14
មេសា

ថៃ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់គាំង​ក្នុង​ប្រទេស​ខ្លួន បន្ត​ស្នាក់នៅ​ដោយ​គ្មាន​ការផាកពិន័យ

ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ឲ្យ​ដឹងថា ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់គាំង​ក្នុង​ប្រទេស​ខ្លួន ដោយសារ​ការរឹតត្បិត​ក្នុង​ការធ្វើ​ដំណើរ​អាច​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​នេះ​ដោយ​គ្មាន​ការផាកពិន័យ​រហូត​ដល់​ស្ថានភាព​នៃ​ជំងឺ​កូវីដ​១៩​មាន​ភាពស្ងប់ស្ងាត់​។

សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចុះ​ថ្ងៃទី​ ៩ មេសា ឲ្យ​ដឹងថា ដើម្បី​សម្រួល​ដល់​បងប្អូន​ដែល​ជាប់​នៅ​ប្រទេស ថៃ ដោយសារ​ការរឹតត្បិត​ការធ្វើដំណើរ​ទាំង​ផ្លូវគោក ផ្លូវទឹក រួមទាំង ផ្លូវអាកាស ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ រាជរដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ការអនុគ្រោះ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ស្នាក់នៅ​បណ្តោះអាសន្ន ដោយ​ស្វ័យប្រវត្តិ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ស្នើសុំ​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​នោះទេ​។

ស្ថានទូត​កម្ពុជា​បញ្ជាក់​ថា​៖ «​សម្រាប់​បងប្អូន​ដែល​ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ ១៤ ​ថ្ងៃ និង​ទិដ្ឋាការ​ផ្សេងៗ ហើយ​បាន​ផុត​សុពលភាព​ចាប់ពី​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២០ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​ដោយ​ស្វ័យប្រវត្តិ​រហូតដល់​ថ្ងៃទី​ ៣០ ខែ​ មេសា ឆ្នាំ​ ២០២០ ដោយ​មិនមាន​ការផាកពិន័យ​»​។

សម្រាប់​បងប្អូន​ដែល​ប្រើប្រាស់​បណ្ណ​ព្រំដែន​ចូលក្នុង​ប្រទេស​ថៃ សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​បន្ត​ថា គឺ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​រហូតដល់​ពេល​ព្រំដែន​បើក​វិញ​។ បន្ទាប់មក​ភាគី​ថៃ​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចាកចេញ​យ៉ាងយូរ​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​។ ដោយឡែក​ពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​វែង អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ទៅ​ដាក់ពាក្យ​ស្នើ​បន្ត​សុពលភាព​សម្រាប់​ការស្នាក់នៅ​នៅ​ការិយាល័យ​អន្តោប្រវែសន៍​ថៃ​ដដែល​។

លោក​ ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​កម្ពុជា​ (​សង់ត្រាល់​) ​លើកឡើង​ថា វិធានការ​នេះ​ក៏​ជា​វិធាន​ការល្អ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​នៅ​ប្រទេស​ថៃ​អាច​ស្នាក់នៅ​ទីនោះ​មួយរយៈ​សិន​។

លោក​ថា ការគិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់គាំង​ដូចជា​ការជួយ ការហូបចុក​ប្រចាំ​ថ្ងៃនោះ​ក៏​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​គួរតែ​គិតគូរ​ផងដែរ​។ ព្រោះ​ពេលនេះ​មាន​ពលរដ្ឋ​ខ្មែរ ដែល​មិនអាច​ត្រឡប់មកវិញ​ជាច្រើន​កំពុង​ប្រឈម​នឹង​ការខ្វះខាត​។

