30
មេសា

វិភាគ៖ តើ​​រដ្ឋ​​ត្រូវ​​មាន​​យុទ្ធសាស្ត្រ​​បែប​​ណា​​ដោះ​ស្រាយ​​បញ្ហា​​ពលរដ្ឋ​​បាត់​បង់​​ការងារ​​ដោយ​​កូ​វីដ​១៩​?

ក្រោយពេល​ជំងឺ​កូ​វីដ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​កាលពី​ខែមករាមកទល់​ចុងខែ​មេសា​នេះ ​វា​បាន​កើត​លើ​ពលរដ្ឋខ្មែរ និង​បរទេស ​ចំនួន ១២២នាក់។ ក្រៅពី​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស វា​ក៏បាន​ធ្វើ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ត្បិត​មាន​អាជីវកម្ម សាលារៀន រោងចក្រ សហគ្រាសជាច្រើន​ត្រូវ​បាន​បិទទ្វារ។

ការប្រកាស​បិទទ្វារ ឬព្យួរការងារ ក៏បាន​ធ្វើ​ឱ្យ​កម្មកររាប់​ម៉ឺន​នាក់​ត្រូវ​បាត់បង់​ការងារ និង​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ពិសេស​ដោះស្រាយ​បញ្ហា​វិបត្តិ​ធនាគារ​ ឬមីក្រូហិរញ្ញវត្ថុ​ជាដើម។

បញ្ហា​អត់​ការងារ​ធ្វើ​នេះ មិន​ត្រឹមតែ​កើតឡើង​សម្រាប់​ពលរដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះទេ ប៉ុន្តែ​ ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ទាំងនេះ​ដែរ ក្រោយ​ពួក​គេ​ត្រឡប់​មក​កម្ពុជា​កាលពីមុន​បុណ្យចូលឆ្នាំ​ថ្មី។

បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបងប្អូនពលករខ្មែរមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

បញ្ហា​ប្រឈម​ទាំងនោះ ក្រុម​អ្នក​តាមដាន​សង្គម​យល់ឃើញ​ថា រដ្ឋាភិបាល​គប្បី​បញ្ចេញ​កញ្ចប់​ថវិការដ្ឋ​ជួយ​ដល់​ពួក​គេ​ទាំងនោះ​ជា​បណ្តោះអាសន្ន និង​ត្រូវ​មាន​ផែនការ​រយៈពេល​វែង​បន្ថែម​ទៀត ដោយ​ថា​ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅតែ​អូស​បន្លាយ ឬអាក្រក់​ជាង​នេះ ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​នឹង​សម្រុក​មក​កម្ពុជា​វិញ ដែល​ធ្វើ​ឱ្យ​វិបត្តិ​អ្នក​គ្មាន​ការងារ​កាន់តែ​ច្រើន។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ ថ្លែង​ថា ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ កាន់តែ​អាក្រក់​ជាង​នេះ នឹង​ធ្វើ​ឱ្យ​ពលករ​នៅ​ស្រុក​ថៃ​រាប់​សែន​នាក់ ​នឹង​ជួប​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង ហើយ​ពួក​គេ​នឹង​នាំគ្នា​សម្រុក​មក​កម្ពុជា ដែល​ធ្វើ​ឱ្យ​រដ្ឋ​នឹង​មាន​បន្ទុក​ធ្ងន់​បន្ថែម​ទៀត។

បញ្ហា​ចំពោះមុខ​នេះ លោក​ថា ​រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់លាស់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាពក្នុង​ការ​ជួយ​ដល់​ពលករ កម្មករ វិស័យ​ឯកជន ដែល​ងាយ​រងគ្រោះ ដូចជា​យន្តការ​ស្វែងរក​មូលនិធិ​ ឬដៃគូ​អភិវឌ្ឍន៍ពីក្រៅ​ប្រទេស​ជាដើម។

