24
តុលា

វិភាគ៖​​ តើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស រួមចំណែកជួយដល់ការ​រីក​ចំរើនរបស់ប្រទេស​កម្ពុជា​យ៉ាង​ណា​ខ្លះ?

គិត​ចាប់​តាំង​ពី​សន្ធិសញ្ញា​​សន្តិភាព​​ក្រុងប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១ ចាប់​បដិសន្ធិ ​​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២៨ឆ្នាំ​ហើយ។ សន្ធិសញ្ញា​​សន្តិភាព​​នេះហើយ​​ដែលធ្វើ​ឱ្យ​​អ្នក​នយោបាយ​កម្ពុជា​ឱ្យ​រួម​គ្នា​ ធ្វើ​ឱ្យ​កម្ពុជាក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ ផ្ដល់​នីតិ​សម្បទា និង​ជួយ​​កម្ពុជា​ឱ្យ​កសាង​ប្រទេស​ឡើងវិញ។

តើក្នុងរយៈ២៨ឆ្នាំមកនេះសន្ធិសញ្ញាក្រុងប៉ារីស២៣ តុលានេះ​ បានជួយដល់ការរីកចំរើនរបស់ប្រទេស​​កម្ពុជាយ៉ាងណាខ្លះ?

ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩​ ដោយ​មាន​ការ​ចូល​អន្តរាគមន៍​ពី​ប្រទេស​វៀតណាម​។ ការ​ចូល​មកអន្តរាគមន៍​​នេះ​ហើយ​ ដែល​ត្រូវ​បាន​អន្តរជាតិ​ចាត់​ទុក​ថា​ជា​ការ​ឈ្លានពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ ធ្វើ​ឱ្យ​ពិភព​លោក ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​វៀតណាម ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​សម័យ​នោះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​កម្ពុជា​នៅ​រស់​បាន​តាម​រយៈ​ជំនួយ​របស់​​សហភាព​សូវៀតដែល​កាន់​តែ​ទន់​ខ្សោយ​ទៅ​ហើយ​ដោយ​សារ​ការ​គៀប​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក និង​ចិន។

ឆ្លង​កាត់ការ​រារាំង​សេដ្ឋកិច្ច និង​ជំនួយជា​ច្រើន​ឆ្នាំ រួម​ទាំង​​ការ​ធ្វើ​សង្គ្រាមសម្លាប់​​គ្នា​ឯង​មិន​ចេះ​ចប់​ព្រោះ​ពេល​នោះ​កម្ពុជា​ត្រូវ​បែក​ជា​៤​ភាគី​ ដែល​មាន​ភាគី​ហ៊្វុនស៊ិនប៉ិចដឹក​នាំ​ដោយ​សម្តេច​ព្រះ​នរោត្តមសីហនុ ភាគី​ខ្មែរ​ក្រហម​ ភាគីរ​ណ​ស្សិ​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់លោក សឺ​ន សាន និង​ភាគីរដ្ឋ​កម្ពុជា​ដឹក​នាំ​ដោយលោក​ហ៊ុន សែន សម្រេច​ចូល​តុ​ចរចា​​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះដោយ​មាន​ប្រទេស​ចំនួន​១៨​ធ្វើ​ជាហត្ថលេខី ក្នុង​នោះ​ក៏​មាន​មហា​អំណាច​ធំៗ​ទាំង​៥​ផង​ដែរ។

កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​បែង​ចែក​ជា​កិច្ច​ព្រមព្រៀង​ចំនួន​២ និង​សេចក្តី​ថ្លែង​ការ​ណ៍​១ ដែល​សំដៅ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា គោរព​ឯករាជ្យ​​ អធិបតេយ្យ បូរណភាព​ អព្យាក្រឹតកម្ពុជា និង​ជួយ​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ។

