30
កក្កដា

មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ទស្សនៈ​ផ្ទុយ​ពី​តំណាង​រាស្ត្រ​អាមេរិក​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP

ក្រោយ​ពី​តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​ពីរ​រូប​បាន​លើកឡើង​ពី​សេចក្ដី​ស្នើ​ច្បាប់​មួយ​ដែល​ចង់​ឲ្យ​​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំពិនិត្យ​មើល​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ដែល​កម្ពុជា​ទទួល​ពី​សហរដ្ឋ​អាមេរិក មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជាបាន​ទទូច​ឱ្យ​ពិនិត្យ​មើល​បញ្ហា​នេះ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ។​

មន្ត្រី​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ នៅ​មុន​ពេល​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​ សម្រេច​ធ្វើ​តាម​អ្នក​ធ្វើ​ច្បាប់​មួយ​ចំនួន​របស់​ខ្លួន​ដែល​ចង់​ឲ្យរដ្ឋបាល​លោក​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ​ (Donald Trump)​ ពិនិត្យ​មើល​ឋានៈ​អនុគ្រោះ​ពន្ធ (Generalized System of Preferences​ ឬGSP)​ ដែល​កម្ពុជា​ទទួល​ពី​សហរដ្ឋ​អាមេរិក។

​ការ​ស្នើ​របស់​មន្ត្រី​ពាណិជ្ជកម្មជាន់​ខ្ពស់​យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​នៅ​ពេល​អ្នក​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក ​អាឡាំង ឡូវឹនសល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Steve Chabot​) បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ ដែល​ទាម​ទារ​ឲ្យ​លោក​ប្រធានាធិបតី​ត្រាំ​ ធ្វើ​ការ​ថ្លឹងថ្លែង​រវាង​ការ​ខូច​ខាត​លទ្ធិប្រជាធិបតេយ្យ​ និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ (GSP) ​នៅ​ចំ​ពេល​មានការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ស៊ាង ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សហរដ្ឋ​អាមេរិក​គួរ​តែ​មើល​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ដោយ​មិន​ត្រូវ​យោង​តាម​តែ​តំណាងរាស្ត្រ​មួយ​ចំនួន​ ដើម្បី​ផ្ដល់​សេចក្ដី​ស​ម្រេច​ណា​មួយ​ ពាក់​ព័ន្ធ​នឹង​ឋានៈ​អនុគ្រោះ​ពន្ធ​ (GSP)​នេះ។

«គាត់​មើល​ទៅ​ មក​មើល​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ សិទ្ធិ​កម្មករ​គាត់​ធ្វើការ​ ហើយ​គាត់​មាន​ទឹកមុខ​សប្បាយ​នឹង​ប្រាក់​ខែ​របស់​គាត់​ដែល​បាន​ហើយ​ ហើយ​អង្គការ​ ILO ​ក៏​គាត់​មាន​ការ​ពេញ​ចិត្ត។ អ៊ីចឹង​ គ្រាន់​តែ​ថា​ ខ្ញុំ​មិន​វាយ​តម្លៃ​ទេ​ ប៉ុន្តែ​ជួនកាល​គ្រាន់​តែ​ជា​សំណើ​ថា​ឲ្យ​ ឲ្យ​មើល​ ឲ្យ​បាន​គ្រប់​ជ្រុង​ ជួនកាល​ប្រហែល​យើង​ស្ដាប់​ ស្ដាប់​ម្នាក់​ទៅ​ វា​អាច​មិន​សម​ទេ​ ស្តាប់​២នាក់​ ៣នាក់ ៤នាក់​ ហើយ​មក​មើល​ផ្ទាល់​ទៅ​ ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងម៉េច​បាទ»។

អ្នកនាំពាក្យ​រូប​នេះ​ថ្លែង​ថា​ ប្រសិន​កម្ពុជា​ឈប់​ទទួល​បាន​ប្រព័ន្ធ​ GSP នេះ​ ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​អាច​នឹង​កើតមានឡើង​ តែ​លោក​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចែក​ឲ្យ​ដាច់​អំពី​បញ្ហា​សេដ្ឋកិច្ច​ និង​លទ្ធិប្រជាធិបតេយ្យ​ ជុំវិញ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នេះ។

លោក​ស៊ាង ថៃ ​មានប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ៖

«បើ​យើង​និយាយ​ពី​ផ្នែក​សេដ្ឋកិច្ច វា​អាច​មាន​ការ​ពាក់​ព័ន្ធ​ប៉ះពាល់​ហើយ​ ពីព្រោះ​ GSP ​គាត់​ផ្ដល់​ឲ្យ​យើង​ យើង​នាំ​ទៅ​បាន​ដូច​ជា​ ឧទាហរណ៍​ដូច​ថា​ travelling goods [ទំនិញ​សម្រាប់​ធ្វើដំណើរ] យើង​នាំ​ទៅ​អត់​មាន​បង់​ពន្ធ​ បាទ​វា​មាន​ហើយ​នៅ​ក្នុង​ហ្នឹង។ អ៊ីចឹង​បាន​ជា​ខ្ញុំ​លើក​ឡើង​ខាង​ដើម​មិញ​ហ្នឹង​ បើ​គាត់​ភ្ជាប់​បញ្ហា​សេដ្ឋកិច្ច​ថា​ដោយ​សារ​ការ​នាំ​កាបូប​ពី​ស្រុក​ខ្មែរ​ទៅ​ហ្នឹង​ វា​ទៅ​ជន់​ទីផ្សារ​របស់​គាត់​ អា​ហ្នឹង​រឿង​មួយ»។

