31
ធ្នូ

សកម្មជន​សិទ្ធិ​កម្មករ​​ទទូច​រដ្ឋាភិបាល​ឱ្យ​ប្រឹងប្រែង​រក្សា​ទុក ​​EBA

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យដឹង​ថា​ កម្ពុជា​នឹង​បង់​ពន្ធ​ពី​កម្រិត​ទាប​បំផុត​ជាមធ្យម​ពី​០,១​ភាគរយ​ ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​១២,៥​ភាគរយ​សម្រាប់​ការ​នាំ​ទំនិញ​ចេញ​ ដោយ​គ្មាន​ឋានៈ​អនុគ្រោះ​ពន្ធ។

ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នៅ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទនេះ​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​រក្សា​ទុក​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ​ហៅ​កាត់ថា EBA ដើម្បី​ទ្រទ្រង់​ស្ថិរភាព​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ។

ការ​ទទូច​របស់​ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នេះ​ កើត​មាន​ឡើង នៅ​ក្រោយ​ការ​ព្រមាន​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ដែល​ថា​ នឹង​មាន​ការ​ធ្លាក់​ចុះ​ជា​អចិន្ត្រៃយ៍​នៃ​កំណើន​របស់​ឧស្សាហកម្ម​កាត់​ដេរ ប្រសិន​បើ​ សហភាព​អឺរ៉ុប​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០០១។

មូល​និធិ​ IMF ​បាន​សរសេរ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា​៖

«ការ​ព្យួរ[ឋានៈ​អនុគ្រោះ​ពន្ធ​ EBA]​នឹង​នាំ​ទៅ​រក​ការ​ធ្លាក់​ចុះ​ជា​អចិន្ត្រៃយ៍​នៃ​ផលិត​ផល​ ​និង​ការងារក្នុង​ឧស្សាហកម្ម​កាត់​ដេរ​សម្រាប់​រយៈពេល​វែង​»។

លោកអាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បា្រប់ VOA ​ថា​ ប្រសិន​បើ​កម្ពុជា​ចង់​បន្ត​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​ ប្រទេស​ក្រីក្រ​មួយ​នេះ​ ត្រូវ​ប្រឹង​ឲ្យ​អស់​ពីលទ្ធភាព​ដើម្បី​រក្សា​ទុក​ ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ។

លោក ​អាត់​ ធន់ ​បាន​បន្ថែម​ថា៖​ «ខ្ញុំ​គិត​ថា​ EBA ​គឺ​ជារឿង​សំខាន់​មួយ​ ដែល​ឲ្យ​រក្សា​ស្ថិរភាព​ ម៉ាក្រូ​សេដ្ឋកិច្ច​ ក៏ដូច​ជា​ស្ថិរភាព​កំណើន​ការងារ​សមរម្យ​ និង​ស្ថិរភាព​ប្រាក់​ចំណូល​ និងការងារ​របស់​កម្មករ​ ហើយ​បើសិន​ជា​បាត់​ EBA ទៅ​ បើ​ទោះ​បី​ជា​បាត់នៅ​ក្នុង​រូបភាព​ណាក៏ដោយ​ គឺខ្ញុំ​គិត​ថា​ វាមិន​ជា​ល្អ​សម្រាប់​កម្ពុជា​ទេ​បាទ»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យដឹង​ថា​ កម្ពុជា​នឹង​បង់​ពន្ធ​ពី​កម្រិត​ទាប​បំផុត​ជាមធ្យម​ពី​០,១​ភាគរយ​ ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​១២,៥​ភាគរយ​សម្រាប់​ការ​នាំ​ទំនិញ​ចេញ​ ដោយ​គ្មាន​ឋានៈ​អនុគ្រោះ​ពន្ធ

មេដឹកនាំ​សហជីព​សហភាព​ការងារ​កម្ពុជា​ ​លោក ​អាត់​ ធន់ ​យល់​ថា​ កម្រិត​ពន្ធជាង១២ភាគរយ​នេះ​ នឹង​អាច​ក្លាយជា​បន្ទុកដ៏​ធ្ងន់​មួយ សម្រាប់​អ្នក​រកស៊ី​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។

មូលនិធិ ​IMF ក៏​បាន​ព្យាករណ៍​ថា​ ការ​នាំទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប​នឹង​ធ្លាក់​ចុះ​ប្រមាណ​១៣​ភាគរយ​ ជា​ចំនួន​ស្មើនឹង​ការ​ថយ​ចុះ​៥​ភាគរយ​នៃ​ការ​នាំចេញ​សរុប។ ហើយ​ផលប៉ះពាល់​នេះ​ នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ឬ GDP ​ថយ​ចុះ​កម្រិត៣​ភាគរយ​ នៅ​ឆ្នាំ​ដំបូង​ដែល​កម្ពុជា​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ឲ្យ​សហភាព​អឺរ៉ុប។

មូលនិធិ IMF​បាន​បញ្ជាក់​ទៀត​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ចុះ​ថមថយ​ពី​កម្រិត​៧ភាគរយ​នៅ​ឆ្នាំ​២០១៩​ មក​កម្រិត​៦,៨​ភាគរយ​នៅ​ឆ្នាំ​២០២០​ ប្រសិន​បើ​លក្ខខណ្ឌ​ពី​ខាង​ក្រៅជាច្រើន​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​នោះ។

