22
កក្កដា

អ្នកជំនាញ​ថា ការ​បកស្រាយ​របស់​ក្រសួង​ការបរទេស​កម្ពុ​ជា នឹង​មិន​អាច​កែប្រែ​ជំហរ​អាមេរិក

អង្គការ​សង្គម​ស៊ីវិល​យល់ឃើញ​ថា សេចក្ដី​ពន្យល់​របស់​ក្រសួងការបរទេស​ជុំវិញ​ស្ថានការណ៍​កម្ពុជា នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​ក្រុងភ្នំពេញ​នោះ​ឡើយ​។ មូលហេតុ គឺ​ដោយសារតែ​សហរដ្ឋអាមេរិក​បាន​តាម​ដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​កម្ពុជា និង​បាន​ទុក​ពេល​ឱ្យ​របប​នេះ​ជាច្រើន​ខែ​ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើងវិញ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ។

អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ប្រឹងប្រែង​ស្ដារ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ជាជាង​ប្រឹង​បកស្រាយ​ការពារ​ខ្លួន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដោយសារ​ទង្វើ​របស់​ខ្លួន។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ឆ្លើយ​ការពារ​ខ្លួន​ទៅ​នឹង​ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ប៉ុន្តែ​លោក​ជឿ​ថា ការ​បកស្រាយ​ទាំងនោះ​នឹង​មិន​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​បង្កើត​ច្បាប់ H.R ៥២៦ របស់​សមាជិកសភា​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​។ លោក​កត់សម្គាល់​ថា សហរដ្ឋអាមេរិក​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​ស្ថានភាព​នៅ​កម្ពុជា​មិនទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​នៅឡើយ​។ លោក​យល់ថា សេចក្ដី​ពន្យល់​ទាំង​អំបាលម៉ាន​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស នឹង​មិន​អាច​កែប្រែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​បញ្ហា​ប្រជាធិបតេយ្យ​កម្ពុជា​នោះ​ឡើយ៖ «កាលពី​ថ្ងៃ​ទី​១៦ កក្កដា រដ្ឋសភា​អាមេរិក​បាន​អនុម័ត​ច្បាប់ H.R 526 ដើម្បី​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អាមេរិក​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​សមាជិកសភា​អាមេរិក​ដែល​សកម្ម​ក្នុង​រឿង​នេះ ជឿជាក់​ថា ច្បាប់​នេះ​នឹង​អាច​ឆ្លង​ផុត​សភា​ជាន់ខ្ពស់​ទៅ​ដល់ដៃ​ប្រធានាធិបតី ដើម្បី​ចុះហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​។ សមាជិកសភា​អាមេរិក​អះអាង​ថា ការ​ធ្វើ​ច្បាប់​នេះ គឺជា​រឿង​ចាំបាច់ និង​សមស្រប​បំផុត ពីព្រោះ​លោក ហ៊ុន សែន បាន​ក្បត់​ពាក្យ​សន្យា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​របប​ក្រុងភ្នំពេញ បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ H.R ៥២៦ នេះ ថា​ជា​ការ​ដើរ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ភាពជា​ដៃគូ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ ក្រសួង​ការបរទេស​អះអាង​ថា សេចក្ដី​ព្រាងច្បាប់​នេះ មាន​ខ្លឹមសារ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែកលើ​ព័ត៌មាន​បំភ្លៃ លម្អៀង និង​ហួស​សម័យ ក្រោម​ហេតុផល​នយោបាយ និង​មាន​ស្តង់ដារ​ពីរ​។ ក្រសួង​ថា ច្បាប់​នេះ​រំលោភបំពាន​លើ​គោលការណ៍​អន្តរជាតិ​ស្ដីពី​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។

ក្រសួងការបរទេស​កម្ពុជា​បាន​បកស្រាយ​តាមរយៈ​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​១៦ កក្កដា​ថា ការបោះឆ្នោត​ឆ្នាំ​២០១៨ កន្លងទៅ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ពុំ​មាន​អំពើ​ហិង្សា ហើយ​ពលរដ្ឋ​បាន​ចេញទៅ​បោះឆ្នោត​ជាង​៨៣%​។ ក្រសួងការបរទេស​បន្ត​ថា ការ​បដិសេធ​មិន​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​​នេះ គឺជា​ការ​មើលងាយ​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​មិន​ទទួលស្គាល់​ការពិត។ បន្ថែម​ពីលើ​នេះ ក្រសួង​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ចាប់ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សន្តិ​សន្តិភាព និង​ស្ថិរភាព​សង្គម។