លោក​បាន​បន្ត​ថា៖

«ប៉ុន្តែ​បើ​គាត់​ថា​ អា​ហ្នឹង​ដោយ​ការ​អនុវត្ត​ស្អីៗ​ ប្រជាធិបតេយ្យ​អីណា អី​ណី​ អា​ហ្នុង​ ធ្វើ​ម៉េច​ឲ្យ​គាត់​ពិចារណា​រឿង​ហ្នឹង​ឡើងវិញ​ផង​ហ្នឹង​ហើយ។ កម្ពុជា​មិនមែន​ថា​ មិន​ដឹង​គុណ​ទេ​ គាត់​បាន​ផ្ដល់​អី​កន្លងមក​ យើង​អាច​មាន​រួច​ពន្ធ​បាន​ខ្លះ​ ប៉ុន្តែ​ទំនិញមួយ​ចំនួន​ទៀត​ ក៏​យើង​បាន​ពន្ធ​ឲ្យ​គាត់​ដែរ​ហើយ»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ តែ​ទូរស័ព្ទ​របស់​លោក​រោទ៍​ គ្មាន​អ្នក​ទទួល។

VOA​ ក៏​មិន​ទាក់​ទង​លោក​ គែន លូ (Ken Loo) អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC​ បាន​ដែរ​នៅ​ថ្ងៃពុធ​នេះ។

លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ Central យល់​ថា​ កម្ពុជា​នៅ​ខណៈ​ពេល​នេះ​ មិន​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP​ នោះ​ទេ​ ព្រោះ​ប្រព័ន្ធ​នេះបាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​របស់​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។

លោក​បាន​បន្ថែម​ថា ទាំង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ​និង​កម្មវិធី​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​សព្វាវុធ» (Everything But Arm) ឬ EBA​របស់​សហភាព​អឺរ៉ុប​ សុទ្ធ​តែ​ជា​តម្រូវ​ការ​ចាំបាច់​របស់​កម្ពុជា​ ដើម្បី​រក្សា​សុខភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​នៅ​ល្អ​ប្រសើរ។ ហេតុដូច្នេះ​ កម្ពុជា​មិន​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​សំខាន់ៗ​ទាំងពីរ​នេះ​ក្នុង​ពេល​តែមួយ​នោះ​ទេ។

«វា​ជា​រឿង​មួយ​ចាំ​បាច់​ដែល​កម្ពុជាមិន​គួរ​បណ្ដោយ​ឲ្យ​ អា​ព្រឹត្តិការណ៍​ទាំងពីរ​ហ្នឹង​ កើត​ក្នុង​ពេល​តែមួយ​ មាន​ន័យ​ថា​ ទាំង​ EBA​ ទាំង​ GSP»។

ប្រទេស​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា​កំពុង​ប្រឈម​ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ផង​ដែរ​នោះ​ ​ទើប​ទទួល​បាន​ការ​បន្ត​ «ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ»​ (GSP)​ កាល​ពី​ដើម​ឆ្នាំ​២០១៨​ ហើយ​បាន​នាំ​ទំនិញ​ក្នុង​តម្លៃ​ជាង​៤០០​លានដុល្លារ​ចូល​សហរដ្ឋ​អាមេរិក​ដោយ​រួច​ពន្ធ។

​ភាគច្រើន​នៃ​ទំនិញ​ទាំងនេះ​គឺ​បម្រើការ​ដល់​ការ​ធ្វើ​ដំណើរ ​ដែល​អាច​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ប្រហែល​៨០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​គឺគណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ នឹង​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ ប្រើប្រាស់​ការ​រក​ឃើញ​ដើម្បី​សម្រេច​ថា​តើ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ឋានៈ​នេះ​ឬ​ត្រូវ​ដកហូត​វិញ។

ដោយឡែក​ កាលពី​ដើម​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ​សហគមន៍​អឺរ៉ុប​បាន​ប្រកាសចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវការ​ ដែល​អាច​ឈាន​ទៅ​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ។

ដំណើរ​ការ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋ​សមាជិក ​ប៉ុន្តែ​ការ​ដក​ហូត​ពិត​ប្រាកដ​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ​២០២០។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហភាព​អឺរ៉ុប។​

ការណ៍​នេះ​ដោយ​សារ​តែ​សហ​ភាព​អឺរ៉ុប​ទុក​ពេល​មួយ​ឆ្នាំ​ដើម្បី​តាម​ដាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ​និង​សរសេរ​របាយ​ការណ៍។ ​ការ​ដក​ហូត​និង​រយៈ​ពេល​ដក​ហូត​បណ្ដោះ​អាសន្ន​នឹង​ចាប់​ផ្ដើម​ក្នុង​រយៈ​ពេល​៦ខែ​បន្ទាប់​ពី​នេះ។​

សហ​ភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​នាំ​ផលិត​ផល​ចូល​គិតជា​ទឹកប្រាក់​ចំនួន​ជាង​៥,៥​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​បង់ពន្ធ​ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀកបំពាក់ ​ស្បែកជើង ​ផលិត​ផល​កសិកម្ម​និង​កង់។

ប៉ុន្តែ​យុទ្ធនា​ការ​របស់​រដ្ឋាភិបាល​ដែល​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល ​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​ និង​គណបក្ស​ប្រឆាំង​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​មុន​ បាន​ធ្វើ​ឱ្យ​សហ​ភាព​អឺរ៉ុប​និង​សហគមន៍​អន្តរ​ជាតិ​ស្នើ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថាន​ការណ៍​ឱ្យ​បាន​ល្អ​ឡើង​វិញ ​បើ​មិន​ដូច្នោះ​ទេ​ អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...