09
មេសា

សហជីព​បារម្ភ​ពី​ជីវភាព​កម្មករ​ព្យួរ​ការងារ ខណៈ​គោល​ការណ៍​ថ្មី​ផ្តល់​ឲ្យ​ពួកគេ​តែ​៧០​ដុល្លារ​ក្នុង​មួយ​ខែ

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពី​ថ្ងៃអង្គារ​ បាន​ប្រកាសថា កម្មកររោងចក្រ​កាត់​ដេរ​និង​ស្បែក​ជើង​ដែល​ត្រូវ​ព្យួរ​ការងារដោយ​សារ​រោងចក្រ​ផ្អាក​ផលិតកម្មព្រោះមេរោគ​កូរ៉ូណា​នោះ ​នឹងទទួល​បាន​អត្ថ​ប្រយោជន៍​ ៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​អ្នក​ធ្វើ​ការក្នុង​វិស័យ​កាត់​ដេរ​បារម្ភ​ថា ប្រាក់​នេះ​មិន​គ្រប់​សម្រាប់​ជីវភាព​របស់​ពួកគេ​ទេ។​

ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្ន​ភាព​ជំងឺ​កូវីដ-១៩​នៅថ្ងៃ​អង្គារ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា​ ក្រោយ​រោង​ចក្រ​ជាង ១០០​ បាន​ស្នើ​សុំ​ព្យួរព្រោះ​តែ​ខ្វះ​វត្ថុធាតុ​ដើម​ និង​មិនមាន​អ្នក​បញ្ជា​ទិញ​ដោយ​សារ​តែ​មេរោគ​កូរ៉ូណា​រាតត្បាត ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ឲ្យ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ចំនួន​ ៤០​ដុល្លារ​ និង​ម្ចាស់​រោងចក្រ​ផ្តល់​ឲ្យ​ ៣០​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​បន្ត​ថា​ ចំនួន​នេះ​តិច​ជាង​ការ​សម្រេច​លើក​មុន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​ ២០​ភាគ​រយ ​ ហើយ​ម្ចាស់​រោង​ចក្រ​ផ្តល់​ឲ្យ​ ៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ ១៩០​ដុល្លារ ​ សរុប​ជា​គឺ ១១៤​ដុល្លារ។ ​ប៉ុន្តែ​លោក​ហ៊ុន សែន​ថា​ ​ប្រាក់​អត្ថ​ប្រយោជន៍​៧០​ដុល្លារ​នេះ​ជា​លទ្ធ​ភាព​ដែល​រដ្ឋាភិបាល​និង​ម្ចាស់​រោង​ចក្រ​អាច​ធ្វើ​បាន។​

«កម្មករ​ម្នាក់​នឹង​ទទួល​បាន​ត្រឹមតែ​៧០​ទេ​តែ​មិន​តម្រូវ​ឲ្យ​កម្មករ​នេះ​ទៅ​ធ្វើការហ្វឹក​ហាត់​ដូច​ពេល​មុនទេ។ពេល​មុន​ថា​អ្នក​ឯង​ទទួលបាន​នូវការ​ឧបត្ថម្ភ​រយៈពេល​ ៦​ខែ​ តម្រូវ​ឲ្យ​ហ្វឹក​ហាត់៤​ខែ​ និង​ត្រៀម​ ២​ខែ​ទៀត។​ ប៉ុន្តែ​ឥឡូវ​អត់​ហ្វឹក​ហាត់​បាន​ទេ​ ដោយ​សារ​តែ​យើង​បាន​បិទ​អស់​ហើយ​នូវ​កន្លែង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្សេង»។​

អ្នកស្រី​រស់ ធាវី ​កម្មការិនីកាត់​ដេរ​នៅ​រោង​ចក្រ​ Crystal Land Martin​ ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល​ និយាយ​ថា​ អ្នកស្រី​ត្រូវ​បាន​ព្យួរ​ការងារ​រយៈ​ពេល​ពីរ​ខែ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ខែ​មេសា។​ អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ត្រូវ​បាន​រោង​ចក្រ​បើក​ឲ្យ​ ៤០​ភាគ​រយ​នៃ​ប្រាក់​ខែ​គោល​ដែល​ស្មើ​នឹង​ ៧៥​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ផ្តល់ពី​រដ្ឋាភិបាល​ចំនួន​ ២០​ភាគ​រយ​នោះ​ទេ។​

