សាក្សីទាំង ៦រូប ក្នុង​សវនាការ​ក្របខ័ណ្ឌ​សភា​អាមេរិក ដែល​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៩។ (ពី​ស្តាំ​ទៅ​ឆ្វេង) លោក ចន ស៊ិហ្វថុន (John Sifton) នាយក​តស៊ូ​មតិ​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ, អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ដែល​ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​គោល​នយោបាយ នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី របស់​អង្គការ the Heritage Foundation, អ្នកស្រី ចេស៊ីកា ឆែមផេន (Jessica Champagne) នាយិកា​រង​របស់​សមាគម​សិទ្ធិកម្មករ Worker Rights Consortium, លោក ដានីញ៉ែល មិចឈែល (Daniel K. Mitchell) ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GreenWolf International, លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធផ្ស​ព្វផ្សាយ (CCIM) និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ Central)។
16
កញ្ញា

សាក្សី​ក្នុង​សវនាការ​សភា​ស្នើ​ឱ្យ​អាមេរិក​ដាក់​សម្ពាធ​កម្ពុជា​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ

សាក្សី​ក្នុង​សវនាការ​ក្របខ័ណ្ឌ​សភា​អាមេរិក កាលពី​ថ្ងៃទី១១ ខែ​កញ្ញា ដែល​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក សុទ្ធតែ​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​បន្ថែម ដើម្បី​ឱ្យ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ អ្នក​ទាំងនោះ​សង្ឃឹម​ថា ការ​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​សវនាការ​នេះ នឹង​បានជា​ប្រយោជន៍ដល់សមាជិក​​សភា និង រដ្ឋាភិបាល​អាមេរិក យក​ទៅ​ពិចារណា ដើម្បី​ចាត់​វិធានការណ៍​ទាំងនេះ។

សាក្សី​ប្រាំ​មួយ​រូប​ពី​អង្គការ​សង្គម​ស៊ីវិល និង វិស័យ​ឯកជន​ផង បាន​លើកឡើង​ពី​បញ្ហា​ជាក់ស្ដែង​ដែល​កំពុង​កើត​មាន នៅ​ប្រទេស​កម្ពុជា ជាពិសេស​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ការងារ និង សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ រួម​នឹង​ឥទ្ធិពល​ចិន​លើ​រដ្ឋាភិបាល​កម្ពុជា​ផង។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ Central) លោក មឿន តុលា ដែល​ជា​សាក្សី​មួយ​រូប​ដែរ​នោះ ថា ស្ថានភាព​ជីវភាព​កម្មករ​កម្មការិនី នៅ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុងក្រោយ​នេះ នៅ​មិនទាន់​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ។ បន្ថែម​លើ​ប្រាក់ខែ​មិន​ទាន់​សមរម្យ​នេះ លោក​ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​សហជីព ក៏​នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នៅឡើយ​។ ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​ក្នុង​វិស័យ​ការងារ​នេះ គឺ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​សហជីព​កម្មករ ដោយសារតែ​ច្បាប់​ថ្មី​នោះ​ឯង៖ «ប៉ុន្តែ​អ្វី​ជា​ចំណុច​បន្ថែម នៅ​លើ​ចំណុច​បី​ដែល​ខ្ញុំ​បាន​ផ្ដល់​សក្ខីកម្ម​ឆ្នាំ ២០០៩​ហ្នឹង គឺ​រឿង​ច្បាប់​សហជីព​នេះឯង។ ច្បាប់​នេះ​វា​ធ្វើ​ឱ្យ បំពាន​ទៅលើ​ធម្មនុញ្ញ​ផង ធ្វើ​ឱ្យ​បំពាន​ទៅលើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​កម្ពុជា​យើង​ផ្ដល់​សច្ចាប័ន​ផង»។

សក្ខីកម្ម​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​វិស័យ​ការងារ​នេះ ត្រូវ​បាន​សាក្សី​មួយ​រូប​ទៀត ដែល​ជា​នាយិកា​រង​របស់​សមាគម​សិទ្ធិ​កម្មករ ដែល​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​កម្មករ​នៅ​ទូទាំង​ពិភពលោក អ្នកស្រី ចេស៊ីកា ឆែមផេន (Jessica Champagne) ថា​ការបាត់បង់​សេរីភាព​ផ្នែក​សហជីព​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផលប្រយោជន៍​កម្មករ ដោយសារ​អ្នក​ទាំងនោះ ខ្វះ​អ្នកតំណាង​។ អ្នកស្រី​បន្ថែម​ថា ជា​ញឹកញាប់​អ្នក​ហ៊ាន​តវ៉ា​ដើម្បី​ប្រយោជន៍​កម្មករ​នេះ រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត។

