07
តុលា

ក្រសួង​ការងារ​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​ដូច​ធម្មតា​វិញ ក្រោយ​ចេញ​បម្រាម​ជាង​១​ខែ

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុញ្ញាត​ឱ្យ​ជនបរទេស អាច​ប្រកប​មុខរបរ​រកស៊ី​នៅ​កម្ពុជា​ឡើងវិញ​ជា​ធម្មតា បន្ទាប់ពី​ចេញ​បម្រាម​ហាមឃាត់​មិន​ទាន់​បាន​ពីរ​ខែ​ផង។ សង្គម​ស៊ីវិល និង​សហជីព សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រសួង​ការងារ​នេះ ព្រោះ​ពួកគេ​យល់​ថា នេះ​ជា​ការ​បើកឱកាស​ឱ្យ​ជនជាតិ​បរទេស​ដណ្ដើម​ការងារ​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន។

បន្ទាប់ពី​ហាមឃាត់​បរទេស​មិន​ឱ្យ​ប្រកបមុខរបរ​មួយ​ចំនួន​បាន​ជាង​១​ខែ ស្រាប់តែ​ក្រសួង​ការងារ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ ដែល​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា បង្ហាញ​ថា ការអនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​នេះ ដោយសារ​តែ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ និង​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា សេចក្តី​ជូនដំណឹង​ថ្មី​នេះ គឺ​ផ្ទុយ​ពី​សេចក្តី​ប្រកាស កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា កន្លងទៅ​ដែល​ក្រសួង​ការងារ បាន​ដាក់​កំហិត​មិន​ឱ្យ​ជនបរទេស​ធ្វើការ និង​ប្រកបមុខរបរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា ដើម្បី​ការពារ​ទីផ្សារ​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ មុខរបរ​ដែល​ស្ថិត​ក្នុង​បម្រាម​ទាំងអស់​នោះ​រួមមាន អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម ការលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចាប់​សសៃ​តាម​សាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សា​សម្ផស្ស សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ជាងទង និង​ជាង​ច្នៃ​ត្បូង​ពេជ្រ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​អំពី​រឿង​​​​​​​​នេះ ពី​រដ្ឋមន្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួង​ការងារ លោក អ៊ិត សំហេង និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បានទេ​នៅ​ថ្ងៃទី​០៦ តុលា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​សហព័ទ្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ថ្លែង​ថា នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​​ដែល​ក្រសួង​ការងារ​ចេញ​សេចក្តី​​សម្រេច គ្មាន​ភាព​​​​​​​​​​​​​​​ជាក់លាក់​ដូច្នេះ​។ លោក​បន្ថែម​ថា ក្តី​រំពឹង​របស់​ពលរដ្ឋ​ដែល​ថា នឹង​​​​​​​​​​​​មាន​មុខ​របរ​សម​រម្យ ហើយ​មិន​មាន​ជនបរទេស​ដណ្ដើម​ការ​ងារ​ពី​ពួកគាត់​នោះ ត្រូវ​បាន​រលាយ​ទៅវិញ​ហើយ តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​នេះ៖ «កន្លងមក យើង​មានការ​បារម្ភ​ថា ករណី​នេះ​ធ្វើ​ឱ្យ​បាត់បង់ ចំណូល​និង​បាត់​បង​មុខរបរ​រកស៊ី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​នៅ​ពេល​ដែល​ក្រសួង​ហាមឃាត់​រួច ហើយ​បែរ​ជា​លុបចោល​វិញ​។ យើង​ខកចិត្ត​ខ្លាំង​ហ្មង ហើយ​ផល​ប៉ះពាល់​មិនមែន​តែមួយ​ផ្នែក​ទេ គឺ​យើង​រាប់ទាំង​ការងារ​ខាងក្រោម​តូចៗ គឺ​ជនបរទេស​យក​ធ្វើ​ឡើងវិញ​ទាំងអស់​។​ការងារ​អ៊ុតសក់ កាត់សក់ ធ្វើ​ក្រចក រុញ​រទេះ​លក់​តាម​ផ្លូវ សុទ្ធ​តែ​ជា​ការងារ​ដែល​ខ្មែរ​យើង​អាច​ធ្វើ​បាន ដូច្នេះ​ហេតុ​អី បានជា​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គេ​មក​រក​ស៊ី​មុខ​របរ​ទាំងនេះ​ទៅវិញ»។

