20
មីនា

មន្រ្តីសហជីព និងសង្គមស៊ីវិល បារម្ភ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ តាម​​រោងចក្រ

មន្រ្តី​​សហជីព និង​សង្គម​ស៊ីវិល​ ស្នើ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​សុខុមាល​ភាព និង​ជីវភាព​​កម្មករ ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ ជំហរ​រ​បស់​មន្រ្តី​ទាំង​នេះ ធ្វើ​ឡើង​​ស្រប​ពេល​ដែល​រោងចក្រ​សហគ្រាស​ជាច្រើន​ នៅ​តែបន្ត​​បើក​ទ្វារ​ ហើយ​​ករណី​​ឆ្លង​​នៃ​​ជំងឺ​​កូវីដ​-​១៩​ មាន​​នៅ​រាជធានី​​ខេត្ត​ក្រុង​ចំនួន​ ១២​ ទៅ​ហើយ​។

មន្រ្តី​សហជីព និង​​មន្រ្តីអង្គការ​សង្គម​​ស៊ីវិល​ផ្នែក​ការងារ​ និង​​សិទ្ធិ​មនុស្ស​ ចេញ​សេចក្តី​ថ្លែងការណ៍​រៀងៗ​ខ្លួន នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មីនានេះ ដោយ​​ដាក់​ការ​ទទួល​ខុស​ត្រូវ​​ នៃ​សុខុមាល​ភាព ​និង​​ជីវភាព​​​របស់​​កម្មករ ក្នុង​​ស្ថាន​ភាព​មាន​វិបត្តិ​នេះ​ ទៅ​លើ​រដ្ឋាភិបាល​ និង​​ក្រុម​ហ៊ុន​​បញ្ជា​ទិញ​។

សហភាព​សហជីព​កម្ពុជា​ ដែល​មាន​លោក​ រ៉ុង​ ឈុន​​ ជា​ប្រធាន​ ស្នើ​ជា​ច្រើន​ចំណុច​ សុំ​ឲ្យ​​ស្ថាប័ន​ពាក់ព័ន្ធ​​យក​ចិត្ត​​ទុក​ដាក់​លើ​បញ្ហា​នេះ​។ ក្នុង​ចំណោម​ចំណុច​ទាំង​នោះ​ សហភាព​សហជីព​កម្ពុជា​ ដែល​តំណាង​​កម្មករ​រាប់​សែន​នាក់​នេះ​ ស្នើ​ឲ្យ​​រដ្ឋាភិបាល​គួរ​​ឲ្យ​​កម្មករ​និយោជិត​ បាន​​ឈប់​សម្រាក​ពី​ការងារ​​មួយ​រយៈ​ពេល​ ដោយ​​រក្សា​​ប្រាក់​ឈ្នួល​ បើ​​ការ​​រាត​ត្បាត​​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ ឬ​កូវីដ​-​១៩​ នេះ​ មិន​ថម​ថយ​។​

ចំណែក​ឯ​​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ ឬ​ហៅកាត់​​ថា​​សង់​ត្រាល់​ (CENTRAL) ឯណោះ​វិញ​ ដាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ ទៅ​ក្រុម​ហ៊ុន​​បញ្ជា​ទិញ​ទៅ​​វិ​ញ​។ លោក មឿន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​​នេះ​ ថា​​​ក្រុមហ៊ុន​បញ្ជា​ទិញ​ជា​ច្រើន​ បាន​ទទួល​ផលចំណេញ​ពី​ពលកម្ម​របស់​កម្មក​រ​កម្ពុជា​។​ ដូច្នេះ​​ក្រុមហ៊ុន​ទាំង​នេះ​ គួរ​តែ​បោះ​ជំហាន​ទៅ​មុខ​ ក្នុង​ពេល​មាន​វិបត្តិ​ ហើយ​ធានា​ការ​ការពារ​ជីវិត​ និង​ជីវភាព​កម្មករ​។​

