30
មេសា

ស្ត្រី​​នៅ​​វិស័យ​​សេវា​​កម្សាន្ត​​ខ្លះ​​ថា​ នឹង​​ដាច់​​បាយ​​បើ​​រដ្ឋា​ភិបាល​​មិន​​ជួយ​​អ​ន្តរាគមន៍​​

ស្ត្រីដែ​លធ្វើការ​ក្នុង​វិស័យ​សេវាកម្សាន្ត​ អះអាង​ថា ពួក​គេ និង​ក្រុម​គ្រួសារ​អាច​នឹង​ដាច់ពោះ​ស្លាប់ បើ​រដ្ឋាភិបាល​មិន​ជួយឧបត្ថម្ភ​ស្បៀង​ជាបន្ទាន់​ទេ​នោះ។

កាលពី​ថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យបិទ​ខារ៉ាអូខេ ក្លឹប​កម្សាន្ត និង​រោងភាពយន្ត​នៅ​ទូទាំង​ប្រទេស ខណៈ​កម្ពុជា​រង​ការ​គំរាមកំហែង​ពី​ជំងឺ​កូ​វីដ-១៩។

សហជីព​បាន​អះអាង​ថា វិធានការ​នេះ ធ្វើឱ្យមនុស្ស​ជាង ៨ម៉ឺន​នាក់ ដែល​ថា ភាគច្រើន​ជា​ស្ត្រី​បានបាត់​បង់​ការងារ និង​ប្រាក់ចំណូល។

អនុប្រធាន​សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោកស្រី អ៊ំ ម៉ា​និ​ត អះអាង​ថា បច្ចុប្បន្ន​នេះ អ្នក​អត់​ការងារ​ធ្វើ​មួយចំនួនកំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពីផ្ទះ​ជួល និង​ដាច់​បាយ។

លោកស្រី អ៊ំ ម៉ា​និ​ត ប្រាប់​ថា៖ «ឥលូវនេះ ​ប្រឈម​នឹង​អត់អាហារ ហើយ​ជម្រក​ស្នាក់នៅ​របស់​ពួក​គាត់​អត់មាន​ការងារ​ធ្វើ ហើយ​ថ្លៃផ្ទះ​គាត់​អត់មាន​លុយ​បង់​ឱ្យគេ អ៊ីចឹង​ទៅ ​ម្ចាស់ផ្ទះ​មួយចំនួន​ឱ្យគាត់​រើចេញ​តែម្តង»។

មេដឹកនាំ​សហជីព​រូប​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​រដ្ឋាភិបាល​មិន​បញ្ចេញ​កញ្ចប់​ថវិកា ឬស្បៀងអាហារ ដើម្បី​សង្គ្រោះ​បន្ទាន់​ដល់​ពួក​គេ​ទេ អ្នក​ងាយ​រងគ្រោះ​ទាំងនោះ​នឹង​ដាច់ពោះ​ស្លាប់។

លោកស្រី ម៉ា​និ​ត បន្ត​ថា៖ «ហើយ​មួយទៀត​ ត្រូវតែ​ផ្តល់​អាហារ​ឱ្យគាត់ ​ព្រោះ​អំឡុង​ពេល​ហ្នឹង ​បើ​ពួក​គាត់​គ្មាន​ចំណូល ​ហើយ​អត់​ការងារ​ធ្វើ​ទេ​ គាត់​និយាយ​ទាំងអស់​សង្ឃឹមថា ​គាត់​នឹង​ដាច់ពោះ​ស្លាប់​ ព្រោះ​បំណុល​ឯកជន​គេ​លែង​ឱ្យគាត់​ខ្ចីហើយ ពី​ព្រោះ​គាត់​លែ​ងមាន​លុយ​បង់​ការ​ឱ្យ​គេ​ហើយ»។

