17
កុម្ភៈ

សង្គមស៊ីវិល​ថា វា​មិនទាន់​យឺតពេលទេ​ដែល​កម្ពុជា​គួរ​តែ​អនុវត្តសំណើEU​ ដើម្បីរក្សាEBA

សហភាព​អឺរ៉ុប​កាល​ពី​ម្សិល​មិញ ​បាន​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ EBA លើ​ផ្នែក​ខ្លះ​នៃទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​សម្រេច​នេះ​ជា​រឿង​អ​យុត្តិ​ធម៌​សម្រាប់​ខ្លួន​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ម្សិល​មិញ​ EU បាន​សម្រេច​យក​ពន្ធ​លើ​ផលិត​ផល​សំលៀកបំពាក់ សម្ភារធ្វើ​ដំណើរ ស្បែក​ជើង និង​ស្ករ​ស​ពី​កម្ពុជា​ ដែល​នឹង​ប៉ះពាល់​​ដល់​ការនាំចេញរបស់កម្ពុជាទៅកាន់សហភាព​អឺរ៉ុបជារៀងរាល់​ឆ្នាំ​ ក្នុងទំហំទឹកប្រាក់​ប្រហែល ​១១០០លានដុល្លារសហរដ្ឋអាមេរិក។ ទោះ​ជា​យ៉ាង​ណា ​សេចក្តីសម្រេច​នេះនឹងចូលជាធរមាន​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០ បើ​សិន​គ្មាន​ការ​ជំទាស់​ពី​សភា​អឺរ៉ុប។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និងអន្តរជាតិ បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​​ឱ្យ​មាន​ការ​ឆ្លើយ​តប​បែប​ទន់​ភ្លន់ និង​វិជ្ជមាន​ចំពោះ​លក្ខខណ្ឌរបស់​សហភាពអឺរ៉ុប​ដើម្បី​រក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ​ ដោយថា ​វា​នៅ​មិន​ទាន់​យឺត​ពេល​នោះ​ទេ​។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ និង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សង់ត្រាល់​ លោក ឃុន ថារ៉ូ បាន​លើក​ឡើង​ថា​ ការ​សម្រេច​របស់​អឺរ៉ុប​នេះ​ជា​ការ​ធានារ​របស់​ខ្លួនទៅ​លើ​​សិទ្ធិ​នយោបាយ សិទ្ធិការងារ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក ឃុន ថារ៉ូ បន្ថែម​ថា ​បើ​ទោះ​បីអឺរ៉ុបសម្រេចបែប​នេះ​ក្ដី ក៏​ប្រទេស​នេះ​នៅ​តែ​បង្ហាញ​ជំហរ​ចរចាជា​មួយ​កម្ពុជា​ផង​ដែរ។

លោក ឃុន ថារ៉ូ៖ «ក្នុង​រយៈពេល​នេះ ​រាជរដ្ឋាភិបាល ​[កម្ពុជា] គាត់​ត្រូវ​មាន​ការ​បង្ហាញ​ទៅ​ដល់​សហភាព​អឺរ៉ុប​នូវ​វិធានការ​ជាក់​ស្ដែង​ដែល​អាច​ឱ្យ​សហភាព​អឺរ៉ុប​អាច​ជឿទុក​ចិត្ត​បាន។ ហើយ​លក្ខណៈ​វិនិច្ឆ័យ​គឺ​មាន​ហើយ ​គ្រាន់​តែ​ថា​ការ​ឆ្លើយ​តប​កម្រិត​ណា​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ​ទេ​»។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ មាន​ប្រសាសន៍​ប្រាប់​ VOD ថា​ បើ​ទោះ​បី​អឺរ៉ុប​សម្រេច​បែប​នេះ​ក្ដី​ តែ​ប្រទេស​នេះ​នៅ​តែ​បង្ហាញ​​ជំហរ​ទន់ភ្លន់​ដល់​កម្ពុជា​នៅ​ឡើយ​ចំពោះ​ការ​ទុក​ពេល​ដល់​៦​ខែ​ទៀត​នេះ ដោយ​លោក​ជំរុញ​ដល់​រដ្ឋាភិបាលពិចារណា​ចំពោះ​ការ​សម្រេច​ និង​ការ​ស្នើ​របស់​អឺរ៉ុប​ឡើង​វិញ​ ដោយ​ថា ​ដើម្បី​រក្សា​ប្រយោជន៍​របស់​ពលរដ្ឋ ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​។

