11
កុម្ភៈ

វិភាគ៖ វិស័យកាត់ដេរដើរដល់ចំនុចប្រកាសអាសន្នឬ?

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ហេង សួរ បានលើក​ឡើងនៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម ​កាល​ពី​ម្សិល​មិញ​ថា នៅខែក្រោយនេះ ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន នឹងបង្ខំចិត្តបិទទ្វាបណ្តោះអាសន្ន​ ដោយ​សារខ្វះ​វត្ថុធាតុដើមដែលផ្គត់ផ្គង់ពី​ប្រទេស​ចិន។

ក្នុង​កិច្ច​សម្ភាស​តាម​ទូរសព្ទ​ជាមួយ​វីអូឌី​នៅ​ថ្ងៃ​នេះ អ្នកនាំពាក្យក្រសួងការងាររូបនេះ បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​លើក​ឡើង​ដូច្នេះ​មែន ហើយ​លោក​ឱ្យដឹងទៀតថា រោងចក្រ​កាត់ដេរ ១០០ភាគរយ​ សល់​ក្រណាត់​ក្នុង​ស្ដុក​សម្រាប់​សង្វាក់​ផលិតកម្ម​រហូត​ដល់​ខែកុម្ភៈ​នេះ រោងចក្រ ៩៥​ភាគរយ​ អាច​សល់​ត្រឹម​សប្ដាហ៍​ទី២ នៃ​ខែ​មីនា និង​៩០ភាគរយ ​អាច​ដល់​ដំណាច់​ខែ​មីនា។

ជ្រុងមួយទៀតនៃបញ្ហាវិស័យកាត់ដេរនៅកម្ពុជា គឺវិធានការរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធទៅនឹងការជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយ នៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយ។

នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១២ ខែកុម្ភៈ សប្តាហ៍នេះ គណៈកម្មការ​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ​​ថា ​តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​ ឬក៏យ៉ាងណា? ​

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារអះអាងថា ការដែលម្ចាស់រោងចក្រជូនដំណឹងពីការផ្អាក ឬព្យួរការងារមួយរយៈនេះ មិនជាប់ពាក់ព័ន្ធទៅនឹងវិធានការរបស់សហភាពអឺរ៉ុប​នោះ​ឡើយ។

បញ្ហាទាំងពីរនេះ បង្កើតជាសំនួរថា តើវិស័យកាត់ដេរបានដើរដល់ចំណុចប្រកាសអាសន្នឬ?

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា តាមរយៈការ​ចុះជួបកម្មករ រោងចក្រមួយចំនួនបានព្យួរការងារ​កម្មករ​របស់ខ្លួន​ មុនអ្នកនាំពាក្យក្រសួងការងារប្រកាសទៅទៀត ដោយផ្តល់ប្រាក់ឈ្នួលជូនកម្មករ ៥០ភាគរយ។

លោក មឿន តុលា បង្ហាញការព្រួយបារម្ភថា បញ្ហាផ្ទុះមេរោគឆ្លងនៅប្រទេសចិន និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA វានឹងជំរុញឱ្យមានវិបត្តិសង្គម បើបញ្ហានេះនៅតែបន្តអូសបន្លាយ។

លោក មឿន តុលា ប្រាប់ថា៖ «បើវីរុសនេះអូសបន្លាយកាន់តែយូរ វិបត្តិសេដ្ឋកិច្ចកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់។ នេះជាចំណុចទី១ ហើ​យ​ទី២ទៀត ភាពមិនច្បាស់លាស់នៃ​ប្រព័ន្ធអនុគ្រោះពន្ធ ខ្ញុំមើលឃើញថា នៅតែផ្តល់ផលអវិជ្ជមានដល់កម្ពុជា​ដែរ»។

លោក មឿន តុលា វិភាគទៀតថា ការផ្ទុះមេរោគកូរ៉ូណានៅប្រទេសចិន រហូតប៉ះពាល់វិស័យកាត់ដេរនៅកម្ពុជា ដូចពេលនេះ ក៏ជាការឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងតែទៅលើចិនតែមួយបានដែរ រួមទាំងប្រទេសជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមនោះ។

