15
មីនា

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​មួយ​ករណី​ទៀត កើត​លើ​ជនជាតិ​បារាំង

ក្រសួង​សុខាភិបាល​កម្ពជា ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ មួយ​ករណី​ទៀត​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា​។ ករណី​ទី​៨ នេះ កើត​លើ​ជនជាតិ​បារាំង ដែល​ធ្វើដំណើរ​ចូល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្លងកាត់​ប្រទេស​សិង្ហបុរី។ ទន្ទឹម​នឹង​ការ​រក​ឃើញ​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​ហាម​អ្នកដំណើរ​ពី​ប្រទេស​ចំនួន ៦ មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា រយៈពេល ៣០​ថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា វិធានការ​រដ្ឋាភិបាល​នេះ នៅ​មាន​ភាព​យឺតយ៉ាវ និង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ហាម​ឃាត់​អ្នកដំណើរ​ពី​ប្រទេស​ចិន​ផង​ដែរ។

ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ថា អ្នកជំងឺ​ជនជាតិ​បារាំង​ដែល​មាន​កូវីដ​១៩ នោះ អាយុ ៣៥​ឆ្នាំ ហើយ​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី។ ចំណែក​ភរិយា និង​កូន​អាយុ ៤​ខែ របស់​ជនជាតិ​បារាំង​នោះ ត្រូវ​បាន​គ្រួ​ពេទ្យ​កម្ពុជា យក​សំណាក​ទៅ​ធ្វើ​តេស្ត តែ​មិនទាន់​បង្ហាញ​លទ្ធផល​នៅឡើយ​។

សេចក្តី​ប្រកាស​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​បារាំង និង​គ្រួសារ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា​។ គ្រូពេទ្យ​សិង្ហ​បុរី ក៏បាន​ធ្វើតេស្ត​លើ បុរស​នោះ​ដែរ ប៉ុន្តែ​មិនទាន់​ទទួល​បាន​លទ្ធផល​ផង ស្រាប់តែ​បុរស​នោះ​នាំ​គ្រួសារ​ឡើង​យន្តហោះ​មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា។ បន្ទាប់មក​គ្រូពេទ្យ​សិង្ហបុរី រក​ឃើញ​ថា លទ្ធផល​តេស្ត សុខភាព​របស់​បុរស​នោះ មាន​វិជ្ជមាន​កូវីដ-១៩ ហើយ​ក៏បាន​ជូនដំណឹង​ដល់​កម្ពុជា ហើយ​ក្រសួងសុខាភិបាល​កម្ពុជា បាន​រក​ឃើញ​បុរស​នោះ កាល​ពី​ម៉ោងជាង ៨​យប់ ថ្ងៃ​ទី​១៤ ខែ​មីនា និង​បាន​យក សំណាក​ទៅ​ពិនិត្យ​ម្តង​ទៀត​។ លទ្ធផល​ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា បង្ហាញ​ថា បុរស​នោះ មាន​វិជ្ជមាន​កូវីដ-១៩ ដដែល​។ ក្រសួង​សុខាភិបាល កំពុង​រក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ជនជាតិ​បារាំង​នោះ​បន្ត​ទៀត។

ទន្ទឹម​នឹង​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ លើ​ជនជាតិ​បរទេស មាន​សញ្ជាតិ​ផ្សេងៗ​ជា​បន្តបន្ទាប់​នេះ ក្រសួង​សុខាភិបាល កំពុង​ដាក់​វិធានការ​ហាមឃាត់​អ្នកដំណើរ​ពី​ប្រទេស​ចំនួន​៦ មិន​ឱ្យ​ចូល​កម្ពុជា រយៈពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​។ ប្រទេស​ទាំងនោះ រួមមាន​៖ ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​អាមេរិក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឱ្យ​ដឹង​ថា វិធានការ​ផ្អាក​អ្នកដំណើរ​ពី​ប្រទេស​ទាំង​៦ នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​នាំ​មេរោគ​កូវីដ-១៩ ចូល​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​អនុវត្ត​វិធានការ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា នៅតែ​មិនបាន​បូក​ចូល​ប្រទេស​ចិន ដែល​ជា​ប្រទេស​នៃ​ប្រភព​កើត​ជំងឺ​រលាក ផ្លូវ​ដង្ហើម​កូវីដ-១៩ នោះ​ទេ​។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និង​អ្នកស្រី ឱ វណ្ណឌីន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ថ្លែង​ក្នុង​ពិធីបុណ្យ​ទន្លេ នា​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ការ​ហាម​អ្នកដំណើរ​ពី​ប្រទេស​ទាំងនេះ តែ​មិន​បូក​ចូល​ប្រទេស​ចិន គឺ​មិន មែន​ជា​ការ​រើសអើង​ទេ ប៉ុន្តែ​ជា​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ កូវីដ-១៩ ដោយសារតែ​លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ អាមេរិក និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ខណៈ​ស្ថានភាព​នៅ​ប្រទេស​ចិន បាន​ធូរស្រាល​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ចាត់​ទុក​អ្នក​ដែល​ទាមទារ​ឱ្យ​ផ្អាក​អ្នកដំណើរ​ពី​ប្រទេស​ចិន​ថា ជា​ក្រុម​អគតិ ដែល​មិន​សមជា​ពលរដ្ឋ​ខ្មែរ៖ «ហេតុ​អី​បាន​ច្រណែន​ទៅលើ​ប្រទេស​ចិន​ខ្លាំង​ម្ល៉េះ វាយប្រហារ​ជាមួយ​ចិន​ខ្លាំង​ម្ល៉េះ​។ ភាព​ឌឺដង​របស់​អ្នក​តាម​ហ្វេសប៊ុក មិន​សមជា​ពលរដ្ឋ​កម្ពុជា​ដែល​មាន ការទទួលខុសត្រូវ​នោះ​ទេ​។ អ្នក​គិត​អំពី​ជាតិ​នេះ​អ្នក​គិត​អំពី​ជាតិ​នោះ ក៏ប៉ុន្តែ​អ្នក​អត់​បាន​គិត​ពី​ជាតិ​កម្ពុជា​សូម្បីតែ​បន្តិច ដែល​នៅ​ទី​នេះ សេដ្ឋកិច្ច​ជាតិ​របស់​យើង ត្រូវ​នៅ​រក្សា​ឱ្យ​បាន​គង់វង្ស​មិនមែន​គិត​មួយ និង​ចោល​មួយ​ទេ យើង​ត្រូវ​មាន​ការទទួលខុសត្រូវ​ចំពោះ​ជាតិ​សាសន៍​កម្ពុជា​របស់​យើង»។

