09
មករា

បុគ្គ​លិ​កណា​ហ្គា​ជាង១ពាន់​នាក់​ព្រមាន​តវ៉ា​ពី​ថ្ងៃនេះ​រហូត​មាន​ដំណោះស្រាយ​

បុគ្គលិក​កា​ស៊ី​ណូ​ ណា​ហ្គា​ វើលដ៍​ (Naga​ World​) នៅ​រាជធានី​ភ្នំពេញ​ ជាង១ពាន់​នាក់​ នៅ​ថ្ងៃនេះ​ ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ ដើម្បី​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ និង​ទទួលយក​សហជីព​ម្នាក់​ចូល​ធ្វើការងារ​វិញ​ ហើយ​ថា​ បើ​មិន​មាន​ដំណោះស្រាយ​ទេ ​នឹង​តវ៉ា​រហូត​។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុន​ ណា​ហ្គា​ វើលដ៍​ អ្នកស្រី​ ឈុន​ សុខា​ ថ្លែង​នៅមុខ​ក្រុមហ៊ុន​ថា​ ដើមចម​ដែល​នាំ​ឱ្យ​ពួកគេ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​នា​ព្រឹក​ថ្ងៃនេះ​ ដោយសារតែ​ក្រុមហ៊ុន​រើសអើង​បុគ្គលិក​ បញ្ឈប់​ប្រធាន​សហជីព១រូប​ និង​មិន​ដំឡើង​ប្រាក់ខែ​ឱ្យ​បាន​សមរម្យ​ដល់​បុគ្គលិក​ជាដើម​។

ករណីនេះ​ អ្នកស្រី​ថា​ បើ​ក្រុមហ៊ុន​មិនព្រម​ឱ្យ​សហជីព១រូប​ចូល​ធ្វើការងារ​វិញ​ និង​ផ្តល់​ប្រាក់ខែ​សមរម្យ​ រួម​ទាំង​លក្ខខ​ណ្ឌ​ការងារ​មួយចំនួន​ទៀត​ទេ​ ពួកគេ​នឹង​បន្ត​ធ្វើកូដកម្ម​ជា​រៀងរាល់ថ្ងៃ​ រហូត​មាន​ដំណោះស្រាយ​។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុន​ ណា​ហ្គា​ វើលដ៍​ អ្នកស្រី​ ឈុន​ សុខា​ ថ្លែង​ប្រាប់អ្នកកាសែតនៅកន្លែង​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណាហ្គា ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកស្រី​ ឈុន​ សុខា​៖ «គោល​ជំ​ហររ​បស់​ក្រុមហ៊ុន​ គេ​អត់ទម្លាក់​ជំ​ហរ​បស់​គេ​ទេ​ អ៊ីចឹង​សហជីព​ក៏​នៅតែ​រក្សា​គោល​ជំ​ហរ​បស់​ខ្លួន​ដូចគ្នា​ ហើយ​យើង​ធ្វើ​នៅ​ទីនេះ​ យើង​ឈរធ្វើកូដកម្ម​រហូត​មាន​ដំណោះស្រាយ​ បើ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ដែល​បុគ្គលិក​ណាមួយ​ទទួលយក​បាន​ គឺ​យើង​នឹង​មិនឈប់​[កូដកម្ម​]ទេ​»។

តំណាង​សហជីព​ម្នា​ក់​ទៀត​ លោក​ ប៉េង​ សុភា​ បង្ហាញ​ការ​ខកចិត្ត​នឹង​ក្រសួងការងារ​ ដែល​មិនបាន​កោះហៅ​ភាគី​ក្រុមហ៊ុន​ និង​បុគ្គលិក​ ជជែកគ្នា​ផ្ទាល់​ ដើម្បី​រក​ដំណោះស្រាយ​រួម​។ ករណីនេះ ​លោក​ស្នើ​ទៅ​ក្រសួង​ ជួយ​ពន្លឿន​ដោះស្រាយ​ឱ្យ​ភាគី​ទាំងពីរ​ទទួល​បាន​ប្រយោជន៍​ទាំងសងខាង​។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុមហ៊ុន​ ណា​ហ្គា​ វើលដ៍​ លោក ប៉េង សុភា​ ថ្លែង​ប្រាប់អ្នកកាសែតនៅកន្លែង​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណាហ្គា ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក​មានប្រសាសន៍​ថា​៖ «ស្នើសុំ​ក្រសួង​យកចិត្ត​ទុកដាក់​លើ​បុគ្គលិក​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​ក្រុម​ហ៊ុន​ណា​ហ្កាវើល​ ជំរុញ​ឱ្យ​ក្រសួង​ហៅ​ភាគី​ក្រុមហ៊ុន​ ដើម្បី​ចូល​តុចរចា​ រក​ដំណោះស្រាយ​ដែល​ល្អ​ ដើម្បី​ឱ្យ​បុគ្គលិក​ទាំងអស់​គាត់​សប្បាយចិត្ត​ និង​ចូល​ធ្វើការងារ​វិញ​»។

