24
មេសា

ក្រសួង​​ឧស្សាហកម្ម​​រំពឹង​​ថា ​ក្រោយ​​ចប់​​វិបត្តិ​​កូ​វីដ​១៩​ កម្លាំង​​ឧស្សាហកម្ម​​ក្នុង​​ប្រទេស​​កម្ពុជា​​នឹង​​រីក​​ខ្លាំង​​

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​លើកឡើង​ថា ​ក្រោយ​វិបត្តិ​កូ​វីដ១៩ បញ្ចប់​ កម្លាំង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​នឹង​រីក​ខ្លាំង ដោយសារ​កម្លាំង​បញ្ជាទិញ​កើន ស្រប​ពេល​ដែល​តម្រូវការ​ការ​ដើរកម្សាន្ត​របស់​មនុស្ស​កើនឡើង​វិញ។

ថ្លែង​ក្នុង​សន្និសី​ទសារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមេសា​នេះ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ លោក ហេង សុខ​គង់ មានប្រសាសន៍​ថា ដោយសារតែ​បច្ចុប្បន្ន​ ស្ថានភាព​កូ​វីដ១៩ នៅ​កម្ពុជា​ មានការ​ធូរស្បើយ ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា​នៅ​កម្ពុជា ​នៅតែ​ដំណើរការ​ធម្មតា ជាមួយនឹង​ការធានា​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ចិន គឺ​អាច​ធានា​ថា ​ក្រោយពី​វិបត្តិ​កូវីដ១៩ បញ្ចប់ កម្លាំង​ឧស្សាហកម្ម​របស់​កម្ពុជា​ នឹង​ត្រូវ​បាន​បង្កើន​កាន់តែ​ខ្លាំង។

លោក ហេង សុខ​គង់៖ «ប្រទេស​មួយចំនួន​គេ​ផលិត​សម្លៀកបំពាក់​ដូច​យើង​ដែរ​ តែ​គេ​បិទ​ប្រទេស​ហើយ​ហ្នឹង​! ទីពីរ​ គាត់​ខ្វះ​វត្ថុធាតុដើម ដែល​យើង​នេះ​មាន​លក្ខណៈ​ពិសេស​ជាងគេ​ដោយសារ​យើង​ទទួល​បាន​វត្ថុធាតុដើម​មុនគេ​ពី​មិត្ត​ចិន​របស់​យើង។ អ៊ីចឹង​ នេះ​ជា​ឱកាស​មាស​របស់​យើង​ដែរ ​ដែល​គ្រាន់តែ​ចប់​កូ​វីដ​ភ្លាម គេ​បង្វែរ​ការ​បញ្ជាទិញ​មួយចំនួន ​ព្រោះ​អាហ្នឹង​គេ​ត្រូវការ​ហើយ​! គាត់​ស្លៀក​អស់ហើយ​ខោអាវ គាត់​ត្រូវ​ចាប់ផ្ដើម​ទិញ​ហើយ។ នៅពេល​ដែល​ចប់​កូ​វីដ បង​ត្រូវ​ចាំ​ថា ​មនុស្ស​ចាប់ផ្ដើម​ជ្រួល​ច្រាល់​ហើយ​ ព្រោះ​គាត់​នៅផ្ទះ​អផ្សុក ស្ត្រេស​ណាស់ អ្នកណា​ក៏​ដូចគ្នា​ដែរ។ គាត់​ចាប់ផ្ដើម​ចង់ទៅ​ចេញ​ញ៉ាំ​នៅ​ខាងក្រៅ​ហើយ គាត់​ចាប់ផ្ដើម​ចង់ទៅ​ដើរលេង ចង់​សប្បាយ​ហើយ ​នៅ​តាម​តំបន់​ទេសចរណ៍​នានា»។

យោង​តាម​ការ​ព្យាករ​សេដ្ឋកិច្ច​ចេញ​ក្នុង​ខែមេសា​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​វាយតម្លៃ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២០ អាច​នឹង​មាន​កំណើន -១,៥ភាគរយ ​ដោយ​សារ​បញ្ហា​នៃ​វិបត្តិ​កូ​វីដ១៩។

ទោះជា​យ៉ាងណា ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន កាលពី​ថ្ងៃទី១៦ ខែមេសា​កន្លងទៅ​ បានលើកឡើង​ថា ​សេដ្ឋកិច្ច​កម្ពុជានឹង​ហក់​ឡើង​ខ្លាំង​ក្រោយពី​ចប់​កូ​វីដ១៩ ដោយសារ​កត្តា​សន្ដិ​ភាព សក្ដា​នុ​ពល​ទេសចរណ៍ វប្បធម៌ និង​គ្មាន​បន្ទុក​ខ្លាំង​នៃ​ជំងឺ​កូ​វីដ១៩។

