30
កក្កដា

លោក​ហ៊ុន សែន​​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​ផ្តាច់​ដង្ហើម​ក្រុម​គណបក្ស​ប្រឆាំង​

លោក ​ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​កម្ចាត់​ចោល​បណ្តាញ​របស់​គណបក្ស​ប្រឆាំង​ដែល​នៅ​សេសសល់។​ នេះ​បើ​យោង​តាម​ការ​អធិប្បាយ​​របស់​លោក​ ហ៊ុន សែន ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​ដែល​បាន​លេច​​ធ្លាយ​ដល់​បណ្តាញ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​​

មេ​ដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​កុំ​ឆ្លើយ​ឆ្លង​នឹង​សារ​ឌឺដង​នយោបាយ​របស់​លោក​សម រង្ស៊ី ​ដែល​ជា​អតីតមេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិដើម្បី​ខ្ទប់​មិនឲ្យ​មាន​ដំណឹង​ពីលោក ​សម រង្ស៊ី​ ដល់​សាធារណជន​ខ្មែរ​ទូទៅ។​

លោក ​ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​កម្ចាត់​ចោល​បណ្តាញ​របស់​គណបក្ស​ប្រឆាំង​ដែល​នៅ​សេសសល់។​ នេះ​បើ​យោង​តាម​ការ​អធិប្បាយរបស់​លោក​ ហ៊ុន សែន ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​ដែល​បាន​លេចធ្លាយ​ដល់​បណ្តាញ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ការ​ព្រមាន​ខ្ទប់​ប្រជាប្រិយភាព​របស់​លោក​ សម រង្ស៊ី​ នេះ​ ធ្វើឡើង​ នៅ​គ្រា​ដែល​លោក​ សម រង្ស៊ី​ បាន​កំពុង​ធ្វើ​យុទ្ធនាការ​កៀរគរ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ពី​សំណាក់​សហគមន៍​ប្រទេសប្រជា​ធិបតេយ្យ​មក​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​ ហ៊ុន សែន។​

កាលពី​ថ្ងៃ​ពុធ​ លោក​ សម រង្ស៊ី​ ក៏​បាន​ប្រៀប​ប្រដូច​ថា​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញគឺ​ជា​កប៉ាល់មួយ​ដែល​ហៀប​នឹង​លិច​លង់​ ដោយ​ការ​រំកិល​មក​ដល់​នៃ​ទណ្ឌកម្ម​របស់សហគមន៍​អន្តរជាតិ។​

ខ្សែ​អាត់​សំឡេង​របស់​លោក ​ហ៊ុន សែន​ ដែល ​VOA ​ទទួល​បាន​នៅថ្ងៃ​សុក្រ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ ហ៊ុន សែន​ ប្រាប់​ក្រុម​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ស្ថាប័ន​ថ្នាក់​ជាតិ​នានា​ រួមទាំង​កង​កម្លាំង​កង​ទ័ព​ និង​កម្លាំង​នគរបាល​ កុំ​ឲ្យ​មាន​ប្រតិកម្ម​តប​ត​នឹង​ការ​អធិប្បាយ​របស់​លោក​ សម រង្ស៊ី​ ដែល​លោក ​ហ៊ុន សែន ​យល់​ថា​ ការ​ប្រតិកម្ម​តប​ណា​មួយ​នោះនឹង​ផ្តល់​តម្លៃ​បន្ថែម​ដល់លោក ​សម រង្ស៊ី។​

លោក​ ហ៊ុន សែន​ ក៏​បញ្ជា​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​ តាម​សាល​ដីកា​របស់​តុលាការ​ ហើយ​ស្នើ​ឲ្យ​កង​កម្លាំង​មាន​សមត្ថកិច្ចចាត់​ការ​លើ​ក្រុមណា​ ​ដែល «ប្រថុយ​ប្រថាន»តដៃ​ជា​មួយនឹង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល។​

