18
មេសា

ក្រសួង​សុខាភិបាល​មិន​ទាន់​បង្ហាញ​លទ្ធផល​​ពី​ការ​​ធ្វើតេស្ត​ជំងឺកូវីដ​១៩ ​មនុស្ស​ជិត​ ៤០​នាក់​នៅ​ក្នុង​សង្កាត់​បឹង​កេងកង១

រយៈ​ពេល​បួន​ថ្ងៃ​មក​ហើយ​ក្រសួង​សុខាភិបាល​នៅ​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីត១៩ ទៅ​ជនបរទេស​និង​ជនជាតិ​ខ្មែរ​ជិត ៤០នាក់​​ក្រោយពី​ប្តី​ជនជាតិ​កាណាដា​ និង​ប្រពន្ធ​ជនជាតិ​វៀតណាម ត្រូវ​បាន​ក្រសួង​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ​កូវិត១៩ បន្ទាប់​ពី​បាន​ស្នាក់​​នៅ​រួម​គ្នា​ក្នុង​អគារ​ស្នាក់​មួយ​កន្លែង​ក្នុង​សង្កាត់​បឹង​កេងកេង​មួយ។​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​និយាយ​ថា​រង់​ចាំ​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ក្រោយ។

​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នក​ស្រី ឱ វណ្ណឌីន ប្រាប់​អាស៊ី​សេរី​ថា អ្នកស្រី​មិន​ទាន់​ដឹង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ដើម្បី​រក​ជំងឺ​កូវីត១៩ នៅ​លើ​ជន​បរទេស​និង​ជន​ជាតិ​ខ្មែរ​សរុប​ចំនួន ៣៩នាក់ ថា​មាន​លទ្ធផល​វិជ្ជមាន​ ឬ អវិជ្ជមាន​នៅ​ឡើយ​ទេ។​អ្នក​ស្រី​បញ្ជាក់​ថា អ្នកស្រី​កំពុង​រង់ចាំ​ព័ត៌មាន​នេះ​នៅ​ឡើយ​ហើយ​សេចក្ដីរាយការណ៍​លម្អិត​នឹង​បញ្ជាក់​ជូន​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី២០ ខែ​មេសា​​ខាង​មុខ​នេះ៖ «ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​គេ​ដែរ​ហ្នឹង​ រាល់​ដង​នៅ​កណ្ដាល​អាធ្រាត្រ​ឯណោះ»

អភិបាល​ខណ្ឌ​បឹង​កេងកង​លោក ធឹម សំអាន បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១៥​ មេសា​កន្លង​នៅ​នេះ​មាន​ជនជាតិ​ចិន​ កាណាដា​ និង​ជនជាតិ​វៀតណាម ចំនួន ៣០នាក់​ បាន​ស្នាក់​នៅ​ក្នុង​អាផាតមិន (Apartment) មួយ​នៅ​ទីក្រុង​ភ្នំពេញ ព្រម​ទាំង​បុគ្គលិក​ខ្មែរ​ចំនួន ១៩នាក់ ដែល​បម្រើ​ការងារ​នៅ​ទី​នោះ​ ត្រូវ​បាន​បុគ្គលិក​សុខាភិបាល​បាន​យក​វត្ថុ​វិភាគ ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីត​១៩។

លោក​បញ្ជាក់​ថា​ ក្រសួង​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​នៅ​ឡើយ​ ប៉ុន្តែ​អាជ្ញាធរ​បាន​ដាក់​ពួកគេ​អោយ​នៅ​ដាច់​ដោយ​ឡែក​ចំនួន ១៤ថ្ងៃ​នៅ​ក្នុង​អគារ​ស្នាក់​នៅ​រួម​គ្នា​នោះ ដើម្បី​បន្ត​តាម​ដាន​ពួកគេ។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ ហាម​​មិន​ឲ្យ​ពួកគេ​ទាំង ៣៩នាក់ ដើរ​ចេញ​ក្រៅ​ជា​សាធារណៈ​នោះ​ទេ​ដរាប​ណា​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​ថា​ពួកគេ​មិន​មាន​ជំងឺ​កូវីត១៩៖ «អញ្ចឹង​អ្វី​ដែល​យើង​ធ្វើ​នេះ​គឺ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​យើង​ការពារ​កុំ​ឲ្យ​រីក​រាល​ដាល​តទៅ​ទៀត​អញ្ចឹង​បាន​យើង​តាម​ដាន​មើល​ថា​តើ​អ្នក​ណា​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​មេរោគ​កូវីដ​នេះ ដើម្បី​រីក​រាល​ដាល​បន្ត​ទៅ​ទៀត​បាន​ជា​យើង​ធ្វើ​បែប​នេះ»

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កាល​ពី​ថ្ងៃ​ទី១៣ មេសា​ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម​បាន​ចេញ​សេចក្ដី​ប្រកាស​ភ្លាមៗ​ដោយ​បាន​ដាស់​តឿន​ដល់​សិស្សានុសិស្ស និង​បុគ្គលិក​ក្រសួង​អប់រំ​ទាំង​អស់​ផ្អាក​ការ​ទទួល​ទាន​អាហារ​នៅ​ក្រៅ​ផ្ទះ​និង​ប្រាស្រ័យ ទាក់ទង​គ្នា​នៅ​ក្បែរ​តំបន់​នោះ។ ក្រោយ​មក​ក៏​មាន​​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​មាន​ការ​ចលាចល​សម្រាប់​អ្នក​រស់​នៅ​តំបន់​សង្កាត់​បឹង​កេងកង១។

ក្រសួង​សុខាភិបាល​ថា ​គិត​ត្រឹម​ថ្ងៃ​ទី១៨ មេសា​នេះ មិនបាន​រក​ឃើញ​អ្នក​ជំងឺ​កូវីដ១៩ នោះ​ទេ​ ពោល​គឺ​រយៈ​ពេល ៥ថ្ងៃ​កន្លង​មក​នេះ អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១២២នាក់​ដដែល។

សង្គម​ស៊ីវិល​ លើក​ឡើង​ថា ប្រសិនបើ​កម្ពុជា​មាន​វិធានការ​តឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយ​តាំង​ពី​ដំបូង ប្រហែល​ជា​កម្ពុជា មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ជា​បន្តបន្ទាប់​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា ចំពោះ​វិធាន​ការ​ផ្អាក​អ្នកដំណើរ​ពី​ប្រទេស​លោក​ខាងលិច ដែល​កំពុង​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ មិន​ទាន់​គ្រប់គ្រាន់​ឡើយ ។

លោក ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ចេញ​បម្រាម​ហាម​អ្នកដំណើរ​ពី​ប្រទេស​ចិន​ដែរ ព្រោះ​ចិន គឺជា​ប្រភព​នៃ​ការ​ផ្ទុះ​និង​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ។ ប្រធាន​អង្គការ​រូប​នេះ យល់​ថា ការដែល​រដ្ឋាភិបាល​បន្ត​ឱ្យ​អ្នកដំណើរ​ពី​ប្រទេស​ចិន​នេះ អាច​ធ្វើ​ឱ្យ​សាធារណជន​សង្ស័យ​ថា វិធានការ​បែបនេះ មិន​ផ្អែកលើ​ការវាយតម្លៃ​តាម​បែប​បច្ចេកទេស​ទាំង​ស្រុង​នោះ​ទេ៕

ប្រភព៖ អាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...