06
សីហា

គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ ប.ស.ស ដែល​ផ្តល់​ប្រយោជន៍​ដល់​កម្មករ​និយោជិត

ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​បើក​កិច្ច​ប្រជុំ​ កាលពី​ថ្ងៃ​សុក្រ ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ ​ស្តី​ពីរបប​សន្តិសុខ​សង្គម (បសស)​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់កម្មករ ​និយោជិត ​ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​តម្លាភាព ​និង​ប្រសិទ្ធភាព​នៃកា​រអនុវត្ត​ច្បាប់នេះ ​នៅពេល​ចេញ​ជារូប​រាង។

កាលពី​ថ្ងៃ​សៅរ៍​ លោក​ ហ៊ុន សែន ​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​ថា ​ច្បាប់​នេះមាន​សារ:សំខាន់​ខ្លាំង​ណាស់​សម្រាប់​មន្រ្តីរាជការ​ និង​កម្មករ ​កម្មការិនី ​ទាំង​ក្នុង​ពេល​បំពេញ​ការងារ​ និង​ពេល​ឈប់​សម្រាក​ពីការងារ​ជាពិសេស​គឺ​ កិច្ច​​គាំពារ​សម្រាប់​ស្រ្តី។

លោក​ ហ៊ុន សែន ​សរសេរថា​៖ «រាជ​រដ្ឋា​ភិបាល​នឹង​បន្ត​ការយកចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ក្នុងការ​ផ្តល់​នូវ​កិច្ចគាំពារ​ចាំ​បាច់​ជា​ច្រើន​ថែម​ទៀត​ ដើម្បី​បង​ប្អូន​ទទួល​បាន​នូវ​ផល​ប្រយោជន៍​កាន់តែ​ច្រើន​ និង​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អ​ប្រសើរ»។

សេចក្តី​ព្រាង​ច្បាប់នេះ​មាន​គោល​បំណង​បង្កើត​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​កម្ពុជា​តាម​គោលការណ៍​សាមគ្គី​ធម៌ ​និង​សមធម៌​សង្គម ​ដែល​មាន​ ៤ ផ្នែក​ គឺផ្នែក​ប្រាក់​សោធន ​ផ្នែក​ថែ​ទាំ​សុខភាព​ ផ្នែក​ហានិភ័យ​ការងារ ​និង​ផ្នែក​និកម្ម​ភាព​ការងារ។

ការតាក់តែង​សេចក្តី​ព្រាង​ច្បាប់នេះ​គឺ​ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព ​ភាព​ថ្លៃថ្នូរ ​និង​ភាព​សុខដុម​រមនា​ក្នុង​សង្គម​ សម្រាប់​បុគ្គលិក​ ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​សាធារណៈ ​បុគ្គល​ដែល​ស្ថិត​ក្រោម​ច្បាប់​ស្តីពី​ការងារ ​រួម​ទាំង​បុគ្គលិក​ផ្លូវ​អាកាស ​នាវា​សមុទ្រ ​និង​អ្នកបម្រើ​តាម​ផ្ទះ ​ព្រមទាំង​បុគ្គល​ស្វ័យ​និយោជន៍។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពីម្សិលមិញ​ថា ​ច្បាប់ស្តីពីរបប​សន្តិ​សុខ​សង្គម​​មាន​​ការ​ប្រញាប់​ ហើយ​នៅ​សប្តាហ៍​ក្រោយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។

លោក​បញ្ជាក់ថា​៖ «ហើយ ​(ច្បាប់)​ នេះ​ជា​សេចក្តី​ត្រូវការ ​និង​ការ​យកចិត្ត​ទុកដាក់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ​(ហ៊ុន សែន)​»។

លោក​ ស៊ីផាន បន្ថែមថា ​នៅ​ពេល​ច្បាប់​​ចេញ​ជា​រូបរាង​ការអនុវត្ត​ច្បាប់​នឹង​ធ្វើឡើង​ទៅ​តាម​ច្បាប់ ​ហើយ​អ្នកដែល​មិន​អនុវត្ត​តាម​ច្បាប់​គឺជា​រឿង​ខុស។ លោក​បាន​អំពាវ​នាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើយុទ្ធ​នាការ​បង្ហាញ​ពី​ច្បាប់​នេះ​ដើម្បី​ឱ្យ​ការ​អនុវត្ត​​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

