22
មករា

សហជីព​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​កម្មករ​សំណង់

សហគមន៍ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៧០​ស្ថាប័ន រួមគ្នា​ដាក់​ញត្តិ ជូន​ក្រសួង​ដែនដី​និង​ក្រសួង​ការងារ ដើម្បី​ចាត់ វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់។ សំណើ​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​សោកនាដកម្ម​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប បណ្ដាល​ឱ្យ​កម្មករ​សំណង់​ជាច្រើន​នាក់​បាត់​បង់ជីវិត និង​រងរបួស។

សហជីព​ផ្នែក​សំណង់ និង​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការអនុវត្ត​បទដ្ឋាន​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗ គឺ​ចាំបាច់​បំផុត ដើម្បី​ធានា​ដល់​អាយុជីវិត​មនុស្ស និង​ទប់ស្កាត់​ហានិភ័យ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ជាមួយ​គ្នា​នេះ ការ​យក​ទីតាំង​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់​ធ្វើជា​កន្លែង​ស្នាក់នៅ និង​សាងសង់ នោះ​គឺជា​ហានិភ័យ​ខ្ពស់​បំផុត​ចំពោះ​អាយុជីវិត​កម្មករ​។ ជាង​នេះ​ទៅ​ទៀត ក្រុម​សហជីព និង​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​មិន​ត្រូវ​ឱ្យ​អ្នកទទួលខុសត្រូវ​សាង​សង់ និង​ម្ចាស់​សំណង់​រួច​ផុត​ពី​ទោស​ទណ្ឌ ដោយ​គ្រាន់តែ​ចេញ​សំណង​ដល់​ជនរងគ្រោះ​នោះ​ឡើយ។

លោកស្រី កែវ ណាគ្រី (ស្ដាំ) កំពុង​លាយ​ស៊ីម៉ងត៍ នា​សំណង់​បុរី​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
លោកស្រី កែវ ណាគ្រី (ស្ដាំ) កំពុង​លាយ​ស៊ីម៉ងត៍ នា​សំណង់​បុរី​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​(BWTUC) លោក សុខ គីន ថ្លែង​ថា ចំណុច​អាទិភាព​ដែល​ក្រសួង​ដែនដី និង​ក្រសួង​ការងារ ត្រូវ​អនុវត្ត​ជា​ដំបូង​នោះ គឺ​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោង​សាងសង់​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដោយ​រង់ចាំ​ការ​ត្រួត​ពិនិត្យ វាយតម្លៃ​ពី​ស្ថាប័ន​ជំនាញ ដើម្បី​ឱ្យ​ប្រាកដ​ថា គម្រោង​សាងសង់​នីមួយៗ​មាន​ច្បាប់​អនុញ្ញាត និង​មាន​គុណភាព​តាម​ស្តង់ដារ​សុវត្ថិភាព​។ លោក​បន្ត​ថា ក្រសួង​ដែនដី​គួរ​ដាក់​ចេញ​វិធានការ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ម៉ៅការ​បន្ត​ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ធានា​ការអនុវត្ត​បទដ្ឋាន​និយាម​សុវត្ថិភាព គ្រប់​ការដ្ឋាន​សំណង់។

ដើម្បី​ឱ្យ​ការអនុវត្ត​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព លោក សុខ គីន យល់ថា ក្រសួង​ទាំងពីរ ចុះ​ធ្វើ​អធិការកិច្ច​ការងារ​ជាប្រចាំ​ដើម្បី​ពិនិត្យមើល​លក្ខខណ្ឌ​សុវត្ថិភាព និង​បទដ្ឋាន​ការងារ​របស់​កម្មករ​សំណង់ និង​ធ្វើការ​ចុះបញ្ជី​ក្រុមហ៊ុន​សាងសង់ ទាំងនោះ ជាម​មួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៅ​ទូទាំង​ប្រទេស​។

លោក​បន្ថែម​ថា ការអនុវត្ត​បែបនេះ រដ្ឋាភិបាល​នឹង​បាន​ទទួល​ចំណូល​ពន្ធ​ពេញលេញ ពី​វិស័យ​សំណង់ ហើយ​កម្មករ​សំណង់​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ការងារ​ដែរ នៅ​ពេល​ពួកគេ​ជួប​បញ្ហា​ជាយថាហេតុ​ណាមួយ៖ «ដើម្បី​ចៀសវាង​បញ្ហា ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​ពិនិត្យ​ច្បាប់​ឡើងវិញ ហើយ​នឹង​ការ​បង្កើត​ច្បាប់​ស្ដីពី​ទី​សុវត្ថិភាព​កន្លែង​ការងារ​សំណង់ ឱ្យ​បាន​លឿន ដែល​អាច​ធ្វើ​ទៅ​បាន​។ ហ្នឹង​ជា​សំណូមពរ​ទទូច​របស់​ខ្ញុំ ព្រោះ​បើ​មាន​ច្បាប់​ជាក់លាក់ ងាយស្រួល​ជំរុញ​ឱ្យ​ភាគី​អនុវត្ត​ច្បាប់ ហើយ​ទី​២ សូម​ឱ្យ​ក្រសួង​ចុះ​ធ្វើ​អធិការកិច្ច ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​កម្មករ​នៅ​ក្នុង​វិស័យ​សំណង់​។ បើ​មិន​បន្ថែម​នូវ​អធិការកិច្ច​ទេ បញ្ហា​នៅតែ​កើតមានឡើង​ដដែល»។

