28
តុលា

រោងចក្រ​មួយ​មាន​កម្មករ​ជាង​៣ពាន់​នាក់​នៅ​កំពង់ឆ្នាំង​​​គ្រោង​បិទ​ទ្វារ​នៅ​ចុង​ឆ្នាំ​​នេះ​ដោយ​សារ​EBA

រោងចក្រ​ដេរ​សំលៀកបំពាក់​កីឡា យីហោ ជីន យី (Jiun Ye) នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​កម្មករ​ជាង​៣​ពាន់​នាក់ (៣.១៦៥) ប្រកាស​ប្រាប់​កម្មករ​ថា រោងចក្រ​នេះ អាច​នឹង​បិទទ្វារ​នៅ​ចុង​ឆ្នាំ​ដោយសារ គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) របស់​សហភាព​អឺរ៉ុប។ កម្មករ​ប្រាប់​ថា ពួកគេ​កំពុង​រង់ចាំ​ប្រាក់​ឈ្នួល និង​លុយ​អត្ថប្រយោជន៍​ផ្សេងទៀត ខណៈ​ពួកគេ​ក៏​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ នៅ​ពេល​លេច​ឮ​ដំណឹង​ថា រោងចក្រ​ផ្សេង​ទៀត ក៏​មាន​គម្រោង​បិទទ្វារ​ដោយសារ EBA ដែរ។

កម្មករ​កាន់​ផ្នែក​ឃ្លាំង និង​ជា​ប្រធាន​សហជីព​កម្ពុជា ប្រចាំ​រោងចក្រ​ជីង យី លោក ហឿន ចាន់ថន ប្រាប់​ថា ក្រុម​កម្មករ​បាន​ផ្អាក​ការ​តវ៉ា​ហើយ ដោយ​រង់ចាំ​សំណង ព្រោះ​ភាគី​ថៅកែ​បាន​សន្យា​ថា នឹង​សង​ប្រាក់​ឱ្យ​កម្មករ​គ្រប់​ចំនួន​ចាប់ពី​ចុងខែ​តុលា​នេះ​ទៅ។ លោក​ប្រាប់​ថា ភាគី​ថៅកែ បាន​ប្រាប់​កម្មករ​ថា ពេល​សង​លុយ​អស់ រោងចក្រ​នឹង​ប្រកាស​ថា ត្រូវ​បិទទ្វារ​ឬ​បន្ត ព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​អឺរ៉ុប លែង​កុម្ម៉ង់​ទិញ​ហើយ ដោយសារ​ប្រឈម​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៖ «តាំងពី​ថ្ងៃ​ទី​២២​មក ស្ថានភាព​ហ្នឹង​គឺ​ក្រុមហ៊ុន​គាត់​បាន​សារភាព​ថា ព្រមព្រៀង​ថា បិទ។ និយាយ​រួម​ទៅ នៅ​ថ្ងៃ​ទី​១៣ ខែ​១១ ពេល​ទៅ​វិញ​ហ្នឹង គឺ បើ​គាត់ (​ភាគី​ថៅកែ​)​ថា ត្រូវ​បិទ​គាត់​ហ្នឹង​និយាយ​រឿង​ផែនការ​បិទ ត្រូវ​បង់​ខាង​ផ្លូវច្បាប់​។ តែ​បើ​គាត់​អាច​ទាក់ទង​បាន​ភ្ញៀវ និយាយ​រួម​ទៅ បើ​តាមតែ​គាត់​និយាយ​ហ្នឹង​គឺ​បិទ​តែម្ដង​។ បិទ​ហ្នឹង ដោយសារតែ​គាត់​ធ្លាក់ខ្លួន​ក្ស័យធន​ទៅ​ធ្វើ​ឱ្យ​កម្មករ​អុកឡុក​ជាមួយ​គាត់​។ ភ្ញៀវ​គាត់​មើល​មក​ថា ធ្វើ​ឱ្យ​កម្មករ​គាត់​ពិបាក​ដែរ​។ អ៊ីចឹង ដោយសារ​អត់​Buyer កុម្ម៉ង់​ហ្នឹង គាត់​ថា ដោយសារ​មកពី​EBA ហ្នឹង​ដែរ»។

