16
តុលា

បុគ្គលិក​ក្រុមហ៊ុន​ ណាហ្គា វើលដ៍ ជួប​គ្នា​រៀបចំ​ផែនការ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​រៀបចំ​នីតិវិធី ផ្សេងៗ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ ការងារ​ដោយ​គ្មាន​ហេតុផល​សមរម្យ​ជាង ១ខែ​ហើយ។ ពួក​គេ​លើក​ឡើង​ថា ប្រសិន បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ទេ ពួក​គេ​នឹង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន ដើម្បី​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់​អាស៊ី​សេរី​ថា ការ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ​របស់​បុគ្គលិក​នេះ គឺ​មាន​គោល​បំណង​ចែក​រំលែក​ព័ត៌មាន​នៃ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​កន្លង​មក ការ​ធ្វើ​ញត្តិ​ប្ដឹង​ទៅ​រដ្ឋមន្ត្រី ក្រសួង​ការងារ​កុំ​ឲ្យ​ចាត់​ទុក​ករណី​ក្រុមហ៊ុន​ព្យួរ​ការងារ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាវិវាទ បុគ្គល និង​ការ​រៃអង្គាស​ថវិកា​សម្រាប់​ត្រៀម​ធ្វើ​បាតុកម្ម ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។

តំណាង​បុគ្គលិក​រូប​នេះ បន្ត​ថា បុគ្គលិក​ភាគ​ច្រើន​ គឺ​មិន​សប្បាយ​ចិត្ត​ទេ ចំពោះ​ការ​ព្យួរ​ការងារ ប្រធាន​សហជីព​ដ៏​សកម្ម​ម្នាក់​នេះ។ អ្នក​ស្រី​បន្ត​ថា ពួក​គេ​នៅ​តែ​បង្ហាញ​ជំហរ សាមគ្គី​រឹងមាំ​ក្នុង​ការ​ទាមទារ ៤ចំណុច​គឺ ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃបុណ្យ​ជាតិ​ បញ្ឈប់​ប្រធាន​ប្រតិបត្តិ​ការ​ផ្នែក​កាស៊ីណូ​ជា​ជន​បរទេស​ម្នាក់​ ដែល​មាន​ចរិត​មិន​ល្អ​ និង​ដំឡើង​ប្រាក់​ឈ្នួល ៣០០ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​ និង ៥០០ដុល្លារ​ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ៖ «យើង​នឹង​ធ្វើ​បាតុកម្ម ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ។ យើង​មិន​ទាន់​កំណត់​ពេល​វេលា​ណា​មួយ​ថា នឹង​ធ្វើ​ទេ ព្រោះ​ពេល​នេះ​យើង​ចង់​ដើរ​ឲ្យ​អស់​នីតិវិធី​ច្បាប់​ក្នុង​ប្រទេស​ខ្មែរ​យើង​សិន»

