11
កុម្ភៈ

អ្នក​ជំនាញ​ថា អឺរ៉ុប​អាច​នឹង​មិន​ព្យួរ EBA ទាំង​ស្រុង​ពី​កម្ពុជា ដើម្បី​រក្សា​ទំនាក់ទំនង​ការទូត និង​មនុស្សធម៌

អ្នក​ជំនាញ​លើកឡើង​ថា កម្ពុជា​ជៀស​មិន​ផុត​ពី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នោះ​ទេ ក៏ប៉ុន្តែ ការ​បាត់បង់​នេះ អាច​ជា​ការបាត់បង់​ដោយ​ផ្នែក មិនមែន​ទាំងស្រុង​នោះ​ទេ​។ ពួកគេ​យល់ស្រប​គ្នា​ថា គណៈកម្មការ​អឺរ៉ុប អាច​នឹង​ធ្វើ​ការសម្រេច​ចិត្ត​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​ផ្អែកលើ​គោលការណ៍​រក្សា​ផ្លូវ​កណ្ដាល រវាង​ទំ​នាង​ទំនង​ការទូត និង​គោលការណ៍​មនុស្សធម៌ ព្រមទាំង​ការធានា​ថា កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ ការ​លើក​ឡើង​នេះ កើត​មាន​ឡើង​ស្រប​ពេល​គណៈកម្មការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ចុងក្រោយ នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដ៏​ខ្លី​ខាងមុខនេះ។

អ្នក​ជំនាញ​វិស័យ​កសិកម្ម និង​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ មើល​ឃើញ​ថា ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដ៏​ខ្លី​ខាងមុខនេះ គឺជា​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​ដ៏​ប្រយ័ត្ន​ប្រយែង ដែល​តម្រូវ​ឱ្យ​មានការ​ពិចារណា​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​។ លោក​ថា គណៈកម្មការ​អឺរ៉ុប អាច​នឹង​ជ្រើស​រើស​យក​ផ្លូវ​កណ្ដាល សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយ​ផ្នែក ដោយ​មិន​ព្យួរ​ទាំងស្រុង ក្នុង​គោលដៅ​ដើម្បី​រក្សា​ទំនាក់ទំនង​ការទូត​ផង និង​អនុវត្ត​គោលការណ៍​មនុស្សធម៌​ផង៖ «ការ​ប្រមើល​មើល​ឃើញ​របស់​យើង គឺ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ដក​អនុគ្រោះ​ពន្ធ EBA​។ ក៏ប៉ុន្តែ ការ​វាយតម្លៃ​របស់ខ្ញុំ​គឺថា អាច​ការ​ដក​អនុគ្រោះ​ពន្ធ​នេះ អាច​ជា​ផ្លូវ​កណ្ដាល​មួយ ហើយ​ផ្លូវ​កណ្តាល​នៃ​ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​នេះ គឺ​ឈរ​លើ​គោលការណ៍​ការទូត និង​មនុស្សធម៌​។ គោលការណ៍​ការទូត គឺ​ចង់​នៅ​រក្សា​ទំនាក់ទំនង ជាមួយ​ភាគី​កម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​បន្ត​ទៅ​មុខ​ទៀត​។ គោលការណ៍​មនុស្សធម៌ គឺ​កាលណា​ដក​ខ្លាំង វា​ប៉ះពាល់​ទៅដល់ វិស័យ​សេដ្ឋកិច្ច ការងារ ជាពិសេស​កម្មករ​យើង​។ អ៊ីចឹង ការ​ប្រមើល​របស់​យើង គឺ​មាន​ការ​ដក​ខ្លះ និង​ទុក​ខ្លះ ព្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ មាន​ទំនិញ​ច្រើន ទំនិញ​ច្រើន​រាប់​រយ​រាប់ពាន់​មុខ អ៊ីចឹង គេ​អាច​ដក​ទំនិញ​ខ្លះ ឱ្យ​បង់ពន្ធ​ទៅ ហើយ​ទំនិញ​ខ្លះ​មិន​បង់ពន្ធ​អ៊ី»។

