16
កញ្ញា

សកម្មជន​​ស្នើ​សភា​អាមេរិកាំង​​ចាត់វិធានការ​បន្ទាន់​​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

គណៈកម្មាធិ​ការ​សិទ្ធិ​មនុស្ស​Tom Lantos ​​​បាន​​ធ្វើ​សវនាការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​ប្រទេស​​កម្ពុជា​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ដឹង​កាន់តែ​ច្បាស់​និង​រិះរក​វិធី​ស្តារ​ឡើងវិញ​។

សកម្មជន​សិទ្ធិ​មនុស្សនិង​តំណាងពាណិជ្ជករដែលបាន​ផ្តល់​សក្ខីកម្មនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ​អំ​ពីស្ថានភាព​សិទ្ធិ​មនុស្សនៅកម្ពុជា​បានស្នើឱ្យសហរដ្ឋ​អាមេរិក​ពន្លឿន​វិធានការ​នានា​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើងវិញ។

​ក្នុងចំណោម​វិធានការ​ដែល​ស្នើ​ឡើង​រួម​មានការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​និងទិដ្ឋាការលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​វិនិយោគិន​ដែល​ស្និទ្ធ​នឹងមេដឹកនាំ​គណបក្ស​កាន់អំណាច។​

លោក Daniell K. Mitchell, Jr អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន GreenWolf International Ltd និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SRP International (Cambodia) Ltd ចូលរួម​ធ្វើ​ជា​សាក្សី​ម្នាក់​នៅក្នុង​សវនាការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិក​ស្តីពី​ការ​ពិនិត្យ​មើល​ស្ថានភាព​
លោក Daniell K. Mitchell, Jr អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន GreenWolf International Ltd និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SRP International (Cambodia) Ltd ចូលរួម​ធ្វើ​ជា​សាក្សី​ម្នាក់​នៅក្នុង​សវនាការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិក​ស្តីពី​ការ​ពិនិត្យ​មើល​ស្ថានភាព​ 

លោក​ដានីញ៉ែល មីតឆែល (Daniel K. Mitchell) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​SRP International Groupបាន​បញ្ជាក់​ពី​ការអស់​ជំនឿ​របស់​លោក​ក្នុង​ការមើល​ឃើញ​ប្រទេស​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ។

លោក​មីតឆែល​ដែល​ជា​វិនិយោគិន​អាមេរិកាំងនៅកម្ពុជា​រយៈពេល​២០ឆ្នាំ​មកហើយបាន​ប្រាប់​ដល់អង្គសវនាការ​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ Tom Lantos ​នៃ​សភា​តំណាងរាស្រ្ត​អាមេរិកាំងថាលោក​តែងតែ​មានជំនឿ​ថា​ក្នុង​ដំណាក់​កាល​អន្តរកាលគឺ​ប្រទេស​នានា​ត្រូវការ​«បុរសខ្លាំង‍»​ម្នាក់ដើម្បី​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​របប​ប្រជា​ធិប​តេយ្យស្ថិតស្ថេរ​មួយ​ប៉ុន្តែ​ក្តីរំពឹង​របស់​លោក​ត្រូវបាន​បញ្ចប់​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន៖

«រហូតមកដល់ឆ្នាំ​២០១៧​ខ្ញុំគិត​ថា​ប្រទេស​កម្ពុជា​កំពុងតែ​ដើរឆ្ពោះទៅ​ដំណាក់កាល​នោះ(គឺ​ការ​ឈានទៅរកលទ្ធិ​ប្រជាធិបតេយ្យ) ប៉ុន្តែ​នៅ​ពេល​ដែល​បុរសខ្លាំង​ចាប់​ផ្តើម​ផ្តាច់​នីតិរដ្ឋ​គឺ​កម្ពុជា​ឈាន​ទៅរក​ផ្លូវផ្តាច់ការមួយ។ ដល់ពេល​ដែល​កម្ពុជា​បង្ហាញ​សកម្មភាព​ដោយ​សុទ្ធចិត្ត​ប្រសិន​បើ​ពួកគេ​ចង់​ធ្វើការកែប្រែ​ចាំបាច់​ឱ្យ​បាន​ប្រសើរឡើង‍»។​

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​ជាង​៣០ឆ្នាំ​បាន​បង្កើនយុទ្ធនាការ​បង្រ្កាប​លើ​អង្គការ​សង្គមស៊ីវិល ​បណ្តាញ​សារព័ត៌មាន​និង​ក្រុម​ប្រឆាំងក្នុង​រយៈ​ពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​នេះ​រហូត​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិនិង​រឹបអូស​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង​៥០០០។​