ចំពោះ​ការ​អនុវត្ត​ច្បាប់​វិញ អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​ការងារ លោក ឃុន ថារ៉ូ លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​ចុះ​ស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្ដន្ទាទោស ចំពោះ​អ្នកសមគំនិត អ្នកផ្ដើមគំនិត ត្រូវ​ទទួល​ដូច​អ្នក​ប្រព្រឹត្ត ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​និង​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ត​ដែរ៖ «រដ្ឋាភិបាល​ត្រូវ​ធានា​ថា យុត្តិធម៌​នឹង​អាច​ស្វែង​រក​បាន​ដោយ​ជនរងគ្រោះ​។ អ៊ីចឹង​អ្នក​ទាំងអស់​ត្រូវតែ​ទទួលខុសត្រូវ ហ្នឹង​ជា​រឿង​សំខាន់ ពីព្រោះ​មិន​ថា​អ្នក​ហ្នឹង​ជា​មន្ត្រី ឬ​មាន​តួនាទី​អ្វី​ទេ ត្រូវតែ​អនុវត្ត​ច្បាប់​ហ្នឹង​។ ហើយ​មួយ​ទៀតសោត វា​ដល់​ពេលវេលា​សម្រាប់​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ស្ដី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ឱ្យ​កម្មករ​សំណង់ ត្រូវ​បាន​គ្រប់​ដណ្ដប់​នូវ​ការ​គាំពារ​សំណង់​ហ្នឹង​។ ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ត្រឹមត្រូវ ត្រូវតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នោះ ទិញ​ធានារ៉ាប់រង​សម្រាប់​កម្មករ​។ ចៀសវាង​នៅ​ពេល​មាន​ព្រឹត្តិការណ៍​កើតឡើង ជនរងគ្រោះ គាត់​ទទួល​បាន​ដោយសារ​មូលនិធិ ឬក៏​ការ​កៀរគរ។ អ៊ីចឹង​ការ​ទិញ​ធានារ៉ាប់រង ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ហ្នឹង វា​ជា​អត្ថប្រយោជន៍​មួយ​សម្រាប់​កម្មករ»។

សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។
សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។ Photo courtesy of Royal Du Cambodge’s Facebook Page

លោក ឃុន ថារ៉ូ ឱ្យ​ដឹង​ថា មន្ត្រី​តំណាង​ក្រសួង​ទាំងពីរ​បាន​ចេញ​មក​ទទួល​ញត្តិ ហើយ​សន្យា ឆ្លើយ​តប​ជា​លាយលក្ខណ៍អក្សរ​មក​វិញ​នៅ​ពេល​ក្រោយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត និង អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២១ មករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ក្នុង​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កម្ពុជា​មាន​ហេតុការណ៍​បាក់​រលំ​អគារ​សំណង់​ធំៗ​២​កន្លែង ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។
អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។ RFA

កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ សំណង់​អគារ​ខុនដូ​កម្ពស់​៧​ជាន់ ដែល​មាន​ម្ចាស់ និង​អ្នកម៉ៅការ​សាងសង់​ជា​ជន​ជាតិ​ចិន បាន​បាក់​ដួល​រំលំ​សង្កត់​កម្មករ កម្មការិនី កំពុង​ដេក​នៅ​ការដ្ឋាន​សំណង់ ស្លាប់​ចំនួន ២៨​នាក់ និង​របួស​ចំនួន ២៦​នាក់​។ ក្រោយមក​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ នេះ មាន​ករណី បាក់​ស្រុត​សំណង់​សណ្ឋាគារ ១​កន្លែង នៅ​ខេត្ត​កែប បណ្ដាល​ឱ្យ​មនុស្ស​៣៦​នាក់​ស្លាប់ និង​រង​របួស​ធ្ងន់​ស្រាល​២៣​នាក់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ផ្ដល់​ទីតាំង​សាធារណៈ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប ដើម្បី​ធ្វើ​ស្តូប​រំឭក​ការ​ចងចាំ​អំពី​ព្រឹត្តិការណ៍​សោកនាដកម្ម​ដ៏​រន្ធត់​នេះ៕ប

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...