លោក​មានប្រសាសន៍​ថា៖ «ជា​យោបល់​របស់ខ្ញុំ​ហ្នឹង ​រាជរដ្ឋាភិបាល​ត្រូវ​គិត​ពី​វិធានការ​ចាំបាច់ និង​គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ជាស​កល ដោយ​បញ្ហា​អាទិភាព​នោះ​ រដ្ឋ​ត្រូវតែ​ស្វែងរក​មូលនិធិ​ទីភ្នាក់ងារ​ជំនួយ​កម្មវិធី​អភិ​វឌ្ឍ​ន៍ ឬកម្ចីពី​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​អីហ្នឹង។ វា​សំខាន់ណាស់ ព្រោះ​គំនិត​ផ្តួចផ្តើម​កម្ចី​ពី​ស្ថាប័ន​ទាំងអស់​ហ្នឹង ដើម្បី​យក​មក​ទ្រទ្រង់ រួម​ទាំង​វិស័យ​ឯកជន ហើយនិង​ផ្តល់​ការ​គាំពារ​ដល់​ពលរដ្ឋ ពិសេស​កម្មករ​និយោជិត​ដែល​បាត់បង់​ការងារ​ធ្វើ​ហ្នឹង ដើម្បី​គាត់​មានលទ្ធភាព​នូវ​ការ​ទទួល​បាន​សេវា​គាំពារ​ពីរ​ដ្ឋ»។

កាលពី​ថ្ងៃទី២២ ខែមេសា ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា ពលករ​មក​ពីក្រៅ​ប្រទេស​ជាង ៨ម៉ឺន ៥ពាន់​នាក់ ភាគច្រើន​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ពលករ​ខ្មែរ​ទាំងនោះ​រំពឹង​ត្រឡប់ទៅ​ធ្វើការងារ​នៅ​ស្រុក​ថៃ​វិញ​ក្រោយ​ចប់​បុណ្យចូលឆ្នាំ ប៉ុន្តែ​ ជា​រឿង​ពិបាក​ ដោយ​ថា ​ប្រទេស​ទាំងពីរ​បាន​រឹត​បន្តឹង​ការ​ឆ្លងកាត់​តាម​ព្រំដែន ពិសេស​ថៃ​កំពុង​រាត​ត្បាត​ជំ​ងឺកូ​វីដ១៩ ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ រហូត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​មិនទាន់​កំណត់ពេល​បើក​វិញ​នៅឡើយ។

ទំព័រ​ហ្វេសប៊ុក​លោកសរសេរ​ថា៖ «បញ្ហា​ទេ​សន្ត​ប្រវេសន៍​ពាក់ព័ន្ធ​នឹង​ពលករ ដែល​បាន​វិលត្រឡប់​មក​បណ្ដា​ប្រទេស​នានា ពិសេស​ពលករ​ដែល​បាន​វិល​មក​ពី​ប្រទេស​ថៃចូល​កម្ពុជា​វិញ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​គិត​មកដល់ពេលនេះ មាន​ចំនួន​ប្រមាណ ៨៥០០០នាក់ ដែល​ភាគច្រើន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ»។ 

លោក ស ខេង បញ្ជាក់​ថា​ រដ្ឋាភិបាល​ក៏បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ចំនួន៤ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំ​ខាន់​ៗ គឺ​ក្រុមការងារ​គ្រប់គ្រងថ្លៃ​ទំនិញ​យុទ្ធសាស្ត្រ ក្រុមការងារ​រៀបចំ​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម ក្រុមការងារ​រៀបចំ​គោលនយោបាយ​ថវិកា និង​ជំនួយ​សង្គម និង​ក្រុមបច្ចេកទេស​ចម្រុះ​ដើម្បី​សិក្សា​រៀបចំ​ដាក់ចេញ​កញ្ចប់​វិធានការ​ហិរញ្ញវត្ថុ និង​ធនាគារ ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩។

របាយការណ៍​របស់ក្រ​សួង​ការងារ​ធ្លាប់​លើកឡើង​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ ​មាន​ប្រមាណ ១លាន ២សែន​នាក់ ប៉ុន្តែ​ មន្ត្រី​សង្គម​ស៊ីវិល​ថា ​ចំនួនពិត​ប្រាកដ​អាច​មាន​លើស​ពីនេះ។

