09
មករា

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ផ្អាក​សំណង់​គ្មាន​​ច្បាប់ និង​ដាក់​ទោស​មន្ត្រី​ពាក់ព័ន្ធ​

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​កម្មករ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះសំណង់​ខុស​ច្បាប់​ និង​ស្វែង​រក​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់» នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់» នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

​នៅ​ថ្ងៃ​ពុធនេះ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (Building and Wood Workers Trade Union Federation of Cambodia ឬ​ហៅ​កាត់​ថា​ BWTUC)​និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (Center for Alliance of Labor and Human Rights ឬ​ហៅ​កាត់​ថា CENTRAL) បាន​ធ្វើ​សន្និសីទ​សារព័ត៌មានអំពី​«រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​ម៉ឺង​ម៉ាត់ ​ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់»។ សន្និសីទ​នេះ​ធ្វើ​ឡើងបន្ទាប់​ពី​មាន​ករណី​បាក់​រលំ​អគារ​ដែល​កំពុង​សាងសង់​ជា​បន្ត​បន្ទាប់ ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប ដែល​បណ្ដាល​ឲ្យ​កម្មករ​ជាង​៦០​នាក់​ ស្លាប់។

លោក សុខ គីន ប្រធាន​សហព័ន្ធ ​BWTUC​ លើក​ឡើង​ថា ការ​បាក់​រលំ​អគារ​ជាច្រើន​ដង​នៅ​ប្រទេស​កម្ពុជា រួម​ជាមួយការ​កើន​ឡើង​នូវ​ចំនួនអគារ​ដែល​កំពុង​បន្ត​សាង​សង់​ដោយ​មិន​មាន​ច្បាប់ កំពុង​បង្ហាញកម្សោយ​នៃ​អនុវត្ត​ច្បាប់ពាក់ព័ន្ធ​នឹង​ការ​ត្រួត​ពិនិត្យ​សំណង់។

លោកបន្ត​ថា បញ្ហា​ទាំង​នេះ ​ក៏​កើត​ឡើង​ដោយសារ​កង្វះ​អធិការកិច្ច​របស់​មន្ត្រី​ក្រសួង​ពាក់​ព័ន្ធ ដើម្បី​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ផង​ដែរ។​

«ប្រសិន​បើ​ក្រសួង​សាមី​គាត់​ ចុះ​ទៅ​ត្រួត​ពិនិត្យ ខ្ញុំ​គិតថាសំណង់​មួយ​អត់​បាក់​ទេ។ ខ្ញុំ​គិត​ថា​មិន​បាក់​ទេ។ អញ្ចឹង​បាន​ថា​ភាគី​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់ និង​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​មួយៗ​ឲ្យ​មាន​ប្រសិទ្ធភាព កម្មករ​សំណង់​នឹង​ជៀស​ផុត​អំពីបញ្ហា​គ្រោះ​ថ្នាក់​ហ្នឹង»។

តាម​លោក សុខ គីន ចាប់ពី​ឆ្នាំ​២០០០​មក ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​សាង​សង់ ​មាន​ចំនួន​ជាង​២​ពាន់​ ប៉ុន្តែ​លោក​ថា មាន​ក្រុមហ៊ុន​តែ​ជាង​៩០០​ប៉ុណ្ណោះ​ ដែល​កំពុង​មាន​សុពល​ភាព​ក្នុង​ពេល​បច្ចុប្បន្ន។

ចំណែក​លោក​ ស៊ូ ឆ្លូញ អនុប្រធាន​សហព័ន្ធ​ BWTUC ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​រាល់​សំណង់​អគារ​ផ្សេងៗ​ទៀត ​ដែល​កំពុង​សាង​សង់​ដោយ​មិន​មាន​ច្បាប់​ និង​សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

