10
មករា

អង្គការ​ការងារ និង​សហជីព ស្វែង​រក​ការ​គាំទ្រ​ញត្តិ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ស្ថានភាព​ហានិភ័យ​សំណង់ ក្រោយ​មាន​ការ​បាក់​រលំ​អគារ​ជា​បន្តបន្ទាប់

អង្គការ​ឃ្លាំមើល​សិទ្ធិ​ការងារ និង​សហជីព​សំណង់ នឹង​ស្វែង​រក​ការ​គាំទ្រ​ញត្តិ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ស្ថានភាព​​ហានិភ័យ​ក្នុង​វិស័យ​សំណង់ ក្រោយ​មាន​ហេតុ​ការណ៍​បាក់​រលំ​អគារ​​សង្កត់​កម្មករ​ស្លាប់​ជា​បន្ត​បន្ទាប់។

ក្រុម​អ្នក​ឃ្លាំមើល​​សិទ្ធិ​ការងារ ក្នុង​វិស័យ​សំណង់ នាំ​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី៨ មករា ដើម្បី​ជំរុញ​រដ្ឋាភិបាល និង​ភាគី​​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត លើ​សុវត្ថិភាព​កម្មករ​ក្នុង​វិស័យ​សំណង់។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធិ​មនុស្ស និង​ការងារ លោក ឃុន ថារ៉ូ និយាយ​ថា សន្និសីទ​កាសែត​​ គឺ​ចង់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក្រសួង​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ ​ធានា​សុវត្ថិភាព​កម្មករ​សំណង់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​ត្រូវ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ពី​ការ​បាក់​រលំ​អគារ​ទ្រង់​ទ្រាយ​ធំ​ កុំ​ឲ្យ​កើត​មាន​ត​ទៅ​ទៀត។

លោក​ថា ​អង្គការ​សង់ត្រាល់ (CENTRAL) និង​សហជីព​សំណង់ បាន​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ និង​ធានា​សុវត្ថិភាព​កម្មករ​សំណង់ ចំនួន ​៧​ចំណុច ក្នុង​នោះ ក៏​មាន​ការ​ទាមទារ​បន្ថែម​ឲ្យ​អាជ្ញាធរ​រក​ទីតាំង​ធ្វើ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​កែប ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ ដល់​អ្នក​ស្លាប់​ ដោយសារ​អគារ​ដួល​រលំ​សង្កត់​ ចំនួន​ ៦៤នាក់ (ព្រះសីហនុ​ ២៨ កែប​៣៦)។

ញត្តិ​នេះ នឹង​ត្រូវ​អង្គការ​សង់ត្រាល់ និង​សហជីព​សំណង់ ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​ពលរដ្ឋ នៅ​តាម​ស្ថាប័ន​​រដ្ឋ អង្គការ​ សមាគម​នានា មុន​យក​ទៅ​ដាក់​​នៅ​តាម​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​នៅ​សប្ដាហ៍​ក្រោយ។ លោក ឃុន ថារ៉ូ សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​​​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ទៅ​អនុវត្ត​ ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព៖ «មើល​ឃើញ​ថា វា​មិន​ទាន់​មាន​ការ​អនុវត្ត​បាន​ពេញ​លេញ​។ អ៊ីចឹង​ហើយ​ បាន​យើង​នៅ​តែ​បន្ត​ជំរុញ​ដដែល អ្វី​ដដែល​ហ្នឹង ថា​រាជរដ្ឋាភិបាល​ហ្នឹង ត្រូវ​មាន​វិធាន​ការ​តឹងរ៉ឹង គាត់​ត្រូវ​មាន​វិធានការ​តឹងរ៉ឹង ដើម្បី​ធានា​អំពី​គុណភាព និង​សុវត្ថិភាព​ នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់​ហ្នឹង។ អ៊ីចឹង អនុសាសន៍​ទាំង​៧​ចំណុច​ហ្នឹង ខ្ញុំ​គិត​ថា វា​សំខាន់»

