30
មេសា

សហជីព​​ចំនួន​១០​ស្នើ​​ទៅ​កាន់​​អ្នក​បញ្ជា​​ទិញ​​អន្តរ​ជាតិ​​ឱ្យ​​ជួយ​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​ជូន​​កម្មករ​​

សហជីព​ចំនួន១០ បាន​ដាក់​សំ​ណើ​មួយ​ទៅកាន់​តំណាង​អ្នកបញ្ជា​ទិញ​ផលិតផលម៉ាកពី​កម្ពុជា ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​កម្មករ។ នេះ​បើ​តាម​លិខិត​មួយ​ដែល​តំណាង​សហជីព​បាន​ផ្ញើ​ទៅកាន់​អនុប្រធាន​ក្រុម​អ្នកផ្គត់ផ្គង់​សកល (Vice President​, Global Supply Chain & Responsible Sourcing at VF Corporation​) លោក ស៊ាន ស៊ីឌី វី​អូ​ឌី កាលពី​ថ្ងៃទី២៣ ខែមេសា។

លិខិត​នោះ​បាន​រៀបរាប់​ថា វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​នៅ​កម្ពុជា បាន​ជួប​វិប​ត្តិ​ផ្ទួន​ៗបណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ១៩ និង​ការសម្រេច​របស់​សហ​ភាព​អឺរ៉ុ​បក្នុង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ» (EBA​) ២០ភាគរយ​នោះ។ លិខិតបញ្ជាក់​បន្ថែម​ថា ផលិតផល​ម៉ាក មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​កម្មករ និង​រក្សា​បាន​កម្លាំង​ពលកម្ម​កាត់ដេរ​នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​នៅ​កម្ពុជា។

ក្រុម​សហជីព​ស្នើ​ចំនួន ៥ចំណុច ​ទៅ​អ្នកបញ្ជា​ទិញ រួមមាន ស្នើ​អ្នកបញ្ជា​ទិញ​បង់​ប្រា​ក់​ភ្លាម​ៗរាល់​ការ​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ការពារ​ប្រាក់ឈ្នួល​ជូន​កម្មករ​អំឡុង​ពេល​ផ្អាក​ការងារ ផ្ដល់​ប្រាក់ ៤០ភាគរយ​នៃ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ ផ្តួចផ្តើម​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បន្ធូរបន្ថយ​ការ​បញ្ចប់​ការ​ផ្អាក​ការងារ និង​ការពារ​សុវត្ថិភាព ផ្តួចផ្តើម​ពិភាក្សា​ពី​គុណភាព​ការងារ​វាយតម្លៃ​លើ​ស្ដ​ង់​ដារ​រោងចក្រ។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ មានប្រសាសន៍ លោក​គាំទ្រ​លិខិត​ដែល​ស្នើ​ឡើង​ដោយ​សហជីព​នេះ។ លោក​បន្ត​ថា លិខិត​នេះ​ជា​យន្តការ​មួយ​ដើម្បី​ជំរុញ​ឱ្យ​អ្នកបញ្ជា​ទិញ​អនុវត្តកាតព្វកិច្ច​របស់​ខ្លួន​ជា​យន្ដ​ការ​អន្ដរ​ជាតិ។

លោក ឃុន ថា​រ៉ូ ប្រាប់​ថា៖ «នៅក្នុង​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ខ្លះ​មាន​ឆន្ទៈ ​និង​ការទទួលខុសត្រូវ ដោយឡែក ​ក្រុមហ៊ុន​ខ្លះ​មួយចំនួន​ហ្នឹង​មិន​មាន​ឆន្ទៈ​ និង​ការទទួលខុសត្រូវ​ទេ ដូច្នេះ ​លិខិត​នេះ​សំខាន់​បំផុត​គឺ​កៀង ដាក់​សម្ពាធ ​ឬជំរុញ​ពួក​គាត់​ឱ្យ​ផ្តួច​ផ្ដើម​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតបទៅនឹង​បរិបទ​នៃ​ការ​ប្រឈម​ទាំងមូល»។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) លោក ខេន លូ ថ្លែងប្រាប់​វី​អូ​ឌី​ថា សមាគម​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​សហជីព​នេះ។

លោក ខេន លូ និយាយ​ថា៖ «យើង​គាំទ្រ​សំណើ​បែបនេះ​ពី​សហជីព។ GMAC ក៏បាន​ចេញ​សេចក្តី​អំពាវនាវ​បែបនេះ​ដែរ»។