កម្មករ​រោងចក្រ ជីន យី បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​រោងចក្រ ស្ថិតនៅ​ភូមិ​ស្ពានពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ កាលពី​ថ្ងៃ​ទី​២២ តុលា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​លើក​ទី​២ ក្នុង​ខែ​កញ្ញា​ឱ្យ​កម្មករ​គ្រប់​ចំនួន។ របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង ចុះផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ថា កម្មករ​តវ៉ា​មាន​ចំនួន​ជាង ៣​ពាន់ (៣.១៦៥) នាក់ ហើយ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ជិត​ទាំងស្រុង​។ កម្មករ​ទាំង​ជាង ៣​ពាន់​នាក់ បាន​យល់ព្រម​បើកផ្លូវ​ជាតិ​លេខ​៥​វិញ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត ទៅ​សម្របសម្រួល​ហើយ​ភាគី​ថៅកែ​សន្យា​សង​លុយ​គ្រប់​ចំនួន​ឱ្យ​កម្មករ។

ក្នុង​កិច្ចសន្យា​ជាមួយ​កម្មករ ភាគី​ថៅកែ​រោងចក្រ នឹង​សង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ជា ៣​ដំណាក់កាល គឺ​នៅ​ថ្ងៃ​ទី​២៦ តុលា ក្រុមហ៊ុន​នឹង​សង​ប្រាក់​ឈ្នួល សេសសល់​សម្រាប់​ខែ​កញ្ញា​។ បន្ទាប់​មក​ថៅកែ​នឹង​ឱ្យ​កម្មករ​ទាំងអស់​ព្យួរ​ការងារ ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថៅកែ​នឹង​បើកប្រាក់​ឈ្នួល​សម្រាប់​ខែ​តុលា​ឱ្យ​កម្មករ។ ចុងក្រោយ គឺ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ថៅកែ​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រកាស​ប្រាប់​ថា រោងចក្រ​ត្រូវ​បិទទ្វារ ឬ​ត្រូវ​បន្ត។

ជំនួយការ​រដ្ឋបាល​ប្រចាំ​រោងចក្រ ជីន យី និង​ជា​អ្នកបកប្រែ​ភាសា​លោក ហឹម ហឿន ប្រាប់​អាស៊ីសេរី​ថា ថៅកែ​ពិតជា​បាន​ប្រកាស​ប្រាប់​កម្មករ​ពី​គម្រោង​បិទ​រោងចក្រ​មែន ព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​បំផុត​របស់​រោង​ចក្រជីង យី នៅ​ប្រទេស​បារាំង ឈ្មោះ ឌីកាឡុន (DEACTHLON) បាន​ដក​ការ​កុម្ម៉ង់​ទិញ​សម្រាប់​ឆ្នាំ​២០២០​ទាំង​អស់ពី​រោងចក្រ តាំងពី​ខែ​មីនា​មក។

លោក​ប្រាប់​ថា ភាគី​បញ្ជា​ទិញ ប្រាប់​ភាគី​ថៅកែ​រោងចក្រ​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀកបំពាក់ និង​ស្បែកជើង​កីឡា​មួយ​នេះ បាន​ដក​ការ​កុម្ម៉ង់​ទិញ​ទាំងអស់ ពី​រោងចក្រ​នៅ​កម្ពុជា មិនមែន​តែ​ពី​រោងចក្រជីង យី មួយ​ទេ​។ លោក​ថា មូលហេតុ គឺ​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​។ តែ​យ៉ាងណា លោក មិន​ដឹង​ថា ក្រុមហ៊ុន​ឌីកាឡុន (DEACTHLON) នេះ នឹង​បញ្ជា​ទិញ​ផលិតផល​កីឡា ពី​ប្រទេស​ណា​វិញ​ទេ៖ «គាត់​ចាប់ផ្ដើម​ដក​ទៅវិញ ដោយសារ​ពាក់ព័ន្ធ​នឹង​EBA​។ គាត់​ដក​ទៅវិញ អស់រលីង​តែម្ដង​។ តាម​ខ្ញុំ​ដឹង គឺ​គាត់​បិទ​មួយ​ស្រុក​ខ្មែរ​ហ្នឹង​តែម្ដង មិន​ថា ស្បែកជើង មិន​ថា ខោអាវ​គឺ​គាត់​ដក​ទាំងអស់​តែម្ដង DEACTHLON ហ្នឹង​ណា ដល់ពេល​អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ផល​លំបាក​យើង​អត់​មាន​Order​។ ធម្មតា​យើង​កុម្ម៉ង់​ខោអាវ​ឆ្នាំ​២០១៩ សម្រាប់​ធ្វើ​ឆ្នាំ​២០២០។ អ៊ីចឹង ចុង​ឆ្នាំ​២០១៩​។ ចុង​ឆ្នាំ​២០១៨​យើង​កុម្ម៉ង់​សម្រាប់​ឆ្នាំ​២០១៩​។ ដល់ពេល​២០១៨​ហ្នឹង ដូច​ថា យើង​មាន​សភាព​លឺ​ដំណឹង​EBA ហ្នឹង ដល់​ឆ្នាំ​២០១៩ ខែ​៣(​មីនា​ហ្នឹង គាត់​លែង Order​យើង​ហ្មង គឺ​គាត់​ត្រូវ​ដក​វិញ​។ សល់​ប៉ុន្មាន​ក៏​ត្រូវ​ដកចេញ​ទាំងអស់​ដែរ​។ និយាយ​ទៅ គាត់​ប្រមូល​ក្រណាត់ ប្រមូល​ខោអាវ​ដែល​សល់​ប៉ុន្មាន​ហ្នឹង ប្រមូល​ចេញ​ទាំងអស់​ហ្មង​។ ដក​ទាំងអស់​បង និយាយ​ទៅ​ឱ្យ​តែ DEACTHLON របស់​គាត់ ទាំង​ស្បែង​ជើង ទាំង​សម្ភារៈ​កីឡា​ផ្សេងៗ នៅ​រោងចក្រ​ផ្សេងៗ នៅ​ស្រុក​ខ្មែរ គឺ​គាត់​អា​ហ្នឹង​តាម​ខ្ញុំ​ដឹង​លឺ​គាត់​និយាយ​ផ្ទាល់ គឺ​ដក​ទាំងអស់​តែម្ដង​បង ឱ្យ​តែ​មាន​ការ​បញ្ជាទិញ គឺ​គាត់​ដក​ទាំងអស់»។