មូលនិធិIMFដដែល​ក៏​បាន​ឲ្យដឹង​ពី​ការ​បាត់​បង់ការ​ងារ ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិត​ជា​សម្រេច​ព្យួរ​កម្ពុជា​ពី​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​នោះ។

សហភាព​អឺរ៉ុប​បាន​គំរាម​ដក​ហូត​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ពី​កម្ពុជា​ ប្រសិន​បើ​ប្រទេស​នេះ​មិន​អាច​ងាក​ទៅ​រក​ស្ថានភាព​ប្រជាធិបតេយ្យ​ ដែល​អង្គការ​សង្គម​ស៊ីវិល​និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អាច​បន្ត​ការងារ​បាន​វិញ​ ដោយ​គ្មាន​ការ​យាយី​ពី​អាជ្ញាធរ ហើយ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​ធានា​ដល់​ពលរដ្ឋ​គ្រប់​រូប។

ការ​សម្រេច​ជា​ចុង​ក្រោយ​របស់ ​EU ថា​ត្រូវ​ព្យួរ​ EBA ឬ​យ៉ាងណា នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា។

លោក ឃុន ថារ៉ូ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) មាន​ប្រសាសន៍​ថា វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បន្ត​សន្ទនា​ជាមួយ​សហភាព​អឺរ៉ុប​ រក​ច្រក​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធEBA ដែល​មាន​ចំណែក​ក្នុង​ការ​ទ្រទ្រង់​លំនឹង​ការងារ​របស់កម្មករ​ផង​ដែរ​។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ អាហ្នឹង​រាជរដ្ឋាភិបាល​ ត្រូវ​មាន​ឆន្ទៈ​ខ្ពស់​ ពីព្រោះ​ថា​ការ​ដោះដូរ​មិនមែន​តែ​ ការ​ដោះដូរ​លក្ខខណ្ឌ​ផ្នែក​សេដ្ឋកិច្ច​ទេ​ ប៉ុន្តែ​រួម​ទាំង​ការ​ដោះ​ដូរ​ផ្នែក​នយោបាយ​ ហើយ​និង​លក្ខខណ្ឌ​ សិទ្ធិការ​ងារ​មួយ​ចំនួន​ ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​គិត​ឲ្យ​បាន​ល្អិត​ល្អន់»។

មន្ត្រី​សម្រប​សម្រួល​ការងារ​រូប​នេះ​ មាន​សុទិដ្ឋិនិយម​ថា​ ការ​កាត់​ក្តីលោក ​កឹម សុខា​ នៅ​ខែ​មករា​ ឆ្នាំ២០២០​ខាង​មុខនេះ​ អាច​នឹង​កែខៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឡើងវិញ​ ដែល​ការ​ប្រែប្រួល​នោះ​នឹង​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ជោគ​វាសនា​របស់​ EBA ​ថា​តើ​វា​នឹង​បន្ត​ស្ថិត​នៅ​ជាមួយ​កម្ពុជា​ទៀត​ ឬ​យ៉ាង​ណា​នោះ។

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក កុយ គួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។​

ឧស្សាហកម្ម​កាត់​ដេរ​ បាន​ផ្តល់​ការ​ងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៧៥ម៉ឺននាក់​ ហើយ៨០ភាគរយ​នៃ​ពលរដ្ឋ​ទាំងនោះ​គឺ​ជា​ស្ត្រី​។ ឧស្សាហកម្ម​នេះ​ក៏​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ បាន​ទ្រទ្រង់​ដល់​ពលរដ្ឋ​៣​លាន​នាក់​ផ្សេង​ទៀត​ ដែល​មិនមែន​ជា​កម្មករ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF​។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA ​ដល់​កម្ពុជា​នោះ។

អ្នកសិក្សា​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​លោក ង៉ែត ជូ​ បាន​ផ្តល់​ការ​អធិប្បាយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​ធ្វើ​ប្រៀប​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ កាលពី​១០​ឆ្នាំ​មុន​ មក​ពេល​បច្ចុប្បន្ន​ថា​ ​កាល​២០០៩ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ស្មើ​សូន្យ។ ពេល​នោះ​ជា​ពេល​ដ៏​អាក្រក់​បំផុត ជា​ពិសេស​ជីវភាព​របស់​ពលរដ្ឋ​ក្រីក្រ។ ប៉ុន្តែ​ពេលនោះ​ ស្ថានភាព​ហាក់​ដូច​ជា​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ ដោយ​សារ​មិន​មាន​បញ្ហា​ប្រឈម​នឹង​ការបាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ ​EBA។ ​

លោក​បាន​បន្ថែមថា យោង​តាម​ស្ថានភាព​បច្ចុប្បន្ន​នេះ លោក​សង្ឃឹម​ថា​រដ្ឋាភិបាល និង​ភាគី​សហ​ភាព​អឺរ៉ុប​ (EU) នឹង​ព្យាយាម​រក​ច្រក​ចេញ​ផ្លូវ​កណ្តាល​ណាមួយ​ដែល​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​មិន​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ​និង​កម្មករ៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...