លោក​មីតឆែល​បន្ត​ថា​លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​តំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ (GSP) ​ដែល​កម្ពុជា​ទទួលបាន​ពីសហរដ្ឋ​អាមេរិក​ប៉ុន្តែ​បាន​ដក​សំណើ​វិញ​ដើម្បី​ទុក​ឱកាសឱ្យ​មាន​ការចរចា​សម្រប​សម្រួល​គ្នា។ ប៉ុន្តែ​លោក​នឹង​ពិចារណា​ដាក់សំណើ​ជាថ្មី​ឱ្យ​បញ្ចប់​GSP​នៅ​ពេល​ខាងមុខ។

លោក​បន្ថែម​ថា៖

«លោក​នាយករដ្ឋមន្ត្រីហ៊ុនសែន​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្លងកាត់​ដំណាក់កាលនៃការ​សម្រេច​សមិទ្ធិផល​ជាច្រើន​ ក្នុងនោះ​មាន​សុខសន្តិភាព​និង​ការរីកចម្រើនសេដ្ឋកិច្ច​ប៉ុន្តែ​គាត់មិនមែន​បាន​មក​តែ​ម្នាក់ឯង​ទេ។ ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​សហភាពអឺរ៉ុប​គឺជា​កត្តា​ដ៏សំខាន់​។ នៅពេល​នេះ​យើង​ត្រូវ​សួរខ្លួន​ឯង​ថា​យើង​ផ្តល់​កំណើនសេដ្ឋកិច្ច​ដើម្បី​ទុក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើន​ការដឹកនាំផ្តាច់ការ​ទៀត​ឬ​យ៉ាងណា?‍»។

គណៈកម្មាធិ​ការ​សិទ្ធិ​មនុស្ស​Tom Lantos ​បានធ្វើ​សវនាការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​ប្រទេសកម្ពុជា​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ដឹង​កាន់តែ​ច្បាស់​និង​រិះរក​វិធី​ស្តារ​ឡើងវិញ​។

សាក្សី​ដទៃទៀត​បាន​ថ្លែងពី​ទុក្ខ​លំបាករបស់​ក្រុមសហជីព​ដែល​ថ្នាក់​ដឹកនាំ​របស់​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​ដើម្បី​ជាការសងសឹក​ចំពោះការ​ងើបឈរ​ការពារផលប្រយោជន៍កម្មករហើយ​កម្មករខ្លះ​ទៀត​មិន​ហ៊ាន​ចូលរួម​សកម្មភាព​សហជីព​ទេ​ដោយ​សារតែ​ថៅកែផ្តល់កិច្ចសន្យា​រយៈពេល​ខ្លី។

លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល់ លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ VOA មុនពេល​ចូលរួម​សវនាការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិក​ស្តីពី​ការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA)
លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល់ លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ VOA មុនពេល​ចូលរួម​សវនាការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិក​ស្តីពី​ការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA) 

​លោក​ មឿន តុលា ​នាយក​ប្រតិបត្តិ​អង្គការសម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស​ ហៅកាត់​ថា ​សង់ត្រាល់​បាន​បញ្ជាក់​បន្ថែម​ថាប្រាក់បៀវត្សរ៍កម្មករ​មិនគ្រប់គ្រាន់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ក្នុង​ការ​ធ្វើ​សកម្មភាព​សហជីព​ផង​ដែរ៖

«ប្រាក់ខែ​ទាប​ក៏ប៉ះពាល់​ដល់​លទ្ធភាព​របស់​ពួកគេ​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​សហជីព​សេរី​ផង​ដែរ។ កម្មករ​ដែល​មានសេចក្តី​ក្លាហាន​ចេញមុខ​បង្កើត​សហជីព​ត្រូវ​ថៅកែ​បញ្ឈប់ពីការងារ​ហើយ​ដោយសារតែ​ប្រាក់​ខែ​ទាបជាង​កម្រិត​ជីវភាព​ជាមូលដ្ឋាន​គឺ​ពួកគេ​រស់​បាន​តែមួយរស់ៗ​ហើយ​មិន​ហ៊ាន​ប្រថុយ​ចូលរួម​ក្នុង​សហជីពទេ‍»​។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ចូលរួម​ធ្វើ​ជា​សាក្សី​ម្នាក់​នៅក្នុង​សវនាការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិក​ស្តីពី​ការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA)
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ចូលរួម​ធ្វើ​ជា​សាក្សី​ម្នាក់​នៅក្នុង​សវនាការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិក​ស្តីពី​ការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA)