លោក​ថា​៖ «​ចំពោះ​ចំណុច​ដែល​សំខាន់​ដែល​ពួកគាត់​ប្រឈម​គឺ​ប្រឈម​អត់​មាន​ការងារ​ធ្វើ អត់​ប្រាក់ចំណូល​ដែល​គាត់​មិនអាច​រស់​បាន​។ ព្រោះ​បើ​សម្រួល​តែ​ឯកសារ​គោលការណ៍​នេះ​គឺ​ការជួយ​បណ្តោះអាសន្ន​ដែល​ពួកគាត់ នៅ​តែ​ប្រឈម​លើ​ស្បៀងអាហារ និង​ការរស់នៅ​ប្រចាំថ្ងៃ​ដែរ​។ ដូច្នេះ​ត្រូវ​មើល​ទៅលើ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ធ្វើ​យ៉ាងម៉េច​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ឲ្យ​បាន និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព បើសិន​ជា​មេរោគ​កូវីដ​នេះ បន្ត​អូសបន្លាយ​»​។

កញ្ញា​ ជា បូរ៉ា ពលករ​ចំណាកស្រុក​ម្នាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ហ្វេសប៊ុក​ពី​ម្សិលមិញ​ថា កញ្ញា​មិន​អាច​វិលត្រឡប់​ទៅផ្ទះ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ព្រោះ​ការដើរហើរ​ក្នុង​ប្រទេស​នេះ​បាន​បិទ ម្យ៉ាង​ព្រោះ​តែ​ខ្លាច​ជំងឺ​រាតត្បាត​។ កញ្ញា​ថា ការសម្រេច​មិន​ត្រឡប់​ទៅវិញ​នេះ​ក៏​ព្រោះតែ​មិន​ចង់​នាំទុក្ខ​ដល់​ក្រុមគ្រួសារ​។ ម្យ៉ាងទៀត​បើ​ទៅ​ដល់​ផ្ទះ​ក៏​ត្រូវ​ស្នាក់នៅ​ម្នាក់ឯង​រយៈពេល​ ១៤ ​ថ្ងៃ​ដដែល ដូច្នេះ​មិន​ទៅ​ល្អ​ជាង​។

កញ្ញា​ បូរ៉ា និយាយថា​៖ «​ឆ្នាំនេះ​វា​លំបាក​រឿង​ជំងឺ​ហ្នឹង ហើយ​បើ​ទៅ​ត្រឡប់មក​គេ​ឲ្យ​សម្រាក​ ១៤ ថ្ងៃ​។ ​អ៊ីចឹង​ខ្ញុំ​ក៏​អត់​បាន​ទៅ ទៅ​។ គ្រាន់​ខ្ញុំ​នៅ​ថៃ​នេះ​គឺ​ធ្វើការ​ធម្មតា​ទេ​។ តែ​សេដ្ឋកិច្ច​ថៃ​ធ្លាក់​ខ្លាំង​ដែរ ដូច្នេះ​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ គាត់​ក៏​លំបាក​ដែរ​»​។

បើ​តាម​កញ្ញា​ បូរ៉ា រដ្ឋាភិបាល​ថៃ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ក្នុង​ពេលនេះ​ពលរដ្ឋ​ទាំងអស់​មិន​អាច​ដើរចេញ​ក្រៅ​ក្នុង​អំឡុង​ម៉ោង​ ១០ ​យប់​ដល់​ម៉ោង​ ៤ ​ជិត​ភ្លឺ​។ ក្នុងនោះ​មាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ត្រូវ​ធ្វើការ​វេន​យប់​ក៏​ត្រូវ​បាត់បង់​ការងារ​ផងដែរ​។ តាម​កញ្ញា​ដឹង អ្នក​ដែល​អាច​ធ្វើការ​បាន​ធម្មតា​គឺ​មានតែ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ​ផ្នែក​ម្ហូបអាហារ​ប៉ុណ្ណោះ​។

តាម​លោក​ ពេជ្រ វណ្ណា ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ៨ មេសា ថា​គិត​ត្រឹម​ថ្ងៃទី​ ៦ ​មេសា​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​ ៦ ​ម៉ឺន​នាក់​វិលត្រឡប់​ចូល​កម្ពុជា​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...