លោក​ថា៖ «យើង​សួរ​ទៀត​ថា តើ​កូ​វីដ១៩ហ្នឹង ​វា​ដាក់បន្ទុក​មក​លើ​ខ្មែរ​ច្រើន​ទេ ដូចជា​អត់​សូវ​មាន​ប៉ុន្មាន​ទេ អាហ្នឹង​ទី២។ បើ​សុវត្ថិភាព​សុខុមាលភាព ដូចជា​ខ្មែរ​នាំ​មុន​ក្នុង​រឿង​ហ្នឹង​ក្នុង​ពិភពលោក។ កត្តា​ទាំងអស់​ហ្នឹង​ ដែល​យើង​ទស្សន៍ទាយ​បាន​ថា កម្ពុជា​នឹង​ជួប​ដូច​អក្សរ V មានន័យថា វា​ស្រុត​ខ្លាំង តែ​វា​ឡើងវិញ​ ក៏​ឡើង​ខ្លាំង​ដែរ»។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ​ការ​ស្ដារ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​នៅ​កម្ពុជា ​មិន​ងាយស្រួល​នោះ​ទេ ​ក្នុង​បរិបទ​ដែល​ប្រទេស​នានាត្រូវ​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩ ស្ទើរគ្រប់​ប្រទេស​នោះ។

លោក​បន្ថែម​ថា កម្ពុជា​អាច​បង្កើន​កម្លាំង​ឧស្សាហកម្ម​ខ្លួន​វិញ​បាន លុះត្រាតែ​ប្រទេស​ដែល​ជា​អ្នកបញ្ជា​ទិញ​ពី​កម្ពុជា​ លុបបំបាត់​កូ​វីដ១៩ចេញពី​ប្រទេស ហើយ​អាច​ស្ដារ​សេដ្ឋកិច្ច​របស់​ពួក​គេ​បាន នេះ​នៅ​មិនទាន់​គិត​ពី​បញ្ហា EBA ផង។

លោ​ក មឿន តុលា៖ «កម្ពុជា​យើង​ត្រូវ​ដោះ​រឿង​ទាំងពីរ​ហ្នឹង រឿង EBA ផង រឿង​កូ​វីដ១៩ផង។ យើង​ចង់​មិន​ចង់ ​គឺ​យើង​ពឹងផ្អែក​ទៅលើ​សេដ្ឋកិច្ច​គេ​ច្រើន។ សព្វថ្ងៃ​នេះ ​អ្វី​ដែល​យើង​អាច​ផលិត​ទៅ​បាន ​គឺ​មានតែ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង​ ហើយនិង​ផលិតផល​ធ្វើដំណើរ​ទេ។ ដោយឡែក ​កសិកម្ម​យើង​អត់មាន​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ ហើយ​ទីផ្សារ​កសិកម្ម​យើង​ហ្នឹង​ក៏​នៅ​ចង្អៀត​ដែរ ហេតុដូច្នេះ​ហើយ សម្រាប់​ខ្ញុំ​ៗគិតថា​ កម្លាំង​នៃ​សេដ្ឋកិច្ច​យើង​លូត​ឡើងវិញ​ វា​អាស្រ័យ​ទៅលើ​ប្រទេស​ក្នុង​តំបន់ ហើយនិង​ប្រទេស​ដែល​ជាទី​ផ្សារ​របស់​យើង​ដែរ»។ 

បើ​តាម​លោក តុលា វិធានការ​ចំនួន​បី ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ក្នុង​ពេល​ដែល​កំពុង​មាន​វិបត្តិ​កូ​វីដ១៩នេះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​រក្សា​ចំណូល​ពលរដ្ឋ មាន​គោលនយោបាយ​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម​ឱ្យ​ខ្លាំង។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ឧស្សាហកម្ម​ គិត​ត្រឹម​ខែមីនា ​ឆ្នាំ២០២០ កម្ពុជា​មាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ១ ៨០១រោងចក្រ ក្នុង​នោះ​រោងចក្រ​បង្កើត​ថ្មី​ចំនួន ៧៧ បិទ​ចំនួន ៦ និង​មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន ១ ០៦៣ ០៣១នាក់​៕

ប្រភព៖VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...