លោក​ថា៖ «យើង​ចង់​ឃើញ​ការ​ដោះស្រាយ​ ឬ​ការ​អនុវត្ត​នូវ​ការ​សម្រេចរបស់​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​ការពិចារណា​របស់​សហគមន៍អឺរ៉ុប​ក្នុង​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​មក​វិញ​​»។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​អឺរ៉ុប​នេះ​ជា​ការ​ព្រមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាលកម្ពុជា​ ក្រោយ​ពេល​ដែល​កម្ពុជា​ហាក់​មិនអើពើ​នឹង​សំណើ​របស់​អឺរ៉ុប​ជិត​១​ឆ្នាំ​មក​នេះ។ លោក​បន្ថែម​ថា​ ការ​សម្រេច​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​ជាតិ​ផង​ដែរ។

លោក​ថា៖ «វា​មិនមែន​ដូច​ការ​អះអាង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ទេ​ ដែល​ថា​វា​ជា​ការ​លក់​អធិបតេយ្យភាព វា​ជា​ការ​ឱន​ក្បាល​ វា​មិន​មែន​ដូច្នោះ​ទេ! ព្រោះ​ពីមុន​ដែល​យើង​អាច​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ក៏​យើង​ទទួល​យក​នូវ​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែរ ព្រោះ​មុន​សហភាព​អឺរ៉ុប​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ EBA ឱ្យ​កម្ពុជា​ គេ​បាន​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស មាន​ប្រជាធិបតេយ្យ​ មាន​លក្ខខណ្ឌ​ការងារ​ឱ្យ​ល្អ​ប្រសើរ»។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍របស់​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Right Watch លោក Phil Robertson បាន​ថ្លែង​ថា ​ការ​សម្រេច​របស់​អឺរ៉ុប​នេះ​ហាក់​បីដូច​ជា​ការ​វាយ​យ៉ាង​ធ្ងន់លើ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ចំពោះ​ការ​មិន​គោរព​ទៅ​លើ​សិទ្ធិ​មនុស្ស ហើយ​ការ​ធ្វើ​ឱ្យ​បាត់​បង់​នេះ​គឺ​ជាបរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ដែល​អឺរ៉ុប​បាន​លើក​ឡើង​។

លោក Phil Robertson បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍នោះ​ថែម​ទៀត​ថា វា​ដល់​ពេល​ហើយ​ដែល​លោក​ ហ៊ុន សែន ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ និង​ចូល​តុ​ចរចានោះ។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​នោះ​លើក​ឡើង​ថា៖ «ជំនួស​ដោយ​ការ​ចំណាយ​ពេល​ឥតប្រយោជន៍​ក្នុង​ការ​ប្រើ​សារវាយ​ប្រហារ​អឺរ៉ុប​ រដ្ឋាភិបាល​កម្ពុជាគួរ​ងាក​មក​ដោះស្រាយ​បញ្ហា​ដែល​អឺរ៉ុប​បាន​លើក​ឡើង។ […] លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែ​បញ្ឈប់​ការ​គំរាមគំហែង​របស់គាត់ ដើម្បីចូល​តុ​ពិភាក្សាអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយអឺរ៉ុប ដោយ​​ទទួលស្គាល់មធ្យោបាយតែមួយគត់ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​វិញ គឺ​លុបបំបាត់ច្បាប់ប្រឆាំង​សិទ្ធិ​មនុស្ស បញ្ចប់ការវាយប្រហារ ការចាប់ខ្លួន និងដំណើរ​ច្បាប់​ប្រឆាំងសកម្មជន និងអ្នកនយោបាយប្រឆាំង»។

ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍កាល​ពី​ម្សិល​មិញ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ហៅកាត់ថា APHP លោក Kasit Piromya បានលើក​ឡើង​ថា ការ​ធ្វើ​ឱ្យ​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​នេះ គឺ​ជាកំហុស​របស់​រដ្ឋាភិបាល​លោក ហ៊ុន​ សែន​។

លោក​សរសេរ​បញ្ជាក់​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា៖ «ការទទួលខុសត្រូវក្នុងការបញ្ចៀស​ និងបាន​ការ​អនុគ្រោះពាណិជ្ជកម្ម​មក​វិញ មិនអាស្រ័យលើសហគមន៍អឺរ៉ុបទេ ប៉ុន្តែ​ គឺ​ជាការ​សម្រេច​របស់​លោក ហ៊ុន សែន។ វាអាស្រ័យលើគាត់ក្នុងការបញ្ចៀស និងទម្លាក់​ការ​​ចោទ​​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អនុញ្ញាត​ឱ្យគណបក្សប្រឆាំង​ត្រឡប់ចូលក្នុងឆាកនយោបាយវិញ និងធ្វើវិសោធនកម្មច្បាប់ដើម្បីធានាសិទ្ធិរបស់ប្រជាជន សេរីភាពបញ្ចេញមតិ សិទ្ធិ​សមាគម និងការជួបជុំដោយសន្តិវិធី»។ ​

ក្នុងទំព័រ​​ហ្វេសបុក​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC ​កាល​ពី​ម្សិល​មិញ បាន​សរសេរ​ថា ​ខ្លួន​​​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​សេចក្តី​សម្រេច​របស់​អឺរ៉ុប​នេះ ដោយ​ថា ​នឹង​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​ក្នុង​រយៈពេល​២៤​ម៉ោង​បន្ទាប់។

ទោះ​ជាយ៉ាង​ណា​ សម្រាប់​រដ្ឋាភិបាល​កម្ពុជាវិញ ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ម្សិលមិញ​ដោយ​ក្រសួងការបរទេសកម្ពុជា បាន​​ហៅ​សេចក្តីសម្រេច​របស់សហភាពអឺរ៉ុបនេះ​​ថា ​ជា​រឿងដ៏អយុត្តិធម៌ដែលផ្តើម​ចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាព​ជាក់​ស្តែងនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជា ក៏បាន​ហៅសេចក្តីសម្រេចរបស់​សហភាព​អឺរ៉ុបនេះថា ធ្វើឡើងក្រោមហេតុផល​នយោបាយ​ និងជាការអនុវត្តស្តង់​ដារពីរផងដែរ។

សេចក្តីថ្លែងការណ៍នោះ​បាន​សរសេរថា៖ «​ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់វឌ្ឍនភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។

ទោះយ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍ដដែល​ កម្ពុជាក៏​បាន​បញ្ជាក់​ជំហរថា ​ខ្លួន​នឹងនៅតែប្តេជ្ញាពង្រឹង​ទំនាក់​ទំនងជាមួយសហភាពអឺរ៉ុបដោយឈរ​លើ​ស្មារតីគោរព និងការទទួល​ផលប្រយោជន៍ឱ្យគ្នា​ទៅវិញ​ទៅមក និងបន្ត​អនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

គិត​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​១ឆ្នាំ​ហើយ​ ក្រោយ​ពី​សហភាពអឺរ៉ុបដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ពី​កម្ពុជា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រោយពីរកឃើញថា រដ្ឋាភិបាលកម្ពុជា​បរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​តាមលក្ខខណ្ឌរបស់ខ្លួន។

លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​បាន​ទាមទារឱ្យរដ្ឋាភិបាលកម្ពុជានោះ​ មាន​ដូច​ជា ស្ដារស្ថានភាពសិទ្ធិមនុស្ស អនុញ្ញាត្តិ​ឱ្យអតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះ​លែង​លោក កឹម សុខា ជាដើម ប៉ុន្តែ រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ ជា​បន្ទាត់​ក្រហម​មិន​អាច​ធ្វើ​ទៅ​រួច​ ព្រោះ​ជាអ​ធិបតេយ្យ​ជាតិ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...