បណ្ឌិត យ៉ង សាំងកុមារ ពន្យល់​បន្ត​ថា ការសម្រេចចិត្ត​យក​ផ្លូវ​កណ្ដាល​នេះ ព្រោះតែ គណៈកម្មការ​អឺរ៉ុប ចង់​ផ្ដោត​សារសំខាន់​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ទៅលើ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង ហើយក៏​មិន​ចង់​ឃើញ​កម្ពុជា ធ្លាក់​ចូល​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ចិន​ទាំងស្រុង​នោះ​ទេ ប្រសិនបើ​ខ្លួន​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទាំងស្រុង​នោះ៖ «មូលហេតុ​ទាក់ទង​នឹង​រឿង​មនុស្សធម៌ ហើយ​នឹង​ការទូត​ហ្នឹង វា​នឹង​អាច​រុញ​ឱ្យ​សហភាព​អឺរ៉ុប​ធ្វើការ​ពិចារណា ដោយ​ប្រុងប្រយ័ត្ន ហើយ​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ខ្លះ​។ ពីព្រោះ​បើសិនជា​សហភាព​អឺរ៉ុប មិន​ព្យួរ​តែម្ដង នោះ​វា​មានន័យ​សហភាព​អឺរ៉ុប នឹង​ភ្លេច​នូវ​ឧត្តម​គតិ​ដើម​របស់​ខ្លួន ភ្លេច​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​រឹតតែ​បានចិត្ត​ថែមទៀត​។ ដូច្នេះ ការ​ព្យួរ​ខ្លះ​គឺជា​ផ្លូវ​កណ្ដាល ដើម្បី​សហភាព​អឺរ៉ុប នៅ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សព្វថ្ងៃ ពីព្រោះ​រដ្ឋាភិបាល​សព្វថ្ងៃ ក៏​នៅ​ចង់​បន្ត​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​កែ​លម្អ​ស្ថានភាព​ទៅមុខ​បណ្ដើរ ជាពិសេស​ឈាន​ទៅ​ការបោះឆ្នោត​ឆ្នាំ​២០២២ ឆ្នាំ​២០២៣​។ ណាមួយ​ទាក់ទង​នឹង​ភូមិសាស្ត្រ​នយោបាយ ពីព្រោះ​សហភាព​អឺរ៉ុប​ក៏​ចង់​រក្សា​ទំនាក់ទំនង​ល្អ មិន​ត្រឹមតែ​ជាមួយ​កម្ពុជា​ទេ តែ​ជាមួយ​អាស៊ាន​ទាំងមូល​តែម្ដង»។

ជុំវិញ​ការ​លើក​ឡើង​នេះ អ្នក​ជំនាញ​វិស័យ​ការងារ និង​ជានា​យក​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ក៏​វាយតម្លៃ​ដែរ​ថា កម្ពុជា​ជៀស​មិន​ផុត​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នេះ​ទេ​។ ក៏ប៉ុន្តែ ការ​ព្យួរ​បែប​ណា​នោះ ពោល​គឺ ដោយ​ផ្នែក ឬ​ទាំងស្រុង​នោះ គឺ​លោក​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ​។ យ៉ាងណាក៏ដោយ លោក​នៅតែ​ជឿជាក់​ថា គណៈកម្មការ​អឺរ៉ុប នឹង​នៅតែ​ឱ្យ​តម្លៃ​ចំពោះ​ការ​ចង់​ឃើញ​កម្ពុជា​ងាក​មក​គោរព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​ដដែល៖ «ខ្ញុំ​ជឿ​ថា សហភាព​អឺរ៉ុប នៅតែ​ឈរ​លើ​ជំហរ​របស់​គេ​មួយ គឺ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយ​គេ​នឹង​ប្រាកដជា​ស្វែងរក​នៅ​ចំណុច​ណា ដែល​ជា​សម្ពាធ​មួយ​រឹង ហើយ​កន្លែង​ហ្នឹង ប្រាកដជា​គេ​មាន​ដំណាក់កាល​របស់​គេ ។ បើសិនជា​គេ​សម្រេច​ដោយ​ផ្នែក​ណាមួយ ហើយ​មិន​មាន​ការ​កែប្រែ ខ្ញុំ​គិត​ថា អាច​នឹង​ឈាន​ទៅ​ដល់​ជំហាន​ទី​ពីរ ឬ​ជំហាន​ទី​បី​ទៀត​។ គឺ​ជំហាន​ទី​ពីរ ជំហាន​ទី​បី​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​អ្នកវិនិយោគទុន ជាពិសេស​ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀកបំពាក់ ដូចជា ក្រុមហ៊ុន​ទាំងអស់​ពិបាក​ក្នុង​ការ​ធ្វើ​ផែនការ​ពាណិជ្ជ​កម្ម ដាក់​បញ្ជា​ទិញ​មក​កម្ពុជា​។ ចង់​មិន​ចង់​ត្រូវតែ​មាន​ការ​ប៉ះពាល់»។