លោក តុលា បន្ត​ថា៖ «ហេតុផលដែលយើងផ្តេកផ្តួលទៅលើតែចិន ថាចិនអាចជួយសង្គ្រោះសេដ្ឋកិច្ចទោះបីយើងបា​ត់ប​ង់​ EBA ខ្ញុំមើល​ទៅហាក់អត់ទាន់ឡូហ្សិចទេ តែផ្ទុយទៅវិញ កម្ពុជាទេដែលជាទីផ្សាររបស់ចិន ជាក់ស្តែង យើងនាំ​ចូ​ល​វត្ថុ​​ធាតុដើមវិស័យកាត់ដេរនេះមកពីចិន ហើយយើងក៏នាំចូលគ្រឿងសំណង់ពីប្រទេសចិនដែរ»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ អះអាងថា បញ្ហានេះមិនមែនប៉ះពាល់តែកម្ពុជាទេ សូម្បីជប៉ុន កូរ៉េ​ខាង​ត្បូង និងវៀតណាម ក៏ប៉ះពាល់ដូចគ្នា ព្រោះពួកគេពឹងផ្អែកវត្ថុធាតុដើមពីចិនដែរ។ ប៉ុន្តែ លោកថា បញ្ហានេះ អ្នកបញ្ហាទិញកំពុងស្វែងរកដំណោះស្រាយ។

លោក ហេង សួរ ប្រាប់ថា៖ «បច្ចុប្បន្ននេះ យើងមានរោងចក្រមួយចំនួន បានទំនាក់ទំនងមកក្រសួង ដើម្បីពិនិត្យទៅលើនីតិវិធី សុំការព្យួរការងារមួយរយៈក្នុងករណីដែល​ពាក់កណ្តាលខែ៣ខាងមុខនេះ គាត់គ្មានវត្ថុធាតុដើមសម្រាប់ដំណើរការផលិ​តកម្ម​របស់ខ្លួន ហើយរោងចក្រទាំងអស់ហ្នឹង កំពុងទំនាក់ទំនងជាមួយម្ចាស់ម៉ាក [យីហោ] ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើ​ម​ផ្សេ​ងទៀតពីប្រទេសចិន»។

អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញថា វាជាសញ្ញាហានិភ័យមួយសម្រាប់វិស័យកាត់ដេរ បើការផ្គត់ផ្គង់វត្ថុធាតុដើមនៅតែរអាក់រអួល ហើយអ្នកបញ្ជាទិញមិនគ្រប់គ្រាន់ ដោយសារតែក្ដី​បារម្ភ​ពីការគំរាមកំហែងលើវិធានការដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម​របស់សហភាពអឺរ៉ុបនោះ។

លោក មាស នី ប្រាប់ថា៖ «អនាគតនៃការរកស៊ីក្នុងវិស័យកាត់ដេរ វានឹងជួបហានិភ័យខ្ពស់នៅក្នុងកាលៈទេសៈបែបនេះ»

អ្នកវិភាគបញ្ហាសង្គមរូបនេះ វិភាគថា បើគ្មានអ្វីប្រែប្រួល វានឹងជំរុញឱ្យមានលំហូរនៃការធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស​ពីសំណាក់ពលរដ្ឋខ្មែរជាម្ចាស់ស្រុក និងជំនួសមកវិញដោយលំហូរជនបទេសជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា។

លោក មាស នី បន្តថា៖ «ហើយទីបំផុត វាធ្វើឱ្យប្រទេសយើងបាត់បង់កម្លាំងពលកម្មសំខាន់ៗអស់ទៅ ហើយមានតែពលរដ្ឋ​ដទៃគេមករកស៊ីស្រុកយើងដែលមានទាំងវៀតណាម និងចិន»

របាយការណ៍លទ្ធផលពិគ្រោះយោបល់រវាង IMF និងកម្ពុជា ចេញផ្សាយកាលពីខែធ្នូឆ្នាំមុន ព្យាករថា ​សេដ្ឋកិច្ចកម្ពុជា នឹងបាត់​បង់​កំណើន ៣ភាគរយនៅឆ្នាំដំបូង បើសភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា។

តាមសមាគមរោងចក្រកាត់ដេរ​កម្ពុជា ​GMAC​ ធ្លាប់លើកឡើងថា ការដក​ EBA នេះនឹងធ្វើឱ្យកម្ពុជាខាតបង់​ទឹកប្រាក់​ប្រមាណ​ជា ៧០០លាន​ដុល្លារ​ក្នុង១ឆ្នាំ​ ហើយ​កម្មករ ៧៥ម៉ឺ​ននា​ក់ក្នុង​វិស័យ​កាត់ដេរ​ និងពលរដ្ឋខ្មែរ ៣លាន​នាក់​ដែល​ពឹងផ្អែល​លើ​វិស័យ​នេះ នឹងប៉ះពាល់ដោយផ្ទាល់ និងប្រយោល។

លោក មាស នី បង្ហាញការព្រួយបារម្ភថា វិស័យកាត់ដេរនឹងដើរដល់ចំណុចប្រកាសអាសន្ន បើការផ្គត់ផ្គង់វត្ថុធាតុដើមនៅតែរអាក់រអួល ស្របគ្នាទៅនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបទៀតនោះ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...