31
មីនា

មន្ត្រី​ទូត​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ថា​ ខ្មែរ​៣​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ​-​១៩​ មាន​សុខ​ភាព​ល្អ​ធម្មតា​

មន្ត្រីទូតកម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង បានឱ្យដឹងថា ជនជាតិខ្មែរ៣នាក់ដែលឆ្លងជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន មានសុខភាពប្រសើរឡើងវិញហើយ ខណៈពួកគេកំពុងសម្រាកព្យាបាលនៅប្រទេសកូរ៉េ។

ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្រ្តី​ជនជាតិខ្មែរអាយុ ២៣ឆ្នាំ​ ដែល​មាន​​ស្វាមីជាជនជាតិ​កូរ៉េ​ និងម្តាយអាយុ​ ៤៦ឆ្នាំ​ រួមទាំងកូនប្រុសអាយុទើប ៣ខែរបស់នារីនោះ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យម៉្យុងជី នៅអ៊ីលសាន ស្ថិតនៅក្រុងអ៊ីលសាន ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីសេអ៊ូល។ បច្ចុបុ្បន្ននេះ លោកថា សុខភាពពួកគាត់បានធូរស្រាលជាងមុនហើយ។

លោកមានប្រសាសន៍ថា៖ «មកដល់ពេលនេះ ពួកគាត់ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរទេ ស្ថានទូតធ្វើការទំនាក់ទំនងទៅគាត់ជារៀងរាល់ថ្ងៃ ១ថ្ងៃតេទៅ២ដង ហើយខ្ញុំខ្លួនឯងក៏បានជួបទូរសព្ទជាមួយគាត់កាលពីថ្ងៃសៅរ៍ ក៏ឃើញស្ថានភាពសុខភាពគាត់ល្អប្រសើរ ទាក់ទងទូរសព្ទនិយាយជាមួយគ្នា គាត់សើចក្អាកក្អាយជាមួយយើង និយាយធម្មតាទេ សីតុណ្ហភាពរបស់គាត់ទាំងបីនាក់ក៏ ៣៦.៧អង្សារ ៣៦.៨អង្សារ រួមទាំងទារកផង គឺទទួលទានទឹកដោះគោធម្មតា អត់មានបញ្ហាអ្វីទេ»។

ដោយឡែក ពលរដ្ឋខ្មែរផ្សេងទៀត ជាពិសេសពលករដែលធ្វើការនៅប្រទេសកូរ៉េ និងស្នាក់នៅទីនោះ មិនទាន់មានអ្នកណាឆ្លងជំងឺកូវីដ-១៩នោះទេ។

ប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិ លោក យឹម ស៊ីណន មានប្រសាសន៍ថា រដ្ឋាភិបាលខ្មែរ និងមន្ត្រីទូតនៅប្រចាំប្រទេសកូរ៉េ គួរតែយកចិត្តទុកដាក់តាមដាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយលើបណ្តាញសង្គម និងសារព័ត៌មាន អប់រំ ណែនាំដល់ពលរដ្ឋខ្មែរ និងពលករនៅប្រទេសកូរ៉េទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការថែរក្សាសុខភាព ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។

អ្វីដែលគួរឱ្យកត់សំគាល់ លោក ស៊ីណន អះអាងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលយកចិត្តទុកដាក់លើប្រជាពល​រដ្ឋខ្មែរកន្លងមក ភាគច្រើនបង្ហាញពីទង្វើផ្សារភ្ជាប់លើការកេងចំណេញនយោបាយច្រើនជាងទឹកចិត្តជួយសង្គ្រោះ និងដោះស្រាយ។

លោកមានប្រសាសន៍ថា៖ «បើយើងសប្បុរស យើងសប្បុរសចេញពីចិត្ត យើងកុំលាយឡំជាមួយរឿងនយោបាយ ប៉ុន្តែ ជារួម យើងសង្កេតឃើញថា ស្ថានភាពទាំងអស់ហ្នឹង ទាំងការចែកម៉ាស់ វាបូករួមទាំងរឿងនយោបាយចូលច្រើនពេក វាធ្វើឱ្យចិត្តប្រជាពលរដ្ឋយើងនៅទីនេះ គាត់មានភាពរអាទៅវិញ ជារឿងដែលខ្ញុំចង់ស្នើទៅខាងមន្ត្រីពាក់ព័ន្ធ កែប្រែនូវឥរិយាបថរបស់ខ្លួនឡើងវិញ»។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់​ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា រដ្ឋាភិបាល និងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ត្រូវយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋខ្មែរ និស្សិត និងពលករនៅទីនោះ ចេះអនាម័យ និងចេះការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩។

លោកបញ្ជាក់ថា បើរដ្ឋាភិបាល និងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ មិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្មែរខ្លួនឯងទេ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «កាតព្វកិច្ចរបស់រដ្ឋ គាត់ត្រូវធានាអំពីសុវត្ថិភាព ការគាំពារផ្នែកសង្គម ការផ្សព្វផ្សាយយល់ដឹងជាដើម បើសិនជាអត់បានធ្វើទេ ខ្ញុំគិតថា វាអាច​ជំរុញឱ្យពលរដ្ឋខ្លួនប្រឈមនឹងអំពីការរីករាលដាលនៃមេរោគកូវីដឆ្លង វាអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ច គ្រួសារ សង្គម ពីព្រោះពួកគាត់នៅក្រៅប្រទេសក៏ពិតមែន គាត់ជាផ្នែកមួយនៃឆ្អឹងខ្នងនូវការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ​របស់គាត់ និងសេដ្ឋកិច្ចជាតិដែរ គាត់ផ្ញើលុយមកអញ្ចឹង»។

ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ បានចាត់ក្រុមការងារចុះចែកម៉ាស់ចំនួន ១ពាន់ម៉ាស់ និងទឹកលាងដៃចំនួនជិត ៣ពាន់ដប ដែលមានគុណភាពខ្ពស់ ដោយមិនគិតថ្លៃ ជូនសហគមន៍ខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ជាពិសេសតំបន់ថេហ្គូ និងខេត្តខ្យងសាង ដោយសារតំបន់នោះមានការរីករាលដាលជំងឺកូវីដ-១៩ ខ្លាំងជាងគេ។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ គិតត្រឹមថ្ងៃតី៣០ ខែមីនា ឆ្នាំ២០២០នេះ មានចំនួនសរុបជាង ៦ម៉ឺននាក់ ដែលក្នុងនោះមានពលករ ៤ម៉ឺន ៨ពាន់នាក់ ស្ត្រីរៀបការជាមួយស្វាមីកូរ៉េមានចំនួនជាង ៨ពាន់នាក់ និងនិស្សិតបន្តការសិក្សាមានជាង ៤០០នាក់ផងដែរ៕

ប្រភព៖VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...