ការ​ទាមទារ​ទាំង ៧ចំណុច​ក្នុង​ញត្តិ​របស់​អង្គការ​សង់ត្រាល់ និង​សហជីព​សំណង់ បាន​ស្នើសុំ​ឲ្យ​​ ផ្អាក​ជា​បន្ទាន់ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​គម្រោង​ណា ដែល​​​សាងសង់​ ​​គ្មាន​ច្បាប់​អនុញ្ញាត​ សាង​សង់​ខុស​ស្តង់ដារ​បច្ចេកទេស​សំណង់​ ហើយ​ត្រូវ​មាន​ការ​ចុះ​ធ្វើ​អធិការកិច្ច​​ការងារ​ជា​ប្រចាំ និង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព តម្លា​ភាព ផ្ដល់​សំណង​ផ្នែក​ច្បាប់ ដល់​​កម្មករ​រងគ្រោះ​​ និង​អ្នក​ក្នុង​បន្ទុក​គ្រួសារ​ឲ្យ​បាន​សមរម្យ ស្រាវ​ជ្រាវ​រក​អ្នក​ទទួល​ខុស​ត្រូវ អ្នក​ពាក់ព័ន្ធ មក​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់ និង​ជំរុញ​ឲ្យ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​​របស់​ក្រសួង​សំណង់ ក្នុង​ការ​ផ្ដល់​កន្លែង​​​សម្រាប់​កម្មករ​ និយោជិក ស្នាក់​នៅ ក្រៅ​ការដ្ឋាន​សំណង់​ជា​ដើម។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន លើក​ឡើង​ថា កម្មករ​នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ​ទាំង​ករណី​បាក់​រលំ​អគារ​ ៧ជាន់​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​កែប។ លោក​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ​ កម្មករ​រង​គ្រោះ​ពី​ការ​បាក់​រលំ​អគារ​​សង្កត់ នៅ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​មិន​ទាន់​ទទួល​បាន​សំណង​រដ្ឋប្បវេណី​ ហើយ​បារម្ភ​ថា កម្មករ​រងគ្រោះ​នៅ​ខេត្ត​កែប ​​អាច​​រង​ភាព​អយុត្តិធម៌​ដូច​គ្នា៖ «លទ្ធផល​នៃ​ការ​អនុវត្ត​តាម​នីតិវិធី​​ ហាក់​បី​ដូចជា​អត់​មាន​ផល និង​យុត្តិធម៌​សម្រាប់​កម្មករ​ទេ មក​ដល់​ពេល​នេះ»

ហេតុការណ៍​បាក់​រលំ​អគារ​សង្កត់​មនុស្ស​ស្លាប់ បាន​កើត​ឡើង​ទ្រង់ទ្រាយ​ធំ ៣លើក ក្នុង​រយៈ​ពេល ៧ខែ​ចុង​ក្រោយ​នេះ គឺ​ការ​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​ របស់​ថៅកែ​ជនជាតិ​ចិន កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩ ដែល​សង្កត់​កម្មករ ២៨នាក់​ស្លាប់ និង ២៦នាក់​រង​របួស។ អគារ​សាលា​ឆាន់​មួយ ក្នុង​វត្ត​គោក​ចក នៅ​ខេត្ត​សៀមរាប បាន​បាក់​រលំ​កាល​ពី​យប់​ថ្ងៃ​ទី​០៣ ធ្នូ ឆ្នាំ​២០១៩ សង្កត់​មនុស្ស​​​ ៣នាក់​ស្លាប់ របួស​ ១៣​នាក់ និង​សំណង់​អគារ​នៅ​ខេត្ត​កែប បាក់​សង្កត់​ស្លាប់​កម្មករ និង​កូន​ក្មេង​តូចៗ ចំនួន ៣៦នាក់ រង​របួស ២៣នាក់៕

ប្រភព៖វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...