18
មេសា

ពលករ​ខ្មែរ​មួយ​ចំនួន​មិនទាន់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ព្រោះ​មិន​មាន​ការងារ​ធ្វើ

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ទៅ​លេង​ស្រុកកំណើត​អំឡុង​ពេល​បុណ្យ​ឆ្នាំ​ខ្មែរ​នោះ​មិនទាន់​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​ទេ ដោយសារ​ថៅកែ​ជនជាតិ​ថៃ​មិនទាន់​បើក​ឱ្យ​ធ្វើ​ការ​វិញ​នៅ​ឡើយ។ ជាមួយ​គ្នា​នេះ នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ នៅតែ​បន្ត​បិទទ្វារ​ព្រំដែន​ដោយ​ពុំ​ទាន់​បើក​ឱ្យ​ដំណើរ​ឡើងវិញ​ដែរ។ ពលករ​មក​ខេត្ត​កំពង់ធំ​លោក ជា ខន ថ្លែង​នៅ​ថ្ងៃ​ទី​១៧ មេសា ថា លោក​និង​អ្នកភូមិ​ជិតខាង​ប្រមាណ​១០​នាក់​មកពី​ថៃ កាលពីដើម​ខែ​មេសា​នោះ​មិន​ទាន់​បាន​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ ដោយសារ​គ្មាន​ការងារ​ធ្វើ៖ «ឥឡូវនេះ​ខ្ញុំ​នៅ​ខ្មែរ​សិន បើ​ទៅ​ក៏​អត់​មាន​ការងារ​ធ្វើ​ដែរ ទាល់តែ​ថៅកែ​បើក បាន​ខ្ញុំ​ទៅ​ធ្វើ​ការ​តែម្ដង។ ខ្ញុំ​ខ្វល់ខ្វាយ​មក​នៅ​ខ្មែរ​អត់​ការងារ​ធ្វើ ហើយ​លុយ​ក៏​គ្មាន​អីចឹង​ខ្ញុំ​បន់​ឱ្យ​តែ​គេ​បើ​ដំណើរ​វិញ អាង​ទៅ​ធ្វើ​ការ​វិញ​ព្រោះ​សព្វថ្ងៃ​ប្រពន្ធ​ក៏​នៅ​កូនខ្ចី​មិន​បាន​រកស៊ី​អី ហើយ​ប្ដី​ក៏​នៅ​ដេកស៊ី​មិន​បាន​រក​អី​ចូល​មាន​តែ​ចេញ​ព្រឹកល្ងាច​មាន​អ្នកណា​ចេញ​ទៅ​រក​អី​បាន​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត​នៅ​ខេត្ត​សៀមរាប​លោកស្រី វ៉ាន់ ហៀវ ឱ្យ​ដឹង​ថា បងប្អូន​របស់​លោក​ស្រី ៣​នាក់​មក​ពី​ធ្វើ​ការ​ប្រទេស​ថៃ​ជាង ១​ខែ ហើយ​មិនទាន់​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅឡើយ​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​ផង និង​ដោយសារ​អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន។ លោកស្រី​បន្ថែម​ថា អ្នកភូមិ​នៅ​តំបន់​លោកស្រី​ប្រមាណ ៥០​នាក់ ក៏​មិន​ទាន់​បាន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដែរ ដោយ​ពួកគាត់​រង់ចាំ​ឱ្យ​តែ​ស្ថានភាព​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​បាន​ធូរស្រាល​សិន៖ «ស្រុក​ខ្ញុំ​មក​ទាំងអស់​គ្នា​ក៏​នៅ​ដេកស៊ី​ទាំងអស់​គ្នា​ហ្នឹងឯង​មិន​មាន​អ្នក​ចេញទៅ​ថៃ​រួច​ទេ អ្នកណា​មក​ក្រោយ​គេ​ឃាំង​១៤​ថ្ងៃ នៅ​សាលារៀន​តែ​ខ្ញុំ​មក​មុន​មិនបាន​ដាក់​នៅ​ដាច់ដោយឡែក​ទេ​។​ខ្ញុំ​បន់​ឱ្យ​តែ​គេ​បើ​ព្រំដែន​វិញ​ខ្ញុំ​ចង់​ទៅ​ធ្វើការ​វិញ​ណាស់​ខ្ញុំ​មិន​ដឹង​រក​អី​ទេ​ស្រុក​ខ្មែរ​បើ​បាន​ទៅ​ប្រទេស​ថៃ​មាន​អី​រក​ប្រាក់​បាន​ខ្លះ។ ធ្វើការ​នៅ​ណា​ក៏​ខ្ញុំ​ធ្វើ​ដែរ​ឱ្យ​តែ​មាន​ការងារ​ធ្វើ​បាន​ប្រាក់​សង​ធនាគារ»។

អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា លោក លឹម តិច ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ថៃ​បន្ត​បិទ​ច្រកទ្វារ​ព្រំដែន​ជាប់​កម្ពុជា​រហូតដល់​ថ្ងៃ​ទី​១​ឧសភា​ជាមួយ​គ្នា​នេះ​នៅ​តាម​ព្រំដែន​ប្រទេស​កម្ពុជា​ក៏​ទាន់​មាន​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​នៅឡើយ​ទេ៖ «ទៅ​ម៉េច​កើត​វា​ពិបាក​ចេញ​ទៅ​ណាស់​ព្រោះ​គ្មាន​សេវា​ដឹកជញ្ជូន​ត្រឡប់​ទៅ​ថៃ​វិញ វា​មិន​ងាយ​ទេ​។ បើ​ចូល​ស្រុក​ខ្មែរ​ចេះតែ​ចូល​បាន​ហើយ»។

អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​សហការ​គ្នា​បិទ​ច្រក​ទ្វារ​ព្រំដែន​រវាង​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​២២ មីនា​រហូត​មក​ដើម្បី​ការពារ​កុំ​ឱ្យ​រាតត្បាត​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​កាលពីដើម​ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ប្រកាស​ថា មាន​ពលករ​ខ្មែរ​ជាង ៦​ម៉ឺន​នាក់​ហើយ​ដែល​បាន​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ។

មន្ត្រី​អង្គការ​សង់ត្រាល់​ទទួលបន្ទុក​ផ្នែក​ពលករ​ចំណាកស្រុក​លោក ឌី ថេហូយ៉ា សម្ដែង​ក្ដី​បារម្ភ​ថា ប្រសិន​បើ​ស្ថានការណ៍​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅតែ​បន្ត​អូស​បន្លាយ​យូរ​ទៀត នឹង​ធ្វើ​ឱ្យ​ពលករ​នៅ​ថៃ​រាប់​ម៉ឺន​នាក់​នឹង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដោយសារ​ថៅកែ​របស់​ពួកគេ​បាន​ផ្អាក​ធ្វើ​ការ​បណ្ដោះអាសន្ន​។ បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ប្រមាណ ២​លាន​នាក់​កំពុង​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...