យ៉ាងនេះ​ក្តី ស្រ្តី​រូប​នេះ អះអាង​ថា តាមរយៈ​ជំនួយ​ដ៏​តិចតួច ស្ត្រី ១៧០នាក់​នៅ​ខេត្តសៀមរាប ត្រូវ​បាន​សហជីព​ចែក​ស្បៀងអាហារ​ឱ្យ​នៅ​ថ្ងៃពុធ​នេះ។

ស្រ្តី​ម្នាក់​អាយុ​ជាង ៣០ឆ្នាំ ដែល​ធ្លាប់ធ្វើ​ការ​នៅ​ខារ៉ាអូខេ​ក្នុង​រាជ​ធានី​ភ្នំពេញ អ្នកនាង យ៉ឹង ស្រីឃួច បាន​អះអាង​ថា អ្នកស្រី​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ប្រាប់​ឱ្យ​រើ​អីវ៉ាន់​ចេញពី​បន្ទប់​ជួល បន្ទាប់ពី​ខកខាន​មិនបាន​បង់ប្រាក់ ទោះបី​បាន​ប្រាប់​ពី​ផល​លំបាក​ហើយក៏​ដោយ។

អ្នកនាង ស្រី​ឃួច ប្រាប់​ថា៖ «ខែ​ដំបូង​ដែល​ខ្ញុំ​អត់​បាន​បង់ថ្លៃ​ផ្ទះ ខ្ញុំ​បាន​ទៅ​សុំ​គាត់​ថា សុំ​ជំពាក់ ១ខែ ប៉ុន្តែ ម្សិលមិញ មិនដឹង​យ៉ាងម៉េច ​គាត់​មក​ប្រាប់​ខ្ញុំ​ឱ្យរើចេញ។ ដល់​អ៊ីចឹង ខ្ញុំ​រើចេញ។ ខ្ញុំ​អង្គុយ​អស់សង្ឃឹម​ មិនដឹង​ធ្វើ​ម៉េច​កណ្តាល​ថ្ងៃត្រង់​ចែស»។

ទោះជាយ៉ាងណា ស្ត្រី​រូប​នេះ​អះអាង​ថា ក្រោយពី​​អ្នក​រស់នៅ​បន្ទាប់​ជាប់គ្នា​ជួយ​អង្វរ ម្ចាស់ផ្ទះ​ជួលអនុញ្ញាតិ​ឱ្យនៅ​វិញ តែ​ឱ្យទៅ​នៅ​បន្ទប់​ពុក​ផុយ​ដែល​ទំនេរ​គ្មាន​អ្នកជួល។

អ្នកនាង ស្រី​ឃួច ប្រាប់​ថា៖ «សព្វថ្ងៃ​នេះ មាន​គេ​ប្រើ​ទៅ​បោស​ជូត ឬធ្វើ​នេះ​ធ្វើ​នោះ​បាន ៤ ទៅ ៥ពាន់ ហើយ​កូវ​ខ្ញុំគេ​ប្រើឱ្យទៅ​ទិញ​អី ឱ្យ២ ទៅ ៣ពាន់​អ៊ីចឹង​ទៅ ទិញ​ពង​ទា​ហូប​ទៅ។ បើ​ទៅមុខ នឹង​នៅតែ​អ៊ីចឹង ដឹង​ថា​អត់អី​ហូប»។

ស្រ្តី​ម្នាក់​បម្រើការ​ផ្នែក​ម៉ាស្សា នៅ​ខេត្តសៀមរាប គឺ​អ្នកស្រី ខែម សា​រ៉ូន អះអាង​ដែរ​ថា គាត់​បារម្ភ​ពី​ការ​ដាច់​ស្បៀង បើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​បញ្ហា​នេះ ហើយ​ជំងឺ​កូ​វីដ១៩ នៅតែ​អូស​បន្លាយ​នោះ។

