09
មីនា

លោក ហ៊ុន សែន នឹង​ឲ្យ​គ្រូពេទ្យ​យក​សំណាកវិភាគ​​របស់​លោក​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ-១៩

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ថា លោក​នឹង​ឲ្យ​គ្រូពេទ្យ​យក​សំណាក​របស់​លោក​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ-១៩ ក្រោយ​ពី​លោក​មាន​អាការៈ​តឹង​ច្រមុះ។ សង្គម​ស៊ីវិល យល់ថា ប្រសិន​បើ​លោក ហ៊ុន សែន សង្ស័យ​ខ្លួន​ឯង​ដូច្នេះ គួរ​តែ​កុំ​នៅ​ជិត​ស្និត​ជា​មួយ​មនុស្ស​ដទៃ ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​ក្នុង​ករណី​ពិនិត្យ​ទៅ​ឃើញ​លទ្ធផល​វិជ្ជមាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​សង្ស័យ​ខ្លួន​ឯង​អាច​ឆ្លង​ជំងឺ​កូវីដ-១៩។ ការ​ប្រកាស​បែប​នេះ ធ្វើឡើងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅ​ស្រុក​វាល​វែង​ខេត្ត ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៩ ខែ​មីនា។ ទោះ​បី​ជា​លោក ហ៊ុន សែន សង្ស័យ​ខ្លួន​ឯង និង​មិន​ទាន់​បាន​ពិនិត្យ រក​មេរោគ​ក្តី ក៏​លោក មិន​បាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះ​ទេ ពោល​គឺ​មេ​ដឹក​នាំ​រូប​នេះ បាន​ដើរ​ចាប់​ដៃ​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​ដទៃ​ទៀត​ហាក់​គ្មាន​ការ​បារម្ភ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ចោទ​ថា លោក​ធ្លាក់​ខ្លួន​ឈឺ ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្រៅ​ប្រទេស៖ «ខ្ញុំ​គិត​ថា ត្រឡប់​ទៅ​វិញ​ខ្ញុំ ឲ្យ​ពេទ្យ​យក​សំណាក​ខ្ញុំ ទៅ​មើល​ដែរ ព្រោះ​ខ្ញុំ​និយាយ​ទៅ​ដូច​រាង​តឹង​ច្រមុះ ព្រោះ​អ៊ីចេះ​តែ​កាល​ណា​ខ្ញុំ​ដំឡើង​ម៉ាស៊ីន​លើស​តែ​ពី​មួយ ម៉ោង​ទៅ វា​តឹង​ច្រមុះ​ហើយ​វា​ជា​ទម្លាប់​របស់​ខ្ញុំ​ទេ។ ម៉ា​ឆឺត​នឹង​ទៅ​ណា​គេ​ថា កូរ៉ូណា។ ហើយ អា​មួយ​នោះ​ផ្ដាំ​ហ្អែង ហ្អែង​នៅ​កំពង់​ត្របែក ខេត្ត​ព្រៃវែង។ អា​ហ្នឹង​វា​ថា ខ្ញុំ​ត្រូវ​បាន​គេ​បញ្ជូន​ដោយ ស្ងាត់​បំផុត ទៅ​ពេទ្យ​សិង្ហបុរី។ ប្រយ័ត្ន​ណាអញ​ឲ្យ​ប៉ូលិស​ទៅ​យក​ដល់​ផ្ទះ ហ្អែង​ត្រូវ​ដឹង​ថា ម្ង៉ៃ​ហ្អែង និយាយ​អី​ខ្លះ។ កុំ​គិត​ស្មាន​តែ​គេ​មិន​ដឹងគ្រាន់​តែ​ព្រមាន​ទេ លើក​ក្រោយ​តែ​ហ្អែង​ដដែល​ហ្នឹង អញ ចាប់​យក​ហ្អែង​មក​ឃុំ​ហើយ»

ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន សែន ក៏​នៅ​តែ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ហួស​ហេតុ និង​ត្រូវ​ទុក​ចិត្ត​លើ​ក្រសួង​សុខាភិបាល​កម្ពុជា ព្រោះ​ថា ប្រសិន​បើ​ពលរដ្ឋ​កម្ពុជា​រួម​ទាំង​លោក ពិត​ជា​មាន​ជំងឺ​នេះ​មែន គឺ​ប្រទេស​វៀតណាម និង​ថៃ ឬ​ក៏​សិង្ហបុរី​ ក៏​មិន​ទទួល​យក​ទៅ​ព្យាបាល​ដែរ ព្រោះ​គេ​ខ្លាច​ឆ្លង និង​តាម​គោល​ការណ៍​អង្គការ​សុខភាព​លោក (WHO) គឺ​រក​ឃើញ​ទី​ណា​ត្រូវ​ទុក​ព្យាបាល​ទី​នោះ។ ថ្វី​ដ្បិត​តែ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច និង​ទុក​ចិត្ត​ក្រសួង​ជំនាញ​ក្ដី ក៏​លោក ហ៊ុន សែន ប្រកាស​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ក្រសួង​មាន​សមត្ថកិច្ច​មិន​ទាន់​ប្រមូល​អ្នក​ធ្លាប់ ប៉ះពាល់ ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​បុរស​ជនជាតិ​ជប៉ុន និង​បុរស​ខ្មែរ ដែល​ផ្ទុក​ជំងឺ​កូវីដ ដើម្បី​ធ្វើ​តេស្ត​សុខភាព​អស់​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ការ​សង្ស័យ ត្រូវ​សហការ​ជាមួយ ក្រសួងសុខាភិបាល ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ឲ្យ​បាន​ទាន់​ពេល វេលា​កុំ​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។

ក្រៅ​ពី​ប្រកាស​ដូច្នេះ ប្រមុខរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ទៅ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម (VNA) ដែល​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ នេះ​ថា វៀតណាម​រឹត​បន្តឹង​អ្នក​ដំណើរ​ពី កម្ពុជា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ លោក ហ៊ុន សែន យល់ថា ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ធ្វើ​ឲ្យ​មាន ការ​យល់​ច្រឡំ​ថា កម្ពុជា​ជា​ប្រទេស​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​មេរោគ។ លោក​ទាមទារ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម ដក​អត្ថបទ​នោះ​ចេញ បើ​ពុំ​នោះ​ទេ លោក​នឹង​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​រដ្ឋាភិបាល​វៀតណាម៖ «រឿង​ហេតុ​អី​បាន​ជា​អ្នក​ឯង ដាក់​ប្រទេស​ខ្ញុំ​ថា ជា​ប្រទេស​ដែល មាន​ហានិភ័យ​សម្រាប់​ប្រទេស​វៀតណាម។ រឿង​នេះ​វា​ក្លាយ​ជា​បញ្ហា បើ​សិន​ជា​ប្រជាជន​កម្ពុជា​ប្រតិកម្ម​វិញ ប្រជាជន​កម្ពុជា​អាច​នឹង​បិទ​មិន​ឱ្យ​វៀតណាម​ឆ្លង​មក​វិញ ប៉ុន្តែ​បាន​ដោះ​ស្រាយ​កាល​ពី​ម្សិលមិញ​ហើយ»