ទន្ទឹម​នឹងនោះ​ក៏មាន​ការតាមដាន​ឈ្លបយកការណ៍​លើ​អ្នកសារព័ត៌មាន សហជីពកម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត។ នេះ​បើតាមសក្ខីកម្ម​របស់​លោក​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ។

លោក ស្ទីវ ឆាបុត្រ​ អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​អូហៃយូ​និង​ជា​សហប្រធាន​នៃ​ក្រុមការងារ​សភាតំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការកម្ពុជា​ យល់​ថា​ការណ៍​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ដោយសារតែ​ខ្លាច​បាត់បង់អំណាច​ហើយ​ក៏​ដើម្បី​បង្ហាញ​ថា​គឺខ្លួនលោក​ទេ​ដែលជា​ម្ចាស់ប្រទេស​កម្ពុជា​គឺមិនមែន​ពលរដ្ឋ​ឡើយ។

លោកឆាបុត្រ​បាន​បន្ថែម​ថា​ពេលវេលា​ត្រូវ​លេងល្បែង​របស់​លោកហ៊ុនសែនបាន​មកដល់​ទីបញ្ចប់​ហើយ​ដំណាក់កាល​ទៅមុខ​គឺ​ការដាក់ទណ្ឌកម្ម​៖

«មាន​គេ​ប្រាប់​ខ្ញុំ​ថា​ប្រទេស​កម្ពុជា​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹងសហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​រឿង​ល្អ​ពីព្រោះ​យើង​ក៏ចង់មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេសកម្ពុជា​ដែរ។ ខ្ញុំ​សូមបញ្ជាក់​ឱ្យ​ច្បាស់​ថា​ប្រទេស​កម្ពុជា​ទទួល​ខុសត្រូវ​ក្នុងការធ្វើ​ឱ្យ​ទំនាក់ទំនង​ធ្លាក់ចុះ​គឺមិនមែន​សហរដ្ឋ​អាមេរិក​ទេ​ដូច្នេះ​ប្រទេស​កម្ពុជា​ត្រូវ​តែ​ដោះស្រាយ​បញ្ហា។ ក្នុងនោះ​មានការបញ្ឈប់​ការធ្វើទុក្ខទោស​គណ​បក្សប្រឆាំង​និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរីនិង​ត្រឹមត្រូវ​។ បើ​លោក​ហ៊ុន សែន​ចង់​បាន​ទំនាក់​ទំនង​ល្អគឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​ដូច​ការនិយាយ‍»។​

ទណ្ឌកម្ម​ដែល​អ្នកតាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិកកំពុង​ដំណើរការ​ឱ្យ​ដាក់​ទណ្ឌកម្ម​គឺ​ការដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ (GSP) ​ដែល​កម្ពុជា​នាំ​ទំនិញ​ដោយ​រួច​ពន្ធ​ចូលកម្ពុជា​ក្នុង​បរិមាណ​ជាង​៤០០​លាន​ដុល្លារ​កាលពីឆ្នាំ​២០១៨។​ ក្រៅពីនេះ​សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​ដោយ​ទទួល​ទិញ​ក្នុង​ទំហំ​ទឹកប្រាក់ចំនួន​៣,៨ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ។

អ្នកជំនាញ​សិទ្ធិ​មនុស្ស​ដូចជា​លោកស្រី អូលីវៀ អឺណុស នៃ​មូលនិធិ​Heritage ​បាន​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​មន្ត្រី​កម្ពុជាជាមុន​សិន​មុន​នឹង​ឈាន​ដល់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារតែ​លោកស្រី​យល់​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​គឺ​នឹង​ប៉ះពាល់ដល់​កម្មករ​ក្រីក្រ​ទាំងនោះ​ផងដែរ។

យ៉ាងណាក៏ដោយ ​រដ្ឋាភិបាល​កម្ពុជាបាន​ជំទាស់​នឹង​ការរិះគន់ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិនល្អ។

លោក​កត្តា អ៊ន ​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ក្នុងស្រុក​គឺយើង​ឃើញ​ថា​ប្រជាជន​យើង​កំពុងតែ​សប្បាយ​រីករាយក្នុង​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​សព្វបែបយ៉ា​ង​ សប្បាយ​រីករាយ​ក្នុង​ការដែល​ធានា​បាន​រស់នៅ​ក្នុង​សន្តិភាព​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ហើយ​ការប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ ការបញ្ចេញមតិ​អ្វីផ្សេង​ៗ​ទាំងអស់​គឺ​ពុំមានអ្វី​កើត​ឡើង​នៅ​កម្ពុជា​នៅពេល​នេះទេ‍»។​