មន្ត្រី​ព័ត៌មាន​ផ្នែក​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ឃីងហ្កា ម៉ាលីណូវស្កា (Kinga Malinowska) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ថា ក្នុង​ដំណាក់​កាល​នេះ គណៈកម្មការ​អឺរ៉ុប កំពុង​ធ្វើ​សំណើ​ពាក់ព័ន្ធ​នឹង​រឿង​ថា តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ​។ អ្នកស្រី​ថា ដំណើរការ​នេះ ធ្វើឡើង​ដោយ​មាន​ការពិគ្រោះ​យោបល់​យ៉ាង​ដឹតដល់​ជាមួយ​សភា​អឺរ៉ុប និង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​ផ្អែក​តាម​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន ក្នុងអំឡុងពេល​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​កាលពី​ឆ្នាំ​កន្លងទៅ។ អ្នកស្រី​គូស​បញ្ជាក់​ថា វិធានការណ៍​ជាក់លាក់​យ៉ាងណា ចេញពី​ការសម្រេចចិត្ត​នេះ នឹង​ធ្វើឡើង​ប្រកបដោយ​ការ​រក្សា​តុល្យភាព ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​នាំ​ឱ្យ​មានការ​ដាក់​ចេញ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​ក្នុង​ពេល​ជាមួយគ្នា​នោះ រក្សា​វត្ថុបំណង​ដែល​ចង់​ឃើញ​មានការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដូចដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ផ្ដល់​ឱ្យ។

នៅ​មុន​ពេល​គណៈកម្មការ​អឺរ៉ុប​សម្រេច​ចិត្តជា​ផ្លូវការ​នេះ ទាំង​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច លោក វង្សី វិសុទ្ធ សុទ្ធតែ​បាន​ចេញ​មុខ​ថ្លែង​អះអាង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ បើ​ទោះ​ជា​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយ​ផ្នែក ឬ​ទាំងស្រុង​ក៏ដោយ​នោះ​។ លោក ផៃ ស៊ីផាន ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​កុំ​ឱ្យ​ភ័យខ្លាច​នឹង​អ្វីមួយ​ដែល​លោក​ហៅថា «​ជំងឺ EBA» របស់​អឺរ៉ុប ហើយ​ដែល​លោក​ថា គ្រាន់តែ​ជា​ព្រឹត្តិការណ៍​មួយ​តែប៉ុណ្ណោះ​។

រីឯ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច លោក វង្សី វិសុទ្ធ អះអាង​ថា លោក​បារម្ភ​រឿង​ការ​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណា ទៅ​លើ​វិស័យ​ទេសចរណ៍​ទៅ​វិញ​ទេ៖ «ប៉ុន្តែ ទុកជា ២០៣០៥០១០០ឬក៏​០យើង​ត្រៀម​ហើយ​។​… ប៉ុន្តែ ខ្ញុំ​ចង់​គូស​បញ្ជាក់​ថា អ្វី​ដែល​បារម្ភ​នោះ គឺ​វិស័យ​ទេសចរណ៍ ដែល​ខ្ញុំ​ភ័យ ព្រោះ​រឿង​កូរ៉ូណា​នេះ វា​បិទ​ទាំងអស់។ ហើយ​បិទ​វា​ប៉ះ​ហើយ ស្រុក​យើង​ទេសចរណ៍​ធំ​សឹង​អី​។ គឺ ១៣នៃ GDP កាត់ដេរ​មានតែ ១០%​ទេ»។

