03
កុម្ភៈ

បុគ្គលិក​ស៊ិនទ្រី​បន្ត​ការតវ៉ា​ និង​សុំ​នាយករដ្ឋមន្ត្រី​ជួយ​ ករណី​ថៅកែ​បញ្ឈប់​គ្មាន​សំណង

ភ្នំពេញៈ បុគ្គលិក​ក្រុមហ៊ុន​ស៊ិនទ្រី​ប្រមាណ​ ៨០ ​នាក់​ ពី​ម្សិលមិញ​បាន​បន្ត​ការតវ៉ា​នៅមុខ​ក្រុមហ៊ុន​ និង​ស្នើសុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ករណី​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ជាង​ ១០០ ​នាក់​ដោយ​មិន​ផ្តល់​សំណង​ត្រឹមត្រូវ​តាមច្បាប់ បន្ទាប់ពី​ការតវ៉ា​តាំងពី​ដើម​ខែមករា មិន​ទទួល​បាន​ដំណោះស្រាយ​។

កាលពី​ដើម​ខែមករា បុគ្គលិក​ក្រុមហ៊ុន ស៊ិនទ្រី ដែលជា​អតីត​ក្រុមហ៊ុន​ទទួលបាន​ការប្រមូល​សំរាម​ផ្តាច់មុខ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ផ្ទុះ​ការតវ៉ា និង​បន្ត​ការតវ៉ា​ជា​បន្តបន្ទាប់ ក្រោយពី​ម្ចាស់​ក្រុមហ៊ុន​ប្រកាស​បញ្ឈប់​ពួកគេ​ភ្លាមៗ និង​មិន​ផ្តល់​សំណង​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។

លោក​ ញ៉ ប៊ុនថា បុគ្គលិក​ក្រុមហ៊ុន​ស៊ិនទ្រី​ដែល​ចូលរួម​តវ៉ា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​បុគ្គលិក​ទាំងអស់​បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​នៅ​មុខ​ក្រុមហ៊ុន​ស្ថិតនៅ​អគារ​លេខ​ ៤៤២D ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តាំងពី​ថ្ងៃ​ចន្ទ​មក​។

លោក​បន្តថា​ ចាប់ពី​ការតវ៉ា​លើកដំបូង​រហូត​មកទល់​ពេលនេះ ក្រុមហ៊ុន​នៅតែ​មិន​ផ្តល់​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន បើទោះបី​ជា​បុគ្គលិក​ទាំងអស់​បាន​ព្យាយាម​ស្វែងរក​កិច្ចអន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពួកយើង​ចង់បាន ២ ​ចំណុច​ទេ គឺ​សុំ​បើក​ប្រាក់ខែ​ ១០០ ​ភាគរយ និង​ប្រាក់​បញ្ឈប់​ពី​ការងារ ប្រាក់​ដំណាច់ឆ្នាំ ប្រាក់​សព្វបែបយ៉ាង​ឲ្យ​ស្រប​ទៅ​តាមច្បាប់​ការងារ​។ មួយវិញទៀត​ពួកយើង​សុំ​ទៅ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ដែល​បង្កើតឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ ជំនួស​ឲ្យ​កន្លែងចាស់​»​។

លោក​ ញ៉ ប៊ុនថា អះអាង​ថា​ការតវ៉ា​ជាថ្មី​នេះ បុគ្គលិក​ទាំងអស់​បាន​ដាក់ញត្តិ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ ប៉ុន្តែ​ក្រោយពី​ការដាក់​ញត្តិ​តាំងពី​ថ្ងៃ​ពុធ​មក​គឺ​មិនទាន់​ទទួល​ដំណោះស្រាយ​អ្វី​នោះទេ​។ ដូច្នេះ​បុគ្គលិក​ទាំងអស់ ក៏បាន​ប្រកាន់​ជំហរ​ក្នុង​ការតវ៉ា​ជា​បន្តបន្ទាប់​ទៀត​រហូត​ទាល់​តែមាន​ដំណោះស្រាយ​។

