28
សីហា

មន្ទីរ​ឈប់​ទទួល​ស្គាល់​ មជ្ឈមណ្ឌល​បង្រៀន​ពលករ​ទៅ​ធ្វើការ​នៅ​ជប៉ុន​មួយ

ភ្នំពេញៈ ​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាលពី​ថ្ងៃទី​ ២១ ​ខែ​ សីហា​ ដោយ​ឈប់​ទទួល​ស្គាល់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ការងារ​កម្ពុជា​អន្តរជាតិ​ (​ជំនួយ​ហត្ថា​) ​ដែល​បាន​ចុះ​បញ្ជិកា​ជា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កាលពី​ខែ ​ធ្នូ ឆ្នាំ​ ២០១៧ និង​សាខា​ផ្សេងៗ​ទៀត ដោយសារ​ធ្វើ​​សកម្មភាព​មិន​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​។

សេចក្ដី​សម្រេច​នេះ​បន្ត​ថា​មជ្ឈមណ្ឌល​នេះ​ត្រូវ​តែ​បញ្ឈប់​​សកម្មភាព​បណ្ដុះបណ្ដាល និង​ឃោសនា​ផ្សេងៗ​ដើម្បី​ជ្រើសរើស និង​បញ្ជូន​សិក្ខាកាម​ទៅ​​ប្រទេស​ជប៉ុន​។

លើស​ពី​នេះ​មជ្ឈមណ្ឌល​ក៏​​ត្រូវ​ទទួល​ខុសត្រូវ​ដោះស្រាយ​រាល់​សំណង​ទាំងអស់​ទៅឱ្យ​សិកា្ខកាម​វិញ​គ្រប់​ចំនួន​ទៅ​តាម​ចំនួន​ជាក់ស្ដែង​ផងដែរ​។

សេចក្ដី​សម្រេច​នេះ​បញ្ជាក់​ថា​៖ «​ប្រធាន​ការិយាល័យ​រដ្ឋបាល​បុគ្គលិក​ និង​ផែនការ ប្រធាន​ការិយាល័យ​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ និង​នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ការងារ​កម្ពុជា​អន្តរជាតិ​ (​ជំនួយ​ហត្ថា​) ​ត្រូវ​មាន​ភារកិច្ច​អនុវត្ត​សេចក្ដីសម្រេច​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។

លោក ជួន វុឌ្ឍី ប្រធាន​មន្ទីរការងារ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការបិទ​មជ្ឈមណ្ឌល​នេះ​គឺ​ដោយសារ​បានធ្វើ​សកម្មភាព​ដោយ​មិន​សុំច្បាប់​ទៅ​ក្រសួង​ការងារ​ជាមុន ប៉ុន្តែ​លោក​ថា​​មជ្ឈមណ្ឌល​នេះ​អាច​ដំណើរការ​ឡើង​វិញ ប្រសិន​បើ​ទៅ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​។

លោក​ថា​៖ «​ដោយសារ​មិន​សុំ​គោលការណ៍​ពី​ក្រសួង ដូច្នោះ​ក្រសួង​បញ្ជា​ឱ្យ​បិទ​ជា​បន្ទាន់​​ហើយ​បើ​គាត់​ចង់​តវ៉ា​អី​គាត់​ទៅ​តវ៉ា​នៅ​ក្រសួង​»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។

ទោះ​យ៉ាង​ណា​លោក ហង្ស សម្បត្តិ នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការងារ​កម្ពុជា​អន្តរជាតិ​ (​ជំនួយ​ហត្ថា​) ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ចំពោះ​ការអះអាង​ដែល​ថា​ការបើក​មជ្ឈមណ្ឌល​របស់​លោក​មិន​បាន​សុំច្បាប់ ហើយ​ថា លោក​​មិន​ដែល​បាន​បោក​ប្រាក់​លុយកាក់​សិក្ខាកាម​ម្ដងណា​ឡើយ​។

លោក​បន្ត​ថា​មជ្ឈមណ្ឌល​នេះ​បាន​ដំណើរការ​ ៦ ​ឆ្នាំ​មក​ហើយ​ដោយ​បណ្ដុះបណ្ដាល​រហូត​សិក្ខាកាម​អាច​ប្រឡង​ជាប់​ទៅ​ធ្វើ​ការងារ​នៅ​ជប៉ុន​គឺ​ក្នុង​ម្នាក់​ត្រូវ​បង់លុយ​ចំនួន​ ១៥០ ដុល្លារ​។