ស្រប​ពេល​ដែល​សាក្សី​ខាង​វិស័យ​ការងារ​ព្រួយបារម្ភ​ពី​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ សាក្សី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯណោះ គឺ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ (CCIM) លោក ប៉ា ងួនទៀង លើកឡើង​អំពី​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ ជាពិសេស​សំឡេង​ប្រឆាំង។ លោក ប៉ា ងួនទៀង បង្ហាញ​តួលេខ​អំពី​ករណី​រំលោភបំពាន​ធំៗ រួមមាន​ទាំង​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​លោក កឹម សុខា ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ។

សាក្សី​ពី​ខាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) គឺ​លោក លោក ចន ស៊ិហ្វថុន (John Sifton) ដែល​ជា​នាយក​តស៊ូ​មតិ​ប្រចាំ​អាស៊ី ថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​ជា​រឿង​អ្វី​ថ្មី​នោះ​ទេ​។ លោក​បន្ថែម​ថា សក្ខីកម្ម​របស់​លោក បញ្ជាក់​បន្ថែម​អំពី​អំណាច​ផ្ដាច់ការ ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន ដែល​ក្រាញ​អំណាច និង ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​សព្វបែបយ៉ាង​រង​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ ដែល​សហគមន៍​អន្តរជាតិ ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ខ្លាំងក្លា និង​ជាបន្ទាន់។

អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ដែល​ជា​អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី របស់​អង្គការ the Heritage Foundation ឯណោះ ថា ការរៀបចំ​ការ​បោះឆ្នោត ដែល​ផាត់​ចោល​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​បែបនេះ គឺ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ក្លាយ​របប​ឯក​បក្ស និង ត្រូវ​ងាក​ខ្លាំង​ទៅ​រក​ចិន។ ការ​គ្រប់គ្រង​បែបនេះ ធ្វើ​ឱ្យ​លោក ហ៊ុន សែន បំផ្លាញ​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់បាន​ឱ្យ​កម្ពុជា​មាន​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។

សាក្សី​ខាង​វិស័យ​ឯកជន គឺ​លោក ដានីញ៉ែល មិចឈែល (Daniel K. Mitchell) ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GreenWolf International លើកឡើង​អំពី​ភាព​អយុត្តិធម៌​ក្នុង​វិស័យ​ធុរកិច្ច ដែល​ក្រុម​គ្រួសារ​ត្រកូល​អភិជន សុទ្ធ​តែ​មាន​បុព្វសិទ្ធិ និង​រួច​ផុត​ពី​ការ​ទទួល​ទោស បើ​ទោះ​បី​ជា​អ្នក​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស។

ក្រោយពី​បង្ហាញ​ភស្តុតាង​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ សាក្សី​ទាំងនោះ ក៏​បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន ដើម្បី​ជា​ដំណោះស្រាយ។ តំណាង​អង្គការ​សង្គម​ស៊ីវិល​ពី​ប្រទេស​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ស្ដីពី​សហជីព ដែល​រឹតត្បិត​សិទ្ធិ​កម្មករ​នោះ។ លោក មឿន តុលា សង្ឃឹម​ថា សក្ខីកម្ម​នេះ នឹង​ជួយ​ឱ្យ​សភា និង​រដ្ឋាភិបាល​អាមេរិក មាន​មូលដ្ឋាន ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ៖ «ខ្ញុំ​ជឿ​ថា អ្វី​ដែល​យើង​បាន​លើក​ឡើង​ថ្ងៃនេះ ខាង​គណៈកម្មាធិការ ថម ឡែនថុស នឹង​អាច​មាន​ជា​ដំណោះស្រាយ​ណាមួយ សម្រាប់​ទៅដល់​រដ្ឋបាល​លោក​ត្រាំ ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»។

ចំណែក​ឯ លោក ប៉ា ងួនទៀង ថា សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​ល្អ​មួយ។ ក៏ប៉ុន្តែ លោក​ស្នើ​ឱ្យ​ប្រទេស​ទាំងនេះ ពិចារណា​ឡើងវិញ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ការ​សហការ​ផ្នែក​ពាណិជ្ជកម្ម​ទាំងនេះ វា​ជា​ការ​ជួយ​ឱ្យ​មេដឹកនាំ​ក្រាញ​អំណាច កាន់តែ​មានឱកាស​ក្រាញ​អំណាច និង បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ត​ទៀត៖ «ដោយសារ​រដ្ឋាភិបាល​ពុករលួយ រដ្ឋាភិបាល​ផ្ដាច់ការ ដូច្នេះ​ផលប្រយោជន៍​ទាំងអស់​នោះ វា​ប្រមូល​ផ្តុំ​មក​លើ​តែ​រដ្ឋាភិបាល។ វា​ហាក់​ដូចជា​ជួយ​ទៅជា​កម្លាំង​ពួក​អ្នក​កាន់​អំណាច កាន់​តែ​មាន​កម្លាំង​ក្នុង​ការ​បង្ក្រាប​ប្រជាពលរដ្ឋ និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅវិញ»។

អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ស្នើ​ពីរ​ចំណុច ទី​មួយ​គឺ​ឱ្យ​សហរដ្ឋអាមេរិក​បង្កើន​ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន និង​ទី​ពីរ​ស្នើ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួប​ប្រជុំ​គ្នា ដើម្បី​ជួយ​រក​ដំណោះស្រាយ​រឿង​ខ្មែរ ព្រោះ​ប្រទេស​ទាំងនេះ នៅ​មិនទាន់​ចប់​ករណីយកិច្ច​របស់​ខ្លួន​នៅឡើយ៖ «ជា​ការ​ល្អ គេ​គួរតែ​អញ្ជើញ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ហត្ថលេខី កម្រិត​រដ្ឋមន្ត្រីការបរទេស ដើម្បី​ជួប​គ្នា​ផ្ដល់​យោបល់ និង អនុសាសន៍ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួលខុសត្រូវ ចំពោះ​ការ​ដើរ​ចាកចេញ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស​បែបនេះ​។ ក្រុម​ប្រទេស​ទាំងនេះ ត្រូវតែ​ជួប​ប្រជុំគ្នា ដើម្បី​ផ្ដោត​ខ្លាំង​លើ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា ដែល​រង​ការ​រឹតត្បិត ព្រោះ​អនាគត​ភ្លឺស្វាង​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេច គឺ​សម្រេច​ក្នុង​ស្ថានភាព​ដែល​ពួកគាត់​មាន​សេរីភាព​គ្រប់គ្រាន់»។

លោក ចន ស៊ិហ្វថុន (John Stifton) ស្នើ​ឱ្យ​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​មន្ត្រី​របប​លោក ហ៊ុន សែន បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​អ្នក​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម ដោយ​រួម​ទាំង​មន្ត្រី​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ផង ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។

ជុំវិញ​សវនាការ​នេះ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មិន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​លោក​ថា សវនាការ​នេះ​ជា​ការ​ឥតប្រយោជន៍ និង​ខ្វះ​ភាព​យុត្តិធម៌​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​គ្មាន​វត្តមាន​តំណាង​ពី​ខាង​រដ្ឋាភិបាល ទៅ​ឆ្លើយ​បំភ្លឺ​ដែរ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​។ ជា​សវនាការ​មួយ​ឆាកល្ខោន ដែល​គ្មាន​អ្នក​ដែល​ត្រូវ​ជាប់​ចោទ គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ពន្យល់​ប្រាប់​។ ដូចជា​ខាង EU យើង​ជជែក​គ្នា យើង​តតាំង​គ្នា ស្វែងរក​ការយល់​ពិតប្រាកដ​។ បើ​ធ្វើ​មួយ​ចំហៀង វា​បាន​តែមួយ​ចំហៀង​ហ្នឹង វា​គ្មាន​តម្លៃ​អ្វី ក្រៅ​តែ​ពី​ឆាកល្ខោន​តែប៉ុណ្ណោះ»។

ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​ទៅ​ចូលរួម​ស្ដាប់​សវនាការ​នោះ​ដែរ យល់​ថា សវនាការ​នេះ​មាន​សារសំខាន់​។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ លើកឡើង​ថា សវនាការ​នេះ បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ពិភពលោក​ខ្វល់ខ្វាយ​អំពី​រឿង​ខ្មែរ និង​ចង់​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «នៅ​ទីកន្លែង​នេះ គឺជា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សភា​សហរដ្ឋអាមេរិក​។ ដូច្នេះ​ខ្ញុំ​និង​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​បាន​មក​ចូលរួម​នេះ រំភើប​ណាស់។ អរគុណ​ដល់​អ្នក​ដែល​បង្ហាញ​ភស្តុតាង​ពី​មូលដ្ឋាន​ផង និង​ជន​អន្តរជាតិ​ផង​។ អស្ចារ្យ​មែនទែន​គឺ​មាន​អ្នកវិនិយោគទុន​មួយ​រូប ដែល​មក​ហ៊ាន​និយាយ ពីព្រោះ​ការ​វិនិយោគ​របស់​គាត់ មិន​អាច​ចំណេញ​បាន​ទេ បើ​សិន​អត់​មានការ​ពារ​សិទ្ធិមនុស្ស និង នីតិរដ្ឋ»។

សវនាការ ដែល​រៀបចំឡើង​ដោយ​ក្រុម​សមាជិកសភា​អាមេរិក ដែល​ជា​អ្នកគាំទ្រ​កម្ពុជា​ក្នុង​រដ្ឋសភា (the Congressional Cambodia Caucus) និង​គណៈកម្មការ​សិទ្ធិមនុស្ស ថម ឡែនថុស (Tom Lantos Human Rights Commission) បាន​បញ្ចប់​ទៅ​ហើយ នៅ​ឡើយ​តែ​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ ដែល​កំពុង​ជាប់​គាំង៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...