រីឯ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក ហ៊ុន សែន សង្ស័យ​ខ្លួន​ឯង​បែប​នេះ គួរ​តែ​កុំ​សូវ​នៅ​ជិត ឬ​ស្និទ្ធស្នាល​ជា​មួយ​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​នេះ លោក ជំរុញ​ឲ្យ​អាជ្ញាធរ បន្ត​ស្រាវជ្រាវ​ប្រមូល​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​បុរស​ជប៉ុន និង​បុរស​ខ្មែរ​ដែល​កំពុង​ផ្ទុក​ជំងឺ​កូវីដ​នោះ យក​ទៅ​ធ្វើ​តេស្ត​សុខភាព​ទាំង​អស់ ដើម្បី​ធានា​ថា ពួក​គេ​មាន​សុវត្ថិភាព និង​គ្មាន​ការ​ចម្លង​ពី​មួយ​ទៅ​មួយ។ ម្យ៉ាង​វិញ ទៀត លោក មឿន តុលា យល់ថា ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​នានា ទុក​ចិត្ត​លើ​កម្ពុជា​ថា ជា​ប្រទេស​មាន​សុវត្ថិភាព​នោះ គឺ​រដ្ឋាភិបាល ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ក្រសួងសុខាភិបាល និង​ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវីដ​ឲ្យ​មាន​ប្រសិទ្ធភាព ជាង​ពេល​បច្ចុប្បន្ន៖ «តួនាទី​របស់​រដ្ឋ​មួយ គឺ​ខ្វល់ខ្វាយ​ការពារ ឬ​ក៏​លើក​ស្ទួយ​នូវ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​គេ ដូច្នេះ​ចង់​មិន​ចង់ គេ​ត្រូវ​តែ​មាន​វិធានការ​ណា​មួយ ដើម្បី​ការពារ និង​លើក​ស្ទួយ​សុខមាលភាព​របស់​ប្រជា​ពលរដ្ឋ​គេ​ហើយ។ គេ​យក​រឿង​ការ​ទូត​រឿង​អី​នោះ ដាក់​មួយ​អន្លើ​សិន សំខាន់​កុំ​ឲ្យ​ពលរដ្ឋ​គេ​មាន​បញ្ហា។ អ្វី​ដែល​កម្ពុជា គួរ​ប្រឹង​ធ្វើ​នោះ គឺ​យន្តការ​ទប់​ស្កាត់ ឬ​ក៏​ការពារ​ការ​ឆ្លង ឬ​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ឲ្យ​បាន​ច្បាស់លាស់។នៅ​ពេល​ដែល​គេ​ឃើញ​ប្រព័ន្ធ​ការពារ និង​ទប់​ស្កាត់​របស់​កម្ពុជា​រឹង​មាំ​ហើយ គឺ​គេ​មាន​ទំនុក​ចិត្ត និង​ដក​ចំណុច​ក្រហម​ចេញ​ពី​កម្ពុជា»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា តាមពិត រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ប្រកាស​ឲ្យ​មាន​ការ​ប្រុង ប្រយ័ត្ន​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ដំបូង​នៃ​ការ​ផ្ទុះ​ការ​រីក​រាល​ដាល ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​ឆ្លើយ​តប របស់​រដ្ឋាភិបាល​នៅ​មាន​ភាព​ធូរ​រលុង​ខុស​ពី​ប្រទេស​ដទៃ ដូច​ជា​មិន​បិទ​ជើង​ហោះហើរ និង​ការ​អនុញ្ញាត​ឲ្យ​កប៉ាល់​វ៉េស្ទើដាម (Westerdam) ចូល​ចត​ក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ ទាំង​ដែល​គ្មាន យន្តការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់ និង​មិន​បាន​ដាក់​ឲ្យ​អ្នក​ទេសចរ​ទាំង​នោះ​នៅ​ដាច់​ដោយ ឡែក​មួយ​រយៈ​សិន៖ «ការ​ទុក​ចិត្ត​របស់​ពលរដ្ឋ មិន​សំខាន់​លើ​ការ​អំពាវនាវ​របស់​មេ​ដឹក​នាំ​ទេ ទាល់​តែ​មន្ត្រី​ពេទ្យ​ខ្លួន​ឯង​នោះ​ប្រឹងប្រែង​ផ្ដល់​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ។ឧទាហរណ៍ ប៉ុន្មានថ្ងៃនេះ ខ្ញុំ​មិន​ដឹង​ថា ព័ត៌មាន​នោះ​ពិត​ប៉ុណ្ណា​ទេ ប៉ុន្តែ​នៅ​កំពង់សោម​នោះ មាន​ពលរដ្ឋ​ទៅ​ពិនិត្យ សុខភាព​រក​កូវីដ​នេះ​ដែរ បន្ទាប់​មក​គ្រូពេទ្យ​មិន​ឲ្យ​ចេញ​ពី​ពេទ្យ​ហើយ ទាល់​តែ​ឲ្យ​លុយ ៥០០ដុល្លារ ទើប​ឲ្យ​ចេញ។ មិន​ដឹង​ថា​រឿង​នេះ​រឿង​ពិត ឬ​មិន​ពិត​ប៉ុណ្ណា​ទេ ប៉ុន្តែ​ប្រសិន​បើ​រឿង​នេះ​ពិត​មែន គឺ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ជាតិ​ហើយ»

កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ខ្មែរ​ម្នាក់ អាយុ ៣៨ឆ្នាំ បាន​ឆ្លង​ជំងឺ​កូវីដ-១៩។ បុរស​ខ្មែរ​ម្នាក់​នេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម ៤​នាក់ ដែល​ជា​អ្នក​ប៉ះពាល់ ផ្ទាល់ និង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​បុរស​ជនជាតិ​ជប៉ុន ដែល​គេ​បាន​រក​ឃើញ មាន​ផ្ទុក​ជំងឺ​កូវីដ​នៅ​ពេល​ទៅដល់​ប្រទេស​ជប៉ុន​វិញ បន្ទាប់ពី​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា​។ បុរស​ខ្មែរ​រូប​នោះ កំពុង​ដាក់​ឲ្យ​នៅ​ក្នុង បន្ទប់​ដាច់​ដោយ​ឡែក និង​កំពុង​បន្ត​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ចំណែក​សមាជិក​គ្រួសារ ៣នាក់​របស់​បុរស​នោះ និង​អ្នក​ប៉ះ​ពាល់​ផ្ទាល់ ជាមួយបុរសជប៉ុន ៣នាក់ ក៏កំពុងដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានសុខភាពរយៈពេល ១៤ថ្ងៃដែរ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​អ្នក​ទាំង​នោះ​បាន​ទេ​នៅ​ថ្ងៃ​ទី៩ ខែ​មីនា ដោយ​ទូរស័ព្ទ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ និង​អ្នកស្រី ឱ វណ្ណឌីន ព្រម ទាំង​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ក្រោយ​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀមរាប គឺ​ពលរដ្ឋ​ក្នុង​ខេត្ត មួយ​នេះ មាន​ការ​ភ័យ​ខ្លាច​ដោយ​ម្នាក់ៗ មិន​ហ៊ាន​ដើរ​ចេញ​ទៅ​ណា​ទេ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ទេសចរណ៍​មួយ​នេះ មាន​សភាព​ស្ងប់ស្ងាត់។ លោក ហ៊ុន សែន ប្រកាស​ថា លោក​គ្រោង​នឹង​ទៅ​ខេត្ត​សៀមរាប​ឆាប់ៗ ដើម្បី​សួរ​ទុក​អ្នក​ជំងឺ និង​ដើម្បី​លើក​ទឹក​ចិត្ត​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច។

គិតត្រឹមថ្ងៃទី៩ ខែ​មីនា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ឡើង​ដល់​ជាង ១១ម៉ឺន​នាក់ (១១០.២៩៦​នាក់) នៅ​លើ​ពិភពលោក ហើយ​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជាង ៣ពាន់ ៨រយ​នាក់ (៣.៨៤០​នាក់) ហើយ ដែល​ភាគ​ច្រើន​នៅ​ប្រទេស​ចិន។ មេរោគ​នេះ ក៏​កំពុង​មាន​សន្ទុះ​ឆ្លង​រាលដាល​ខ្លាំង នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​អ៊ីតាលី ​ប្រទេស​អ៊ីរ៉ង់ ប្រទេស​អាល្លឺម៉ង់ បារាំង និង​សហរដ្ឋអាមេរិក៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...