លោក កត្តា អ៊ន ក៏បាន​ជំទាស់​នឹង​សភាតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ដែល​យក​បញ្ហា​របស់​កម្ពុជា​មក​ពិភាក្សា៖

«បើសិន​ជាប្រទេស​មួយ​យក​កិច្ច​ការ​ប្រទេស​មួយ​ទៀត​ទៅ​ពិនិត្យ​នោះ​ជារឿង​មួយ​រំលោភ​ច្បាប់​អន្តរជាតិ​ហើយ​។ មាត្រា​២នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​បាន​ចែង​ថា​មិន​ឱ្យ​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​រដ្ឋ​ជាសមាជិក។ អីចឹង​បើសិនជា​សភាអាមេរិក​យក​ករណី​ប្រទេស​កម្ពុជា​ទៅពិភាក្សា​ហើយ​ដាក់​គំនាប​ផ្សេងៗ​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ជាការរំលោភ​ច្បាប់​អន្តរជាតិ‍»។​

ប៉ុន្តែ​អតីត​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​អាច​លាក់​បាំង​នឹង​សហគមន៍អន្តរជាតិ​បាន​ទៀតទេ។​

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ ចូលរួម​ស្តាប់​សវនាការ​ស្តី​ពីការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA)
លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ ចូលរួម​ស្តាប់​សវនាការ​ស្តី​ពីការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA)

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​ស្តាប់​សវនាការ​បាន​បញ្ជាក់​ថា​វាជា​ការសំខាន់​ណាស់​ដែល​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ត្រូវស្តាប់​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​វិនិយោគទុន​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ដើម្បី​ធ្វើការសម្រេច​គោល​នយោបាយ​ត្រឹមត្រូវ​លើ​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ទៀត​ថា៖

«ខ្ញុំ​ជឿជាក់​ថា​អ្វី​ដែល​បានកើត​មានឡើង​នៅ​កម្ពុជា​ហ្នឹង​ទោះបី​ជា​របប​លោក​ហ៊ុន​សែន​ខិតខំបិទបាំង​យ៉ាងណា​ក៏វាមិនអាចបិទបាំងជិតដែរ​ព្រោះពិភពលោក​ទាំងមូល​គេបាន​ដឹងឮ​ គេមើលឃើញ​ទាំង​អស់​គ្នា​ មិនមែន​ត្រឹមតែ​ប្រជារាស្ត្រខ្មែរទេ‍»។ ​

រីឯលោក​ទូច វិបុល ប្រធាន​អង្គការសម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង​បាន​ប្រាប់​វីអូអេ​នៅ​ក្រោយ​កិច្ច​ប្រជុំ​ថា​៖

«ជាធម្មតា​យើង​មិន​អាច​យក​ចង្អេរបិទ​ដំរី​ដែល​ងាប់​ហ្នុង​ទេ​ពីព្រោះ​រឿង​នេះ​វាជះ​ក្លិន​អសោច​រាប់​ឆ្នាំ​មក​ហើយ​មិនមែន​មួយឆ្នាំ​ពីរឆ្នាំ​ចុងក្រោយ​នេះទេ​គឺ​ចាប់​តាំងពីឆ្នាំ​១៩៩៣​រហូត​ដល់ពេល​បច្ចុប្បន្ន។ អីចឹង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ជាពិសេស​អ្នកស្រី​រ៉ូណាស្មីត​ក៏បាន​ចេញ​សេចក្តី ណែនាំ​រដ្ឋាភិបាល​ឱ្យ​កែលម្អ​ចំណុច​មួយ​ចំនួន​ពាក់​ព័ន្ធ​ការរំលោភសិទ្ធិមនុស្ស​រំលោភ​លើ​កម្មករ​ដូច​លោកមឿន តុលា​បាន​រាយការណ៍ ជាពិសេស​រំលោភ​លើ​គោលការណ៍​ប្រជាធិបតេយ្យ‍»។​

បន្ទាប់ពី​សវនាការ​នេះ​គឺ​អ្នកតំណាងរាស្រ្ត​នឹង​ត្រូវ​ជួបពិភាក្សា​គ្នា​បន្តទៀត​ដើម្បី​សម្រេច​ថាត្រូវ​ចាត់​វិធានការ​អ្វី​ជាបន្តទៀត។​ នេះ​បើតាមការបញ្ជាក់​របស់​លោក​អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​និង​ជា​សហប្រធាន​ក្រុមការងារ​នៃ​សភា​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...