«ចាប់​ពេល​នេះ​ត​ទៅ​ ​យើង​រក្សា​នូវ​ភាព​ស្ងាត់​ស្ងៀម​ចំពោះ​មុខអា​សម រង្ស៊ី​ កុំ​ឲ្យ​ចំពោះ​មុខ​ ការ​ធ្វើ​សកម្មភាព​កាន់តែ​សាហាវទៅៗរបស់​អាសម រង្ស៊ី ​រហូត​ដល់​ឈាន​មក​រក​ចាប់​ខ្ញុំ​ អ៊ីចឹង។ យើង​មិន​ចាំបាច់​និយាយ​ទេ​ ពេល​មក​ដល់​ ​វាយ​ខ្នោះ​តែ​ម្តង​ ហើយ​បើសិន​ជា​ត​ដៃគឺ​យើង​ដឹង​ហើយ​ថា​ ការ​តដៃ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ​នេះ​ជា​ ជា​ចំណុច​ ដែល​ខ្ញុំ​សុំ​ធ្វើ​ការ​ណែនាំ​ ហើយ​នេះគឺ​ជា​ចំណុច​ដាច់​ខាតនៃ​ជំហរ​របស់​យើង​ ដែល​មិន​ត្រូវ​ឱន​ក្បាល​ លក់​អធិប​តេយ្យដើម្បី​ដោះ​ដូរជា​មួយ​នឹង​ជំនួយ​បរទេស​ណា​មួយ​នោះ​ទេ»។​

បន្ថែម​លើ​ការ​អធិប្បាយដែល​ថា​ កម្ពុជា​មិន​យក​អធិប​តេយ្យ​ភាពជាតិ​ទៅ​ប្តូរ​យក​ជំនួយ​បរទេស​នោះ​ ​លោក ​ហ៊ុន សែន​ ថ្លែង​ថា​ ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ ក្រោម​គម្រោង«អ្វីៗ​ទាំង​អស់​លើក​លែង​តែអាវុធ»​ ឬ ​EBA ​នឹង​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​ ពង្រឹង​ផ្ទៃ​ក្នុង​ខ្លួន​ ហើយ​ក៏ជា​ឱកាស​សម្រាប់​លោក​កម្ចាត់​ចោលក្រុម​ប្រឆាំង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស។​

«ទីមួយគឺប្រើ​ប្រាស់​នូវ​បញ្ហា​ប្រឈម​រឿងការ​ដក​ភាព​អនុគ្រោះ​ពី​ EU​ នេះទៅជា​កាលានុវត្ត​ភាពដើម្បី​ពង្រឹង​ ខិត​ខំ​ធ្វើ​ការ​នៅ​ខាង​ក្នុងហ្នឹង​មួយ​ផ្នែក។ ​មួយ​ផ្នែក​ទៀតគឺ​រឹត​ពួក​អា​ប្រឆាំង​ ដែល​នៅ​សេស​សល់​ឲ្យ​វា​រលំ​រលាយ​កាន់តែ​ឆាប់​ ព្រោះ​គ្មាន​អ្នកណា​នឹង​ត្រូវ​មក​ប្រដៅ​យើង​បាន​ទៀត​ទេ​ ព្រោះ​អ្នក​ឯង​បាន​ធ្វើ​ចំពោះ​ខ្ញុំយ៉ាង​ដូច្នេះ​ហើយ ដូច្នេះគឺ​ជា​ឱកាស​ដើម្បី​យើង​លត់​ ពួក​អា​នៅ​ខាង​ក្នុង​ ​ផ្តាច់​ខ្សែ​សង្វាក់​ ផ្តាច់​ខ្សែ​សង្វាក់​របស់​វា​ឲ្យ​អស់»។​

លោក​បាន​ផ្តល់​ការ​កត់​សម្គាល់​ថា​ ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ នោះ​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ​ ព្រោះ​រយៈ​ពេល​១៨​ខែ​ទៀត កម្ពុជា​នឹង​ប្រឹង​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ដើម្បី​ទ្រទ្រង់​សេដ្ឋ​កិច្ច​ខ្លាំង​ក្លា​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន។​