«ត្រូវតែ​ពិនិត្យ​មើល​ ហើយ​ផ្អាក​នូវ​សំណង់​អគារ​នោះ មិន​បន្ត​ឲ្យ​សាងសង់​ទៅ​ទៀត។​ ជា​ពិសេស ឆែក​លើ​គុណភាព​របស់​សំណង់​អគារ ទន្ទឹម​នឹង​អត់​ច្បាប់ ត្រួត​ពិនិត្យ​មើល​ថា តើ​សំណង់​អគារ​នោះ​ វា​មាន​គុណភាព​ដែរ​ឬ​ក៏​អត់ ជៀស​វាង​មាន​បញ្ហា​កើត​ឡើង​ជាយថាហេតុ​ណាមួយ​បន្ត​ឲ្យ​មាន​ការ​បាក់​រលំ បន្ត​ឲ្យ​មាន​ការ​ស្លាប់​កម្មករ​បន្ត​ទៅ​ទៀត»។

​ក្រុម​សង្គម​ស៊ីវិល​ដែលធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​កម្មករ​ដដែល​ក៏បាន​ប្រកាស​ថា នៅ​សប្ដាហ៍​ក្រោយ​ ពួកគេ​នឹង​ដាក់ញត្តិទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​ចំនួន​៧​ចំណុច ដើម្បី​ដោះស្រាយ និង​លើក​កម្ពស់​គុណភាព សុវត្ថិភាព​សំណង់​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ស្នើ​ឲ្យ​មាន​សង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៣ ខែ​មករា មាន​ករណី​បាក់​អគារ​ដែល​កំពុង​សាង​សង់​មួយ​ក្នុង​ខេត្ត​កែប ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣៦​នាក់​ស្លាប់ និង​២៣​នាក់​រង​របួស។ ម្ចាស់​សំណង់​ត្រូវ​បាន​ឃាត់​ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា​ការ​មិន​ឲ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ថា ពុំ​មាន​មន្ត្រី​ណា​ម្នាក់​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ ឬ​លា​ឈប់​ពី​តំណែង​ដោយ​មូលហេតុ​នៃ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​បាក់​រលំ​អគារនោះ​ទេ។

លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ CENTRALលើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​លើ​អ្នក​ពាក់​ព័ន្ធ ដែល​រួមទាំង​មន្ត្រី​ផង នឹង​ជំរុញ​ឲ្យវិស័យ​សំណង់​កាន់​តែ​ប្រសើរ និង​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

«ខ្ញុំ​ជឿជាក់​ថា​រាជ​រដ្ឋាភិបាល​នឹង​អនុវត្ត​ច្បាប់​ដោយ​មិន​យក​តួនាទី ឬ​ក៏​តំណែង​នរណា​មួយ​ ដើម្បី​លាង ឬ​ក៏​ឲ្យ​អ្នក​ហ្នឹង​គេច​ផុត​អំពី​កាតព្វកិច្ច​ច្បាប់ ខណៈ​ពេល​ដែល​រដ្ឋាភិបាលអនុវត្ត​ច្បាប់។ អញ្ចឹង​ខ្ញុំ​សូម​អំពាវ​នាវ​ថា អ្នក​ដែល​ពាក់ព័ន្ធ អ្នក​ដែល​ទទួល​ខុស​ត្រូវ សូម​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​មានតម្លា​ភាព និង​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ»។

VOAមិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយពី​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែន​ដី​នគរូបនីយ​កម្ម និង​សំណង់​ និង​លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​ដែន​ដី​ខេត្ត​កែប បាន​ទេ។

លោក ទេព ធន ប្រធាន​គណៈ​កម្មការ​ធ្វើ​កោសល្យវិច័យ​អគារដែល​បាក់​នៅ​ខេត្ត​កែប ប្រាប់​VOAថា គណៈ​កម្មការ​នៅ​បន្ត​ការ​ស្រាវជ្រាវ​ ដោយ​មិន​ទាន់​អាច​កំណត់​ពី​ពេល​ប្រកាស​លទ្ធផល​នៅ​ឡើយ។