វី​អូ​ឌី​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គ​លិក​របស់​ក្រុមហ៊ុន​កាស៊ីណូ​ ណា​ហ្គា​ វើលដ៍​ (Naga​ World​) អ្នកស្រី​ ឌី​ សីហា​ បានទេ​ នៅ​រសៀល​ថ្ងៃនេះ​។

អ្នកនាំពាក្យ​ក្រសួងការងារ​ លោក​ ហេង​ សួរ​ លើកឡើង​ថា​ ក្រសួងការងារ​មាន​សិទ្ធិ​ត្រឹមតែ​សម្របសម្រួល​ និង​ផ្សះផ្សា​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ ការសម្រេច​ចិត្ត​យ៉ាងណា​ អាស្រ័យ​លើ​ភាគី​ជម្លោះ​ឯកភាព​គ្នា​។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់​ត្រា​ល់​ លោក​ ឃុន​ ថា​រ៉ូ​ ដែល​ឃ្លាំមើល​រឿង​នេះ​ មានប្រសាសន៍​ថា​ បើ​រដ្ឋាភិបាល​មិន​ជួយ​ផ្សះផ្សា​ ឬសម្របសម្រួល​រក​ដំណោះស្រាយ​រួម​ជូន​ភាគី​ទាំងពីរ​ទេ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​លើឆាកអន្តរជាតិ​។

លោក​មានប្រសាសន៍​ថា​៖ «ករ​ណី​ណា​ហ្កាវើ​លនេះ​ វា​ស្ថិតនៅ​ក្នុង​របាយការណ៍​របស់​សហភាព​អឺរ៉ុប​ផង​ដែរ​ ទាក់ទង​នឹង​ដំណើរការ​នីតិវិធី​សម្រេច​ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ខ្ញុំ​គិតថា​ ជា​ការពិត​ណាស់​វា​អាច​ប៉ះពាល់​ទៅដល់​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ​ ហើយ​វា​អាច​ប៉ះពាល់​ទៅ​នឹង​មុខមាត់​ដែល​ថា​ ភាគី​រដ្ឋ​មិនបាន​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​ផ្សះផ្សា​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​»។

បុគ្គលិក​របស់​ក្រុមហ៊ុន​ Naga​ World​ ដែល​ចូលរួម​តវ៉ា​នៅ​ព្រឹក​នេះ​ អះអាង​ប្រហាក់​ប្រហែលគ្នា​ថា​ ពួកគេ​ធ្លាប់​បាន​ដាក់​សំណើសុំ​ឱ្យ​ថៅកែ​ អនុញ្ញាត​ឱ្យ​ប្រធាន​សហជីព​ កញ្ញា​ ឈឹម​ ស៊ី​ថរ​ ចូល​បំពេញការងារ​ក្នុង​កាស៊ីណូ​វិញ​ និង​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​ ៣០០ដុល្លារ​ និង​ផ្នែក​កាស៊ីណូ​ ៥០០ដុល្លារ​ ដោយ​ភាគី​ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​ចម្លើយ៣ខែក្រោយ​ ប៉ុន្តែ ​ក្រុមហ៊ុន​មិនបាន​ធ្វើតាម​ការសន្យា​ទេ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​បុគ្គលិក​​ធ្វើ​យុទ្ធនាការ​ទាមទារ​បែបនេះ​៕

ប្រភព៖VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...