កាល​ដើមខែ​មេសា សមាគម​រោងចក្រ​កាត់ដេរ​បាន​ប្រកាស​លិខិត​ចំហមួយ ដោយ​អំពាវនាវ​ឱ្យ​អ្នកបញ្ជា​ទិញ គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន ដោយ​ទទួលយក​ការ​ដឹកទំនិញ និង​ទូទាត់ប្រាក់​ដែល​ទិញទំនិញ​រួច និង​ប្រាក់​ថ្លៃ​ទំនិញ​ដែល​កំពុង​ផលិត។

អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី២៧ ខែមេសា​ ថាកម្ពុជា​មិនទាន់​ទទួល​បានការ​បញ្ជាទិញ​បន្ថែម​ពី​អ្នកបញ្ជា​ទិញ​អន្តរជាតិ​នៅឡើយ​ទេ​ នៅ​ខែឧសភា និង​មិថុនា​ខាងមុខនេះ។

លោក ហេង សួរ ថ្លែង​ថា៖ «អ្នកបញ្ជា​ទិញ​ខ្លះ​គាត់​សុខចិត្ត​បន្ត​បង់ ​[ប្រាក់​សម្រាប់​] នូវ​អ្វី​ដែល​បាន​ដេរ​រួចហើយ ទោះបី​គាត់​មិនទាន់​ឱ្យ​នាំចេញ ប៉ុន្តែ គាត់​សុខចិត្ត​បង់។ ប៉ុន្តែ គាត់​មិន​ឱ្យ​បន្ថែម​វត្ថុធាតុដើម ឬមួយ​ដាក់​ការ​បញ្ជាទិញ​បន្ថែម​នោះ​ទេ»។

លោក ហេង សួរ បន្ថែម​ថា ការនាំចេញ​ក្នុង​ត្រីមាស​ទី១ ធ្លាក់ចុះ​ចាប់ពី ៤០ភាគរយ ទៅ៥០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន។ លោក​ថា ការ​ផ្ទុះឡើង​នៃ COVID​-19 រោងចក្រ​កាត់ដេរ​ជាង ១៣០ បាន​ស្នើសុំ​ឱ្យ​ព្យួរការងារ នាំ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​ជិត ១០ម៉ឺន​នាក់។

លោក ស៊ាន ស៊ីឌី វី​អូ​ឌី មិនទាន់​បាន​ឆ្លើយតប​នឹង​ការសាកសួរ​របស់​វី​អូ​ឌីតា​មអ៊ី​ម៉ែ​លនៅ​ឡើយ​ទេ​នៅ​ត្រឹម​ថ្ងៃទី២៩ ខែមេសា​នេះ។

អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Adidas លោក Stefan Pursche បាន​ឆ្លើយតប​នឹង​ការសាកសួរ​របស់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​នេះ។

លោក Pursche មិនបាន​ប្រាប់​ពី​ទំហំ​នៃ​ការ​បញ្ជាទិញ​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ លោក​ប្រាប់​ថា តំណាង​ក្រុមហ៊ុន​កំពុង​ជជែក​ជាមួយ​ក្រុមហ៊ុន​ផលិត និង​សហជីព​អំពី​ផល​ប៉ះពាល់​នៃ​វីរុស​កូ​វីដ១៩ ទៅលើ​ការ​បញ្ជាទិញ។

លោក Pursche និយាយ​ក្នុង​អ៊ី​ម៉ែ​លថា៖ «ដើម្បី​សម្រួល​ទៅតាម​ស្ថានភាព​សព្វថ្ងៃ យើង​កំពុងធ្វើការ​សហការ​យ៉ាង​ជិតដិត​ជាមួយ​ដៃគូ​នានា ដើម្បី​ផ្លាស់ប្ដូរ​ការ​បញ្ជាទិញ​មួយចំនួន​ទៅ​ឆមាស​ទីពីរ​ក្នុង​ឆ្នាំនេះ»។

លោក Pursche បន្ត​ថា៖ «យើង​ព្យាយាម​បញ្ចៀស​ការលុបចោល​ការ​បញ្ជាទិញ។ ការ​ខិតខំ​របស់​យើង គឺ​មាន​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​បង់ប្រាក់​ទៅតាម​ការ​បញ្ជាទិញ​ទាំងអស់ ឬក៏​ការ​បញ្ជាទិញ​ស្ថិត​ក្នុង​ដំណើរការ»។

វី​អូ​ឌី​ក៏បាន​សាកសួរ​ទៅកាន់​ក្រុមហ៊ុន​បញ្ជាទិញ​អន្តរជាតិ​ចំនួន ៦ផ្សេងទៀត​ផង​ដែរ ដែល​ជា​អ្នកបញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា ប៉ុន្តែ មិន​ទទួល​បានការ​ឆ្លើយតប​នោះ​ឡើយ​កាលពី​ថ្ងៃម្សិលមិញ​នេះ​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...