លោក ម៉ម រិទ្ធី បារម្ភ​ថា ការអនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង​នេះ គឺជា​បើកឱកាស​ឱ្យ​ជនបរទេស​ដណ្ដើម​ការ​ងារ​ពី​ពលរដ្ឋ​ខ្មែរ ហើយ​គឺជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​អត់​ការងារ​ធ្វើ និង​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន៖ «បាត់​មុខរបរ​ទាំងនេះ​ហើយ​ធ្វើ​ឱ្យ​ប្រជាជន​ចំណាកស្រុក​កាន់ តែ​ច្រើន​ទៅៗ​។​យើង​មើល​ឃើញ​នៅ​ប្រទេស​ថៃ​វិញ គ្រាន់តែ​ខ្មែរ​យើង​រុញ​រទេះ​លក់​គេ​ចាប់​ភ្លាម គេ​មិន​បើក​ឱ្យ​យើង​រុញ​រទេះ​លក់​ទេ គេ​ត្រឹមតែ​ឱ្យ​យើង​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​គេ​ទេ ហើយ​ធ្វើ​ការងារ ដែល​បាន​ប្រាក់ខែ​តិច​និង​ការងារ​ដែល​ប្រជាជន​គេ​មិន​ធ្វើ​ថែមទៀត​។​ហេតុ​អី​ទើប​គេ​ធ្វើ​អ៊ីចឹង ព្រោះ​គេ ចង់​ថែរក្សា​មុខរបរ​ឱ្យ​ប្រជាជន​របស់​គេ ។​ចុះ​យើង​ហេតុ​អី​មិន​ធ្វើ​ដូច​គេ»។

ប្រធាន​សហជីព​ខាង​វិស័យ​ទេសចរណ៍​រូប​នេះ សង្ស័យ​ថា ការអនុញ្ញាត​ឱ្យ​ជនជាតិ​បរទេស​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​នេះ ប្រហែលជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ទទួល​សំណើ​ពី​រដ្ឋាភិបាល​ចិន ឬ រដ្ឋាភិបាល​វៀតណាម ដោយសារតែ​ពលរដ្ឋ​របស់​ប្រទេស​ទាំងពីរ​នេះ កំពុង​មាន​វត្តមាន​រកស៊ី​មុខរបរ ស្ទើរ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។ លោក​កត់សម្គាល់​ថា តំបន់​ដែល​ពួកគេ​ដណ្ដើម​ការងារ​ខ្មែរ​ច្រើន​ជាងគេ មាននៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ដោយសារ​តំបន់​ទាំងនេះ​សំបូរ​ជនបរទេស​រស់នៅ និង​មាន​កំណើន​សេដ្ឋកិច្ច​គ្រាន់បើ​ជាងគេ​នៅ​កម្ពុជា​។