លោក​ ឃុន ថារ៉ូ ​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅថា​សង់ត្រាល់ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ម្សិលមិញ​ថា​លោក​ស្វាគមន៍​សេចក្តី​ព្រាង​ច្បាប់​នេះ ព្រោះ​មាន​ការ​ដាក់​បញ្ចូល​កម្មករ ​និយោ​ជិត​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​កម្មករ​ធ្វើ​ការងារ​ផ្ទះ។ ប៉ុន្តែ​លោកថា ​គួរតែ​ពង្រីក​វិសាលភាព​ឱ្យបាន​ទូលំទូលាយ​ជាង​នេះ​ទៀត​បាន​ពេញលេញ​ទៅដល់​វិស័យ​ឯកជន ​និង​គ្រប់​វិស័យ​ទាំង​អស់។

លោក​ថា​៖ «កាល​ណា​ច្បាប់​ហ្នឹង​ចេញ ​ការ​ទទួលបាន​នូវការ​បង់​វិភាគទាន​អំពី​កម្មករ​ និយោជិត​ ឬក៏​នៅ​ក្នុង​វិស័យ​សាធារ​ណៈ​ គឺជា​ការតម្កល់​នូវ​កញ្ចប់​ថវិកា​មួយ​ ដែល​មាន​ទំហំ​មួយ​ធំ។ អ៊ីចឹង ​វា​ទាម​ទារ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ ដោយ​តម្លាភាព​ អភិ​បាល​កិច្ច​ និង​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ទូទាត់​ ឬ​ប្រើប្រាស់​ដើម្បី​ធានាថា​វិភាគ​ទាន​អ្នក​ដែល​បង់​ចូល​ហ្នឹង ​គឺ​គាត់​អាចទទួល​មក​វិញ​ដោយ​នីតិវិធី​មួយ​ឬក៏​ដោយ​មានការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ផ្តល់​សេវា​ត្រឡប់​មក​វិញ»។

លោក ​ឃុន ថារ៉ូ ​បន្តថា ​ចំណុច​ដែល​លោក​បារម្ភ​ គឺ​នៅ​ក្នុង​ច្បាប់​​មិន​បាន​និយាយ​លម្អិត​អំពី​នីតិវិធី​ក្នុងការ​ធានាឱ្យ​មាន​អភិ​បាល​កិច្ច​ និង​ប្រសិទ្ធភាព​ ជាពិសេស​ការធានា​អំពី​និរន្តរភាព​។ ទោះយ៉ាង​ណាលោក​ថា ​នេះ​គឺ​ជាជំហាន​មួ​យ​វិជ្ជមាន​ក្នុង​ការ​ឈាន​ទៅ​រក​របប​គាំពារ​សង្គម​មួយ។ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ជិតខាង ​កម្ពុជា​ដើរ​នៅក្រោយ​គេ​ ព្រោះ​កម្ពុជា​មាន​របប​គាំពារ​សង្គម​ផ្នែក​សុខភាព ​គ្រោះ​ថ្នាក់​ការងារ​ ហើយ​ពេល​នេះ​ពង្រីក​វិសាល​ភាព​ទៅ​ដល់​សោធន​និវត្តន៍។ ដើម្បី​ឱ្យបាន​ពេញលេញ ​ច្បាប់នេះ​គួរ​រំលេច​ឱ្យ​មាន​របប​គាំពារ​សង្គម​ខណៈ​មិន​មាន​ការងារ​ធ្វើ។

លោក​បន្ថែមថា ​អាណត្តិ​ក្រុមប្រឹក្សា​ក្នុង​បេឡា​ជាតិរបប​សន្តិសុខ​សង្គម​​ត្រូវតែ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ វិស័យ​​សាធារណៈ ​រាជរដ្ឋាភិបាល ​ក៏ដូចជា​តំណាង​កម្មករ ​និយោជិត ​ឬ​និយោជក​ដើម្បី​ធានា​តម្លាភាព ​និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នេះ។

អ្នកនាំពាក្យ​ក្រសួងការងារ​និង​បណ្តុះ​ប​ណ្តាលវិជ្ជាជីវៈ លោក​ ហេង សួរ កាលពី​ម្សិលមិញ មិនអាចទាក់ទង​សុំការ​អត្ថា​ធិប្បាយ​បានទេ៕

 

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...