កម្មការិនី​វ័យ ​២៥​ឆ្នាំ ដែល​មាន​កូន​ប្រុស​អាយុ​ ២​ឆ្នាំ​ បន្ថែម​ថា​ ជារៀង​រាល់​ខែ​ អ្នកស្រី​ត្រូវ​ផ្គត់​ផ្គង់​ការ​ចំណាយ​ក្នុង​ផ្ទះ​ចំនួន​ ២០០​ដុល្លារ ​ដូច្នេះ​អ្នកស្រី​ថា​ ការ​ទទួល​បាន​ត្រឹម​តែ ​៧៥​ដុល្លារ​ក្នុង​មួយ​ខែ​ នឹង​ធ្វើ​ឲ្យ​អ្នកស្រី​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ខ្លាំង។​

«ខ្ញុំ​ធ្វើការ​មួយ​ខែ​ខ្ញុំ​បានដល់ ២០០​ជាង​ ដល់​ពេល​ឥឡូវបែរ​ជា​ពីរ​ខែ​បាន ១៥០​អ៊ីចឹង ដូច​ថា​ចាយ​មិន​គ្រប់​ទេ​បង​អើយ!​ដូច​ថាយើង​បាន​ចំណូល​មក​តិច ​តែ​យើង​ចំណាយ​ច្រើន»។​

សហជីព​បាន​ឲ្យ​ដឹង​ថា ​កម្មករ​យ៉ាង​តិច​៦​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ ហើយ​ក្នុង​នោះ​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ចប់​កុងត្រា​តែ​ម្តង។​ កម្មករ​ ​ដែល​ត្រូវ​បាន​បញ្ឈប់​ការងារ​រួចរាល់បាន​អះអាង​ថា ​ពួកគេ​ត្រូវ​បាន​រោងចក្រ​សន្យា​ថា​ នឹង​បើក​ប្រាក់​ខែ​ ៤០​ភាគ​រយ​នៃ​ប្រាក់​ឈ្នួល​ នៅ​ពាក់​កណ្តាល​ខែ​មេសា​ និង​ចុង​ខែ​មេសា។​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ដឹង​ថា ពួកគេ​នឹង​ទទួល​បានលុយ​តាម​កាល​កំណត់​ឬ​យ៉ាងណា​នោះ​ទេ ​ក្រោយ​រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​គោល​ការណ៍​ ហើយ​ថៅកែ​រោងចក្រ​បាន​ត្អូញត្អែរ​ពី​ការ​ខ្វះ​ប្រាក់។​

គោល​ការណ៍​ដែល​សម្រេច​ផ្លាស់​ប្តូរ​ពី​ជាង ​១០០​ដុល្លារ​ មក​នៅ​ត្រឹម​ ៧០​ដុល្លារ​ ក្នុង​មួយ​ខែ​វិញ​នេះ​ធ្វើ​ឡើងក្រោយរដ្ឋាភិបាល​និង​ម្ចាស់​រោង​ចក្រ​អះអាង​ថា មាន​រោង​ចក្រ​ជា​ច្រើន​សម្រេច​ព្យួរ​ការងារ​ជា​បន្ត​បន្ទាប់​ក្រោយ​អ្នក​បញ្ជា​ទិញ​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិកប្រកាស​ផ្អាក​ការ​បញ្ជា​ទិញ​ភ្លាមៗ​ ដោយសារ​ការ​រាល​ដាល​មេរោគ​កូរ៉ូណា។​

ក្រុម​សហជីព​នៅ​ថ្ងៃ​ពុធ​នេះបាន​ដាក់​សំណើ​រួម​មួយ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ សុំ​ឲ្យ​ផ្តល់​ប្រាក់​ជា​រៀងរាល់​ខែ​ទៅ​ដល់​កម្មករ​ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ចំនួន ​៦០​ភាគ​រយ​ ដូច​មុន​ដើម្បី​អាច​ឲ្យ​ពួក​គេ​ទប់ទល់​ស្ថានភាព​ជីវភាព​ក្នុង​ពេល​បច្ចុប្បន្ន។​

អ្នកស្រី​ យ៉ាង សុភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជាមាន​ប្រសាសន៍​ថា​ កម្មករ​រោង​ចក្រ​ភាគ​ច្រើនធ្វើការ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ ​ចំណែក​កម្មករ​មួយ​ចំ​នួន​ទៀត​ត្រូវ​បង់​សង​ធនាគារ​ប្រចាំ​ខែ។​

