16
តុលា

ឯកអគ្គរាជទូត​ជប៉ុន​ ប្តេជ្ញា​បង្កើន​ទីផ្សារការងារ​សម្រាប់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ជប៉ុន

ភ្នំពេញៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដែល​ទើប​ចូលកាន់​តំណែង​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​បង្កើន​ទីផ្សារការងារ​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ ជប៉ុន​ ខណៈ​ដែល​កម្ពុជា​នឹង​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការបំពេញ​សំណុំ​បែបបទ​ផ្សេងៗ​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​។

ការបញ្ជាក់​របស់​ឯកអគ្គរាជទូត​ជប៉ុន​លោក MIKAMI Masahiro នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នោះ​ថា​ជប៉ុន​នឹង​បន្ត​បើក​ទីផ្សារ​ការងារ​បន្ថែមទៀត សម្រាប់​ពលករ​ និង​កម្មសិក្សាការី​កម្ពុជា និង​ផ្តល់​ឱកាស​សម្រាប់​បន្ត​ការបណ្តុះបណ្តាល​នៅ​ជប៉ុន​ផងដែរ​។ តាមរយៈ​កំណែទម្រង់​ច្បាប់​នៅ​ប្រទេស​ជប៉ុន​កម្មសិក្សាការី ឬ​ពលករ​ជំនាញ​ដែល​ត្រូវ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នេះ គឺ​មិន​តម្រូវ​ថា​ត្រូវតែ​ជា​អ្នក​កំពុង​ធ្វើការ​នៅក្នុង​សហគ្រាស​គ្រឹះស្ថាន​ណាមួយ​នោះ​ទេ ហើយ​ពេលវេលា​នៃ​ការធ្វើការ​នៅ​ទីនោះ​ក៏មាន​រយៈពេល​វែង​ជាង​មុន​ដែរ​។

លោក​ ហេង សួរ ថ្លែង​ថា​៖ «​រីឯ​រយៈពេល​នៃ​ការបញ្ជូន​ក៏​យើង​បាន​ខិតខំ​កាត់បន្ថយ ដោយសារ​ទីមួយ យើង​មិនមាន​តម្រូវការ​នៃ​ការបញ្ជាក់​អំពី​បែបបទ ឬ​ក៏​បទពិសោធ​ការងារ​ដូច​មុន​នោះទេ​។ ប៉ុន្តែ​នេះ​គឺជា​បែបបទ​រួម​ដែល​ជប៉ុន​បាន​ធ្វើ​ហើយ​បែបបទ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ភាគី​កម្ពុជា​គឺ​យើង​ខិតខំ​ធ្វើ​ម៉េច​ឱ្យ​បែបបទ​នេះ​កាន់តែ​ខ្លី កាន់តែ​ងាយស្រួល សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ដែល​មាន​បំណង​ចង់​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ​»​។

លោក​បន្ត​ថា​សម្រាប់​កម្មសិក្សាការី​ដែល​កំពុងធ្វើការ​នៅ​សហគ្រាស​ណាមួយ ឬ​មិន​កំពុង​ធ្វើការ​ទេនោះ​ហើយ​ប្រសិន​បើ​ពួកគាត់​មាន​វិញ្ញាបនបត្រ​ជំនាញ​ណាមួយ ហើយ​បន្ទាប់មក​មាន​ចំណេះដឹង​ភាសា​ជប៉ុន ហើយ​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​តាម​ទីភ្នាក់ងារ​ស្របច្បាប់​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​របស់​កម្ពុជា ភាគី​និយោជក​ជប៉ុន​នឹង​មក​ធ្វើ​សម្ភាស​ហើយ​បើ​សម្ភាស​ជាប់​គឺ​នឹង​បាន​ទៅ​ធ្វើការ​នៅ​ជប៉ុន​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួង​គឺ​នឹង​សម្របសម្រួល​ធ្វើ​ម៉េច​គ្រប់គ្រង​ទីភ្នាក់ងារ​ស្របច្បាប់​ឱ្យបាន​ល្អ​រីឯ​ការសម្រេច​ជ្រើសរើស​គឺ​នៅលើ​និយោជក​ជប៉ុន​ផ្ទាល់ ដោយ​ផ្អែក​ទៅ​លើ​ការធ្វើ​តេស្ត​សម្ភាស​របស់​និយោជក​ជាមួយ​នឹង​អ្នក​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ទីនោះ​»​។