លោក​ ហ៊ុន សែន​ ក៏​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​កុំ​ធ្វើ​ការ​អធិប្បាយ​ណា​មួយ​ដែល​មាន​លក្ខណៈ​វាយ​ប្រហារ​លើ​សហភាព​អឺរ៉ុប​ ដោយ​លោក​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ចាប់​ផ្តើមដំណើរការ​នីតិវិធី​ដក​កម្ពុជា​ពី​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA ​នោះ​ គឺ​ធ្វើ​ឡើង​ដោយ​បុគ្គល​ពីរ​នាក់​ប៉ុណ្ណោះ​ មិន​មែន​ដោយ​សំឡង​ឯកច្ឆន្ទក្នុង​សហភាព​អឺរ៉ុប​នោះ​ទេ។​

លោក​ សម រង្ស៊ី​ មិន​ទាន់​ឆ្លើយតប​សំណួរ​របស់​ VOA​ ដែល​ផ្ញើ​ជូន​លោក​តាម​សារ​អេឡិច​ត្រូនិក ឬ ​email ​ភ្លាមៗ​នៅ​ឡើយ​ទេ​ មក​ត្រឹម​លា្ងច​ថ្ងៃ​សុក្រ​នេះ។​

ប៉ុន្តែអ្នកស្រី​មូរ សុខហ៊ួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាល​ពីឆ្នាំ​២០១៧​នោះ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​តាម​សារ​ឆ្លើយ​ឆ្លង​អេឡិច​ត្រូនិក​មួយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ប្រសាសន៍​លោក​ហ៊ុន សែន​ ​បញ្ជាក់​ថា​ លោក​គ្មាន​ភាព​ជា​អ្នក​ដឹកនាំ​ ហើយ​ងាក​តែ​ទៅ​រក​ការ​ប្រើ​ហិង្សា​ ដែលផ្ទុយ​ពី​ការ​ចង់​បាន​របស់​សហគមន៍​អឺរ៉ុប។​

អ្នកស្រី​មូរ សុខហួរ​ ចោទ​សួរ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ទៅ​ហើយ​ ហេតុ​អ្វី​បាន​ជា​លោក ​ហ៊ុន សែន​ នៅ​តែ​ចង់​រំលាយ​គណបក្ស​នេះ​ទៀត?​

«ចុះ​ក្រែង​ថា​ គណបក្ស​ប្រឆាំង​ក្រែង​ស្លាប់​អស់​ហើយ​អ្ហេ!​ ក្រែង​ថា​ តុលាការ​កំពូល​បាន​រំលាយ​អស់​ហើយ​អ្ហេ! ​ក្រែង​ថា​ ​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ នៅ​ពន្ធនាគារ​ ​ហើយ​យើង​ខ្ញុំនិរទេស​ខ្លួន​បាត់​អស់​ហើយ​អ្ហេ!​ ចុះ​នៅ​ខ្លាច​គណបក្ស​ប្រឆាំង​ធ្វើ​អី​ ឬ​មួយ​ក៏​សម្តេច លោក​ ហ៊ុន សែន​ អត់​មាន​សមត្ថភាព​ទាល់​តែ​សោះនៅ​ក្នុង​ការ​ដោះស្រាយ​ប្រទេស​ជាតិ»។​

អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះបាន​កត់​សម្គាល់​ទៀត​ថា​ កម្ពុជា​មិន​អាច​មើល​ស្រាល​ឥទ្ធិពល​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហគមន៍​អឺរ៉ុប​បាន​ទេ។