អ្នកស្រី​បន្ត​ថា​ រដ្ឋាភិបាល​គួរ​អនុវត្ត​ការ​ផ្តល់​ឲ្យ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នូវ​ប្រាក់​ប្រចាំ​ខែ​ចំនួន​៦០​ភាគរយ ​ដូច​ការ​សម្រេច​លើក​មុន​និងធ្វើ​អន្តរាគមន៍​ឲ្យ​ធនាគារ​ពន្យារ​ពេល​ការ​បង់​លុយ​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​និងផ្តល់​ការ​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​ឲ្យ​កម្មករ​អាច​ដោះ​ស្រាយ​ជីវភាព​បាន។​

«ការ​ព្យួរ​ការ​ងារដែល​ផ្តល់​លុយ​ប្រាក់​ឈ្នួល​ឲ្យ​គាត់​បាន​តែ​៧០​ដុល្លារ​ហ្នឹង ​ខ្ញុំ​គិត​ថា ​គាត់​មិន​អាច​រស់​បាន​ទេ។​ វា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់កាន់​តែ​ធ្លាក់​ដុនដាប​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​កាន់​តែ​ដុន​ដាប​ទៅៗ។​ ខ្ញុំ​គិត​ថា​ គាត់​នឹង​ប្រឈម​មុខ​ខ្លាំង​ណាស់​ជា​មួយ​ហ្នឹង​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់»។​

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថាសង់ត្រាល់​ (Central)​ មាន​ប្រសាសន៍​ថា ​កម្មករ​ខកចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ជាថ្មី​របស់​រដ្ឋាភិបាល​ ដោយ​មិនមាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ស្ថានភាព​ដ៏​លំបាក​របស់​កម្មករ។​

«ការ​គាំពារ​សង្គម​ឬ​ក៏​គោល​នយោបាយ​ឬ​ ក៏​វិធាន​ការ​ណា​មួយ​ ដើម្បី​ផ្តល់​ទៅ​ដល់​កម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ គឺ​សំខាន់​ណាស់​ ហើយ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​នូវ​វិធានការ​ជាក់​លាក់​ណាមួយ ​ដើម្បី​ធានា​ថាកម្មករ​ និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ត្រូវ​តែ​ទទួល​បាន​នូវ​របប​នៃ​ការ​គាំពារ»។​

លោក​ ឃុន ថារ៉ូ ​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ក្នុង​ការ​គាំពារកម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​ក្នុង​កាល:ទេស:​នេះ​ទេ​ នោះ​បង្ហាញ​ថា​ រដ្ឋាភិបាល​អសមត្ថភា​ព​ក្នុង​ការ​ដឹកនាំ​ប្រទេស។​

VOA​ មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​លោក ​មាស សុខសេនសាន​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ទេ។​

លោក​ ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ GMAC ប្រាប់ ​VOA ​ថា​ម្ចាស់​រោង​ចក្រដែល​ព្យួរ​ដំណើរ​ការ​នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដោយ​ផ្តល់​ឲ្យ​កម្មករ​ចំនួន​៣០​ដុល្លារ​ក្នុង​មួយ​ខែ។​លោក​បន្ត​ថាការ​ស្នើ​សុំ​ណា​ផ្សេង​ទៀតនឹង​រង់ចាំ​មើល​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជា​បន្ត។

«យើង​ធ្វើ​តាម​អនុសាសន៍​របស់​រដ្ឋាភិបាល។​យើង​ចាំ​រដ្ឋាភិបាល​សម្រេច​ថាយ៉ាង​ម៉េច​សិន ​ព្រោះ​ខ្ញុំ​អត់​ទាន់​ឃើញ​លិខិត​របស់​សហជីព​សហព័ន្ធ​ណា​ទៅ​សម្តេច​ទេ»។​

កាលពី​ថ្ងៃទី​១០​ ខែ​មីនា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្រកាស​ថា​កម្ពុជា​ត្រៀម​ថវិកា​ ៨០០​លាន​ដុល្លារ​សម្រាប់​រយៈពេល ​៦​ខែ ​និង​ដល់​ទៅ ​២​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ដើម្បី​ទប់ស្កាត់​បញ្ហា​សេដ្ឋកិច្ច​ដែល​កើត​មាន​ដោយ​សារ​ឥទ្ធិពល​ជំងឺ​កូវីដ-១៩។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​១​របស់​កម្ពុជា។​វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​ ៨០​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ។ ​ទី​ផ្សារ​សំខាន់​របស់​វិស័យ​វាយនភណ្ឌ​នេះ ​គឺ​សហ​ភាព​អឺរ៉ុប​ដែល​ជា​ទី​ផ្សារ​ធំទី១​ និង​សហរដ្ឋអាមេរិក ​ដែល​ជា​ទី​ផ្សារ​ធំ​លំដាប់​ទី២៕

ប្រភព៖ VOA

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...