ជុំវិញ​បញ្ហា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) វិញ ក្រសួង​បកស្រាយ​ថា ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ឡើង ដោយ​ស្រង់​យក​បទពិសោធន៍​ល្អៗ​របស់​ប្រទេស​ដែល​មាន​ភាព​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ និង​មាន​អត្ថន័យ​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ក្រសួង​បន្ត​បដិសេធ​ថា រដ្ឋាភិបាល​មិនបាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន​ឡើយ ហើយ​ការបញ្ឈប់​ប្រតិបត្តិការ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​នោះ គឺ​ដោយសារ​ពួកគេ​បាន​បំពាន​ច្បាប់​កម្ពុជា​។ ក្រសួង​បញ្ជាក់​ថា កំពុង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ ហើយ​អង្គភាព​ព័ត៌មាន​ជាង ១​ពាន់​ស្ថាប័ន កំពុង​ដំណើរការ​យ៉ាង​រស់​រវើក​នៅ​ក្នុង​សង្គម​។ ក្រៅ​ពី​នេះ ក្រសួង​ថា កម្ពុជា​មាន​សេរីភាព​អ៊ីនធឺណិត​យ៉ាង​ពេញលេញ ដោយ​ពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​រឹតត្បិត។

ទោះជា​យ៉ាងណា សេចក្ដី​ពន្យល់​របស់​ក្រសួងការបរទេស​នេះ ត្រូវ​បាន​ច្រាន​ដោល​ដោយ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា ការ​បង្កើត​ច្បាប់​នេះ​មិន​ពាក់ព័ន្ធ​នឹង​អធិបតេយ្យ​ជាតិ​កម្ពុជា​ឡើយ ពោល​គឺ​សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា និង​បដិសេធ​ទិដ្ឋាការ​មន្ត្រី​ទាំងនោះ បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន។ ម្យ៉ាងវិញទៀត លោក​ថា ការរំលោភ​សិទ្ធិមនុស្ស គឺជា​បញ្ហា​សាកល​ដែល​អន្តរជាតិ​អាច​ឈឺឆ្អាល ជាពិសេស​ក្នុង​លក្ខខណ្ឌ​ដែល​សហរដ្ឋអាមេរិក​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឈានមុខ និង​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៖ «គេ​មាន​មក​គ្រប់​​គ្រង​យើង​ឯណា ព្រោះ​ប្រទេស​គេ​ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​បើ​យើង​មិន​គោរព​​គោលការណ៍​ប្រជា​ធិបតេយ្យ គេ​​អត់​និយាយ​រក​ បើ​និយាយ​ដោយ​សាមញ្ញ។ ខ្ញុំ​ថា​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​​ខ្មែរ ជា​ការ​​លើក​ឡើង​ដដែលៗរាប់​ឆ្នាំមក​​ហើយ។ ឱ្យ​តែ​គេ​​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ឱ្យ​តែ​គេ​លើក​​ឡើង​​អំពី​ការ​រំលោភ​លើ​គោលការណ៍​​ប្រជាធិបតេយ្យ គឺ​គាត់​តែង​​តែ Copy-Paste (ចម្លង) នូវចម្លើយជា​រហូត​មក»។

របប​ក្រុងភ្នំពេញ​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​កង្វះ​ភស្តុតាង ពី​បទ​ក្បត់ជាតិ​។ ក្រៅ​ពី​នេះ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​នេះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ហើយ​បាន​ហាមប្រាម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាង ១០០​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត របប​នេះ​បាន​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ រួច​ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​មក​ក្ដោបក្ដាប់​តែម្នាក់​ឯង ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ថ្មី​មួយ​នៅ​លើ​ពិភពលោក ក្នុង​សតវត្ស​ទី ២១​នេះ។

លោក មឿន តុលា ថ្លែង​ថា ចំណាត់ការ​បែប​នេះ​ហើយ​ដែល​សហគមន៍​អន្តរជាតិ​វាយតម្លៃ​ថា ជា​ការ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ ដែល​មិន​អាច​ប្រកែក​បាន៖ «យើង​ដឹង​ហើយ​ថា អាសនៈ​ទាំង​អស់នោះ​បាន​​មក​ពី​​ការ​បោះឆ្នោត​ វា​បាន​មក​ពី​សំឡេង​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​យក​​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ហ្នឹង យក​ទៅ​ចែក​គ្នា។ អាហ្នឹងគឺជា​ការ​បំផ្លាញ​​ប្រជាធិបតេយ្យទាំង​ស្រុង​តែ​ម្តង ហើយ​​យើង​គាប​សង្កត់​​ទៅលើ​តួនាទីរបស់​អង្គការ​សង្គម​​ស៊ីវិល តួនាទី​​របស់​សារព័ត៌មាន​ឯករាជ្យ​ជាដើម​​ហ្នឹង ត្រង់​នេះ​​ដែល​​ធ្វើ​ឱ្យ​សហភា​ព​អឺរ៉ុប​​ក៏​​គេ​បាន​យក​បញ្ហា​​ហ្នឹង​ ដើម្បីពិនិត្យ​​​មើ​ល​ឋានៈ​អនុគ្រោះពន្ធរបស់​កម្ពុជាក្នុង​ការ​​នាំ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​របស់​​គេដែរ។ អ៊ីចឹង​ការ​អនុម័ត​ច្បាប់​​របស់​អាមេរិកនេះ មិន​មែន​ជា​​ព័ត៌មាន out-of-date (ហួសសម័យ) ទេ ប៉ុន្តែ​ជា​បញ្ហា​ដែល​​កម្ពុជា​កំពុង​តែ​​ជួប​ប្រទះ»។

