នាក់​ទៀតរងរបួស។

លោក​ ហ៊ុន​ សែន​ ថ្លែង​ទៀត​ថា​ សោកនាដកម្ម​នេះ​ បានផ្តល់មេរៀន​ជាច្រើន​ដល់​រដ្ឋាភិបាល​។លោក​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ លោក​ ជា​សុ​ផា​រ៉ា​ ឱ្យ​ដឹកនាំ​កម្លាំង​ជំនាញ​ ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ដែល​កំពុង​កើតមាន​។

មេដឹកនាំ​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ រដ្ឋាភិបាល​នឹង​បន្ត​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ដើមហេតុ​ដួល​រលំ​អគារ​នេះ​ ដើម្បី​បញ្ចៀ​ស​​កុំ​​ឱ្យ​មាន​សោកនាដកម្ម​ទៅ​ថ្ងៃ​អនាគត​។

លោ​ក​ថា​៖ «យើងមិនទាន់បញ្ចប់នូវការស្រាវជ្រាវដើម្បីរកឲ្យឃើញនូវការទទួលខុសត្រូវនោះទេ។សំណង់មានច្បាប់ ឬអត់ច្បាប់ ហើយវានៅក្នុងក្របខណ្ឌបែបណាបានវាកើតរឿងបែបនេះ»។ 

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​លោ​ក មឿន​ តុលា​ បារម្ភ​ថា​ សោកនាដកម្ម​នៅថ្ងៃអនាគត អាចនឹងកើតមាន​ធំជាង​ពេលនេះ ​បើ​ការ​ប្តេជ្ញា​ចិត្ត​របស់រដ្ឋាភិបាល ​គ្រាន់តែ​ជា​សារ​នយោបាយ​ ដើម្បី​បិទបាំង​មន្ត្រី​ខិលខូច​ ​។

លោកមានប្រសាន៍ថា៖ «បើកាលណាយើង ធ្វើការវាយតម្លៃការស៊ើបអង្កេតដើម្បីលាងស្ថានការណ៍ ដើម្បីយកជ័រលុបទៅលុបអា​ស្ថាន​ការខ្មៅ​នឹង​ អាហ្នឹងយើងនឹងមានវិបត្តិទៅថ្ងៃក្រោយ។ មានន័យថា ធម្មតាអគារកាលណា វាមានគុណភាពអន់ គឺថ្ងៃណាមួយវានឹងបាក់ស្រុត ឬរលំ វាអាចប៉ះពាល់ដល់ជីវិតមនុស្សតទៅទៀត។ ដល់អញ្ចឹងទៅមេដឹកនាំ ឬក៏អ្នកវាយយម្លៃហ្នឹងអាចនឹងជាប់ជាអ្នកទោសប្រវត្តិសាស្ត្រហើយ»។

​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ បាន​ចេញ​លិខិត​បំ​ភ្លឺ​កាលពីថ្ងៃទី២២ ខែមិថុនា ពេលដែលអគារនោះដួលរលំថា សំ​ណង់ដែ​ល​បាក់​រលំ​សង្កត់​កម្មករ​នោះ ក្រុមហ៊ុនចិនដែលម៉ៅការសាងសង់ ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​ទេ​ ហើយ​ថា​ អាជ្ញាធរ​ខេត្ត​​បាន​ចុះទៅ​ហាមឃាត់ចំនួនពីរដង​រួមមក​ហើយ​ តែថាក្រុមហ៊ុន​​មិន​សហការ​ ​។

អ្នកឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ ប៉ា ច័​ន្ទ​រឿន​ មាន​ប្រសាសន៍​ថា​ សោកនាដកម្ម ​នៅ​ខេត្ត​ព្រះសីហនុ​ ជា​ការ​ដាស់សតិ​ស្មារតី​ទាំង​រដ្ឋាភិបាល​ ទាំង​ប្រជាពលរដ្ឋ​ ឱ្យ​ពិនិត្យ​ឡើងវិញ​ពី​ផល​ជះ​នៃ​ឥទ្ធិពល​អ្នក​វិនិយោគ​ចិន​ ទាំង​នៅ​ខេត្ត​នេះ​ និង​ខេត្ត​ដទៃទៀត​ ហើយបង្ហាញ​ពី​កម្សោយ​នៃ​ការគ្រប់គ្រង​បច្ចេកទេស​សំណង់​ ស្តែង​ចេញពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ផងដែរ។

លោក​ ប៉ា​ ច័ន្ទ​រឿន​ បារម្ភ​ថា​ បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​អំពើពុករលួយ​បាន​ លោក​ថា ​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​របស់កម្ពុជារដ្ឋាភិបាលធ្លាប់អះអាងនោះវាទទួលផល​តែម​ន្ត្រី​ខិលខូច​ តែ​ពលរដ្ឋជាកោសិកាសង្គម ​ក្លាយជា​ជនរងគ្រោះ​គ្មាន​ទី​បញ្ចប់​។

លោកថា៖ «រដ្ឋាភិបាលគួរតែពិនិត្យមើល និងតាមដានដាក់ពិន័យដល់មន្ត្រីណា ដែលឃុបឃិតទទួលសំណូក ចេះតែបិទភ្នែកស៊ីញ៉េឲ្យគេ ពីព្រោះពេលមានបញ្ហាពេលមានសោកនាដកម្មទាំងនេះទៅមិនមែនមន្ត្រីធំៗទាំងនោះជាអ្នកទទួលខុសត្រូវ​ឬជាអ្នកឈឺចាប់ទេ​គឺពលរដ្ឋស្លូតត្រង់ទេជាអ្នករងទុក្ខវេទនា»។

យ៉ាងនេះ​ក្តី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អះអាង​ថា​ លោក យន្ត មីន ​អភិបាលខេត្ត​ព្រះសីហនុបច្ចុប្បន្ន​ បាន​សុំលាលែង​តំណែង​ ក្រោយ​ដឹង​ថា ​ការដែលខ្លួន​មិន​ប្រើ​ច្បាប់​ ​ដើម្បី​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ចិន​ អនុវត្ត​នោះ​ជាផ្នែកមួយនៃ​កំហុស បណ្តាលឲ្យមានសោកនាដកម្មនេះកើតឡើង ​។

ក្រៅពី​នេះ​ លោក ហ៊ុន សែន ក៏បានដកតំណែង ទេស​រដ្ឋមន្ត្រី​មន្ត្រី​ និង​ជា​អនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក​ ញឹម​ វណ្ណ​ដា​ ​ផង​ដែរ​។

ប៉ុន្តែ​អ្នកឃ្លាំមើល​ ផ្តល់​ជាអនុសាសន៍ថា​ ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​សោកនាដកម្ម​ទៅ​ថ្ងៃ​អនាគត​ ​ស្ថិត​ក្នុង​ភាព​មិន​ច្បា​ស់លាស់​ បើ​មន្ត្រី​ពាក់ព័ន្ធ​រួចពី​សំណាញ់​ច្បាប់ ​ដោយ​គ្រាន់តែ​ប្រកាស​លាលែង​តំណែង​ នៅពេល​ដែល​រក​ឃើញថា​មាន​កំហុស​នោះ៕

 

ប្រភព៖ វីអូឌី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...