«ខ្ញុំ​សុំ​បញ្ជាក់​ថា​ លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​ កម្ពុជា​បើសិន​ជា​អត់​មាន​ EBA ​ក៏មិន​ស្លាប់​ដែរ។​ ណ្ហើយ​កម្ពុជា​មិន​ស្លាប់​ ប៉ុន្តែ​រស់​ដោយ​ត្រដរ។​ ពេល​ណា​កម្ពុជា​រស់​ដោយ​ត្រដរ​ ដោយសារ​បាត់​បង់អ្វីដែល​ជា​ការ​លើក​របស់​សហភាព​អឺរ៉ុប​នេះគឺជា​ការ​បាត់​បង់​នូវ​ធនធាន​ដ៏​សំខាន់​ណាស់គឺសេដ្ឋកិច្ច។​ បើ​សិន​ជា​កម្ពុជា​យើង​រស់​ដោយ​ត្រដរ​ កម្មករ​របស់​យើងដែល​កំពុង​តែធ្វើ​ការ​ងារ​នេះយក​ប្រាក់​ ដែល​មាន​បំណុល​ វ័ណ្ឌក​នេះ​ តើ​មាន​អ្វី​ ភោគផល​អី​ទៅ​លក់​ទីផ្សារ​ណា​ ដើម្បី​សង​បំណុល​នោះ​វិញ? ​សម្តី​អ្នក​ដឹកនាំគឺ​ជា​សម្តី​សម្រាប់​លើក​ស្ទួយ​ជីវិត​រស់​នៅ​ ប្រជា​ពលរដ្ឋ​ មិន​មែន​និយាយ​អំពីការ​សម្លាប់​ប្រជា​ពលរដ្ឋ​របៀប​នេះ​ទេ»។

ដោយ​មិន​បាន​ថ្លែង​ដល់​រឿង​នយោបាយ​នោះ​ ​លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ Central​ បាន​លើក​ឡើង​ជាថ្មី​ដែរ​ថា​ ​កម្ពុជា​អាច​នឹង​បាត់​បង់​ភាព​ទាក់​ទាញ​វិនិយោគិន​បរទេស​ ​ប្រសិនបើ​ប្រទេស​នេះមិន​អាច​រក្សា​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។​

លោក​ថា​ កម្ពុជា​អាច​នឹង​ចាញ់​ប្រៀបប្រទេស​វៀត​ណាម​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​នៅ​ពេល​ខាង​មុខ​ផង​ដែរ​ ​ប្រសិន​បើ​ប្រទេស​កុម្មុយ​នីស្ត​មួយ​នេះ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ដូច​អ្វី​ដែល​កម្ពុជា​កំពុងតែ​ទទួល​បាន​នោះ។​

«ហេតុ​ដូច្នេះ​ ខ្ញុំ​នៅ​តែ​យល់​ថា​ កម្ពុជា​យើង​គឺនៅ​ត្រូវ​ នៅត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​នៅ​ឡើយ​ទេ​ ហើយ​ទម្រាំ​នឹងយើង​រៀបចំ​ខ្លួន​បាន​នៅ បួន​ប្រាំ​ បួនដប់​ឆ្នាំ​អី​ទៀត​ អាហ្នឹងគឺរឿង​ផ្សេង។​ ប៉ុន្តែ​ឥឡូវ​នេះ​ យើង​មាន​ EBA ​ដោយ​មិន​មាន​បង់​ពន្ធ​បង់​អីផង​ យើង​នៅ​ជា​លំដាប់​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ចុះ​ទម្រាំតែ​យើង​អត់​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ?»​

សម្រាប់​លោក​បណ្ឌិត​ មាស នី​ អ្នក​វិភាគ​ស្ថាន​ការណ៍​នយោ​បាយ​កម្ពុជា​ យល់ថា​ ​ការ​អធិប្បាយ​របស់​លោក ​ហ៊ុន សែន​ អាច​នឹង​ដាក់​បន្ទុក​បន្ថែម​ឲ្យ​សហភាព​អឺរ៉ុប​ពន្លឿន​យុទ្ធនា​ការ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ហើយ​សហ​ភាព​អឺរ៉ុប​ក៏​នឹង​ប្រមូល​កម្លាំង​សម្ព័ន្ធ​មិត្ត​ខ្លួន​មក​គាប​សង្កត់​កម្ពុជា​បន្ថែម​ទៀត​ផង។