លោក​បាន​អះអាង​ថា មជ្ឈមណ្ឌល​នេះ​គ្រាន់តែ​មាន​សិទ្ធិ​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​ប៉ុណ្ណោះ និង​គ្មាន​អាជ្ញាប័ណ្ណ​សម្រាប់​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ទេ ប៉ុន្តែ​សិក្ខាកាម​គឺ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ដៃគូ​ចាំ​ទទួល​ និង​ជា​អ្នករៀបចំ​ឯកសារ​ ឬ​ការប្រឡង​ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

លោក ហង្ស សម្បត្តិ ចាត់ទុក​ការឈប់​ទទួល​មជ្ឈមណ្ឌល​នេះ​ថា​ជា​រឿង​អយុត្តិធម៌ ប៉ុន្តែ​លោក​ថា​នេះ​ដោយសារ​មាន​ក្រុមហ៊ុន​នាំ​ពលករ​ខ្លះ​ច្រណែន​​ទើប​រក​វិធី​ប្រាប់​ទៅ​ក្រសួង​ឱ្យ​ឈប់​ទទួល​ស្គាល់​បែបនេះ​។

លោក​បញ្ជាក់​ថា​៖ «​សួរ​ទៅ​មន្ទីរ​ទៅ តើ​ខ្ញុំ​មាន​ច្បាប់​អត់ ហើយ​ម៉េច​បាន​ថា អត់​? ហើយ​សួរ​ឱ្យ​ច្បាស់​ទៅ​អ្នកណា​ចេញ​ច្បាប់ និង​ certificate​។ …​អូន​ឯង​មិន​បាច់​ទៅរក​យុត្តិធម៌​ទេ ហើយ​ទៅ​បញ្ជាក់​ជាមួយ​គាត់​ (​ជួន វុឌ្ឍី​) ​ឱ្យ​ច្បាស់​សិន​ទៅ​»​។

យោង​តាម​បញ្ជី​របស់​ក្រសួង​ការងារ​មួយ​ចុះ​ថ្ងៃទី​ ១ ខែ​សីហា ​ឆ្នាំ​នេះ បញ្ជាក់​ថា​ទីភ្នាក់ងារ​ឯកជន​ដែល​មាន​សិទ្ធិ​ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន​ និង​គ្រប់គ្រង​កម្មសិក្សា​ទៅ​ប្រទេស​ជប៉ុន​មាន​ ១០២ ​ក្រុមហ៊ុន​។ រីឯ​​ទីភ្នាក់ងារ​ឯកជន​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​គឺ​ខុស​ច្បាប់​។

លោក​ មឿង តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ការងារ​កម្ពុជា​អន្តរជាតិ​ (​ជំនួយ​ហត្ថា​) ​ពិតជា​ទទួលបាន​អាជ្ញាប័ណ្ណ​ដើម្បី​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​មែន ប៉ុន្តែ​លោក​ថា​កន្លង​មក​មជ្ឈមណ្ឌល​នេះ​ធ្លាប់​មាន​សិក្ខាកាម​រាប់រយ​នាក់​ប្ដឹង​ពី​បទ​ឆបោក​ប្រាក់​ពី​ ៣០០ ​ដុល្លារ​រហូត​ដល់​ ៦ ​ពាន់​ដុល្លារ​ដោយសារ​បាន​ផ្សព្វផ្សាយ​កុហក​សិក្ខាកាម​ខ្លួន​ថា ជា​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ជប៉ុន​។

លោក​ថា​៖ «​សាលា​អស់​ហ្នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​គឺ​តួនាទី​មួយ​ត្រឹម​បណ្ដុះបណ្ដាល​ជំនាញ​ខ្លីៗ​ទេ ប៉ុន្តែ​ដល់​ពេល​គាត់​ដើរតួនាទី​គឺ​ដើរ​លើស​អាហ្នឹង​។ គាត់​ដើរតួ​លើស​ម៉េច គឺ​ដើរតួ​ជា​ភ្នាក់ងារ​ជ្រើសរើស បណ្ដុះបណ្ដាល និង បញ្ជូន​…»​។

កាលពី​ខែ​កុម្ភៈ​ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​​បញ្ជាក់​ថា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ជប៉ុន​មាន​ជាង​ ៩ ​ពាន់​នាក់ ដោយ​បម្រើការ​ក្នុង​ផ្នែក​កសិកម្ម ចំណីអាហារ គ្រឿងសង្ហារិម គ្រឿង​ម៉ាស៊ីន សំណង់ តម្បាញ និង​ដេរ​ផ្នែក​ឧស្សាហកម្ម និង​ផ្នែក​មើលថែទាំ​មនុស្ស​ចាស់​ជាដើម​៕

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...