01
វិច្ឆិកា

ស្ថានទូតកម្ពុជាច្រាន​ចោលព័ត៌មានដែល​ថា​ពល​ករ​ខ្មែរនៅ​ថៃ​​​​សំរុក​​ចូល​ស្រុក​វិញ ​

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ច្រាន​ចោល​ព័ត៌មាន​ដែល​​ថា​ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​សំរុក​ចូល​​ប្រទេស​វិញនៅ​ចុង​ខែ​នេះ ដោយ​ថាវា​ជា​ការ​បង្កភាព​​ភ្ញាក់​ផ្អើល និង​កេង​ចំណេញ​នយោបាយ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣០ តុលា​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បានបញ្ជាក់​ថា ​សារព័ត៌មាន​ក្នុង​ស្រុក និង​បណ្ដាញ​សង្គម​មួយ​ចំនួនក្នុង​ពេល​ថ្មី​ៗ​នេះ បាន​យក​​រូបភាព​ និង​វីដេអូ​ឃ្លីប​ចាស់ៗ​អំពី​ការ​ចុះ​ត្រួត​ពិនិត្យ​ពលករ​របស់​អាជ្ញាធរ​ថៃ​ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​ចូល​ស្រុក​ខ្មែរ​វិញដោយ​ពលករ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ យក​មក​ចុះ​ផ្សាយ​បង្ក​ការ​ភ្ញាក់​ផ្អើល ក្នុង​ចេតនាអូស​ទាញ​ពលករត្រលប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​កេង​ចំណេញ​នយោបាយ។

ស្ថានទូត​ខ្មែរ​ក៏​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ពលករ​ខ្មែរ​នៅ​ថៃ​កំពុង​បម្រើ​ការ​ងារ​តាម​ធម្មតា​ពុំ​មាន​ការ​វិល​ត្រលប់​ជា​គំហុក​ដូច​ការ​ចុះ​ផ្សាយ​ទាំង​នោះ​ទេ។

សេចក្តី​ប្រកាស​នោះ​សរសេរ​ថា៖ « ដូច្នេះ​សូម​បងប្អូន​ពលករ​ទាំង​អស់ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​អ​នុវត្ត​ការងារ​ជា​ធម្មតា កុំ​ជឿតាម​ការ​ផ្សព្វផ្សាយ​ និង​ការ​ញុះញង់​របស់​សារព័ត៌មាន​មួយ​ចំនួន​ ដែល​ជា​ហេតុ​បង្ក​ឱ្យ​បងប្អូន​ខាតបង់ថវិកា ពេលវេលា និង​អាចត្រូវ​និយោជក​បញ្ឃប់​ពី​ការងារ​ទៀត​ផង » ។

ក្រោយ​ពី​អតីត​ប្រធាន​បក្សសង្គ្រោះជាតិ​លោក សម រង្ស៊ី ប្រកាស​ចូល​កម្ពុជា​តាម​ច្រក​ព្រំ​ដែនថៃ ដោយ​ស្នើ​ឱ្យ​មាន​ការ​ចូល​រួម​អម​ដំណើរ​លោក​ដោយ​ពលករខ្មែរ​នៅ​ថៃ​នោះ កាល​ពីថ្ងៃ​ទី​២៨​តុលាកន្លង​ទៅ​​មាន​ការ​ចែក​រំលែក​តៗ​គ្នា​នូវ​រូបភាព និង​វីដេអូ​ស្ដីពីការ​សម្រុក​ចូល​ស្រុក​វិញ​របស់​ពលករ​ខ្មែរ​ជា​ច្រើននាក់​ចេញ​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​​តាម​ច្រក​ព្រំដែន​ដូង​ ក្នុង​ឃុំ​បឹង​រាំង​​ ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

ទាក់ទង​នឹង​ករណី​នេះ​ នាយ​ប៉ុស្តិ៍​នគបាលអន្តោប្រវេសន៍​​ច្រក​ដូង​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង លោក ផាត សុផាន់ណា ក៏​បាន​ចេញ​សេចក្តី​បញ្ជាក់ចុះ​ថ្ងៃ​ទី​៣០ តុលា​ ផង​ដែរថា ​រូប​ភាព និង​វីដេអូ​ដែល​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​នោះ​គឺ​ជា​រូបភាព​ និង​វីដេអូ​ពី​ការ​វិល​ត្រលប់​របស់​ពលករ​ខ្មែរ​នៅ​ថៃ​ចូល​កម្ពុជា​កាល​ពី​អំឡុង​ចូល​ឆ្នាំខ្មែរ​កាល​ពី​ឆ្នាំ​២០១៨​ប៉ុណ្ណោះ មិន​មែន​ការ​ពិត​ជាក់​ស្ដែង​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ « ប៉ុស្តិ៍នគរបាល​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ដូង សូម​ធ្វើ​ការ​អំពាវនាវ​ដល់​គ្រប់​បណ្ដាញសារព័ត៌មាន និង​អ្នក​លេង​បណ្ដាញ​សង្គម (Facebook) មេត្តាកុំ​ចុះផ្សាយ​ព័ត៌មាន​ដែល​មិន​ពិត និង​មិន​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំពុង​បំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ » 

ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​ការ​ចេញ​ចូល​តាម​ច្រក​ព្រំ​ដែន​ដូង​នេះ​មាន​ការ​ចេញចូល​ច្រើន​ខុសពី​ឆ្នាំ​មុន ដែល​ជា​រឿង​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។

លោក​ យិន ម៉េងលី៖ « តាម​ខ្ញុំ​ទទួល​ព័ត៌មាន​បាន​ពី​ប្រជាពលរដ្ឋ​យើង​ និយាយ​ឱ្យ​ខ្លី​ថា​វា​មាន​ភាព​មិន​ប្រក្រតី​ដូច​ឆ្នាំ​មុនៗ។ ច្រក​ដូង​នេះ​វា​មិន​មែន​ជាច្រក​អន្តរជាតិដែល​មាន​មនុស្ស​ច្រើន​​ដូច​ច្រក​ប៉ោយប៉ែតទេ តែ​ឆ្នាំ​នេះ​វា​មាន​ភាព​ខុស​ពី​ឆ្នាំ​កន្លង​ទៅ វា​មាន​ការ​ចេញចូល​ច្រើន​ខុស​ពី​ឆ្នាំ​កន្លង​មក » ។​

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍លោក អាត់ បូនី បាន​ឱ្យ​VODដឹងតាម​សារ​អេឡិចត្រូវនិក​Telegram ដោយ​ទទួល​ស្គាល់​ថា ពិត​ជា​​មាន​ការ​ចេញ​ចូល​តាម​ប៉ុស្តិ៍​ច្រក​ទ្វាព្រំដែន​ដូងច្រើន​មែន តែ​តួលេខ​នៃ​ការ​ចេញ​ចូល​គឺ​ប្រហាក់ប្រហែល​គ្នា​ទេ។ លោក បន្តថា​​ចំពោះ​ការ​ត្រលប់​ចូល​មក​កម្ពុជា​ច្រើន​ដោយ​ប្រជាពលរដ្ឋ​ខ្មែរនោះ​ ដោយ​សារពួក​គាត់​ត្រូវ​មក​​ធ្វើ​បុណ្យ​កឋិន។

លោក​សរសេរ​ថា៖ « មានចំនួនប្រហាក់ប្រហែលគ្នា ជាក់ស្តែង នៅថ្ងៃទី28/10/2019 ចូលចំនួន ៩៧៩នាក់ និងចេញ​ចំនួន​៨២៥នាក់ ដែលតួលេខនេះខ្ពស់ជាងធម្មតាដែលជាមធ្យមក្នុងចន្លោះ ២០០-៣០០នាក់ ក្នុងមួយថ្ងៃ។ ចំពោះ​តួលេខ​កើន​ឡើងនេះ ដោយហេតុថាប៉ុន្មានថ្ងៃនេះ ក្នុងរដូវកាលកឋិនទាន ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញ​ត្រឡប់​មកវិញ ដើម្បីចូលរួមពិធីបុណ្យកឋិនទាន ២-៣ថ្ងៃ ត្រឡប់ទៅថៃធ្វើការវិញ » ។

មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​​ធ្វើ​ឱ្យ​កម្ម​ករ​ចំណាក​ស្រុក​ត្រលប់​មក​កម្ពុជា​វិញ​នោះ​គឺ​ដោយសារ​នៅ​ប្រទេស​ថៃ​កំពុង​មាន​បញ្ហា​សេដ្ឋកិច្ច ហើយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ឈប់​បន្ត​កុង​ត្រា​ដល់​ពលករ​ខ្មែរ។

លោក​ថា៖ « សព្វថ្ងៃ​បើ​តាម​ដឹង​ពី​ក្រុម​ហ៊ុន​មួយ​ចំនួន​ត្អួញត្អែរ​ដែរ​ថា​មាន​ការ​បញ្ជាទិញ​ធ្លាក់​ចុះច្រើន ​អញ្ចឹង​គេ​ត្រូវ​ការ​កាត់​បន្ថយ​កម្លាំង​ពលកម្ម ហើយ​ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​ទាន់​កាត់​ទេ តែ​គេ​ឱ្យ​ធ្វើ​ការ​មិន​គ្រប់​ម៉ោង។​ គេ​មិន​កាត់​បន្ថយ​ពលករ​ភ្លាម​ៗ ទេ​ តែ​គេកាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​វិញ  » ។

របាយការណ៍របស់ក្រសួងការងារបញ្ជាក់ថា  ពលករខ្មែរជាង ១លាន ១​សែន​នាក់​ហើយ កំពុងធ្វើការនៅប្រទេសថៃ ដោយចំនួននេះ ​ក្រសួង​មិន​បាន​បង្ហាញ​​ពីតួលេខនៃអ្នកដែលទៅ​ធ្វើការដោយខុសច្បាប់នោះឡើយ៕

 

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...