ស្ត្រី​រូប​នេះ​បន្ត​ថា ប្រាក់ចំណូល​ដែល​គាត់​រកបាន​កន្លងទៅ បាន​ត្រឹម​ដោះស្រាយ​ប្រចាំខែ​ប៉ុណ្ណោះ មិន​សល់​សម្រាប់​ត្រៀម​ទប់ទល់ពេល​អត់​ការងារ​ដូច​ពេលនេះ​ទេ។

លោកស្រី​ថា៖ «យើង​បើក​មក​មួយ​ខែ ​អត់មាន​សល់​ទេ ព្រោះ​យើង​ចំណាយ​ទៅលើ​កូន​រៀន បង់​ធនាគារ​ និង​ចំណាយ​ទៅលើ​ការ​ហូបចុក។ ​ពួក​ខ្ញុំ​រាល់ថ្ងៃ​ខ្វះខាត​ច្រើន​ ដូចជា ​អង្ករ ​ត្រី​ សាច់ ដល់​អ៊ីចឹង ​ខ្ញុំ​បារម្ភ​ខ្លាច​អត់មាន​លុយ​ទិញ​អី​ឱ្យ​កូន​ញ៉ាំ ហើយ​ណាមួយ​ខ្លាច​អត់មាន​លុយ​ទិញ​អង្ករ​ទិញ​អី កំពុងតែ​បារម្ភ»។

VOD បាន​ព្យាយាម​ផ្ញើ​សំណួរ​ជុំវិញ​ក្តី​បារម្ភ​នេះ ទៅកាន់​អ្នកនាំពាក្យ​ក្រសួងការងារ​ លោក ហេង សួរ តាម​បណ្តាញ​សង្គម​តេឡេក្រាម ប៉ុន្តែ​ មិន​មានការ​ឆ្លើយតប ​គិត​ត្រឹម​ម៉ោង​ផ្សាយ​ថ្ងៃពុធ​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ចន្លោះ​ពី ៨០០លាន ​ទៅ ២ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ពី​កូ​វីដ១៩។

ប៉ុន្តែ មេដឹកនាំ​រូប​នេះ មិនបាន​បញ្ជាក់​ថា កញ្ចប់​ថវិកាជាតិ​នោះ នឹង​បែងចែក​ឱ្យទៅ​ស្ថាប័ន​ណា​ប៉ុន្មាន​ជាក់លាក់​ទេ។

ចំណែក​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដែល​ត្រូវ​បាន​ព្យួរការងារ​វិញ រដ្ឋាភិបាល​បានផ្ដល់ឱ្យ​ម្នាក់ ៤០ដុល្លារ​ក្នុង​ខែ សរុប​ទាំង​ថៅកែ​រោងចក្រ​ឱ្យផង កម្មករ​ម្នាក់​ទទួល​បាន ៧០ដុល្លារ​ក្នុង១ខែ អំឡុង​ពួក​គេ​អត់​ការងារ​ធ្វើ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ផ្តល់​ជា​យោបល់​ថា ដើម្បីកុំឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ រដ្ឋាភិបាលគួរ​បញ្ចេញ​កញ្ចប់​ថវិកា និង​ស្បៀងអាហារជួយ​ពួក​គេ​អំឡុង​កូ​វីដ១៩ នៅ​បន្ត​គំរាមកំហែង​នៅឡើយ​នោះ។

លោក មឿន តុលា ប្រាប់​ថា៖ «រដ្ឋ​គួរតែ​ធ្វើអន្តរាគមន៍​មួយចំនួន​ទៀត ដូចជា ទឹក​ភ្លើង​អី​នេះ ​គួ​រតែ​បញ្ចុះតម្លៃ​ទៅ។ បើ​មិនបាន​ឱ្យហ្វ្រី​ (ឱ្យដោយមិនគិតថ្លៃ) ដូច​នៅ​ថៃ​អី ​គេ​ហ្រី្វ ៣ខែ អ៊ីចឹង​ បើ​មិនបាន​ឱ្យ​ហ្វ្រី​ទេ គួរ​បញ្ចុះ​នៅ​តម្លៃ​ណាមួយ​ទៅ»៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...