លោក​បន្ថែម​ទៀត​ថា កម្មករ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅផ្ទះ​រហូត​ដល់​ស្ថានការណ៍​ អាចគ្រប់​គ្រង​បាន​ ហើយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំងនេះ ត្រូវ​ធានា​ថា​កម្មករ​និយោជិត​ ទទួល​បានប្រាក់​ឈ្នួល​ធម្មតា​ ប្រាក់​រង្វាន់​មក​ធ្វើការ​ទៀង​ទាត់​(លុយ​ព្រីម​) និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ថ្លៃបន្ទប់​ ឬ​សោហ៊ុយ​ធ្វើ​ដំណើរ​ក្នុង​ស្ថានការណ៍​បែប​នេះ​។

ការ​អំពាវ​នាវ​​របស់​សហភាព​សហជីព​កម្មករ​ និង​​អង្គការ​​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​​ស្រប​ពេល​ដែល​រដ្ឋាភិបាល​​កម្ពុជា​​បាន​​បញ្ជា​ឲ្យ​បិទ​សាលារៀន​​​ និង​​ក្លឹប​កំសាន្ត​ និង​​កន្លែង​ប្រមូល​ផ្តុំ​មនុស្ស​​ច្រើន​ដទៃ​ទៀត​ នៅ​ទូទាំង​​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​ករីណី​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ បាន​រក​ឃើញ​នៅ​លើ​ពលរដ្ឋ​ខ្មែរ​ និង​​បរទេស​ ៣៥ នាក់ និង​នៅ​ខេត្ត​ក្រុង​​ ១២​ ទៅ​ហើយ​គិតមក​ត្រឹម​ថ្ងៃ​ទី១៨​ ខែ មីនា​នេះ​។​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ មិន​ទាន់​មាន​វិធានការ​​ណា​មួយ​ ក្នុង​ការ​​ផ្អាក​រោង​ចក្រ​សហគ្រាស​ជា​បណ្តោះ​អាសន្ន​នៅ​ឡើយ​។

អាស៊ីសេរី មិនទាន់​អាច​សុំការបំភ្លឺ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​​ការ​ងារ​​លោក​ ហេង​ សួរ ​បាន​ទេ​​នៅពេល​នេះ ​ដោយ​សារ​លោក​មិន​លើក​ទូរ​ស័ព្ទ​។​