«EU​ ហ្នឹងអាច​មាន​មូលហេតុ​កាន់​តែ​ច្រើន​ឡើង​ ឬក៏​ភ័ស្តុតាង​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​សម្រេច​ចិត្ត​ជា​ចុងក្រោយ​ ហើយ​ជួន​កាល​វានឹង​អាច​ធ្វើ​ឲ្យ​ទៅ​ជា​ចលករ​មួយ​ដែលធ្វើ​ mobilize ​[ប្រមូល​កម្លាំង] ​ប្រទេស​ដទៃ​ទៀត​ ដូច​ជា​សហ​រដ្ឋ​អាមេរិក​ ក្នុង​ការ​សម្លឹង​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ​ដោយសារ​តែ​ស្ថាន​ភាព​ វាកាន់​តែ​អាក្រក់ទៅៗ។​ អា​នេះ​បើ​តាម​ប្រសាសន៍។​ បើ​សិនជា​ការប្រសាសន៍​ហ្នឹង​ វាជា​រឿង​ពិត​ដែល​ត្រូវធ្វើ​មែន​នោះ​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​ហាក់​ដូច​ជា​កាន់​តែ​ធ្វើ​ឲ្យ​អន្តរ​ជាតិ​ហ្នឹង​ គេ​មើល​មក​ប្រទេស​កម្ពុជា​កាន់​តែ​នៅក្នុង​ផ្លូវ​អវិជ្ជមាន»។​

ចំណែក​លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ មិន​ផ្តល់​ការ​អធិប្បាយ​លម្អិត​អំពី​ខ្សែ​អាត់សំឡេង​បែក​ធ្លាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នោះ​ទេ។​ លោក​អះអាង​ថា​ សម័យ​កាល​នេះ​ ការ​កែច្នៃ​សំឡេងអាច​នឹង​ធ្វើ​ទៅ​រួច។​

«ខ្ញុំ​មិន​ធ្វើ​ការ​វាយ​តម្លៃទៅ​លើ​រឿង​បែក​ធ្លាយ​ហ្នឹង​ទេ​ ព្រោះ​ឥឡូវ​ហ្នឹង​ គេ​អាច​ប្រតិដ្ឋ ​គេ​អាច​ធ្វើ​អី​បាន​ស្រេច​តែ​ចិត្ត។​ យើង​សុំ​រក្សា​សិទ្ធិ​មិន​វាយ​តម្លៃ​ទៅ​លើ​ការ​បែក​ធ្លាយ​នោះ​ទេ ​បាទ»។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ ​សហគមន៍​អឺរ៉ុប​ចាប់​ផ្តើម​ដំណើរ​ការជា​ផ្លូវការដែល​អាច​ឈាន​ទៅ​ដក​ហូត​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ដំណើរ​ការ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋ​សមាជិក ​ប៉ុន្តែ​ការ​ដក​ហូត​ពិត​ប្រាកដ​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហាឆ្នាំ​២០២០។ ​នេះ​បើ​តាម​ការ​បញ្ជាក់របស់​សហភាព​អឺរ៉ុប។​

ការណ៍​នេះ​ដោយ​សារ​តែ​សហ​ភាព​អឺរ៉ុប​ទុក​ពេល​មួយ​ឆ្នាំ​ដើម្បី​តាម​ដាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្តទុក​ដាក់​ និង​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋា​ភិបាល​កម្ពុជា ​និង​សរសេរ​របាយ​ការណ៍។ ​ការ​ដក​ហូត​និង​រយៈ​ពេល​ដក​ហូត​បណ្តោះ​អាសន្ន​នឹង​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​៦ខែ​បន្ទាប់​ពី​នេះ។​

អ្នក​ស្រី ​Cecilia Malmstrom​ ស្នងការ​ពាណិជ្ជ​កម្ម​នៃ​សហភាព​អឺរ៉ុប​ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ជា​ភាសា​អង់​គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា៖​

«សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា ​ចំណាត់​ការ​នៅ​ថ្ងៃនេះ​គឺ​មិន​មែន​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​ ឬ​ក៏​ជា​ដំណាក់​កាល​ចុងក្រោយ​ដែរ។ ​ប៉ុន្តែ​ទ្រនិច​នាឡិកាកំពុង​តែ​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវ​ការ​ ហើយ​យើង​ត្រូវ​ការ​ឃើញ​សកម្ម​ភាព​ពិត​ប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ‍»។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​ស្រី Federica Mogherini​ ​អនុប្រធាន​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​ ក៏បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ ​ដោយ​កត់​សម្គាល់​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ បើទោះ​បី​ជាអ្នក​ស្រី​បាន​ទទួល​ស្គាល់​ការ​វិវត្ត​នយោបាយ​ខ្លះ​ដែល​មាន​ការ​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង​ មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​សារ​ព័ត៌​មាន​ក៏​ដោយ។​