ជំងឺ​កូវីដ-១៩ មាន​ប្រភព​ផ្ទុះ​ការ​រីក​ដាល​ពី​ក្រុង​វូហាន ប្រទេស​ចិន។ តាំង​ពី​ដើមទី​មក មេដឹកនាំ​ក្រុងភ្នំពេញ នៅតែ​បើកចំហ​ជើងមេឃ​សម្រាប់​ជនជាតិ​ចិន និង​ថែមទាំង​ទុក​និស្សិត​ខ្មែរ​ឱ្យ​រស់នៅ​ក្នុង​តំបន់​ប្រឈម​ការ​ឆ្លង​នោះ​ទៀត ក្រោម​ហេតុផល​ថា ដើម្បី​បង្ហាញ​ភាព​ស្មោះត្រង់ រក្សា​ទំនាក់ទំនង​ល្អ និង​កំណើន​សេដ្ឋកិច្ច​។ ទំនាក់ទំនង​រវាង​កម្ពុជា-ចិន កាន់តែ​ជិត​ស្និត​ដល់​កម្រិត​កំពូល បន្ទាប់ពី មហាអំណាច​កុម្មុយនិស្ត​ចិន ចេញមុខ​គាំទ្រ​របប​លោក ហ៊ុន សែន ជា​ចំហ ខណៈ​ក្រុម​ប្រទេស​លោក​សេរី ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដោយសារ​បំផ្លាញ ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា ប្រសិនបើ​កម្ពុជា មាន​វិធានការ​តឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយ​តាំង​ពី​ដំបូង ប្រហែល​ជា កម្ពុជា មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ជា​បន្តបន្ទាប់​នោះ​ទេ​។ លោក យល់ថា ចំពោះ​វិធាន​ការ​ផ្អាក​អ្នកដំណើរ​ពី​ប្រទេស​លោក​ខាងលិច ដែល​កំពុង​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ មិន​ទាន់​គ្រប់គ្រាន់​ឡើយ ។ លោក នៅតែ​ចង់​ឃើញ​រដ្ឋាភិបាល ហាម​អ្នកដំណើរ​ពី​ប្រទេស​ចិន​ដែរ ព្រោះ​ចិន គឺជា​ប្រភព​នៃ​ការ​ផ្ទុះ​មេរោគ ហើយ​បច្ចុប្បន្ន ក៏​នៅតែ​មាន​អត្រា​អ្នក​ឈឺ និង​ស្លាប់​ច្រើន​ដដែល​។ លោក មឿន តុលា បន្ត​ទៀត​ថា ការដែល​រដ្ឋាភិបាល​បន្ត​ឱ្យ​អ្នកដំណើរ​ពី​ប្រទេស​ចិន​នេះ អាច​ធ្វើ​ឱ្យ​សាធារណជន​សង្ស័យ​ថា វិធានការ​បែបនេះ មិន​ផ្អែកលើ​ការវាយតម្លៃ​តាម​បែប​បច្ចេកទេស​ទាំង​ស្រុង​នោះ​ទេ៖ «វិធានការ​របស់​រដ្ឋ​ហាក់​ដូចជា​មិន​សព្វ​ជ្រុងជ្រោយ​ដែរ នៅ​ពេល​ដែល​ដាក់​បម្រាម​នោះ យើង​ឃើញ​ដាក់​បាន​មួយថ្ងៃ ស្អែក​ឡើង​បាន​នឹកឃើញ ដាក់​អ៊ីរ៉ង់​នៅ​ពេល ឃើញ​ផ្ទុះ​ការរិះគន់​ពេក ដើម្បី​កុំ​ឱ្យ​គេ​យល់ថា ដាក់​តែ​អាមេរិក និង​អឺរ៉ុប ព្រោះ​បើ​ដាក់​តែ​លើ​អឺរ៉ុប​និង​អាមេរិក គឺ​មាន​ហេតុផល​បី ទី​១ វា​មានរឿង​ពាក់ព័ន្ធ​នឹង​EBA ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នាយករដ្ឋមន្ត្រី ក៏​ប្រតិកម្ម​ជាមួយ​រឿង EBA​នេះ​ដែរ ហើយ​ទី​២ ប៉ុន្មាន​ថ្ងៃ​មុន​នេះ មានការ​ផ្លោង​ពាក្យ​សម្តី​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក ជុំវិញ​រឿង​ភ្ជាប់​អាមេរិក​ជាមួយ​ករណី​លោក កឹម សុខា ហើយ​មានការ​តប​វិញ​ពី​ខាង​តំណាង​អយ្យការ និង​ខាង​ក្រសួងការបរទេស​អី​ជាដើម»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) រូប​នេះ ព្រួយបារម្ភ​ដែរ​ថា វិធាន​ការ​ផ្អាក​អ្នកដំណើរ​ពី​លោក​ខាង​លិច​នេះ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​បន្ថែម​ទៀត​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា៖ «មុន​ការ​អះអាង​ថា បុរស​កម្ពុជា អាយុ​៣៨​ឆ្នាំ ផ្ទុក​វីរុស​កូវីដ​នេះ ខ្ញុំ​ឃើញ​នៅ​អង្គរវត្ត​ខេត្ត​សៀមរាប អត់​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ទេ ហើយ​ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន គឺជា​ពួក​ច្រមុះ​ស្រួច អាច​ថា ជា​ពួក​អឺរ៉ុប​ឬ​ពួក​អាមេរិក​អ៊ីចឹង​ណា ហើយ​ដោយឡែក​ភ្ញៀវ​ចិន​អត់​មាន​ទេ មាន​ម្នាក់​ពីរ​នាក់ ភ្ញៀវ​ជប៉ុន​មាន​ម្នាក់​ពីរ​នាក់ ក្រៅពីនោះ​មានតែ​អឺរ៉ុប​ទេ ។​ហើយ​បើសិនជា ដាក់​វិធានការ​នេះ​ទៀត ខ្ញុំ​គិត​ថា កាន់តែ​ខ្សោយ​ទៀតហើយ​រឿង​ចំនួន​ភ្ញៀវ​ទេសចរ។ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​តាម​សណ្ឋាគារ​អី​កាន់តែ​អត់​ភ្ញៀវ​ទៀតហើយ»។

