13
មករា

ក្រសួង​រៀបចំ​ដែនដី​បង្កើត​ក្រុមការងារ​ជាង១០០នាក់​ត្រួតពិនិត្យ​សំណង់​ទូទាំង​ប្រទេស​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​ប្រមាណ​ជាង១៦០នាក់ ​ឱ្យ​ត្រួតពិនិត្យ​សំណង់​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត​ ក្រោយ​មាន​ហេតុការណ៍​បាក់​សំណង់​អគា​រប​ណ្ដា​លឱ្យ​មនុស្ស​ស្លាប់​ជាបន្តបន្ទាប់​នៅ​ខេត្ត​មួយចំនួន​។

កាលពី​ថ្ងៃទី៣​ ខែមករា​ មនុស្ស​ ៣៦នាក់​ស្លាប់​ និង២៣នាក់​រង​របួសធ្ងន់​ស្រាល ​ក្នុង​ហេតុការណ៍​បាក់​សំណង់​អគារ​កម្ពស់៧ជាន់​មួយ​នៅ​ក្រុងកែប​។ ដោយឡែក​ កាលពី​ថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០១៩​ សំណង់​អគារ​សាលា​ធម្មសភា​នៅ​វត្ត​មួយ​ក្នុង​ខេត្តសៀមរាប​ ក៏បាន​បា​ក់​រលំ​បណ្ដា​លឱ្យ​បាត់បង់ជីវិត​មនុស្ស៣នាក់​ និង​រង​របួសធ្ងន់​ស្រាល​ចំនួន១៣នាក់​។ កាលពី​ខែមិថុនា​ឆ្នាំមុន ​សំណង់​អគារ​កម្ពស់៧ជាន់​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ​ បាន​បា​ក់ប​ណ្ដា​លឱ្យ​កម្មករ២៨នាក់​ស្លាប់​ និង​រងរបួស២៦នាក់​ផង​ដែរ​។

ក្នុង​សេច​ក្ដី​សម្រេច​មួយ​ចុះ​ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២០នេះ​ ក្រសួង​រៀបចំ​ដែនដី​ បាន​ចាត់តាំង​មន្ត្រី​ពិនិត្យ​សំណង់​ទទួលបន្ទុក​រួម​ចំនួន១៧នាក់​ និង​មន្ត្រី​ត្រួតពិនិត្យ​សំ​ណង់​តាម​បណ្ដា​រាជធានី​ខេត្ត​នី​មួយ​ៗប្រមាណ១៤៦នាក់​។

ក្នុង​សេច​ក្ដី​សម្រេច​ដដែល​នេះ​ ក្រសួង​បាន​បញ្ជាក់​ថា​ មន្ត្រី​ពិនិត្យ​សំណង់​ទទួលបន្ទុក​រួម​នោះ​ គឺ​មាន​តួនាទី​ និង​ភារកិច្ច​ដឹកនាំ​កំណត់​ទិសដៅ​អនុវត្ត​ដល់​មន្ត្រី​ត្រួតពិនិត្យ​សំណង់​នៅ​តាម​រាជធានី​-ខេត្ត​ បន្ទាប់ពី​ទទួល​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​។

មន្ត្រី​ទទួលបន្ទុក​រួម​ ត្រូវ​តាមដាន​ និង​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ដែល​ត្រួតពិនិត្យ​សំណង់​នៅ​រាជធានី​-ខេត្ត​ និង​ត្រូវ​ធ្វើ​សំ​ណើសុំ​ត្រួតពិនិត្យ​ និង​សុំ​សេច​ក្ដី​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ដើម្បី​ផ្អាក​ការសាងសង់​ ឬការ​កែតម្រូវ​ ការបញ្ឈប់​ ការ​រុះរើ​ រួម​ទាំង​ចាត់​វិធាន​ការ​ផ្សេង​ៗទៀត​។

ក្នុង​សេច​ក្ដី​សម្រេច​នេះ​ ក្រសួង​រៀបចំ​ដែនដី​ ក៏បាន​បញ្ជាក់​ពី​តួនាទី​របស់​មន្ត្រី​ដែល​កាន់​តាម​គោលដៅ​រាជធានី​-ខេត្ត​នី​មួយ​ៗផង​ដែរ​ ដោយ​ក្រសួង​បញ្ជា​មន្ត្រី​ទាំងនោះ​ ត្រូវ​ផ្តល់​យោបល់​ទាំង​លើ​ទិដ្ឋភាព​ច្បាប់​ បច្ចេកទេស​លើ​គម្រោង​សាងសង់​ រួម​ទាំង​ចុះ​តាមដាន​ត្រួតពិនិត្យ​រាល់​ការសាងសង់​នានា​។ មន្ត្រី​ដែល​កាន់​តាម​គោលដៅ​រាជធានី​-ខេត្ត​នី​មួយ​ៗ ក៏​ត្រូវ​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​ការ​ផ្អាក​ ការ​កែតម្រូវ​ ការបញ្ឈប់​ ការ​តម្រូវ​ឱ្យ​រុះរើ​ ការ​ចាត់វិធានការ​ចាំ​បាច់​ផ្សេង​ៗ ឬលើក​សំ​ណើ​សុំ​ធ្វើ​អធិការកិច្ច​សំណង់ ​ក្នុងករណី​រក​ឃើញថា​ ការសាងសង់​ទាំងនោះ​មិន​អនុលោម​ទៅតាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ និង​បទប្បញ្ញត្តិ​ដទៃទៀត​។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ លោក​ សេង​ ឡូត​ និង​រដ្ឋមន្ត្រី​លោក​ ជា​ សុ​ផា​រ៉ា​ ជុំវិញ​រឿង​នេះ​បានទេ​។

ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ លោក​ សុខ​ គីន​ សាទរ​ទៅ​នឹង​ការសម្រេច​របស់ក្រ​សួង​រៀបចំ​ដែនដី​ ប៉ុន្តែ​ លោក​ហាក់​មិន​មាន​ជំនឿ​ថា​ ក្រុមការងារ​នេះ​អនុវត្ត​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ លោក​ សុខ​ គីន​ លើកឡើង​ថា​ កន្លងមក​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដី​ពី​សំណង់​ លិខិត​បទដ្ឋាន​នានា​ជាច្រើន​ និង​ធ្លាប់​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​ តែ​បញ្ហា​សំណង់​អត់​គុណភាព​ និង​ខុសច្បាប់​នៅតែ​កើតមាន​។

លោក​បន្ថែម​ថា​៖ «និយាយ​ឱ្យ​ចំពាក់​ព័ន្ធ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិមួយចំនួន​ គឺ​មាននៅ​ក្នុង​វិស័យ​សំណង់​។ អ៊ីចឹង​គុណភាព​សំណង់​ និង​ការជំរុញ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ វា​អាច​ធ្វើ​ទៅ​ប្រសិនបើ​មន្ត្រី​ ឬក៏​ស្ថាប័ន​ទាំងអស់​ហ្នឹង​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន​ឱ្យ​អស់ពី​សម​ត្ថ​ភាព​»

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក​ ឃុន​ ថា​រ៉ូ​ មានប្រសាសន៍​ថា​ ដើម្បី​គ្រប់គ្រង​បញ្ហា​សំណង់​ឱ្យ​មានប្រសិទ្ធភាព​ រដ្ឋាភិបាល​ត្រូវ​បង្កើត​ក្រុមការងារ​ត្រីភាគី​ត្រួតពិនិត្យ​ដែល​មានការ​ចូលរួម​ពី​រដ្ឋាភិបាល​ តំណាង​និយោជក​ និង​អង្គការ​សង្គម​ស៊ីវិល​ ឬសហជីព​ដែល​មាន​ជំនាញ​ច្បាប់​ និង​ជំនាញ​បច្ចេកទេស​វិស័យ​សំណង់​ចូលរួម​។

លោក​បន្ថែម​ថា​៖ «ព្រោះ​អាហ្នឹង​វា​បង្ហាញ​ពី​សុចរិត​ភាព​ និង​តម្លាភាព​ ដើម្បី​ធានា​ថា​ ក្រុមការងារ​ហ្នឹង​គាត់​ធ្វើការ​ដោយ​ប្រសិទ្ធភាព​ ដោយសារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​។ រឿង​សំខាន់​នោះ​គឺ​ការ​ធ្វើ​អធិការកិច្ច​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​។ ជាពិសេស​ទៀត ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ហ្នឹង​គាត់​ត្រូវ​មាន​វិធានការ​តឹង​រ៉ឹង​ ក្នុងករណី​រក​ឃើញ​ក្រុមហ៊ុន​ ឬក៏​អ្នកម៉ៅការ​សាងសង់​មិន​មាន​អាជ្ញាប័ណ្ណ​ចុះបញ្ជី​ត្រឹមត្រូវ​ គាត់​ត្រូវ​មាន​វិធានការ​ច្បាប់​តឹង​រ៉ឹង​»

កាលពី​ថ្ងៃទី៦​ ខែមករា ​ឆ្នាំ២០២០នេះ​ មន្ទីរ​រៀបចំ​ដែនដី​ នគ​រូប​នី​យក​ម្ម​ សំណង់​ និង​សុរិយោដី​ ខេត្ត​បន្ទាយមានជ័យ​ បាន​រក​ឃើញ​ការដ្ឋាន​សំណង់​ជិត២០០កន្លែងនៅ​ខេត្ត​នេះ​ សាងសង់​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ខ្លះទៀត​ខុស​បច្ចេកទេស​ ខណៈ​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ការងារ​រក​ឃើញថា​ កម្មករ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ជាង២០ម៉ឺន​នាក់​ កំពុង​ប្រឈម​គ្រោះថ្នាក់​ការងារ​ក្នុង​អត្រា​ខ្ពស់​បំផុត​ បើ​ធៀប​ទៅ​នឹង​វិស័យ​ដទៃ​ទៀត៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...