«ចាំ​មើល​លទ្ធផលឡាបូ [មន្ទីរ​ពិសោធន៍ ]»។

តាម​កំណត់​ហេតុ​មួយ​របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ ចុះ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​VOAទទួល​បាន​ សំណង់​ដែល​បាក់​នៅ​ខេត្ត​កែប​នេះ​ ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​នៅ​ថ្ងៃ​ទី​៥ ខែ ធ្នូ ហើយ​រក​ឃើញ​ថា«សង់​លើស​ប្លង់​ក្រឡា​ផ្ទៃ និង​ខុស​ប្លង់​អនុញ្ញាត»។ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី​បាន​ជា​សំណង់​មួយ​នេះ​អាច​បន្ត​ការ​សាងសង់​រហូត​មក​ដល់​ថ្ងៃ​បាក់​រលំ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។

សំណង់​ដែល​មាន​ម្ចាស់​ឈ្មោះ ឯក សារុន អាយុ​៦៣​ឆ្នាំ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ការដ្ឋាន​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩។ ប៉ុន្តែ​ កម្មករ​រងគ្រោះ​មួយ​ចំនួន ដែល​VOAបាន​សាកសួរ ​អះអាង​ថា សំណង់​នេះ​ត្រូវ​បាន​សាងសង់​ តាំងពី​ខែ​មីនា ឆ្នាំ​២០១៩។

តាម​ច្បាប់​ស្ដីពី​សំណង់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មាន​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ៣ឆ្នាំ ចំពោះ​ជន​ណា​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​ដោយ​គ្មាន​លិខិត​អនុញ្ញាត ចំពោះ​អ្នក​សិក្សា​គម្រោង​ប្លង់​ណា​ដែល​បាន​សិក្សា​គម្រោង​ប្លង់​ដោយ​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង​ចំពោះ​អ្នក​សាងសង់​ដែល​បាន​សាងសង់ ឬ​រុះរើ មិន​អនុលោម​តាម​គម្រោង​ប្លង់ និង​តាម​បទប្បញ្ញត្តិ ដែល​បណ្ដាល​ឲ្យ​មាន​របួស ឬ​បណ្ដាល​ឲ្យ​ខូច​សុខភាព​អ្នក​ដទៃ។

មាត្រា​១០១​នៃ​ច្បាប់​ស្ដីពី​សំណង់ ​ចែង​ថា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ ចំពោះ​អ្នក​ត្រួត​ពិនិត្យ និង​បញ្ជាក់​ ដែល​បាន​បញ្ជាក់​លើ​គម្រោង​ប្លង់ ឬ​ការងារ​សាងសង់ ឬ​រុះរើ​ថា​ត្រឹមត្រូវ ដែល​តាម​ជាក់ស្ដែង គម្រោង​ប្លង់ ឬ​ការងារ​សាងសង់ ឬ​រុះរើ​នោះ មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង/ឬ​តាម​គម្រោង​ប្លង់​ដែល​បាន​អនុញ្ញាត​ហើយ​បណ្ដាល​ឲ្យ​មាន​របួស ឬ​បណ្ដាល​ឲ្យ​ខូច​សុខភាព​ដល់​អ្នក​ដទៃ។

មាត្រា​១០៣ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ទៅ​១០ឆ្នាំ កាល​បើ​អំពី​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កាត់​អវយវៈ ឬ​នាំ​ឲ្យ​មាន​ពិការភាព​ជា​អចិន្ត្រៃយ៍​ដល់​ជន​រងគ្រោះ។ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​ផ្ដន្ទាទោស​ពី​៧​ទៅ​១៥​ឆ្នាំ កាល​បើ​អំពើ​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ​ស្តីពី«ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយកម្ម» ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ «គុណភាព​អន់​ថយ​នៃ​សំណង់​លំនៅដ្ឋាន និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុងទីប្រជុំជន»។ របាយការណ៍​បាន​បន្ថែម​ថា ការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជា​បញ្ហា​ដោយសារ​គោលការណ៍​«សង់​ជាមុន​ ផ្ដល់​អាជ្ញាបណ្ណ​តាម​ក្រោយ»៕

ប្រភព៖ VOA

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...