ក្រៅពី​កម្មករ​ត្រឡប់​មក​ពីក្រៅ​ប្រទេស កាលពី​ថ្ងៃ២៧ ខែមេសា អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បញ្ជាក់​ថា​ គិត​មកដល់​ចុងខែ​មេសា​នេះ មាន​រោងចក្រ​ចំនួន​ជាង ១៣០ហើយ បាន​ព្យួរការងារ ដែល​ធ្វើ​ឱ្យ​កម្មករ​ប្រមាណ ១០ម៉ឺន​នាក់​ រង​ផល​ប៉ះពាល់ ​ឬបាត់បង់​ការងារ ប៉ុន្តែ​រដ្ឋ​ធ្លាប់​ប្រកាស​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ព្យួរការងារ​ក្នុង​មួយ​ខែ ៧០ដុល្លារ ដោយ ៣០ដុល្លារ​ ជា​បន្ទុក​ថៅកែ និង៤០ដុល្លារ​ ជា​បន្ទុក​របស់​រដ្ឋ។

ចំនួន​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើដោយសារ​វិបត្តិ​កូ​វីដ១៩នេះ ក៏​នៅ​មាន​បុគ្គលិក កម្មករ ដែល​បម្រើ​នៅ​តាម​សេវា​កម្សាន្ត កាស៊ីណូ ខារ៉ាអូខេ ក្លឹប រោងភាពយន្ត សណ្ឋាគារ រាប់​ម៉ឺន​នាក់​ផ្សេងទៀត។

បុរសម្នាក់ធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ១៩ មីនា ២០២០)

លោក ឃុន ថា​រ៉ូ បន្ថែម​ទៀត​ថា សម្រាប់​យុទ្ធសាស្ត្រ​រយៈពេល​វែង គឺ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពី​បញ្ហា​សន្តិសុខ​ស្បៀង​ជា​រឿង​សំខាន់ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន ​វិនិយោគ​លើ​វិស័យ​កសិកម្ម ត្បិត​កម្ពុជា​មាន​សក្តា​នុ​ពល ព្រមទាំង​អាចប​ង្កើត​ការងារ​ក្នុង​ស្រុក​បាន និង​អាច​ជំរុញ​ការនាំចេញ​ផលិតផល​វិស័យ​នេះ​ទៅក្រៅ​ប្រទេស​ផង​ដែរ។

លោក​មានប្រសាសន៍​បន្ត​ថា៖ «ប្រទេស​កម្ពុជា​យើង​មាន​សក្តា​នុ​ពល​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម។ អីចឹង​ ប្រសិនជា​យើង​ធានា​ទៅដល់វិស័យ​ឯកជនដែល​គាត់​ធ្វើការងារ​នៅក្នុង​ការ​វិនិយោគក្នុង​វិស័យ​កសិកម្ម​ហ្នឹង អាច​ធានា​នូវ​ផលិ​ផល ផលិតភាព​ក្នុង​ស្រុក ហើយ​ជំរុញ​នូវ​បរិយាកាស​ក្នុង​ការនាំចេញ​ទៅ​បណ្តា​ប្រទេស​មួយចំនួន​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​វិបត្តិសេដ្ឋកិច្ច វិបត្តិ​ស្បៀងអាហារ​ហ្នឹង ខ្ញុំ​គិតថា​អាហ្នឹង ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែរ។ ទីមួយ គឺ​យើង​អាច​បំពេញ​តម្រូវការ​ក្នុង​ស្រុក លក់​ក្នុង​ស្រុក ហើយ​ពលរដ្ឋ​គាត់​មានការ​គាំពារ​ពីរដ្ឋ គាត់​មាន​លុយ​ទិញ​នូវ​ផលិតផល​ទំនិញ​កសិកម្ម ឬស្បៀងអាហារ​ជាដើម​ហ្នឹង គាត់​អាច​ធ្វើ​ឱ្យ​លំហូរ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ហ្នឹង​អាច​ដំណើរការ​បាន»។ 