ប៉ុន្តែ បើ​តាម​ប្រសាសន៍​មន្រ្តី​ជាន់​ខ្ពស់​នៃ​ខេត្ត​កំពង់​ឆ្នាំង​​ ដែលមាន​​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មីចំនួន​ ៣​ ករណី​ដែរ​ បាន​​ថ្លែង​ថា​ គណៈ​អភិបាល​​ខេត្ត​​នេះ​ ខិត​ខំ​ធ្វើ​យ៉ាង​ណា​​ដើម្បី​​ឲ្យ​រោង​ចក្រ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​នេះ​ នៅ​បើក​បន្ត​​​។​ នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មីនា​ អភិបាល​រង​ខេត្ត​​កំព​ង់​ឆ្នាំង​  លោក​ ស្រ៊ន​ សំ​ឫ​ទ្ធី​ ក្រោយ​​ថ្លែង​បើក​ ដោយ​​មិន​​ភ្លេច​អរគុណ​សន្តិភាព​ដែល​មាន​ថ្ងៃ​នេះ​ បាន​បញ្ជាក់​ដោយ​​ភាព​ជឿជា​ក់ថា​ រោង​ចក្រ​នៅ​ខេត្ត​លោក​ មក​ដល់​ពេល​នេះ​ មិន​ទាន់​រង​ផល​ប៉ះពាល់​ដោយសារ​​វិបត្តិ​​កូ​រ៉ូណា​នេះ​​នៅ​ឡើយ​ទេ​។ ជាង​នេះ​​ទៅ​ទៀត​ លោក​កំពុង​ត្រេកអរ​នឹង​​វត្ថុធាតុ​ដើម ​​ដែល​ដឹក​មក​ពីចិន​បណ្តើរៗ​ ដែល​លោក​ថា​ នឹង​​អាច​ជួយ​បន្ត​​ផ្គត់​ផ្គង់​ឲ្យ​រោងចក្រ​បើកទ្វារ​ផលិត​តទៅ​ទៀត៖ «បាទ! ជាបឋមនេះ អនុញ្ញាត​សូម​គោរព​ និងអរគុណ​ និង​ដឹង​គុណ​ដល់សន្តិភាព​! បើសិន​គ្មាន​សន្តិភាពទេ គឺ​យើង​ពុំមាន​អ្វី​ៗដូចសព្វថ្ងៃទេ។ មកទល់ពេលនេះ មិនទាន់មានរោងចក្រ ឬ​​ក្រុមហ៊ុនសហគ្រាស​ណាមួយ​បាន​ព្យួរ​ការងារ​នៅឡើយ​ទេ។ ទន្ទឹមនឹងនេះដែរ​ យើង​ទទួលបាន​នូវ​ការ​ផ្គត់​ផ្គង់ ពី​ប្រទេស​ចិន ដែល​ការ​ផ្គត់​ផ្គង់​ទាំងនេះ​ នឹង​អាច​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ ដែល​វិស័យ​ការងារ​ក៏ដូចជា​រោង​ចក្រ​កំពុង​ជួប​ប្រទះ​។ ខ្ញុំ​ជឿថា​នៅ​ពេល​នេះ​មិន​មាន​ការ​ប៉ះពាល់​ទេ លើ​វិស័យ​ការងារ​នៅ​ខេត្ត​កំពង់​ឆ្នាំង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្នុង​ស្ថាន​ភាព​មាន​វិបត្តិ​នេះ ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ បាន​​បិទទ្វារ​រោង​ចក្រ​​ និង​​សហគ្រាស​​របស់​ខ្លួន​​ជា​​បណ្តោះ​អាសន្ន​ មិន​មែន​ដោយ​សារ​​ខ្វះ​វត្ថុ​ធាតុ​ដើម​ទេ​ ប៉ុន្តែ​ដោយសារ​​ការ​​ព្រួយបារម្ភ​អំពី​ការឆ្លង​រាត​ត្បាត​ជំងឺ​នេះ​ ដល់​កម្មករ​និយោជិត​។ ​ប្រទេស​ដែល​សម្រេច​បិទ​ទ្វារ​រោចក្រ​របស់​ខ្លួន​មួយ​រយៈ​ពេល​ទាំង​នោះ​ មាន​ដូច​ជា​ប្រទេស​ ស្រី​លង្កា​ បង់ក្លា​ដែស​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ជា​ច្រើន​នៅ​អាមេរិក​កណ្តាល​។​ ប៉ុន្តែ​ការបិទ​ទ្វារ​រោងចក្រ​នេះ ធ្វើ​ឲ្យ​​ខាង​​សហជីព​ព្រួយបារម្ភ​ អំពី​ការ​កេង​ប្រវ័ញ្ច​អត្ថប្រយោជន៍​របស់​កម្មករ​ ដោយ​សារ​​ថៅកែ​រោងចក្រ​ខ្លះ យក​លេស​វិបត្តិ​នេះ​ បញ្ឈប់​​កម្មករ​ និង​​មិន​ផ្តល់​អត្ថប្រយោជន៍​​ជូន​ពួក​គាត់​។​

អង្គការ​សង់​ត្រា​ល់​ ស្នើ​ឲ្យ​​ក្រុមហ៊ុន​​អ្នក​បញ្ជា​ទិញ​យក​ចិត្ត​ដាក់​ឲ្យ​មែន​ទែន​លើ​បញ្ហា​នេះ​ ព្រោះកម្មករ​ខ្មែរ​ជា​ច្រើន​​ កំពុង​ជំពាក់​បំណុល​គេ​រួច​ទៅ​ហើយ​ និង​​អ្នក​ខ្លះ​ទៀត​បាន​ខ្ចី​ប្រាក់​គេ​ ដើម្បីទប់​ទល់​នឹង​​ជីវភាព​ខ្វះខាត​​ស្រាប់​នេះ​។ កម្មករ​ច្រើន​ណាស់ ​កំពុង​​ជួប​បញ្ហា​ ​​ដែល​ពួកគាត់​​មិនអាច​​រក​ប្រាក់​សង​ថ្លៃ​បំណុល​ប្រចាំ​ខែ​ ដែល​ទាំង​នេះ​ ជា​បន្ទុក​​មួយ​​ដ៏​ធ្ងន់​របស់​កម្មករ​៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...