ទោះ​ជា​មាន​កិច្ច​ព្រមព្រៀង​បែប​នេះ​តែ​សម្រាប់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន តែង​ប្រកាស​ថា សន្តិភាព និង​ភាព​រីក​ចំរើន​របស់​កម្ពុជា​មក​ដល់​សព្វថ្ងៃ​នេះ​គឺ​កើត​ចេញ​ពី​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក​ហ៊ុន សែន តែ​មួយ​ប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​ហ្វេសបុក​លោក​នា​ថ្ងៃ​នេះ​ថា ៖ « ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅ​ឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ » ។

ពិត​ណាស់​ការ​ការ​បង្រួប​បង្រួម​ប្រទេស​មក​ដល់​សព្វថ្ងៃ​នេះ​គឺ​ជាការ​រួម​ចំណែក​​របស់​លោក​ហ៊ុន សែន តែ​ការ​បង្រួម​បង្រួម​នេះ​មិន​អាចបដិសេធ​​​​​សន្ធិសញ្ញាសន្តិភាព​​២៣ តុលា នោះ​ទេ​។

​ប្រធាន​សមាគមន​អនាគត​យុវជន​កម្ពុជា​អាស៊ាន​លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍ថា របស់​៤ដែល​កិច្ច​ព្រមព្រៀង​នេះ​បង្កើត​បាន​គឺ​ រដ្ឋធម្មនុញ្ញ ការ​កសាង​ប្រទេស​ ការ​ធានា​ឯករាជ្យជា​តិ​កម្ពុជា និង​បាន​​ផ្ដួច​ផ្ដើមជា​ដំបូង​​ឱ្យ​មាន​ការ​កសាងឯកភាព​ជាតិ ​តាម​រយៈ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ក្នុង​ការ​ចរចារដោះស្រាយ​បញ្ហា​ជាតិ ដែល​ជា​សញ្ញា​ដំបូង​នៃ​ការ​បង្រួម​បង្រួម​ប្រទេស​ឡើង​វិញ​ក្រោយ​ការ​បែក​បាក់​ជាង​៦០០ឆ្នាំ​មក​ហើយ​នោះ។

លោកថា៖ « វា​អត់​ទាន់​មាន​ការ​ឯក​ភាព​១០០ភាគរយ​ទេ វា​គ្រាន់​ជា​ការ​ចាប់​ផ្ដើម តែ​ដំណើរ​ការ​នេះ​ត្រូវ​ធ្វើ​សិន​ថា​ធ្វើ​ឬ​ក៏​អត់? តែ​យ៉ាង​ហោច​ណាស់​ក៏​គេចាប់​ផ្ដើម​ឱ្យ​មាន​ការ​ឯកភាព​ជាតិ​ដែរ​ តាម​រយៈ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​នោះ » ។

អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​សិន​ជា​គ្មាន​សន្ធិសញ្ញាសន្តិភាព​​២៣ តុលានោះ​កម្ពុជាក៏​មិន​អាច​មាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ​នោះ​ទេ។ លោក​បន្ថែម​ថា​ដោយ​សារ​មាន​សន្ធិសញ្ញា​នេះ​ហើយ​ទើប​បើក​ឱ្យ​បរទេស​ទាំង​លោក​សេរី និង​កុំ​មុយ​នីស្តផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជាជា​ច្រើន​ពាន់​លាន រួម​ជា​មួយ​ក្រុម​ហ៊ុន​ខ្លួន​មក​បណ្ដាក់ទុន​រកស៊ី​ផង​ដែរ។