ហ្វេសប៊ុក​ក្រសួង​ការងារ​កាលពី​ម្សិលមិញ​បាន​ដកស្រង់​សម្តី​លោក MIKAMI Masahiro ថា​តំណាង​ក្រុមហ៊ុន​របស់​ជប៉ុន​ដូចជា​ក្រុមហ៊ុន​អ៊ីអន​នៅ​កម្ពុជា​ជាដើម​បាន​កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​កម្ពុជា ព្រោះ​មាន​ភាពអត់ធ្មត់ ឧស្សាហ៍​ព្យាយាម និង​ស្មោះត្រង់​ចំពោះ​ការងារ​។

ហ្វេសប៊ុក​ក្រសួង​ការងារ​បន្តថា​៖ «​មិន​តែ​ប៉ុណ្ណោះ​ឯកអគ្គរាជទូត​ជប៉ុន​បាន​សន្យា​ថា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត មិន​ថា​នៅ​ប្រទេស​ជប៉ុន ឬ​នៅ​ប្រទេស ​កម្ពុជា ​នោះឡើយ​»​។ ហ្វេសប៊ុក​ក្រសួង​ការងារ​ក៏​បាន​ដកស្រង់​សម្តី​លោក អ៊ិត សំហេង ថា​កម្មសិក្សាការី​កម្ពុជា​ដែល​បាន​ទៅធ្វើ​កម្មសិក្សា និង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ ១ ម៉ឺន ២ ​ពាន់​នាក់​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស (Central) បាន​ថ្លែង​ថា វា​ជា​ឱកាស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការចាប់​យក​ជំនាញ​ផ្សេងៗ​ដែល​មាន​ការរៀន​ជំនាញ​ផង​ហើយ​ទទួលបាន​ប្រាក់បៀវត្សរ៍​ទៀត​។

ប៉ុន្តែ​លោក​បាន​ចោទ​សួរថា តើ​រដ្ឋាភិបាល​កម្ពុជា​បាន​គិត​ដែរ​ឬ​ទេ​ថា តើ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​កម្ពុជា​ត្រូវការ​ពលរដ្ឋ​នៅក្នុង​ជំនាញ​ណា​? ឧទាហរណ៍​ដូចជា​ជំនាញ​ខាង​ផ្នែក​អេឡិចត្រូនិក​ ឬ​ផ្នែក​កសិកម្ម​។ «​កម្មសិក្សាការី​ទៅ​ដល់​ប្រទេស ​ជប៉ុន​ គឺ​តម្រូវឱ្យ​ធ្វើការ​ដូច​ពលករ​ទូទៅ​អ៊ីចឹង​។ យើង​ហៅ​គាត់​ថា ជា​កម្មសិក្សាការី ប៉ុន្តែ​លក្ខខណ្ឌ​ការងារ​របស់​គាត់​ពិត​ប្រាកដ គឺ​ដូច​ពលករ​ទូទៅ ហើយ​ប្រសិន​ជា​អ៊ីចឹង គាត់​គួរតែ​ត្រូវ​បាន​ប្រាក់​ឈ្នួល​ដូច​ពលករ​ទូទៅ​»​។

លោក​ថ្លែង​ថា​លោក​មើលឃើញ​មាន​ការកើនឡើង​នូវ​រោងចក្រ​អេឡិចត្រូនិក​ និង​រោងចក្រ​កង់​នៅក្នុង​ប្រទេស​កម្ពុជា​។ ពលរដ្ឋ​កម្ពុជា​គួរតែ​ត្រូវបាន​បញ្ជូន​ឱ្យទៅ​រៀន​ជំនាញ​ទាំងនេះ​ហើយ​នៅ​ថ្ងៃក្រោយ​នៅពេល​ជប៉ុន​មក​បើក​រោងចក្រ​ទាំងនេះ​នៅ​កម្ពុជា កម្ពុជា​នឹង​មាន​កម្មករ​ជំនាញ​ដើម្បី​ធ្វើការងារ​ទាំងនោះ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...