អ្នកស្រី​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​ថា៖​

«ប៉ុន្តែ​បើ​គ្មាន​ចំណាត់​ការ​ជាក់លាក់​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​ ស្ថាន​ការណ៍​ជាក់​ស្តែង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​ EBA‍។​ ក្នុង​នាម​ជា​សហ​ភាព​អឺរ៉ុប​ យើង​ប្តូរផ្តាច់​នឹង​ដៃ​គូ​កម្ពុជា​របស់​យើង ​ដើម្បីជួយ​ដល់​ពលរដ្ឋ​កម្ពុជា។ ​ការ​គាំទ្រ​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ភាព​ជាដៃ​គូ​នេះ‍»។​

ភ្លាមៗ​ ក្រោយ​ការ​ចេញ​សេចក្តី​ប្រកាស​នេះ​ មន្ត្រី​នាំពាក្យ​វ័យ​ក្មេងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូបគឺ​លោក​ សួស យ៉ារ៉ា​ បាន​ប្រតិកម្ម​ធ្ងន់ៗ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក។​

លោក​បាន​សរសេរ​វាយ​ប្រហារ​ចំៗទៅ​លើអ្នកស្រី​ ​Cecilia Malmstrom ​និង​ អ្នកស្រី ​Federica Mogherini ​ក្នុង​ន័យ​ដើម​ថា៖​

«ជន​ឆ្វេង​និយម​អឺរ៉ុប ​Mogherini និង ​Malmstrom​ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទ​ល្មើស​ប្រឆាំង​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា – សហគមន៍​អឺរ៉ុប​ត្រូវ​គិត​ឡើង​វិញ​ករណី​ EBA»។​

យ៉ាង​ណា​ក៏​ដោយក្នុង​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក​ ហ៊ុន សែន​ ដែល​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​កម្ពុជា​មួយ​ចំនួន​បាន​ស្តាប់​ឮ​ដែរនោះ​ ​លោក​ហ៊ុន សែន​បានអំពាវនាវ​ដល់​ក្រុម​មន្រ្តី​លោក​កុំ​បង្ក​អរិភាពជាមួយ​ប្រទេស​រដ្ឋ​សមាជិក​ណា​មួយ​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​ ហើយ​ថា​ កម្ពុជា​នឹង​ពង្រឹង​ខ្លួន​ឯង​ដើម្បី​រក​ស៊ី​ជាមួយ​សហ​ភាព​អឺរ៉ុប​ ទោះបី​ជា​ត្រូវ​បង់​ពន្ធ​ក៏​ដោយ​ចុះ។​

សហ​ភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​នាំ​ផលិត​ផល​ចូល​គិតជា​ទឹកប្រាក់​ចំនួន​ជាង​៥,៥​ពាន់លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​បង់ពន្ធ​ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ប្រមាណ​ជា៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀក​បំពាក់ ​ស្បែកជើង ​ផលិត​ផល​កសិកម្ម​និង​កង់។​

ប៉ុន្តែ​យុទ្ធនា​ការ​របស់​រដ្ឋាភិបាល​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល ​បណ្តាញ​ព័ត៌​មាន​ឯករាជ្យ​ និង​គណបក្ស​ប្រឆាំង​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​មុន​ បាន​ធ្វើ​ឱ្យ​សហ​ភាព​អឺរ៉ុប​និង​សហគមន៍​អន្តរ​ជាតិ​ស្នើ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថាន​ការណ៍​ឱ្យ​បាន​ល្អ​ឡើង​វិញ ​បើ​មិន​ដូច្នោះ​ទេ​ អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត៕

ប្រភព៖VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...