លោក​ថា៖ « សួរ​ថា​ស្អីដែល​យើង​ធ្វើ​បា​​នខ្លួន​យើង ៣០​ ៤០​ឆ្នាំ​នេះ​ស្អី​ដែល​យើង​ធ្វើ​បាន​ជា​ដុំ​កំភួន​? ក្រៅពី​វិមាន​ឈ្នះៗ និង​វិមាន​២​ធ្នូ​នៅ​ក្រចេះ​ហ្នឹង! មាន​ស្ពាន​មួយ​ដែល​យើង​គួរ​តែ​សរសើរ​ដល់​កង​យុទ្ធពល​ខេមរភូមិន្ទ​យើង​គឺ​ស្ពាន​កោះ​ប៉ែន យើង​សរសើរ​មាន​មោទនភាព តែ​មាន​អាហ្នឹង​មួយ​ទេ។ ស្អីៗ​ទៀត​លុយ​គេជួយ ឬ​ឱ្យ​មក​ដាច់​តែ​ម្តង ដូច​ផ្លូវ​ថ្នល់ មាន​ក្រុម​ហ៊ុនធំៗ​ណា​ជា​របស់​ខ្មែរ កំពង់ផែ​អ្នក​ណា​ធ្វើ​ឱ្យ ប្រព័ន្ធ​ទឹក​ស្អុយ​អ្នកណា​ធ្វើ​ឱ្យ? ជំនាន់​សង្គ​មរាស្ត្រ​និយមមានរ​បស់​យើង​ណា! »

កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ជាង​៧​ភាគ​រយ​ជាង​មួយ​ទស្សវត្ស​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ជា​ខ្លាំង​លើ​ការ​រស់​នៅ និង​ចំណូល​ពលរដ្ឋ។

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​បាន​កត់ត្រា​ថា​ចំណូល​ពលរដ្ឋ​កម្ពុជា​ចាប់​ផ្ដើម​កើន​ពី​ជាង​ ២៥៤ដុល្លារ​នៅឆ្នាំ​១៩៩៣ មក​ដល់​ជាង​ ១ ៥០០ដុល្លារ​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ។

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា មាន​ប្រសាសន៍​ថា​ កំណើន​នេះ​មិន​អាច​កើត​ឡើង​បាន​ឡើយ​ប្រសិន​គ្មាន​ កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នោះ ដោយ​ថា មាន​កិច្ច​ព្រមព្រៀង​នេះ​ហើយ​ទើប​កម្ពុជា​ទទូល​បាន​ការ​អនុគ្រោះពន្ធ​ពី​លោក​សេរី​ក្នុង​ការ​នាំ​ទំនិញ​ចូល​ប្រទេសខ្លួន។

លោកថា៖ « កាល​ហ្នឹង​គឺ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ផ្ដល់​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​មួយឈ្មោះ​ថា​កិច្ច​ព្រមព្រៀង​ពហុ​សសៃ​ អង់គ្លេស​ហៅ​ថា MFA ដោយ​មាន​ប្រព័ន្ធ​ហ្នឹង​ហើយ​បាន​ជា​មាន​រោង​ចក្រ​កាត់​ដេររាប់រយ រាប់​ពាន់ ហើយ​អាមេរិក និង​អឺរ៉ុប​ហ្នឹង​ក៏​ទទួល​ទិញ​ពី​កម្ពុជា​ដែរ។ ហើយ​នៅ​ពេល​ដែល​ប្រព័ន្ធ​ហ្នឹង​ដាច់នៅ​ឆ្នាំ​២០០៥ គេ​ក៏​បន្ត​ឱ្យ​EBA មក​ទៀត។ ​សេដ្ឋកិច្ច​ខ្មែរ​រីក​ចំរើនហ្នឹង​ គឺ​បាន​មក​ពីកិច្ចព្រមព្រៀង​ក្រុងប៉ារីស​ហ្នឹង មិន​មែន​តែ​រឿង​ទីផ្សារ​ទេ គេ​ឱ្យ​ជំនួយ​មក​កសាង​ប្រទេស​ទៀត​ » ។