យ៉ាងណាក៏ដោយ ក្រោយ​គណៈកម្មការ​អឺរ៉ុប​ដាក់​ចេញ​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា របប​ក្រុងភ្នំពេញ​មិន​ត្រឹមតែ​មិន​ព្រម​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដូច​តាម​ការ​ចង់​ឃើញ​ពី​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ថែមទាំង​បាន​បង្កើន​យុទ្ធនា​ការ​ផ្គើន​សហភាព​អឺរ៉ុប តាមរយៈ​ការ​បន្ត​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​ឥត​ស្រាកស្រាន្ត។

គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ សញ្ញាណ​នៃ​ការ​ចរចា​នយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​មានការ​ដោះលែង ឬ​ទម្លាក់​ចោល​បទ​ចោទ​ទាំងស្រុង​ប្រឆាំង​លោក កឹម សុខា ឬ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បើក​ដំណើរការ​ឡើងវិញ ហាក់​នៅ​មិនទាន់​កើតមាន​នៅឡើយ​ទេ ខណៈ​ពេល​វេលា​នៃ​ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប ក៏​កាន់តែ​ជិត​មកដល់ គឺ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដ៏​ខ្លី​ខាងមុខនេះ​។ ក្រៅ​ពី​នេះ លំហ​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ការងារ សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក៏​នៅតែ​មានការ​រឹតត្បិត​ដដែល ខណៈ​ច្បាប់​សំខាន់ៗ​ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់បោះឆ្នោត ដែល​រង​ការ​រិះគន់​ថា ជា​ការ​ចូលរួម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​នៅតែ​មិនទាន់​កែប្រែ​ឱ្យ​ដូច​ស្ថានភាព​ដើម​នៅមុន​ឆ្នាំ​២០១៧​នោះ​ដែរ​។ រីឯ​របាយការណ៍​វាយតម្លៃ​ចុងក្រោយ​របស់​គណៈកម្មការ​អឺរ៉ុប ដាក់​ឱ្យ​កម្ពុជា​ឆ្លើយតប​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង ទៅ​នោះ ក៏បាន​វាយតម្លៃ​យ៉ាង​ច្បាស់​ដែរ​ថា មាន​​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ទៅលើ​សិទ្ធិ​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​ការងារ ខណៈ​មានការ​កែ​លម្អ​តិចតួច​ខាង​សិទ្ធិ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច។

ក្រោយ​គណៈកម្មការ​អឺរ៉ុប​ដាក់​ចេញ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ស្ថាប័ន​ជំនាញ​ហិរញ្ញវត្ថុ​អន្តរជាតិ រួមមាន​ធនាគារ​ពិភពលោក World Bank ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF សុទ្ធតែ​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ប្រឈម​នៅ​ការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០២០​នេះ ពី​៧%​ក្នុង​ឆ្នាំ​២០១៩ មក​នៅ ៦,៨% ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ។ ក៏ប៉ុន្តែ ការ​ព្យាករណ៍​នេះ បាន​ធ្វើ​ឡើង​នៅមុន​ពេល​ពិភពលោក រង​ការ​ផ្ទុះ និង​រីក​រាលដាល​នៃ​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​។ ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​មែន នោះ​កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​ប្រចាំ​ឆ្នាំ​ប្រមាណ​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​។ ការវាយតម្លៃ​ចុងក្រោយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បញ្ជាក់​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ គឺជា​ហានិភ័យ​រយៈពេល​ខ្លី តែ​បង្ក​ការ​ប៉ះពាល់​ខ្លាំង ដោយ​បណ្ដាល​ឱ្យ​កម្ពុជា​រង​ភាព​ទន់​ខ្សោយ​ក្នុង​ការ​នាំចេញ ធ្លាក់​ចុះ​លំហូរ​វិនិយោគ​អន្តរជាតិ កំណើន​សេដ្ឋកិច្ច GDP ទាប​ជាង​មុន និង​បញ្ហា​វិស័យ​ការងារ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...