រីឯ​ប្រធាន​សហព័ទ្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី គាំទ្រ​ចំពោះ​វិធានការ​ទាំងឡាយ​ណា​ដែល​ការពារ​អាយុជីវិត​ពល​រដ្ឋ​ខ្មែរ ប៉ុន្តែ​វិធានការ​នោះ ត្រូវ​ធ្វើ​ឡើង​ឱ្យ​ស្មើភាព​គ្នា និង​ការវាយតម្លៃ​អំពី​ហានិភ័យ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​មាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជាពិសេស​វិស័យ​ទេសចរណ៍៖ «ប្រទេស​កម្ពុជា មិនសូវ​ជា​ផ្តោត​លើ​ភ្ញៀវ​មកពី​តំបន់​អឺរ៉ុប​ប៉ុន្មាន​ទេ ប៉ុន្តែ​កន្លងមក​យើង​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ផ្តោត​ទៅ​លើ​ប្រ​ទស​ចិន កូរ៉េ និង​វៀតណាម ដូច្នេះ​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​យើង​គិត​ថា ផល​ប៉ះពាល់​តិច​ហើយ​មិន​ឱ្យ​មក​ទៀត ខ្ញុំ​គិត​ថា ផល​ប៉ះពាល់​កាន់តែ​ធ្ងន់​ទៅៗ​ហើយ​។​ឥឡូវនេះ​ទោះបីជា​យើង​បើក​ជើង​ហោះហើរ​មកពី ចិន ក៏​អត់​មាន​ភ្ញៀវ​មកពី​ចិន​ដែរ តាំងពី​មាន​មេរោគ​នេះ​មក»។

លោក ម៉ម រិទ្ធី នៅតែ​យល់ថា វិធានការ​រដ្ឋាភិបាល​នេះ គឺ​មាន​ចរិត​បែប​នយោបាយ ព្រោះ​កន្លងមក រដ្ឋាភិបាល គ្មាន​គោលបំណង​បិទ​អ្នកដំណើរ​ពី​ប្រទេស​ចិន ដែល​មាន​អ្នក​ឆ្លង​ជំងឺ​រាប់​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​រាប់ពាន់​នាក់ ប៉ុន្តែ​នៅ​ពេល​នេះ រដ្ឋាភិបាល​បែរជា​បិទ​ប្រទេស ដែល​ទើប​តែ​មាន​បញ្ហា​ថ្មីៗ នេះ​ទៅវិញ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...