ទន្ទឹម​នឹង​ការ​កម្ទេច​គណបក្សប្រឆាំង​ដើម្បី​ក្រសោប​យក​អំណាច​ផ្ដាច់មុខ​នេះ របប​លោក ហ៊ុន សែន ក៏បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​របប​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី កត់សម្គាល់​ថា គ្មាន​ចំណុច​ណាមួយ​ខាងលើ​នេះ ត្រូវ​បាន​កែប្រែ​ឱ្យ​ល្អ​ឡើងវិញ​នោះ​ឡើយ ផ្ទុយទៅវិញ​រដ្ឋាភិបាល​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាបសង្កត់ និង​រឹតត្បិត​លំហ​សេរីភាព​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​សេរីភាព​សារព័ត៌មាន​នៅ​តែ​មាន​លក្ខណៈ​តូច​ចង្អៀត ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ៖ «ប្រជាធិបតេយ្យ​​ គេ​អត់​រាប់​ចំនួន​គណបក្ស​​នយោបាយ​ទេ ប៉ុន្តែ​និយាយ​អំពី​គុណ​ភាពនៃ​ការ​ចូល​រួម​​ ហើយ​និង​គុណ​ភាព​នៃ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។ ហើយ​សេរីភាព​​សារព័ត៌មាន គឺ​​ដូច​គ្នា​ គឺមិន​ផ្អែក​ទៅលើចំនួន ឬក៏​ស្ថាប័ន​សារព័ត៌មាន​ហ្នឹង​ច្រើន​​ទេ ប៉ុន្តែ​សំដៅ​​ទៅលើ​ស្ថាប័ន​សារព័ត៌មាន​ហ្នឹង ដែល​គាត់​អាច​រាយការណ៍​ ប្រាប់​ពី​ការ​​ពិត​ដោយ​មិន​លម្អៀង ដោយ​​មិន​រង​ការ​គាប​​សង្កត់ និង​មិន​​រង​ការ​គំរាម​កំហែង​ពី​ស្ថាប័ន​នយោបាយ»។

ថ្វីត្បិតតែ​របប​ក្រុងភ្នំពេញ​បាន​ប្រតិកម្ម​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ក្តី ក៏​របប​នេះ​មិនបាន​ដាក់​ចេញ​នូវ​វិធានការ​ណាមួយ​តបត​ទៅ​នឹង​សហរដ្ឋអាមេរិក​វិញ​ឡើយ។ ផ្ទុយទៅវិញ របប​នេះ​បែរជា​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ជាមួយ​សហរដ្ឋអាមេរិក មាន​ជាអាទិ៍ បេសកកម្ម​មនុស្សធម៌ ការ​គាំទ្រ​ដល់​អ្នកស្ម័គ្រចិត្ត​ផ្នែក​សន្តិភាព ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការ​ជួញដូរ​មនុស្ស និង​ជាពិសេស​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​កិច្ច​សន្ទនា​យោធា ដែល​របប​នេះ​ធ្លាប់​បាន​បែរខ្នង​ដាក់​សហរដ្ឋអាមេរិក​។ បន្ថែម​ពីលើ​នេះ របប​នេះ​បញ្ជាក់​ប្រាប់​អាមេរិក​ជាថ្មី​ទៀត​ថា ខ្លួន​មានការ​ប្តេជ្ញា​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​ប្រកាន់យក​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការ​លើក​កម្ពស់​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ទោះជា​យ៉ាងណា អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យល់ថា ការសន្យា​របស់​របប​លោក ហ៊ុន សែន នេះ នឹង​មិន​អាច​ជួយ​ឱ្យ​របប​នេះ​ចៀស​ផុត​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​នោះ​ឡើយ ប្រសិនបើ​គ្មាន​ការអនុវត្ត​ជាក់ស្ដែង​ទេ​នោះ។ ពួកគេ​ស្នើ​ឱ្យ​របប​នេះ​អនុវត្ត​តាម​អនុសាសន៍​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​បញ្ចៀស​គ្រោះកាច​សម្រាប់​ប្រជាជាតិ​ខ្មែរ​។ គ្រោះកាច​នោះ គឺ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក និង​ទណ្ឌកម្ម​ផ្សេងទៀត​ពី​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​របស់​អាមេរិក៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...