រោងចក្រ ជីន យី មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​ជា​រោងចក្រ​ទទួល​ដេរ​ផលិតផល​បន្ត ម៉ាក ភូម៉ា (PUMA) សម្រាប់​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​។ កម្មករ​និង​ជំនួយការ​រដ្ឋបាល​រោងចក្រ ប្រាប់​ថា រោងចក្រ​នេះ មាន​កម្មករ​សរុប​ជាង ៣​ពាន់​នាក់​។ តែ​កម្មករ​ជាង​៤​រយ (៤០០)​នាក់ បាន​ឈប់​ជា​បន្តបន្ទាប់ តាំងពី​ខែ​មេសា​មក​។ បច្ចុប្បន្ន​រោងចក្រ​នេះ មានកម្ម​ករ​ជាង​២​ពាន់ ៦​រយ (២.៦០៩) នាក់​។ រោងចក្រ​ជីន យី ជា​រោងចក្រ​ដែល​មាន​កម្មករ​ច្រើន ដំបូង​គេ ដែល​បាន​ប្រកាស​ឱ្យ​កម្មករ​ដឹង​ពី​គម្រោង​បិទទ្វារ ដោយសារ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​លែង​បញ្ជា​ទិញ ព្រោះ​ជួប​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​ករណី​នេះ និង​ការបញ្ឈប់​ការ​កុម្ម៉ង់​ទិញ សម្រាប់​ឆ្នាំ​២០២០ ពី​ភាគី​ខាង​សមាគម​កាត់ដេរ​នៅ​កម្ពុជា ឬ​សមាគម​ថៅកែ​រោងចក្រ​បានទេ ដោយសារ​ប្រធាន​សមាគម លោក វ៉ាន់ ស៊ូអៀង អគ្គលេខាធិការ លោក ខេន លូ និង​លោក កាំង ម៉ូនីកា មិន​ទទួល​ទូរស័ព្ទ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ទី​២៤ តុលា។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព សិទ្ធិមនុស្ស​និង​ការងារ ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថា​រ៉ូ ប្រាប់​ថា រោងចក្រ ជីន យី មាន​បញ្ហា និង​បាន​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់​តាំងពីដើម​ឆ្នាំ​២០១៩​មក​។ លោក​ប្រាប់ថា ថៅកែ​រោងចក្រ​នេះ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​បិទ​រោងចក្រ​ច្រើនដង​ហើយ នៅ​ក្នុង​សវនាការ​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នា​ពេល​កន្លងមក​។​