ជា​រួម​អ្នក​តាម​ដាន​យល់​ថា​កំណើន​សេដ្ឋកិច្ច និង​ការ​រីកចំរើន​របស់​កម្ពុជា​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​ធំ​ពី​សន្ធិសញ្ញា​សន្តិភាព​២៣ តុលា ដែល​បាន​បើក​ផ្លូវ​ឱ្យ​កម្ពុជា​ចេញពីរបប​សង្គម​និយម​សេដ្ឋកិច្ច​ទីផ្សារ ចូល​ទៅ​ក្នុង​របប​ដឹក​នាំ​ប្រជាធិបតេយ្យ​សេរីពហុបក្ស មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី និងទទួលជំនួយ​រាប់លាន​ជា​រៀងរាល់​ឆ្នាំ​ ជា​មួយ​នឹង​ទំនាក់ទំនង​ទៅ​កាន់​បរទេស​ដោយ​ស្មើ​មុខ​មាត់​។

លោកមឿន តុលា មាន​ប្រសាសន៍​ថា​ លោកសោក​ស្ដាយ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ហាក់​មើល​រំលង​កិច្ច​ព្រមព្រៀង​ដែលជា​ការ​រួម​ចំណែក​មួយ​របស់​ខ្លួន​នោះ​។

លោក​ថា៖ « វា​ក៏​ជា​សមិទ្ធផល​របស់​គាត់​(លោក​ ហ៊ុន សែន)ដែរ សំខាន់​ថា​តើ​គាត់​រក្សា​នូវ​កិច្ច​ព្រមព្រៀង​ហ្នឹង​ឬ​អត់? ហើយ​កិច្ច​ព្រមព្រៀង​នេះ​គឺ​យើង​មើល​ឃើញ​ទាំង​អស់​គ្នាភាគី​ទាំង​អស់​គឺ​ទទួល​ស្គាល់​ថា​យើង​ឈប់​បាញ់​គ្នា វា​ខុស​ពី​៧​មករា​ដែល​ភាគី​មួយ​ថា​ជា​ឱកាស​ដែល​បរទេស​ចូល​ឈ្លាន​ពាន ​ភាគី​មួយ​ទៀត​ថា​ជា​ការ​រំដោះ​ពី​របប​ខ្មែរ​ក្រហម អញ្ចឹង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស បើ​ធៀប​នឹង៧​មករា គឺ​វា​មាន​ការ​យល់​ឯកភាព​គ្នា​ថា​យើង​ឈប់​ឈ្លោះគ្នា មាន​ការ​គោរព​សិទ្ធិមនុស្ស​ យើង​ចាប់​ផ្ដើ​មកសាង​ប្រទេស​យើង » 

សម្រាប់​លោក​ស្រ៊ុន ស្រ៊ន​ វិញ​កិច្ច​ព្រមព្រៀង​២៣ តុលានេះ​មិន​ត្រឹម​តែ​អាច​បញ្ចប់​នូវ​សង្គ្រាម​នៅ​កម្ពុជាដែល​នាំ​ឱ្យ​ ​ទទួល​បាននូវ​​ការ​រីក​ចំរើន​ដូចសព្វថ្ងៃ​​ទេ វា​បាន​បញ្ជៀស​នូវ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ និង​សង្គ្រាម​នៅ​តំបន់​អាស៊ាន​ផង​ដែរ។

លោក​ស្រ៊ុន ស្រ៊ន៖ « ប្រសិន​ជា​គ្មាន​កិច្ច​ព្រមព្រៀង​ហ្នឹង​ទេ ខ្មែរ​នឹង​រលាយ​ហើយ​ ព្រោះ​ពេល​ហ្នឹង​យួន​គ្រប់គ្រង​៩០​ភាគ​រយ​ហើយ​នៅឆ្នាំ​៩០ អញ្ចឹង​វា​នឹង​ឡើង​មក​បន្ត​ទៀត​រហូតដល់​ឆ្នាំ​៩១ ប្រសិន​ជាអត់​មាន​ការកើត​ការ​ចរចារ​ហ្នឹង​វៀតណាម​ហ្នឹង​វ៉ៃថៃ ដល់​ម៉ាឡេ ដល់​សាំងហ្គាពួរ ពេល​នោះ​ហើយ​សង្គ្រាម​អាស៊ាន​នឹង​កើត​ឡើង​ » ៕  ​

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...