ក្រុមហ៊ុន​កាស៊ីណូ​ ណា​ហ្គាវើលដ៍​ បាន​ព្យួរកា​រងា​រក​ញ្ញា​ ឈឹម​ ស៊ី​ថរ​ កាលពី​យប់​ថ្ងៃ​ទី២០​ ខែ​កញ្ញា។ ការ​ព្យួរ​ការងារ​នេះ​ ដោយ​សារ​ស្ត្រី​សហជីព​វ័យ​ក្មេង​រូប​នេះ​ បាន​តាម​សួរ​នាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ ឆែក​កាបូប​បុគ្គលិក​ម្នាក់​ ហើយ​បានឃើញ​ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសរ​ថា​ «ក្រុមហ៊ុន​រីកចម្រើន​ បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»។ ក្រុមហ៊ុន​ចោទ​ថា​ កញ្ញា​ ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល។ កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា ក្រសួង​ការងារ បាន​ហៅ​តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព​ទៅ​ផ្សះផ្សា ប៉ុន្តែ​មិន​បាន​លទ្ធផល​ឡើយ ដោយសារ​ក្រុមហ៊ុន​នៅ​តែ​បដិសេធ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ ហើយ​ក្រសួង​បាន​ចាត់​ទុក​ករណី​ព្យួរ​ការងារ​នេះ​ថា ជា​វិវាទ​បុគ្គល។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើល​ឃើញ​ថា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​តែ​មាន សាមគ្គី​ភាព​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ និង​ចរចា​ជាមួយ​សហជីព​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពួក​គេ។ លោក​វាយ​តម្លៃ​ថា ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ព្យួរ​ការងារ​មេ​ដឹក​នាំ​សហជីព​ម្នាក់​នេះ​ គឺ​ជា​រឿង​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហជីព។ មន្ត្រី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​រូប​នេះ​បន្ត​ថា កញ្ញា ឈឹម ស៊ីថរ គឺ​ជា​ប្រធាន​សហជីព​តំណាង​ឲ្យ​កម្មករ​ជាង ៤ពាន់​នាក់​ ដូច្នេះ​នាង​មាន​សិទ្ធិ​ទាមទារ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង និង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក ណាហ្គា វើលដ៍។ លោក​បន្ថែម​ថា រឿង​ដែល​កាន់​តែ​ហួស​ចិត្ត និង​សោក​ស្ដាយ​នោះ គឺ​ក្រសួង​ការងារ​គ្មាន​លទ្ធភាព​ដោះ​ស្រាយ និង​ថែម​ទាំង​ចាត់​ទុក ករណី​ព្យួរ​ការងារ​នេះ ជា​វិវាទ​បុគ្គល​ទៅ​វិញ៖ «ការ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​មិន​មែន​តែ​កញ្ញា ឈឹម ស៊ីថរ តែ​ម្នាក់​ឯង​ទេ គឺ​ការ​ទាមទារ​នេះ​កើត​ចេញ​ពី​សមាជិក​របស់​គាត់ ជាង៤ពាន់នាក់ ដូច្នេះ​នេះ គឺ​ជា​ការ​ទាមទារ​ជា​សមូហភាព។ គាត់​អនុវត្ត​សិទ្ធិ​របស់​គាត់​ជា​ប្រធាន​សហជីព ដែល​តំណាង​ឲ្យ​សមាជិក​ក្នុង​ការ​ស្វែង​រក​នូវ​អត្ថប្រយោជន៍​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច និង​ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ។ ដូច្នេះ​ការ​អនុវត្ត​សិទ្ធិ​របស់​គាត់​នេះ គឺ​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ»

អាស៊ី​សេរី​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គ​លិ​របស់​ក្រុមហ៊ុន​ កាស៊ីណូ​ ណា​ហ្គា​ វើលដ៍ (Naga World) អ្នកស្រី​ ឌី​ សីហា​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង​ សួរ​ បាន​នៅ​ឡើយ​ទេ​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

តំណាង​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដើម្បី​រស់​នៅ​សមរម្យ គឺ​ជា​សិទ្ធិ​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា អង្គការ សមាគម និង​សហព័ន្ធ​សហជីព​ជាង​២០ ដែល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ទាមទារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ​ និង​ពិចារណា​លើ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​បុគ្គលិក។ អង្គការ​ សមាគម​ និង​សហជីព​អះអាង​ថា នឹង​បន្ត​តាមដាន​ និង​ គាំទ្រ​កម្មករ​និយោជិត​ក្នុង​ការ​បន្តសកម្មភាព​ទាមទារ​ប្រកបដោយ​អហិង្សា​ និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ ដែល​ធានា​ដោយ​ច្បាប់​ ដើម្បី​ធានា​ថា​ ក្រុម​ហ៊ុន​ ណាហ្គា វើលដ៍​ ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើការ​វិញ​ និង​ធានា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើ​សសហ​ជីព៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...