លោក ឃុន ថារ៉ូ បន្ត​ថា បើ​ទោះ​ជា​មិន​ទាន់​មាន​តួលេខ​បិទ​រោងចក្រ​ផ្លូវការ​ដោយសារតែ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ក៏ដោយ តែ​ការ​លែង​បញ្ជា​ទិញ​ពី​រោងចក្រ ជីន យី ដែល​ជា​ផ្នែក​មួយ​របស់​ម៉ាក់ ភូម៉ា (PUMA) នេះ​គឺជា​សញ្ញា​មិនល្អ ដែល​ធ្វើ​ឱ្យ​រោងចក្រ​ផ្សេងទៀត​អាច​នឹង​ប្រកាស​បិទទ្វារ​ជា​បន្តបន្ទាប់​ដែរ​។ លោក​ថា ដំណឹង​នៃ​ការ​បិទ​រោងចក្រ​ផ្សេងទៀត​អាច​នឹង​លេឮ នៅ​ប៉ុន្មាន​ខែក្រោយ​ទៀត គឺ​នៅ​ពេល​កៀក​ពេល​សហភាព​អឺរ៉ុប ប្រកាស​ពី​គម្រោង​ដកហូត ឬ​បន្ត EBA។

លោក​យល់ថា ភាគរយ​នៃ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹង​មាន​លទ្ធភាព​ច្រើន ហើយ​ភាគី​អ្នកបញ្ជា​ទិញ សុទ្ធតែ​បាន​ដឹង​រឿង​នេះ ទើប​ពួកគេ​លែង​កុម្ម៉ង់​ទិញ​ជា​បណ្ដើរៗ​។ លោ​កថា​ស្ថានភាព​សិទ្ធិ​ការងារ​មាន​ភាព​ល្អ​ប្រសើរ​ដែល​សហភាព​អឺរ៉ុប​អាច​ទទួលយក​បានតែ​ស្ថានភាព​សិទ្ធិ​នយោបាយ ទើប​ជា​មូលហេតុ នៃ​ការ​បន្ត ឬ​មូលហេតុ​នៃ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៖ «ខ្ញុំ​គិត​ថា វា​អាច​ជា​សញ្ញា​មួយ​។ PUMA មិនទាន់​ប្រកាស​ថា ដក​ទេ​។ យើង​គ្រាន់តែ​ថា រោងចក្រ​ហ្នឹង វា​ជា​ផ្នែក​មួយ​របស់ PUMA។ គ្រាន់តែ​ថា វា​ជា​សញ្ញា​មួយ ដែល​ឃើញ​ថា មិនមែន​តែ​រោងចក្រ​ហ្នឹង​មួយទៀត​ទេ រោងចក្រ​ផ្សេងៗ​ទៀត»។

បច្ចុប្បន្ន​គណៈកម្មការ​សហភាព​អឺរ៉ុប កំពុង​សរសេរ​របាយ​ការណ៍​អំពី​ការ​រក​ឃើញ និង​ការវាយតម្លៃ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​សហភាព​អឺរ៉ុប​ត្រៀម​នឹង​ចេញផ្សាយ​នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ​។ បន្ទាប់​ពី​នេះ នឹង​ចេញផ្សាយ​ថា សហភាព​អឺរ៉ុប នឹង​សម្រេច​ថា ត្រូវ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង ឬ​ផ្ដាច់​ផ្នែក​ណាមួយ ឬ​មិន​ផ្ដាច់​។ យ៉ាងយូរ​បំផុត​ពាក់កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​។ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ថា ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន ការ​យកពន្ធ​ពី​សហភាព​អឺរ៉ុប លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២០ តទៅ។

ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា ពឹងផ្អែក​ជាង ១​ភាគ ៣ (១/៣) ឬ​ស្ទើរតែ​ពាក់កណ្ដាល លើ​ការ​អនុគ្រោះ​ពន្ធ EBA​។ សម្រាប់​ទំហំ​នាំចេញ​ទំនិញ​ពី​កម្ពុជា​វិញ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់ ៩,៥​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ៤៣% នៃ​ផលទុន​ក្នុងស្រុក​សរុប (GDP)។

ប្រសិនបើ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​កម្ពុជា​មិន​ខាតបង់ ត្រឹមតែ​ប្រាក់​ប្រហែល ៧០០​លាន​ដុល្លារ ដែល​ចំណេញ​ពី​ការ​រួច​ពន្ធ​នោះ​ទេ ប៉ុន្តែ កម្ពុជា​នឹង​បាត់បង់​កម្លាំង​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​សម្បើម​​ថែមទៀត ខណៈ​អ្នកបញ្ជា​ទិញ និង​ថៅកែ​រោងចក្រ​ភាគច្រើន​អាច​រើ​ចេញ​ពី​កម្ពុជា ទៅ​ស្វែងរក​ប្រទេស​ផ្សេងទៀត ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​EBA នេះ៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...