លោក​បន្ថែមថា​៖ «​យើង​នៅតែ​បន្តធ្វើ​កូដកម្ម​រហូត ដើម្បី​សុំ​ឲ្យ​គាត់​ចេញ​មុខ​ដោះស្រាយ ព្រោះ​ពួកខ្ញុំ​មិន​ចង់​តវ៉ា​នៅ​ហាលថ្ងៃ​ក្តៅ​អ៊ីចឹង​ទេ មាន​អ្នក​ខ្លះ​ខ្យល់គរ​ទៀតផង ប៉ុន្តែ​មិនមាន​អ្នកណា​ចេញមុខ​មក​ដោះស្រាយ​សោះ​។ សម្ដេច​ប្រកាស​ហើយ​ថា មិន​ឲ្យ​ពួក​ខ្ញុំ​អត់​ការងារ​ដាច់បាយ​នោះទេ ខ្ញុំ​សង្ឃឹមថា​នឹង​ទទួលបាន​ដំណោះស្រាយ​ឆាប់ៗ​»​។

កាលពី​ថ្ងៃទី​ ២២ តុលា ឆ្នាំមុន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​ដោយ​បាន​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​កាន់កាប់​ជំនួស​វិញ រហូត​ដល់​មាន​ការដាក់​ឱ្យ​ដេញថ្លៃ​ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រមូល​សំរាម​នេះ​ជាថ្មី​។

ប្រធាន​ក្រុមហ៊ុន ស៊ិនទ្រី លោក​ សេង សាវី នៅតែ​មិនអាច​សុំ​អត្ថាធិប្បាយ​បាន ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នកទទួល​។ ឯ​លោក​ ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ក៏​មិនអាច​សុំ​អត្ថាធិប្បាយ​បានដែរ ព្រោះតែ​លោក​មិន​លើក​ទូរស័ព្ទ​។

លោក​ គង់ ចំរើន មន្ត្រី​ទទួល​ញត្តិ​នៃ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២៩ មករា ថា​លោក​បាន​បញ្ជូន​ញត្តិ​របស់​បុគ្គលិក​ស៊ិនទ្រី​ទៅ​ថ្នាក់លើ​ដើម្បី​ពិនិត្យ​សំណើ​ទាំងនេះហើយ​។

លោក​បញ្ជាក់ថា​៖ «​ទទួលបាន​ហើយ​បញ្ជូន​ទៅក្នុង​ហើយ ប៉ុន្តែ​មិនទាន់​បាន​ដំណឹង​ថា​យ៉ាងម៉េច​ទេ​។ ចំពោះ​ចំណាត់ការ​ និង​វិធានការ​ខ្ញុំ​មិនដឹង​ដែរ​។ ព្រោះ​មិនទាន់​ទទួល​បាន​ដំណឹង​ដូចគ្នា លទ្ធផល​មិនទាន់​ចេញ​មិន​អាច​ប្រាប់​បានជា​ផ្លូវការ​»​។

លោក​ មឿន តុលា នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​លើកឡើងថា ក្នុង​ករណី​នេះ​បើ​ក្រុមហ៊ុន​ផ្តល់​សំណង​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ជូន​កម្មករ នោះ​វិវាទ​នឹង​ឆាប់​បាន​បញ្ឈប់​។ លោក​បន្តថា តាមច្បាប់​ការងារ ក្រុមហ៊ុន​ត្រូវតែ​គោរព ហើយ​ក្នុងករណី​មិន​អនុវត្តតាម​នោះ អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ​ត្រូវតែ​មាន​កិច្ច​អន្តរាគមន៍​ឲ្យ​បាន​ឆាប់រហ័ស​ដោយ​មិនគួរណា​បន្ត​អូសបន្លាយ​បែបនេះ​នោះទេ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ព្យាយាម​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​គាត់​អាច​យក​ថវិកា​ទាំងនេះ ដោះស្រាយ​បញ្ហា​ជីវភាព​ទម្រាំ​ទទួល​បាន​ការងារ​ថ្មី​ទៀត ព្រោះ​បើ​ពួកគាត់​នៅតែ​បន្ត​តវ៉ា​ទៀត​នោះ​នឹង​ធ្វើឲ្យ​កាន់តែ​ប៉ះពាល់​ទាំង​ពលរដ្ឋ និង​ស្ថាប័ន​ខ្លួនឯង​ផ្ទាល់​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...