ស្រដៀងគ្នា​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន យល់ឃើញ​ថា ​វិធានការ​ចំពោះមុខ រដ្ឋាភិបាល​គប្បី​រៀបចំ​កញ្ចប់​ថវិកា​ចាត់ចែង​ទៅលើ​ប្រព័ន្ធ​ជំនួយ​គាំពារ​សង្គម​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពីក្រៅ​ប្រទេស ព្រមទាំង​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​នៅក្នុង​ស្រុក។

កម្មករ-កម្មការិនីភាគីច្រើនស្នាក់នៅតាមបន្ទប់ជួលរបស់ពួកគេ អំឡុងពេលធ្វើចត្តាឡីស័ក ហើយយូរៗចេញមកក្រៅម្តង ដើម្បីទិញម្អូបអាហារ នៅក្បែរៗតំបន់ស្នាក់នៅរបស់ពួកគេ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (Danielle Keeton-Olsen/VOD)

លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​ទើបនឹង​ទទួល​បាន​ជំនួយ​ថវិកា​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ រួម​ទាំង​សប្បុរសជន​ក្នុង​ស្រុក​ផង ដែល​រដ្ឋ​អាច​ប្រើ​ដើម្បី​ជួយ​ពួក​គាត់​ជា​បណ្តោះអាសន្ន​បាន។

លោក ថេង សាវឿ​ន បន្ត​ថា៖ «សម្រាប់​ខ្ញុំ ការ​ដោះស្រាយ​ប្រព័ន្ធ​ជំនួយ​សង្គម ការ​គាំពារ​សង្គម​របស់​រដ្ឋ ថវិកា​ហ្នឹង​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ពួក​គាត់។ យើង​ដឹង​ថា ម​កដល់ពេល​នេះ រដ្ឋ​ទទួល​បាន​ជំនួយ​សង្គម​ប្រមាណ​ជាង ៦០លាន​ដុល្លារ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ រួម​ទាំង​សប្បុរសជន​ក្នុង​ស្រុក​ ដោយ​មិន​គិត​ពី​តម្លៃ​សម្ភារ។ អីចឹង ​រដ្ឋ​អាច​ប្រើប្រាស់​ថវិកា​ហ្នឹង​ជួយ​ដល់​ពួក​គាត់​ក្នុងរយៈពេល​ខ្លី»។ 

តាម​ហ្វេសប៊ុក​ផេ​ករបស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​តារាង​ឈ្មោះ​មន្ត្រី​បរិច្ចាគ​ប្រាក់បៀវត្ស បង្ហាញថា គិត​ត្រឹម​ថ្ងៃទី២៧ ខែមេសា ជំនួយ​ពី​សប្បុរសជន និង​ការ​បរិច្ចាគប្រាក់ខែ​របស់​មន្ត្រី​រាជការ ដើម្បី​ប្រយុទ្ធ​នឹងការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ មាន​ចំនួនប្រមាណ ២៣លាន​ដុល្លារ។

កាលពី​ថ្ងៃទី២០ ខែមេសា សហភាព​អឺរ៉ុប​បាន​អនុម័ត​ឱ្យបង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ៥៦លាន​អឺ​រ៉ូ ឬស្មើនឹង​ជាង ៦០លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​គាំពារ​សង្គម និង​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ផង​ដែរ។

លើស​ពីនេះ លោក​ ហ៊ុន សែន ធ្លាប់​អះអាង​ថា រដ្ឋ​បាន​ត្រៀម​កញ្ចប់​ថវិកា​ចន្លោះ​ពី ៨០០លាន​ដុល្លារ ទៅ ២០០០លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ចំពោះមុខគឺ​ជំងឺ​កូ​វីដ១៩នេះ​ទៀតផង ប៉ុន្តែ​ មកទល់​ពេលនេះ ​រដ្ឋាភិបាល​នៅ​មិនទាន់​បង្ហាញ​ខ្ទង់ចំណាយ​ពិតប្រាកដ​ពាក់ព័ន្ធ​ថវិការដ្ឋ​ដែល​ត្រៀម​ទាំងនេះ​ឡើយ។

