02
កក្កដា

សកម្មជនសិទ្ធិមនុស្ស​ និ​ងសង្គមស៊ីវិល​ទាមទារឲ្យ​មានការធានាគុណភាព​សំណង់ និង​សុវត្ថិភាព​កម្មករ​សំណង់​នៅកម្ពុជា

ក្នុង​សេចក្តី​ថ្លែងការ​ណ៍​រួម​ដែល​ចេញនៅ​រសៀល​ថ្ងៃច័ន្ទ​នេះ សកម្មជនការពារសិទ្ធិមនុស្ស អង្គការ​ជាតិ អន្តរជាតិ សមាគមមិនមែនរដ្ឋាភិបាល និង​សហគមន៍តាម​មូលដ្ឋាន​ចំនួន១០១ បាន​ទាមទារឲ្យ​រដ្ឋាភិបាល​ធានាគុណភាព​សំណង់ និង​សុវត្ថិភាព​​របស់​កម្មករ​សំណង់​នៅកម្ពុជា។

សេចក្តី​ថ្លែងការណ៍នេះ​បាន​ធ្វើ​ឡើង​​ប្រមាណជា២សប្តាហ៍​ក្រោយ​ពេល​​ដែល​អគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហនុ​បាន​បាក់រលំ។ កម្មករ​២៨នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ក្នុង​នោះមាន៥នាក់ជាស្រ្តី និង​២៦នាក់​ទៀត​រងរបួស​ធ្ងន់​ និង​ស្រាល។​ បើ​តាម​សេចក្តី​ថ្លែងការណ៍នេះ អ្នក​របួស​ពីរ​នាក់​គឺមានអាយុ១៦ឆ្នាំ។

ដោយ​ត្រូវ​បាន​ដក​ស្រង់​សំដី​នៅក្នុង​សេចក្តី​ថ្លែងការណ៍នេះ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និង​ព្រៃឈើកម្ពុជា (BWTUC) មានប្រសាសន៍ថា៖ «ការ​អភិវឌ្ឍទីក្រុង​គួរតែគិត​ដល់​បរិស្ថាន សុខមាលភាព​ និង​សុវត្ថិភាព​សាធារណៈ ដែលទាំងនេះជា​តួនាទី​របស់រដ្ឋ។​ ការ​បំពាន​លើ​បម្រាម ឬ​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​​ ជា​ការ​ល្មើសច្បាប់ ដែល​ត្រូវ​តែ​ផ្តន្ទាទោសយ៉ាង​តឹង​រ៉ឹង អ្នក​សមគំនិត និង​អ្នក​ប្រព្រឹត្តត្រូវទទួល​ទោស​ដូចគ្នា»។

យោងតាម​សេចក្តី​ថ្លែងការណ៍​ដដែលនេះ បានលើកឡើង​ថា សំណង់​ដែល​បាក់​រលំនោះ​ត្រូវ​បាន​ម៉ៅការដោយក្រុមហ៊ុន​ចិន​ឈ្មោះ XI GANG TANG GONG GOU JI HAISAO ដែល​​មិនមាន​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើសកម្មភាព​សាងសង់​ពី​អាជ្ញាធរ​មានសមត្ថកិច្ចឡើយ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃអង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មាន​ប្រសាសសន៍នៅក្នុង​សេចក្តី​ថ្លែងការណ៍ដែរថា៖ «ការ​អនុវត្ត​​បទ​ដ្ឋាន​សុវត្ថិភាព​​នៅតាម​​ការដ្ឋានសំណង់​នីមួយៗ​ត្រូវ​តែ​ធានាឲ្យ​មាន​ប្រសិទ្ធភាព។ ការ​យក​ទីតាំង​ការដ្ឋាន​សំណង់​​ធ្វើជាកន្លែងស្នាក់នៅផង ​និង​សាងសង់​ផង​ គឺជា​ហានិភ័យសម្រាប់​​ជីវិតមនុស្ស​ ជាពិសេសកម្មករ​សំណង់ និងក្រុមគ្រួសារ​របស់​គាត់។ អ្នកទទួល​ខុសត្រូវ​សាងសង់ និង​ម្ចាស់​សំណង់​មិន​ត្រូវឲ្យ​រួច​ផុត​ពីបទ​ព្រហ្មទណ្ឌ​ដោយ​គ្រាន់តែ​​ចេញ​សំណង​ដល់ជនរងគ្រោះនោះឡើយ»។

កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៨ មានករណី​បាក់​ប្លង់សេ​ជាន់ទី២៣ នៃ​ខុនដូ Mekong View 6​ដែល​បណ្តាលឲ្យមនុស្ស​យ៉ាង​ហោចណាស់​៥នាក់​រងរបួស និង​បាត់ខ្លួន​២នាក់។ នៅ​ខែ​សីហា ឆ្នាំ២០១៨ ក៏មានករណី​បាក់​រលំអាគារ​ស្ថិតនៅក្នុង​ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញផងដែរ។

កាលចុង​ឆ្នាំ២០១៨ ក្រសួង​​រៀបចំ​ដែនដី នគ​រូបនីយកម្ម​ និង​សំណង់​ រកឃើញ​ថា ​មានការដ្ឋានសំណង់​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ជា​សំណង់​ពុំមានលិខិតអនុញ្ញាត​សាងសង់ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​សំណង់​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សោភ័ណភាព​ និងគុណភាព​សំណង់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃច័ន្ទនេះ សកម្មជនការពារសិទ្ធិមនុស្ស អង្គការ​ជាតិ អន្តរជាតិ សមាគមមិនមែនរដ្ឋាភិបាល និង​សហគមន៍តាម​មូលដ្ឋាន​ទាំង១០១ ទទូច​ទៅ​រដ្ឋាភិបាល​ និង​វិស័យឯកជន ឲ្យ​ផ្អាកគម្រោង​សាងសង់​ទាំងអស់នៅខេត្ត​ព្រះសីហនុ​ ដើម្បី​រង់ចាំ​ការ​ត្រួតពិនិត្យ​ និង​វាយ​តម្លៃ​ពី​ស្ថាប័នជំនាញ។ ពួកគេក៏ទាមទារ​ឲ្យ​អនុវត្តវិធានការ​នេះ​ចំពោះ​សំណង់​នានា​នៅក្នុង​ប្រទេសកម្ពុជា​​ដែល​សង្ស័យ​ថា មិនមានច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ក៏ជម្រុញឲ្យ​មានការ​ចុះ​ធ្វើ​អធិការកិច្ច​ជា​ប្រចាំប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព ផ្តល់សំណង​ដល់ជន​រងគ្រោះ ​និង​អ្នករស់នៅក្នុង​បន្ទុក​ឲ្យ​បាន​សមរម្យ ស្រាវជ្រាវ​ចាប់ជនល្មើសមក​ផ្តន្ទាទោស​តាម​ច្បាប់ និង​បញ្ឈប់​ការ​ម៉ៅការ​បន្ត​ដែលគ្មានអាជ្ញាប័ណ្ណ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានសុំគោលការណ៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចាត់វិធានការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដោយថា ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស។

បើ​តាម​សេចក្តី​ថ្លែងការណ៍​ដាច់ដោយឡែក​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ លោក​ ជា​ សុផារ៉ា នឹងជួប​ប្រជុំ​ជាមួយតំណាងក្រុមហ៊ុនសាងសង់នៅថ្ងៃទី៤ ខែកក្កដានេះ ដើម្បីសិក្សាពីគម្រោងប្លង់ និងការសាងសង់អគារ៕​

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...