រីឯ​អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើង​ថា ចំណាត់ការ​របស់​ក្រសួង​ការងារ​កន្លងមក គឺ​គ្រាន់តែ​ដើម្បី​ឆ្លើយតប​ចំពោះ​ប្រតិកម្ម​របស់​សាធារណជន​មួយ​ភ្លែត​ប៉ុណ្ណោះ គ្មាន​ភាព​ប្រាកដ​ប្រជា​នោះ​ទេ​។ លោក​សង្កេត​ឃើញ​ថា ជនជាតិ​បរទេស មិន​ត្រឹម​តែ​មាន​សិទ្ធិ​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​នោះ​ទេ ប៉ុន្តែ​សូម្បីតែ​ការងារ​ជំនាញ​ផ្សេង ៗ​ក៏​ពួកគេ​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់ខែ​ខ្ពស់​ជាង​ពលរដ្ឋ​ខ្មែរ​ដែរ ទោះបីជា​ការងារ​និង​តួនាទី ដូចគ្នា​ក្ដី។ លោក​ស្នើសុំ​ឱ្យ​ក្រសួង​ការងារ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធានា​រក្សា​ទី ផ្សារ​ការងារ​សម្រាប់​ព​ល​រដ្ឋ​ម្ចាស់​ប្រទេស​ជា​អាទិភាព៖ «យើង​ត្រូវ​គិត​ថា ធម្មតា​ទីផ្សារ​សេរី​ហើយ​ក្នុង​បរិបទ​អាស៊ាន គឺ​យើង​មិន​អាច​រើសអើង​ការ​ប្រកប​វិជ្ជាជីវៈ​មុខរបរ​ទេ ប៉ុន្តែ​យើង​ត្រូវ​មាន​កំណត់​លក្ខខណ្ឌ​បែប​ណា ប្រភេទ​មុខរបរ​ណា កុំ​ឱ្យ​វា​ប៉ះពាល់​នឹង​ទីផ្សារ​ការងារ​ពលរដ្ឋ​ខ្មែរ​ដែល​គាត់​មាន​ជំនាញ​វិជ្ជាជីវៈ ប្រហាក់ប្រហែល​នឹង​កម្មករ​បរទេស​ដែរ ។​មិន​ថា​ប្រទេស​ណា​នោះ​ទេ គឺ​គេ​មាន​កម្រិត​លក្ខខណ្ឌ​មួយ ដើម្បី​ធានា​ថា ការងារ​ក្នុង​ស្រុក ត្រូវ​ប្រគល់​ជូន​អាទិភាព​សម្រាប់​ម្ចាស់​ស្រុក​មិនមែន​ជនបរទេស នោះ​ទេ»។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចេញ​កាលពី​ខែ​មីនា ឆ្នាំ​២០១៩ បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ ក្រសួង​បាន​ផ្តល់​បណ្ណែ និង​សៀវភៅ​ការងារ​ដល់​ជនបរទេស​ជាង​១៣​ម៉ឺន ៥​ពាន់​( ១៣៥,២០១)​នាក់។

ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏បាន​ប្រតិកម្ម​ចំពោះ​ការប្រកាស​របស់​ក្រសួង​ការងារ​នេះ​នៅ​លើ​បណ្តាញ សង្គម​ហ្វេសប៊ុក​ដែរ។ ពួកគេ លើកឡើង​ថា គ្មាន​ប្រទេស​ណាមួយ​បើកដៃ​ឱ្យ​ជនបរទេស​រកស៊ី​គ្រប់ ប្រភេទ​នោះ​ទេ​។ ពួកគេ លើកឡើង​ថា ប្រជាពលរដ្ឋ​វៀតណាម និង​ជនជាតិ​ចិន កំពុងតែ​ហូរ​ចូល​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រកស៊ី​និង​ធ្វើ​ការងារ​ស្ទើរ​គ្រប់​វិស័យ រាប់​ចាប់ពី​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់​មុខរបរ​តូចតាច​ជាដើម ដែល​ទាំងអស់​នេះ បាន​បង្ក​ជា​ក្តី​កង្វល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មូលដ្ឋាន​ដែល​ប្រកបមុខរបរ​ដូចគ្នា​។ ស្រប​ពេល​ជនបរទេស​សម្រុកចូល​មក​ដណ្ដើម​ការងារ​និង​មុខរបរ​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​។ ប្រជា​ពលករ​ខ្មែរ​ខ្លះ ត្រូវ​បាន​ថៅកែ​បរទេស រំលោភបំពាន​សិទ្ធិ​ការងារ កេងប្រវ័ញ្ច​កម្លាំង ពលកម្ម និង​រំលោភបំពាន​ផ្លូវ​ភេទ ហើយ​អ្នកខ្លះ​ត្រូវ​ជាប់គុក​និង​បាត់បង់​ជីវិត​នៅ​ស្រុក​គេ​ទៀត​ផង៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...