លោក ថេង សាវឿ​ន យល់ថា សម្រាប់​ការ​ដោះស្រាយ​រយៈពេល​វែង រដ្ឋ​ក៏​ត្រូវ​បញ្ចេញ​កញ្ចប់​ថវិកាជួយ​ដល់​ពលរដ្ឋ​ជាដើម​ទុនបង្កើត​ជាមុ​ខរ​បរ​ ឬការងារ ពិសេស​ផ្តោត​លើ​វិស័យ​កសិកម្ម ដែល​ជា​តម្រូវការ​ចាំបាច់ក្នុង​ការផលិត​ស្បៀង​សម្រាប់​ទប់ទល់​ស្ថានភាព​ជំងឺ​កូ​វីដ១៩។

លោក​មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​ត្រូវ​គិតគូរ​ក្នុងរយៈពេល​វែង ក្នុង​ការ​ជួយ​ដល់​ពួក​គាត់​ព្រោះ​យើង​មិនដឹង​ថា​ ផល​ប៉ះពាល់​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ១៩នេះ វា​មាន​រយៈពេល​ប៉ុន្មាន​ទេ។ មួយវិញទៀត​ គឺ​ស្ថានភាព​ប្រទេស​ដែល​គាត់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ហ្នឹង គឺ​មាន​ស្ថានភាព​អាក្រក់​ជាង​យើង​ទៅទៀត។ អីចឹង ​ដំណាក់កាល​នេះ គឺ​ការ​ជួយ​គាំពារ​ទៅលើ​ការ​ប្រកបមុខរបរ ពិសេស​លើ​វិស័យ​កសិកម្ម​ហ្នឹង​ជា​រឿង​សំខាន់។ អីចឹង​ រដ្ឋ​ត្រូវ​មាន​យន្តការ​ក្នុង​ការសម្រប​សម្រួល​ក្នុង​ការ​ផ្តល់​បច្ចេកទេស ការ​ផ្តល់​ហិរញ្ញប្បទាន​ជាដើម​ទុន ក្នុង​ការ​ជួយ​ដល់​កសិករ ឬពលករ​ដែល​ត្រឡប់​មក​ហ្នឹង»។ 

កាលពី​ពាក់កណ្តាល​ខែមេសា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​ស្នើ​ទៅ​រដ្ឋសភា ឱ្យ​ជួយ​អនុម័ត​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​បន្ថែម សម្រាប់​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​ជួយ​ធនាគារឯកជន និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនោះ សម្រួល​ដល់​ការ​ផ្អាក​ការបង់​រំលស់ប្រចាំខែ​របស់​ប្រជាពលរដ្ឋ​ក្នុងរយៈពេល​ខ្លី និង​ជួយ​ដល់​បុគ្គលិក​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់ដែល​អត់​ការងារ​ធ្វើ ទទួល​បាន​ប្រាក់​ប្រាំ​សែន​រៀល​ក្នុង​មួយ​ខែ។

បន្ថែម​ពីនេះ គបម ក៏​ស្នើ​ឱ្យ​បញ្ជូន​គ្រូ​ជំនាញ​កសិកម្ម ៥០០នាក់ បណ្តុះបណ្តាល​កសិករ​ចំនួន ៣ម៉ឺន​នាក់ ឱ្យ​ចេះ​ដាំ​បន្លែ ចិញ្ចឹមសត្វ រួម​ទាំង​ផ្តល់​ថវិ​កាដ​ល់​រោងម៉ាស៊ីន​កិនស្រូវ​ទាំងអស់ ដើម្បី​ធានា​ឱ្យ​មាន​ស្រូវ​ស្តុក​ទុក​ក្នុង​តម្លៃ​សមរម្យ និង​ជួយ​អនុគ្រោះ​ពន្ធដល់​ក្រុមហ៊ុន និង​សហគ្រាស ជាដើម​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...